29.6 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​រិះគន់​អង្គការ​សហប្រជាជាតិ​ជុំវិញ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

Siv channa07

កាលពី​ម្សិលមិញ លោក ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​បាន​កោះហៅ​តំណាង​ភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​មក​ពិភាក្សា​ជុំវិញ​លិខិត​មួយ​ក្នុង​ពេល​ថ្មីៗ​នេះ ដែល​មន្ត្រី​ជាន់​ខ្ពស់​ប្រចាំ​ប្រទេស​របស់​ខ្លួន​ចំនួន​បួន​រូប​​បាន​សរសេរ​រិះគន់​សេចក្ដីព្រាង​ច្បាប់​​ដ៏​ចម្រូង​ចម្រាស​របស់​រដ្ឋាភិបាលស្ដីពី​​អង្គការ​មិន​មែន​រដ្ឋាភិបាល​ មួយ​ថ្ងៃ​បន្ទាប់ពី​ក្រសួង​ការ​បរទេស​​បាន​ចាត់​ទុក​ពាក្យ​សម្ដី​​របស់​ឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ពាក់​ព័ន្ធ​បញ្ហា​ដដែល​ថា “​ព្រហើន”។

ទាំង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក និង​អន្តរជាតិ​​សុទ្ធតែ​បាន​ជំទាស់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​បំផុត​នេះ​​​ដែល​នឹង​តម្រូវ​ឲ្យពួកគេ​ចុះ​បញ្ជី​ និង​ដាក់​​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​ហិរញ្ញវត្ថុ​ និង​សកម្មភាព​របស់​ខ្លួន​ជូន​រដ្ឋាភិបាល​។

បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​កាលពី​ខែ​មុន​ថា លោក​ចង់​ឃើញ​ច្បាប់​នេះ​​ត្រូវ​បាន​អនុម័ត​នៅ​ត្រឹម​ដំណាច់​ខែ​ឧសភា​នោះ ​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ និង​សមាគម​ជាង​៣០០​បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​មួយ ដោយជំរុញ​ឲ្យ​រដ្ឋាភិបាល​​បង្ហាញ​សេចក្ដី​ព្រាង​ច្បាប់​​ថ្មី​​​បំផុត​របស់​ខ្លួន​ និង​រៀបចំ​កិច្ច​ពិភាក្សា​ពិគ្រោះ​យោបល់​បន្ថែម​ទៀត​ជាមួយ​ពួកគេ​មុន​ការ​បោះ​ឆ្នោត​អនុម័ត​។ ក្ដី​ព្រួយ​បារម្ភ​ដ៏ចម្បង​របស់​ពួកគេ​គឺ​​ថា​ខ្លាចក្រែង​ការ​ខក​ខាន​របស់​​សេចក្ដីព្រាង​ច្បាប់​នេះ​ក្នុង​ការ​​​​មិន​បាន​បង្ហាញ​​​ឲ្យ​បាន​ច្បាស់​លាស់អំពី​ហេតុ​ផល​​ ដែល​រដ្ឋាភិបាល​អាច​បដិសេធ​ការ​ចុះ​បញ្ជី​​នោះ​នឹង​ត្រូវ​គេ​ប្រើ​ប្រាស់​ដោយ​មិន​ត្រឹម​ត្រូវ​ ដើម្បី​បំបិទ​សិទ្ធិ​​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​រិះគន់​។

នៅ​ក្នុង​លិខិត​មួយ​ចុះ​ផ្សាយ​ក្នុង​ទំព័រ​កាសែត​ក្នុង​ស្រុក​មួយ​កាលពី​សប្ដាហ៍​មុន ប្រធាន​ចំនួន​បួន​រូប​នៃ​ភ្នាក់​ងារ​របស់​អង្គការ​សហប្រជាជាតិ​​​ប្រចាំ​​ប្រទេស​កម្ពុជា​ ដែល​រួម​​មាន​ដូច​ជា មូលនិធិ​អង្គការ​សហប្រជាជាតិ​ដើម្បី​កុមារ (Unicef) អង្គការ​សហប្រជាជាតិ​ដើម្បី​ស្ត្រី (UN Women) ​មូលនិធិ​អង្កការ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​ (UN Population Fund) និង​ការិយាល័យ​ឧត្ដម​ស្នង​ការ​សហប្រជាជាតិ​​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ (UNOHCHR) នោះ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​​មិន​បាន​ខិត​ខំ​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ឲ្យ​សាធារណជន​ចូលរួម​ពាក់​ព័ន្ធ​ក្នុង​ដំណើរ​ការ​​ធ្វើ​សេចក្ដីព្រាង​ច្បាប់​នេះ​ឡើយ​។

ពួកគេ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចែក​រំលែក​សេចក្ដី​ព្រាង​ច្បាប់​ថ្មីបំផុត​នេះ​​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ រៀបចំ​ការ​ពិភាក្សា​ពិគ្រោះ​យោបល់​ និង​យក​អនុសាសន៍​ទៅ​ពិចារណា​មុន​ពេល​ធ្វើ​សេចក្ដី​សម្រេច​ជាចុង​ក្រោយ​។

រដ្ឋាភិបាល​បាន​ពិភាក្សា​ពិគ្រោះ​យោបល់ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​នេះ​​​ជា​លើក​ចុង​ក្រោយ​​កាលពី​ចុង​​ឆ្នាំ​២០១១ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​រដ្ឋាភិបាល​​មិន​ដែល​ទទួល​យក​សំណើ​របស់​ពួកគេ​ដែល​ស្នើ​សុំ​ជួបពិភាក្សា​​អំពី​បញ្ហា​នេះម្ដង​ទៀត​ឡើយ​។

កាលពីព្រឹក​ម្សិលមិញ លោក ហោ ណាំហុង បាន​កោះ​ហៅ​តំណាង​អង្គការ​សហ​ប្រជា​ជាតិ​ទាំង​បួនរូប​នេះ​ក៏ដូច​ជា​លោក គ្លែរ វ៉ាន ដឺ​ វ៉ា​រេន (Claire Van der Vaeren) អ្នក​សម្រប​សម្រួល​​របស់​អង្គការ​សហប្រជាតិ​​មកជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​ការិយាល័យ​របស់​លោក​ ដើម្បី​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​លិខិត​របស់​ពួកគេ​ដោយ​ផ្ទាល់។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​រូប​នេះ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​​ក្រោយ​​​កិច្ច​ប្រជុំ​បិទ​ទ្វារ​ថា “ខ្ញុំ​បាន​ប្រាប់ពួកគេ​ថា ក្នុង​នាម​ជា​តំណាង​អង្គការ​សហប្រជាជាតិ​ ពួកគេ​ដាច់​ខាត​ត្រូវ​តែ​គោរព​មាត្រា​ពីរ​នៃ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​”។

ធម្មនុញ្ញ​នេះ​ចែង​ថា គ្មាន​មាត្រា​ណា​អនុញ្ញាត​ឲ្យ​អង្គការ​សហប្រជាជាតិ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ណាមួយ​ឡើយ។

រដ្ឋមន្ត្រីរូប​នេះ​​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ក៏​ចេញ​កាលពី​ម្សិល​មិញ​ដែរ​នោះ​ថា “​ហេតុ​ដូច្នេះ​យោបល់​របស់​លោក​​ លោកស្រី ក្នុង​នាម​ជា​តំណាង​របស់​ អ.ស.ប. គឺ​ជា​ទង្វើ​ខុស​ពីធម្មនុញ្ញ​ អ.ស.ប.”។ សេចក្ដី​ថ្លែងការណ៍នេះ​​មាន​ខ្លឹមសារ​​បន្ថែម​ថា ​”នៅ​ថ្ងៃ​អនាគត​​តំណាង​អង្គការ​សហប្រជាជាតិ​គួរ​តែ​​ផ្ញើ​មតិ​យោបល់​​របស់​ខ្លួន​ទៅ​កាន់​ស្ថាប័ន​រដ្ឋាភិបាល​ណាមួយ​ដែល​សាកសម​ ជាជាង​​ផ្សព្វ​ផ្សាយ​ការ​រិះគន់​ និង​មតិយោបល់​របស់​ខ្លួន​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ”។

នៅ​ពេល​ស្នើសុំ​ការ​ធ្វើ​អត្ថាធិប្បាយ​ ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​បាន​បង្វែរ​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​ទៅ​កាន់​ការ​បង្ហោះ​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដែល​ចាត់​ទុក​ការ​ពិភាក្សា​នេះ​ថា “ស្មោះ​ត្រង់​ និង​រាក់​ទាក់​”។

ការ​បង្ហោះ​នេះ​​​មាន​ខ្លឹមសារ​ដូច្នេះ​ថា ​”​ប្រធាន​ភ្នាក់​ងារ​ [អង្គការ​សហប្រជាជាតិ​] បាន​បញ្ជាក់​ជា​ថ្មី​ថា ពួកគេ​កំពុង​បំពេញ​ការ​ងារ​នៅ​ក្នុង​អាណត្តិ​របស់​ខ្លួន​ ហើយ​បាន​​លើក​ឡើង​ម្ដង​ទៀត​​អំពី​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​​ការ​ពិភាក្សា​ជាមួយ​សង្គម​ស៊ីវិល​ស្ដីពី​ច្បាប់​ដ៏​សំខាន់នេះ”។

កាលពី​ថ្ងៃ​ពុធ​ ក្រសួង​ការ​បរទេស​ក៏​បាន​រិះគន់​លោក វីលៀម ថូដ ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​​អាមេរិក​ចំពោះ​ការ​លើក​ឡើង​ស្រដៀង​គ្នា​នេះ​អំពី​ច្បាប់​ស្ដីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្នុង​អត្ថបទ​ប្រចាំ​សប្ដាហ៍​ចុង​ក្រោយ​​បំផុត​របស់​ខ្លួន​ចេញ​ផ្សាយ​នៅ​ក្នុង​គេហទំព័រ​​​ព័ត៌មាន​ក្នុង​ស្រុក​​ផង​ដែរ​។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ ក្រសួង​ការ​បរទេស​បាន​​ចាត់​ទុក​​ពាក្យ​សម្ដី​របស់​ឯក​អគ្គរដ្ឋទូត​រូប​នេះ​ថា “ព្រហើន​ខ្លាំង​”។

នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ លោក ហោ ណាំហុង បាន​ការ​ពារ​ពី​ភាព​ចាំ​បាច់​​​ដែល​ត្រូវ​មាន​ច្បាប់​នេះ​ ព្រោះ​វា​​មាន​​សំខាន់​ក្នុង​ការ​ទប់​ស្កាត់​​ហានិភ័យ​ហិរញ្ញប្បទាន​​ភារវកម្ម​​ដែល​ហូរ​​ចូល​​មក​ក្នុង​ប្រទេស​តាម​រយៈ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​គ្មានគោល​​ការណ៍ច្បាស់​លាស់​។

លោក​បាន​មាន​ប្រសាសន៍​ថា “​សព្វ​ថ្ងៃ​ យើង​មិន​ដឹង​ថា នរណា​កំពុង​ធ្វើ​អ្វី​ ឬ​ទៅ​​ទី​ណា​ឡើយ​នៅ​​ក្នុង​ប្រទេស។ ចុះប្រសិន​បើ​ថ្ងៃ​ណាមួយមាន​អ្វី​កើត​ឡើង​ក្រោម​ឈ្មោះ​សង្គម​ស៊ីវិល​ ហើយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​បង្ក​ភារវកម្ម ឬ​សកម្មភាព​ជ្រុល​និយម? តើ​​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ? ហេតុ​ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​សួរ​”។

អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​​មាន​ច្បាប់​​ដែល​តម្រូវ​ឲ្យ​មាន​ការ​ចុះ​ត្រួត​ពិនិត្យ​​អង្គការ​ដែល​បាន​ចុះ​បញ្ជី​​ និងច្បាប់​​ប្រឆាំង​ហានិភ័យ​បែប​នេះ​រួច​ហើយ​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​អាច​នឹង​បោះ​​ឆ្នោត​ស្ដីអំពី​សេចក្ដី​ព្រាង​ច្បាប់នេះ​នៅ​ថ្ងៃទី​២៩ ខែ​ឧសភា ដោយ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​រដ្ឋសភា​ជា​ទីដែល​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​អាច​​ប្រើ​​សំឡេង​ភាគច្រើន​របស់​ខ្លួន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ៕ ស៊ុយឈាង​

(រាយការណ៍​បន្ថែម​ដោយ​ Zsombor Peter)​​​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស