26 C
Phnom Penh

ជនជាតិ​ឥណ្ឌូណេស៊ី​​១០​នាក់​​វិល​ទៅ​ស្រុក​វិញ​ ក្រោយ​ត្រូវ​ឃុំ​ខ្លួន​នៅ​ខេត្ត​កណ្ដាល​​​ពាក់​ព័ន្ធ​ករណី​​ចោរ​កម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយ ​ពី​​មាន​អន្តរាគមន៍​​របស់​ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា​កាលពី​ សប្ដាហ៍​មុន ជន​ជាតិ​ឥណ្ឌូណេស៊ី​ចំនួន​១០​នាក់​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ ម្សិលមិញ បន្ទាប់ពី​ត្រូវ​​បាន​​នគរ​បាល​​​ខេត្ត​កណ្ដាល​​ដោះ​លែង​ ​ក្រោយ​ពី​ពួកគេ​ជាប់​ឃុំ​ពីបទ​លួច​ប្រាក់​ចំនួន​១៦១.០០០​ដុល្លារ​នៅ​កាស៊ីណូ​​មួយ​កន្លែង​ក្នុង​ខេត្ត​នេះ​​ នេះ​បើ​យោង​​តាម​ការ​លើ​កឡើង​​របស់​មន្ត្រី​ស្ថានទូត​មួយរូប​។

លោក មូស៊ីនីន ដូលីសាដា (Muhsinin Dolisada) លេខាទី១ ​នៅ​ស្ថានទូត​ឥណ្ឌូណេស៊ី​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​ខេត្ត​កណ្ដាល​បាន​ប្រគល់​ខ្លួន​ជន​ជាតិ​ឥណ្ឌូណេស៊ី​ទាំង​១០​នាក់​ នេះ​ឲ្យ​ទៅ​ស្ថានទូត​របស់​ខ្លួន​កាលពី​ថ្ងៃសៅរ៍​។ លោក​លើក​ឡើង​ថា “​ពេល​នេះ​នៅ​រសៀល​នេះ ពួកគេ​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​វិញ”។​ លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ​យន្ត​ហោះ​របស់​ពួកគេ​នឹង​ចេញ​ដំណើរ​នៅ​ម៉ោង​ប្រហែល​៣និង​៣០​នាទី​រសៀល។

ជន​ជាតិ​ឥណ្ឌូណេស៊ី​ទាំង​នេះ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​មាន​គ្នា​១៧​នាក់ ដែល​បម្រើ​ការ​ងារ​​នៅ​កាស៊ីណូ Grand Dragon Resort ក្នុង ​ស្រុក​កោះធំ ខេត្ត​កណ្ដាល។ យោង​តាម​ស្ថានទូត​​​បាន​ឲ្យ​ដឹង​ថា ​ម្នាក់​ក្នុង​ចំណោម​ជន​ជាតិ​​ឥណ្ឌូណេស៊ី​ទាំង​នេះ​ដែល​មាន​ឈ្មោះ​ថា ជេហ្វ្រី ស៊ុន (Jefry Sun) បាន​រត់​គេច​​ខ្លួន​ពី​កាស៊ីណូ​នេះ​​នៅ​​អំឡុង​ថ្ងៃ​ទី​៩ ខែ​ឧសភា បន្ទាប់ពី​លួច​កិប​កេង​ឥណទាន​ប្រមាណ​១៦១.០០០​ដុល្លារ​សម្រាប់​លេង​ល្បែង​តាម​អុីនធើណិត​។

ស្ថាន ​ទូត​​បាន​បញ្ជាក់​ថា ​បន្ទាប់​មក​​កាស៊ីណា​បាន​ឃាត់​ខ្លួន​​បុគ្គលិក​ដែល​នៅ​សេសសល់​ទាំង​១៦​នាក់ ​ទៀត ហើយ​ធ្វើ​ទារុណកម្ម​​បី​នាក់​ក្នុង​ចំណោមពួកគេ​ចន្លោះពី​ថ្ងៃទី១១ ដល់​ថ្ងៃទី​១៦ ខែ​ឧសភា។

កាលពី ​ថ្ងៃទី​១៦ ខែ​ឧសភា ក្រុម​នេះ​ត្រូវ​បាន​ប្រគល់​ខ្លួន​ឲ្យ​ទៅ​នគរ​បាល​ខេត្ត​ដែល​បាន​ឲ្យ​ពួកគេ​ ស្នាក់​នៅ​ផ្ទះ​សំណាក់​មួយ​កន្លែង​​ក្នុង​ក្រុង​តាខ្មៅ ខណៈ​សាលា​ដំបូង​ខេត្ត​ស៊ើបអង្កេត​ការ​អះអាង​របស់​កាស៊ីណូ​​ថា ក្រុម​នេះ​ជាប់​ពាក់​ព័ន្ធ​នឹង​ចោរកម្ម​។

លោក​​ មូស៊ីនីន ដូលីសាដា ​បាន​មាន​ប្រសាសន៍​ថា “​ជំនួប​មួយ​រវាង​ឯក​អគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​​ ពីតូណូ ពួណូម៉ូ (Pitono Purnomo)​ និង​មន្ត្រី​នៅ​ក្រសួង​ការ​បរទេស​កាលពី​សប្ដាហ៍​មុន​​ បាន​ឈាន​ដល់​ការ​ដោះ​លែង​នេះ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “​ក្រសួង​ការ​បរទេស​បាន​ហៅ​យើង ហើយ​យើង​ក៏​ចុះ​ទៅ​ខេត្ត​កណ្ដាល​ដោយ​ផ្ទាល់​ដើម្បី​​​ទទួល​យក​​មនុស្ស​ទាំង​១០​នាក់​នោះ”។

បុរស ​ដែល​មាន​ឈ្មោះ​ថា ជេហ្វ្រី ស៊ុន ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ស្ថានទូត​ប្រហែល​​២​សប្ដាហ៍ បន្ទាប់ពី​ប្រគល់​ខ្លួន និង​សារភាព​ទទួល​ស្គាល់​​​ចោរកម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។ លោក មូស៊ីនីន ដូលីសាដា បាន​លើក​ឡើង​ថា ស្ថានទូត​នឹង​​ប្រគល់​ខ្លួន​ជន​នេះ​តាម​សំណើ​របស់​តុលាការ​។

លោក ​​ លឹម សុគន្ធថា ព្រះរាជអាជ្ញា​​ដែល​ទទួល​ដោះស្រាយ​សំណុំរឿង​នេះ​បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​បន្ត​ស៊ើបអង្កេត​។ លោក​បាន​​ថ្លែង​ថា “​យើង​ទទួល​បាន​ភ័ស្តុ​តាង​ពី​ក្រុម​ហ៊ុន ហើយ​យើង​កំពុង​តែ​សិក្សា​ពី​ភ័ស្តុ​តាង​នេះ​”។

លោក រស់ ស៊ីថា មេធាវី​តំណាង​ឲ្យ​កាស៊ីណូ Grand Dragon Resort បាន​មាន​ប្រសាសន៍​ថា ស្ថានទូត​មិន​គួរ​លូកដៃ​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ទេ។ លោក​បាន​លើក​ឡើង​ថា ​”​ស្ថានទូត​​ការ​ពារ​ជន​ល្មើស”៕ សុខុម​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស