
និស្សិតម្នាក់ដែលត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ ជុំវិញហេតុការណ៍បុកហើយរត់ពេលស្រវឹង បានឲ្យដឹងកាលពីម្សិលមិញថា ខ្លួនសម្រេចបើករថយន្តបុករបងនិវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូតអាមេរិក ព្រោះខ្លួនសង្ឃឹមថា សន្តិសុខស្ថានទូតនឹងអាចការពារខ្លួនពីក្រុមមនុស្សដែលកំពុងដេញតាម។
តាន់ សុវណ្ណារ៉ា អាយុ២១ឆ្នាំ បានបង្កឲ្យមានការខូចខាតមួយចំនួនកាលពីយប់ថ្ងៃអង្គារ ដោយចាប់ផ្ដើមចេញពីចំណុចភាគខាងត្បូងផ្សារបឹងកេងកង ហើយបានបញ្ចប់នៅពេលនិស្សិតរូបនេះបើករថយន្តបុករបងនិវេសនដ្ឋានរបស់លោក វីលៀម ថូដ ឯកអគ្គរដ្ឋទូតអាមេរិកនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម។
ពេលរង់ចាំការសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ សុវណ្ណារ៉ា បានលើកឡើងថា ខ្លួនព្យាយាមសុំទោសអ្នកបើករថយន្តដែលខ្លួនបានបុកនៅក្បែរផ្សារដែរ ប៉ុន្តែថា ស្ថានភាពបានប្រែក្លាយទៅជាធ្ងន់ធ្ងរភ្លាមៗ។
សុវណ្ណារ៉ា បាននិយាយថា “ខ្ញុំនិយាយសុំទោសជាមួយមិត្តភក្ដិពីរនាក់ទៀត ប៉ុន្តែអ្នកបើកបររថយន្តមិនព្រមទទួលយកការសុំទោសទេ ហើយបានស្រែកថា ខ្ញុំជាចោរ។ ភ្លាមៗនោះមនុស្សម្នាបានចាប់ផ្ដើមមកចោមរោមជុំវិញ ហើយពួកគេបានគប់ដុំថ្មដាក់ខ្ញុំ និងឡានរបស់ខ្ញុំ”។
សុវណ្ណារ៉ា បានលើកឡើងទៀតថា នៅពេលគេចាប់ផ្ដើមគប់ដុំថ្ម ខ្លួនខ្លាចមានគ្រោះថ្នាក់ដល់ជីវិត ហើយក៏សម្រេចគេចខ្លួនតែម្ដង។ និស្សិតរូបនេះនិយាយបន្ថែមថា “ខ្ញុំប្រហែលជាស្លាប់បាត់ទៅហើយប្រសិនបើនៅតែនៅទីនោះ”។
សុវណ្ណារ៉ា បានឲ្យដឹងបន្ថែមថា ពេលក្រុមអ្នករត់ម៉ូតូឌុបដែលពោរពេញដោយកំហឹងនៅតែបន្តដេញតាម ខ្លួនបានបុកចូលនិវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូតអាមេរិក ដោយសង្ឃឹមថា សន្តិសុខពីរនាក់ដែលយាមនៅទីនោះអាចជួយការពារខ្លួន។
និស្សិតរូបនេះបាននិយាយថា “ខ្ញុំមានការសោកស្ដាយខ្លាំងណាស់ដែលធ្វើដូច្នេះដាក់ស្ថានទូត ប៉ុន្តែខ្ញុំគ្មានបំណងបុករបងនេះទេ”។
លោក ទីន វ៉ាន់ស៊ី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោលរាជធានី បានលើកឡើងថា សុវណ្ណារ៉ា នឹងត្រូវសាកសួរនៅសាលាដំបូងរាជធានីម្ដងទៀតនៅថ្ងៃនេះ៕ ស៊ុយឈាង