32.5 C
Phnom Penh

ឧកញ៉ា​ម្នាក់​ជាប់​ពន្ធនាគារ​ពីបទ​ឆបោក​​ប្រាក់​២,5លាន​ដុល្លារ​ពី​កូនស្រី​របស់​​អគ្គមេបញ្ជាការ​​រង​កង​យោពល​ខេមរភូមិន្ទ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី ​​ម្សិល​មិញ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់​ទោស​ឧកញ៉ា​ សុខ រ៉ាថន ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១ឆ្នាំ ពី​បទ​ឆបោក​​ប្រាក់​ចំនួន​២,៥លាន ​ដុល្លារ​​ពី​កូនស្រី​​របស់​មន្ត្រី​យោធា​​ជាន់​ខ្ពស់​បំផុត​មួយ​រូប​​នៅ​ កម្ពុជា​តាម​រយៈ​កិច្ច​ព្រមព្រៀង​ទិញ​លក់​អចលនទ្រព្យ​ក្លែង​ក្លាយ​។

ទោះ ​ជាយ៉ាង​ណា ភរិយា​របស់​ឧកញា៉​រូប​នេះ​ដែល​បាន​​ឡើង​សវនាការ​​ទទួល​ការ​ជំនុំជម្រះ​ជាមួយ ​នឹង​រូប​គាត់​ បាន​ដើរ​ចេញ​មក​វិញ​ដោយ​មាន​សេរីភាព​ បន្ទាប់ពី​​បទ​ចោទ​ប្រកាន់ប្រឆាំង​រូប​គាត់​​​ត្រូវ​បាន​ដក​ចេញ។

លោក​ សុខ រ៉ាថន អាយុ​៤១​ឆ្នាំ ប្រធាន​ក្រុម​ហ៊ុន​ Ranimex International Import Export​ បាន ​ជាប់​ឃុំ​​ជា​បណ្ដោះ​អាសន្ន​​នៅ​ពន្ធនាគារ​ប៉េហ្ស៊ី ដែល​មាន​សន្តិសុខ​យាម​កាម​ធូរ​រលុង​បំផុត​​ចាប់​តាំង​ពី​គាត់​ និង​អ្នកស្រី ផាន់ ដាវី អាយុ​៣៤​ឆ្នាំ ដែល​ត្រូវ​ជា​ភរិយា​របស់​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ឆបោក​កាលពី​ខែ​ មិថុនា ឆ្នាំ​២០១៤​មក ប៉ុន្តែ​ភរិយា​របស់​គាត់​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នៅ​ពេល​នោះ។

​ដើម ​ចោទ​ឈ្មោះ មាស សុភារី អាយុ​៣៥​ឆ្នាំ​​ ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក មាស សុភា អគ្គមេបញ្ជាការ​រង​​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ចោទ​ប្រកាន់​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ​ពី​បទ​ស៊ីដាច់​​ប្រាក់​ ចំនួន​២,៥លាន​ដុល្លារ​ ដែល​គាត់​បាន​បង់​ទិញ​វីឡា​មួយ​ និង​ដី​មួយឡូតិ៍​នៅ​ខាង​ក្រោយ​ព្រះបរមរាជវាំង ព្រមទាំង​​ការ​បង់​ពន្ធ​ចំនួន​៥១.០០០​ដុល្លារ​ផង​ដែរ។

កាលពី ​ម្សិលមិញ ចៅក្រម​ជំនុំជម្រះ​ វ៉េង ហួត បាន​កាត់​ទោស​លោក សុខ រ៉ាថន ឲ្យជាប់​ពន្ធនាគារ​រយៈ​ពេល​១ឆ្នាំ​ និង​បង្គាប់​ឲ្យ​គាត់​បង់​ពិន័យ​ចំនួន​២លាន​រៀល (ប្រហែល​៥០០​ដុល្លារ​) និង​សំណង​ជំងឺ​ចិត្ត​ចំនួន​១០០.០០០​ដុល្លារ​​ឲ្យ​ទៅ​ដើម​ចោទ​។

លោកមិន ​បានពន្យល់​ពី​មូលហេតុ​ដែល​បទ​ចោទ​ប្រកាន់​ប្រឆាំង​អ្នកស្រី​ ផាន់ ដាវី ដែល​​ធ្វើ​ការ​ជាមួយ​ប្ដី​របស់​គាត់​ ត្រូវ​បាន​ដក​ចេញ​ភ្លាមៗ​នោះ​ទេ។ លោក​បាន​​មាន​ប្រសាសន៍​សំដៅ​ដល់​ប្រតិចារឹក​​របស់​តុលាការ​ដែល​អ្នក​យក​ ព័ត៌មាន​មិន​អាច​រក​បានយ៉ាង​ដូច្នេះ​ថា “​មាន​ហេតុ​ផល​ជា​ច្រើន​ ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ានធ្វើ​អត្ថាធិប្បាយ​ទេ។ សូម​ពិនិត្យ​មើល​ឯកសារ​ទៅ​”។

លោក ហុង ចាន់សុខា មេធាវី​តំណាង​ចុង​ចោទ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ជុំវិញ​សាល​ក្រម​នេះ។

លោក ​ ហាក់ សៀកលី មេធាវី​តំណាង​ឲ្យ​​លោកស្រី ​មាស សុភារី បាន​មាន​ប្រសាសន៍​ថា ​កូនក្ដី​របស់​លោក​កំពុង​ពិចារណា​ដាក់​ពាក្យ​បណ្ដឹង​រដ្ឋប្បវេណី​ បន្ទាប់ពី​ទទួល​បាន​តែ​១០០.០០០​ដុល្លារ​​នៃ​ប្រាក់​២,៥លាន​ដុល្លារ​ដែល​កូនក្ដី​របស់​លោក​បាន​​បាត់​បង់​ដោយ​សារ​ការ​ឆបោក​របស់​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ។

មេធាវី ​រូប​នេះ​ក៏​មិន​បាន​បក​ស្រាយ​​អំពី​មូលហេតុ​នៃ​ការ​រួច​ផុត​ពី​ការ​ចោទ​ ប្រកាន់​របស់​លោកស្រី ផាន់ ដាវី ដែរ​។ លោក​បាន​លើក​ឡើង​ថា “​តាម​​ខ្ញុំ​យល់​ [តុលាការ​]​ មិន​គួរ​ដក​ការ​ចោទ​ប្រកាន់​ប្រឆាំង​រូប​គាត់​ទេ ពីព្រោះ​ពួកគេ​ធ្វើ​ការ​ទាំង​ប្ដី​ទាំង​ប្រពន្ធ ហើយ​ចែក​លុយ​គ្នា”៕ សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស