27 C
Phnom Penh

ក្រោយ​ធ្វើ​មាតុភូមិ​និវត្ត លោក​ សម រង្ស៊ី បញ្ជាក់​ថា លោក​នឹង​​ទៅ​ស្បថ​ជាមួយលោក ហ៊ុន សែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

cam-photo-front-channa3

កាលពី​ម្សិលមិញ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​បាន​​ធ្វើ​មាតុភូមិ​និវត្ត​ពី​ដំណើរ​ទស្សនកិច្ច​​យ៉ាង​យូរ​នៅ​បរទេស​ ដោយ​មាន​ប្រសាសន៍​ថា លោក​ព្រម​ទទួល​យក​ការ​បបួល​​របស់​​​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្បថ​ដាក​់​ជីវិត​​​​​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នា​ខែ​កក្កដា ឆ្នាំ​២០១៣ ពិត​ជា​ត្រូវ​​គណបក្ស​ប្រជាជន​កម្ពុជា​ “​លួច​បន្លំ”​ ប្រាកដ​មែន​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ការ​រាប់​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​ឡើង​វិញ​មាន​ប្រយោជន៍​ជាង​ការ​ស្បថ​។

នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ច័ន្ទ លោក ហ៊ុន សែន បាន​បបួល​លោក សម រង្ស៊ី​ ស្បថ​ជាមួយ​លោក​នៅ​​ព្រះអង្គ​ដងកើ ក្នុង​រាជធានី​ភ្នំពេញ​ថា សូម​ឲ្យ​លោក សម រង្ស៊ី​ “​ងាប់​ត្រូវ​គ្រាប់ រន្ទះ​បាញ់​ និង​ស្អី​ទាំង​អស់​” ប្រសិន​បើ​ការ​អះអាង​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ថា​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​​ត្រូវ​បាន​លួច​បន្លំ​ មិន​មែន​ជា​ការ​ពិត។

ថ្លែង​នៅ​ឯ​អាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ ​ពេល​វិល​ត្រឡប់​​ពី​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​១ខែ​ ដើម្បី​ជួប​ជុំជាមួយ​​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​ដែល​រស់​នៅ​អឺរ៉ុប​ កាណាដា និង​សហរដ្ឋ​អាមេរិក លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា លោក​យល់​ព្រមទទួល​យក​​ការ​បបួល​ស្បថ​របស់​លោក​ ហ៊ុន សែន​។

ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​”រឿង​ស្បថ​ជា​រឿង​អបិយ​ជំនឿ ប៉ុន្តែ​យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ។ បើ​ចង់​​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​​កន្លង​ទៅ​មានភាព​​​សុក្រឹត ឬយ៉ាង​ដូច​ម្ដេច​ គួរ​ណាស់​យើង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​​ទៅ​ នោះ​យើង​នឹង​ដឹង​សខ្មៅ​ភ្លាម​។ រឿង​​ស្បថ​មិន​អី​ទេ ចង់​​ស្បថ​ពេល​ណា​ក៏​បាន​ដែរ​ ប៉ុន្តែ​អ្វី​ដែល​ចាំបាច់​​យើង​ត្រូវ​ធ្វើ​អ្វី​តាម​បច្ចេកទេស​ច្បាស់​លាស់​”។

លោក សុខ ឦសាន្ត អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការ​កំណត់​ពេល​ទៅ​ស្បថ​នៅ​ព្រះអង្គ​ដង​កើ​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​មាត់​ទន្លេ​ ខាង​មុខ​ព្រះបរម​រាជវាំង​ គឺ​ស្រេច​តែ​ទៅ​លើ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ប៉ុន្តែ​​​ថា ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​គឺ​មិន​អាច​ទៅ​រួច​ឡើយ​។

លោក​បាន​​លើក​ឡើង​សំដៅ​ដល់​ការ​បោះ​ឆ្នោត​​អាណត្តិ​ក្រោយ​យ៉ាង​ដូច្នេះ​ថា “​វា​យឺត​ពេល​ហើយ​។ ​បើ​​ចង់​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ គួរ​តែ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ហើយ​ការ​បោះ​ឆ្នោត​ឡើង​វិញ​គឺ​អាច​​ធ្វើ​ទៅ​បាន​នៅ​ឆ្នាំ​២០១៨។ វា​មិន​អាច​ទៅ​រួច​ទេ ពីព្រោះ​យើង​កំពុង​តែ​បោះ​ជំហាន​ឆ្ពោះ​ទៅ​មុខ​ហើយ។ ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ​វា​មាន​ន័យ​ថា ដើរ​ចេញពី​សភា​ ហើយ​ធ្វើ​ការ​​តវ៉ា​​​នៅ​តាម​ផ្លូវ​​ឡើង​វិញ​”។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (​ខុមហ្វ្រែល)​ បាន​មាន​ប្រសាសន៍​​ថា ការ​បបួល​​ស្បថ​របស់​លោក​ ហ៊ុន សែន ដែល​រួម​មាន​​ការ​ស្បថ​ដាក់​ជីវិត​​របស់​លោក​​ និង​​ជីវិត​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​គឺ​ស្រប​ច្បាប់​នោះ ជា​វិធី​ដ៏ចម្លែក​មិន​ធ្លាប់​មាន​​ដើម្បី​​បញ្ជាក់​ពី​ជ័យជម្នះ​របស់​គណបក្ស​កាន់អំណាច​។

លោក​​បាន​មាន​ប្រសាសន៍​ទៀត​ថា ទម្រង់​​​បោះឆ្នោត​​ដែល​​​មន្ត្រី​​​ការិយាល័យ​បោះ​ឆ្នោត​ទូទាំង​ប្រទេស​​​បាន​បំពេញ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ និង​ត្រូវ​បាន​បញ្ជូន​មក​រាជធានី​ភ្នំពេញ​សម្រាប់​ការ​​​ផ្ទៀង​ផ្ទាត់​លទ្ធផល​នោះ គួរ​តែ​បញ្ចេញ​ជា​សាធារណៈ​ដើម្បី​បង្ហាញ​ថា តើ​លទ្ធផល​​ផ្លូវ​ការ ​​ត្រឹម​ត្រូវ​ឬយ៉ាង​ណា​។

លោក​បាន​​លើកឡើង​បន្ត​ថា “​ដើម្បី​ស្ដារ​ការ​ជឿទុក​ចិត្ត​របស់​ជាតិ​ឡើង​វិញ ​មិន​មែន​​​មក​ស្បថ​ស្បែ​​បែប​នេះ​ទេ វា​​ជា​រឿង​​​តម្លាភាព និង​គណនេយ្យភាព។ ​​​តម្លាភាព​ដែល​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​ទុក​ចិត្ត​លើ​លទ្ធផល​បោះ​ឆ្នោត​។ នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោតទូទាំង​ពិភព​លោក គ្មាន​ការ​ស្បថស្បែ​ឡើយ​ពាក់​ព័ន្ធ​នឹង​លទ្ធផល​បោះ​ឆ្នោត​។ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​​គេ​​អាច​បញ្ជាក់​លទ្ធផល​នេះ​បាន​​តាមរយៈ​​គេហទំព័រ​របស់​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ ប៉ុន្តែ​នៅ​ទីនេះ​គេ​បញ្ចេញ​តែ​​​បន្តិច​បន្តួច​ប៉ុណ្ណោះ​​នៅ​ពេល​​លទ្ធផល​​ប្រកៀកប្រកិត​គ្នា​ខ្លាំង​។ យើង​មិន​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​​មាន​ការ​ជឿជាក់​បាន​ទេ​ ពេល​យើង​បិទ​ព័ត៌មាន​​ហើយ​មក​និយាយ​ថា ហ៊ាន​ស្បថ​ជុំវិញលទ្ធផល​​បែប​នេះ​​”។

លោក ម៉ៅ ពិសេស ប្រធាន​​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​​ ដែលមាន​សម្ពន្ធភាព​ជាមួយ​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា លោក​យល់​ស្រប​នឹង​ជំហរ​របស់​លោក គល់ បញ្ញា ​​ហើយ​លោក​បាន​ស្ម័គ្រ​ចិត្ត​​​ទៅ​ស្បថ​ជំនួស​លោក សម រង្ស៊ី ប្រសិន​បើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​មិនទៅ​។

លោក​បាន​លើក​ឡើង​​សំដៅ​ដល់​​កញ្ចប់​ដែល​ផ្ទុក​លទ្ធផល​បោះ​ឆ្នោត​ថា “​បន្ទាប់ពី​ការ​បោះ​ឆ្នោត ​គណបក្ស​សង្គ្រោះជាតិ​បាន​ចោទ​ប្រកាន់​​គណបក្ស​ប្រជាជន​កម្ពុជា​​ថា លួច​បន្លំ​សន្លឹក​ឆ្នោត​ ហើយ​បាន​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បើក​កញ្ចប់​សុវត្ថិភាព​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​តាម​រយៈ​ គ.ជ.ប. មិន​បាន​បើក​​វា​ទេ។ ខ្ញុំ​ជា​អ្នក​កាន់​​ព្រះពុទ្ធសាសនា​ ហើយ​ដូច​អស់​លោក​បាន​ដឹង​ស្រាប់​ហើយ​ថា ប្រជាពលរដ្ឋ​​​ខ្មែរ​​ដែល​ជា​អ្នក​​គោរព​ព្រះពុទ្ធសាសនា​​ជឿ​ថា ដូន​តា​របស់​យើង​​ ជា​ពិសេស​បុព្វបុរស​​ និង​​អារក្ស​អ្នក​តា​ពិត​ជា​ពូកែ​ស័ក្ដិសិទ្ធិ​មែន​នៅ​ទីនេះ ហើយ​នឹង​សម្លាប់​ ឬ​កម្ទេច​អ្នក​ដែល​បំផ្លាញ​ជាតិ​របស់​យើង​​របស់​យើង​”។

​នៅ​ពេល​សួរ​ថា តើ​លោក​គិត​ថា លោក ហ៊ុន សែន អាច​នឹង​ស្លាប់​ប្រាកដ​មែន​​​ឬយ៉ាង​ណា​ ប្រសិន​បើ​លោក​​ហ៊ាន​ស្បថ​ដាក់​ជីវិត​លោក​ និង​ជីវិត​របស់​សមាជិក​គណបក្ស​​ប្រជាជន​កម្ពុជា​នោះ លោក​ ម៉ៅ ពិសេស បាន​​ឆ្លើយ​ថា ​លោក​ជឿ​ថា​អាច​ទៅ​រួច។

លោក​បាន​ឆ្លើយ​​សំដៅ​ដល់​​​​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​​ដែល​បាន​ទទួល​មរណភាព​​​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​សុន្ទរកថា​របស់​លោក​ ហ៊ុន សែន កាលពី​ថ្ងៃ​ច័ន្ទ​ថា “ហេតុ​អ្វី​មិន​អាច​?​ ពេល​នេះ​ ជា ស៊ីម ទៅ​បាត់​ហើយ​​”។

ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី មក​កាន់​ប្រទេស​កម្ពុជា​វិញ​កាលពី​ម្សិលមិញ បង្ហាញ​ពី​​ការ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​​ដើម្បី​បញ្ចុះបញ្ចូល​​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​ឲ្យ​យល់​ពី​តម្លៃ​នៃ​ “វប្បធម៌​សន្ទនា​” ថ្មី​របស់​លោក​ជា​មួយ​លោក ហ៊ុន សែន ដែល​មាន​បំណង​​ជំរុញ​ឲ្យ​បរិយាកាស​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​ក្រោយ​ពី​​ប្រជែង​គ្នា​​យ៉ាង​ជូរចត់​អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ។

លោក​បាន​មាន​​ប្រសាសន៍​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ​ថា “​ភាគ​ច្រើន​ពួកគាត់​បាន​យល់​ និង​គាំទ្រ​វា ប៉ុន្តែ​មួយ​ចំនួន​តូច​មិន​ទាន់​យល់​ច្បាស់​​ ហើយ​កំពុង​តាម​ដាន​។​​ ហើយ​​ខ្ញុំ​ជឿ​ថា ពេល​វេលា​កន្លង​ទៅ​ អ្នក​ដែល​មិន​ទាន់​​​យល់​​ ច្បាស់​ជា​​យល់​ ជា​ពិសេស​យល់​អំពី​ទឹក​ចិត្ត​​ពិត​ប្រាកដ​​របស់​​ខ្ញុំ និង​បំណង​ពិត​ប្រាកដ​របស់​ខ្ញុំ​”៕ សុខុម​​​​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស