30.4 C
Phnom Penh

តុលាការ​បញ្ចប់​ការសាកសួរ​​អ្នក​បង្ក​​កុបកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចុងចោទ​ពីរ​រូប​ចុងក្រោយ​​ដែល​សន្តិសុខខណ្ឌដូនពេញ​​បាន​ប្តឹង​ជុំវិញ​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤ បាន​បដិសេធ​ការ​ចោទ​ប្រកាន់ពីបទ​​កុបកម្ម​​មកលើ​ពួកគេ​​កាលពី​ម្សិលមិញ​អំឡុង​សវនា​នៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេ​ញ​។

សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​៧រូប​​និង​សកម្ម​ជន​គណបក្ស​១១នាក់​ត្រូវ​បាន​ជាប់​ពន្ធនា​គារ​បន្ទាប់ពី​ការ​តវ៉ា​កាលពី​ថ្ងៃទី​​១៥ ខែ​កក្កដា​ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​​បើក​ទីលាន​ប្រជា​ធិបតេយ្យ​ឡើង​វិញ​​នោះ បាន​ប្រែក្លាយ​ជា​ការ​ប៉ះ​ទង្គិច​គ្នា​ នៅពេល​​ក្រុមអ្នក​តវ៉ា​មួយ​ចំនួន​​បាន​តប​ត​មក​លើ​សន្តិសុខ​ដែល​ប្រើ​ហិង្សា​​។

សមាជិក​សភា​ទាំង​នោះ​​មាន​អភ័យ​ឯកសិទ្ធិរួច​ផុត​ពីការ​ផ្តន្ទា​ទោស ប៉ុន្តែ​ក្រុម​សកម្ម​ជន​​បាន​ចូលរួម​សវនា​ជំនុំជម្រះ​ចាប់​តាំង​ពី​ខែ​មេសាមក។

ដោយ​ប្រកាន់​ជំហរ​ដដែល​កាលពី​ម្សិលមិញ លោក មាជ សុវណ្ណារ៉ា ដែល​ជា​ប្រធាន​ផ្នែក​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បានមាន​ប្រសាសន៍នៅក្នុង​ការ​ការ​ពារខ្លួន​​ថា លោក​បាន​ជំរុញ​​ឲ្យ​ក្រុម​អ្នកតវ៉ា​​កុំប្រើ​អំពើ​ហិង្សា​នៅព្រឹក​នៃការ​តវ៉ា​នោះ ហើយ​លោក​មិន​ស្ថិត​នៅ​ក្នុង​ក្រុម​មនុស្ស​នៅពេល​​មានការ​ប៉ះ​ទង្គិច​គ្នានោះ​ឡើយ។

លោក​បាន​មាន​ប្រសាសន៍ថា “​ខ្ញុំបាន​ប្រាប់​ពួកគេ​ថា យើង​ត្រូវ​ធ្វើការ​តវ៉ា​ដោយ​សន្តិវិធី ហើយ​សូម​កុំប្រើ​អំពើ​ហិង្សា​។ ពីព្រោះ​ខ្ញុំ​ជា​អ្នក​ចេះដឹង​ម្នាក់ ខ្ញុំ​ស្អប់​ការ​ប្រើ​អំពើ​ហិង្សា​ណាស់ ហើយ​ខ្ញុំ​តែងតែ​​ប្រាប់​ពួកគេ​ឲ្យ​ចេះ​ស្រឡាញ់​គ្នា”។

លោក សុវណ្ណារ៉ា បានមាន​ប្រសាសន៍៍ថា លោក​បាន​ចាក​ចេញ​ពី​ការ​ជួប​ជុំនោះ​​បន្ទាប់ពីនិយាយ​ចប់ ហើយ​បានមក​កាន់​រថយន្ត​របស់លោក ស្ថិត​នៅ​ចម្ងាយ​ប្រហែល​​៦០ម៉ែត្រ​​ ស្រាប់តែ​លោក​បាន​ឃើញ​ការ​ប៉ះទង្គិច​គ្នា​កើត​ឡើង។

លោក​បាន​មាន​ប្រសាសន៍ថា​ “ខ្ញុំបាន​ទៅ​សម្តែង​មតិ​របស់ខ្ញុំ ប៉ុន្តែ​​ខ្ញុំមិនបាន​ចូលរួម​ក្នុង​នាម​ជាអ្នក​ដឹក​នាំទេ”។ លោក​បាន​បន្ថែមថា “​ខ្ញុំមិនយល់​ ហេតុអ្វី​បាន​ជា​តុលាការ​​ចោទប្រកាន់ខ្ញុំ​ពី​បទ​កុបកម្ម​ទៅវិញ។ កុបកម្ម​​គឺ​ជា​ការ​ចោទប្រកាន់​ធ្ងន់​ធ្ងរ​ណាស់”។

លោក ទេព ណារិន សមាជិក​ម្នាក់​ក្នុង​ចំណោម​ក្រុម​យុវជន​​គណបក្ស​ប្រឆាំង​ បាន​ប្រាប់​តុលាការ​ថា សន្តិសុខ​​គឺ​ជាអ្នក​បង្កហេតុ​នៅ​ថ្ងៃនោះ។

លោក​បាន​មាន​ប្រសាសន៍ថា “​ខ្ញុំបាន​ទៅ ពីព្រោះ​ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​​ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ​​ ពីព្រោះ​​វាជាកន្លែង​ដែល​ប្រជាពលរដ្ឋ​អាច​សម្តែង​មតិ​របស់ខ្លួន។ ខ្ញុំបាន​ឃើញ​​សន្តិសុខ​ខណ្ឌប្រើ​​ដំបង​វាយ​ប្រជា​ពលរដ្ឋ​ ហើយ​ប្រជា​ពល​រដ្ឋ​គ្រាន់តែការ​ពារ​ខ្លួន​ប៉ុណ្ណោះ។ នៅពេល​ពួកគេ​ប៉ះ​ទង្គិច​គ្នា​ សន្តិសុខ​ទាំងនោះ​​ប្រដាប់ដោយ​ដំបង​ ហើយ​ប្រជាពល​រដ្ឋ​​មិនមាន​អាវុធ​ទេ។ ប្រជាពល​រដ្ឋមួយ​ចំនួន​​កាន់តែ​ដង​ទង់​ជាតិ​ប៉ុណ្ណោះ​”។

លោក​បាន​មាន​ប្រសាសន៍ថា “​ខ្ញុំស្បថ​ដាក់​ជីវិត​ ប្រជាពល​រដ្ឋ​មិនមាន​ដំបង​ទេ”។

សវនាការ​បាន​ក្លាយ​ជា​​តានតឹង​ ខណៈដែល​​លោក កៅ សីហា ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម មេធាវីរបស់​លោក សុវណ្ណារ៉ា បាន​សាកសួរ​គាត់​អំពី​មូលហេតុ​នៃការ​ចោទប្រកាន់ពី​បទ​កុបកម្ម​​មក​លើ​គាត់។

ចៅក្រម អីុ ថាវារៈ បាន​បង្គាប់ឲ្យ​លោក សីហា បញ្ឈប់ការ​សាកសួរបែបនេះ​​ ពីព្រោះ​លោក​យល់ថា​ វា​មិន​ទាក់ទង​គ្នា​ ហើយ​បុរស​ពីរនាក់ទៀត​​បាន​លើក​ឡើង​ពីរបី​នាទី​រហូត​ដល់​​លោក លឹម មករន្ទ ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​​បាន​អន្តរាគមន៍។

និយាយ​ទៅកាន់​អ្នកយក​ព័ត៌មាន​បន្ទាប់ពី​សវនាការ​ លោក ជូង ជូងី ​ជា​មេធាវី​ការ​ពារ​ចុង​ចោទ​មួយ​រូប​ទៀត​ដែរ​​បានមាន​ប្រសាសន៍ថា ការ​ចោទប្រកាន់​ពី​បទ​កុបកម្មគឺ​គ្មាន​មូលហេតុ​ឡើយ​។

លោក​បានមាន​ប្រសាសន៍ថា​”​ខ្ញុំ​ទទួល​ស្គាល់​ថា មាន​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​មែន ប៉ុន្តែ​​វា​មិនមែន​ជា​កុបកម្ម​ទេ”។

ចុង​ចោ​ទ​ដទៃទៀត​​ក៏បាន​បដិសេធ​ការ​ចោទប្រកាន់មក​លើ​ពួកគេផងដែរ​។ ការ​សាកសួរ​សន្តិសុខ​៣៩នាក់​ដែល​ប្តឹង​​សកម្មជន​ទាំងនេះ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី​២៩ ខែ​មិថុនា៕សារុន ​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស