38 C
Phnom Penh

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជួប​ប្រជុំ​ជាមួយ​អង្គការ​មូលនិធិសាកល​ជុំវិញ​ករណី​សូកប៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) បាន​ជួប​​ប្រជុំជាមួយ​បុគ្គលិក​អង្គការ​មូលនិធិ​សាកល (Global Fund) ប្រយុទ្ធនឹង​ជំងឺអេដស៍ ​របេង​ និង​គ្រុនចាញ់ដែលមក​បំពេញ​ទស្សនកិច្ច​ កាលពី​សប្តាហ៍មុន​ដើម្បី​តាមដាន​បន្ត​នូវការ​ចោទប្រកាន់​របស់​អង្គការ​នេះ​ដែល​ថា អតីត​មន្ត្រី​សុខាភិបាល​ម្នាក់​បាន​ទទួលប្រាក់​សំណូកប្រហែល​​៣៥០.០០០ដុល្លារ​ក្នុងការ​ទទួល​បាន​កិច្ច​សន្យា​ពាក់ព័ន្ធ​មុង។

កាលពី​ខែមុន លោក​ ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុ​រលួយ​​បានមាន​ប្រសា​សន៍ថា អង្គការ​មូលនិធិសាកល​​បាន​បញ្ជូន​បុគ្គលិក​មកជួប​ប្រជុំជាមួយ​ ACU​កាលពី​ថ្ងៃទី​៥ ខែ​មិថុនាដើម្បី​ស៊ើប​អង្កេត​​គណនី​ធនាការ​​​ប្រហែល​៣០ទៅ​៤០ជារបស់​​”ភាគី​ទី​៣” ជា​ការ​សំដៅ​ជាក់ស្តែង​ទៅ​លោក ដួង សុជាតិ អតីត​ប្រធាន​មជ្ឈមណ្ឌ​ជាតិ​ជំងឺ​គ្រុន​ចាញ់​ ក្រសួង​សុខា​ភិបាល​។

កាលពី​ថ្ងៃសុក្រ​ លោក ឱម យ៉ិនទៀង បាន​បញ្ជាក់ថា លោក​កំពុង​ស៊ើប​អង្កេត​ករណីនេះ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។
កាលពីថ្ងៃសុក្រ​ផងដែរ លោក សិដ្ឋ ហ្វៃសុន (seth Faison) អ្នកនាំពាក្យ​អង្គការ​មូលនិធិសាកល​​បានមានប្រសាសន៍ថា បុគ្គលិក​មកពី​​ផ្នែក​គ្រប់ គ្រង​ជំនួយ​ឥតសំណងបានមក​រាជ​ធានី​ភ្នំពេញ​ដើម្បី​ជួបប្រជុំជាមួយ​​​ACU ប៉ុន្តែ បាន បដិសេធថា មិនបានចូលរួមក្នុងការ​ស៊ើប​អង្កេត​ទេ។

លោក​បានមានប្រសាសន៍ថា “​ពួកគេ​មិនមែន​ជា​អ្នក​ស៊ើប​អង្កេតទេ ហើយពួកគេ​មិន​បាន​ចុះ​ស៊ើប​អង្កេត​ទេ។​ បច្ចុប្បន្ននេះ​មិន​មាន​បុគ្គលិកអង្គការ​មូលនិធិសាកល​មកពី​ការិយាល័យ​​អធិការ​កិច្ចនៅក្នុង​ប្រទេ​សកម្ពុជា​ទេ”។

កាលពី​ឆ្នាំ២០១៣ ការិយាល័យ​អធិការ​កិច្ច​របស់​អង្គការ​មូលនិធិសាកល​​បាន​ចេញផ្សាយ​លទ្ធផល​នៃការ​ស៊ើប​អង្កេត​រយៈពេល​ជាច្រើន​ឆ្នាំ​ដោយ​ចោទប្រកាន់ថា លោក សុជាតិ ដែលចាប់​តាំងពីពេលនោះមក​​បាន​ចាកចេញពី​តួនាទី​ ហើយ​មន្ត្រី​សុខាភិបាល​ផ្សេង​ទៀត​បានទទួលប្រាក់សំណូកដើម្បីឲ្យ​បាន​កិច្ច​សន្យា​ដែលមានទឹក​ប្រាក់​​១២លានដុល្លារ​ជា​ជំនួយ​ឥត​សំណង​របស់​អង្គការ​មូលនិធិសាកល។

ACU បាន​អះ​អាង​ថា ខ្លួន​មិន​អាច​ធ្វើការ​ចោទប្រកាន់​ប្រឆាំង​អ្នកជាប់​ពាក់ព័ន្ធ​ទាំងនោះ​បាន​ទេ ពីព្រោះ​​មិន​មាន​​ភ័ស្តុតាង​គ្រប់គ្រាន់​ ឬ​ពីព្រោះ​ពួកគេ​ជា​បុគ្គលិក​ជាប់​កិច្ច​សន្យា និង​វា​នៅក្រៅ​យុត្តាធិការ​របស់​ខ្លួន។

បើទោះ​ជា​​សេចក្តីសម្រេច​របស់រដ្ឋាភិបាល​មិន​ផ្តន្ទាទោស​ក៏ដោយ ក៏​រដ្ឋាភិបាល​យល់​ព្រម​ទូទាត់​សង​អង្គការ​មូលនិធិសាកលវិញ​​នូវ​ទឹកប្រាក់សំណូកសរុប​​៤៥០.០០០ដុល្លារ​ដែល​​មន្ត្រី​ទាំង​នោះ​បាន​យក​ដែរ៕សារុន​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស