
សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសបុរសជនជាតិអូស្ត្រាលីម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំកាលពីម្សិលមិញពីបទរួមភេទជាមួយក្មេងប្រុស៦នាក់អាយុពី៣ឆ្នាំ ដល់១៣ឆ្នាំកាលពីឆ្នាំ២០១៣ និង២០១៤។
លោក កោ វណ្ឌី ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ថា លោក ចច មូសាលី (George Moussallie) អាយុ៥២ឆ្នាំ ជាអតីតគ្រូបង្រៀនភាសាអង់គ្លេស ក៏ត្រូវបានបង្គាប់ឲ្យបង់ប្រាក់ពិន័យចំនួន៥លានរៀល និងប្រាក់សំណងដល់ជនរងគ្រោះពីរនាក់ក្នុងម្នាក់ៗ៥លានរៀលផងដែរ។
លោកបានបន្ថែមថា “ទី២ តុលាការបានហាមឃាត់ លោក ចច មូសាលី ហៅ ចច ជនជាតិអូស្ត្រាលី មិនឲ្យស្នាក់នៅក្នុងប្រទេសកម្ពុជាឡើយ បន្ទាប់ពីលោកអនុវត្តទោសជាប់ពន្ធនាគាររួចរាល់”។
លោក មូសាលី ដែលបានបង្រៀននៅសាលាឯកជន អាមេរិកាំងបាស៊ីហ្វិក ក្នុងរាជធានីភ្នំពេញត្រូវបានចាប់ខ្លួនកាលពីខែសីហា នៅផ្ទះជួលរបស់គាត់ស្ថិតក្នុងខណ្ឌដូនពេញពីបទរួមភេទនិងបៀតបៀនក្មេងប្រុសទាំងនោះ ដែលនគរបាលលើកឡើងថា ពួកគេជាអ្នកសុំទាននៅតាមមាត់ទន្លេ។
អំឡុងសវនាការកាត់ក្តីលោក មូសាលី កាលពីខែកុម្ភៈ ចៅក្រម កោ វណ្ឌី បានមានប្រសាសន៍ថា នគរបាលបានរកឃើញរូបថតអាក្រាតកាយជនរងគ្រោះនៅក្នុងហាដឌីសរបស់គាត់ រួមទាំងរូបថតបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ដែលបានរួមភេទជាមួយក្មេងប្រុសមួយចំនួនផងដែរ។
លោក ស៊ុយ ឈុនហាក់ មេធាវីរបស់លោក មូសាលី បានមានប្រសាសន៍កាលពីម្សិលមិញថា លោកជឿថា ក្មេងប្រុសទាំងនេះត្រូវបានបង្ហាត់បង្រៀនដោយអង្គការសកម្មភាពដើម្បីកុមារ ជាអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងជនរួមភេទជាមួយកុមារ ដែលបានជួយនគរបាលក្នុងការស៊ើបអង្កេត ដើម្បីផ្តល់សក្ខីកម្មប្រឆាំងនឹងកូនក្តីរបស់លោក។
លោក ឈុនហាក់ បានមានប្រសាសន៍ថា “កុមារមួយចំនួនមានអាយុតែ៣ឆ្នាំប៉ុណ្ណោះ។តើពួកគេឆ្លើយបានច្បាស់ដូចម្តេចកើតទៅ?”។
អំឡុងសវនាការកាត់ក្តីរូបលោក លោក មូសាលី បានចោទអង្គការសកម្មភាពដើម្បីកុមារថា បានក្លែងភ័ស្តុតាង និងដាក់រូបថតនៅក្នុងហាដឌីសរបស់គាត់ បើទោះជាគាត់សារភាពថា បានថតរូបកុមារទាំងនោះខណៈដែលពួកគេកំពុងងូតទឹកនៅផ្ទះជួលរបស់គាត់ក៏ដោយ។
លោក មូសាលី បាននិយាយទៅពេលនោះថា “ខ្ញុំមិនបានថតរូបអាសអាភាសកុមារទេ។ខ្ញុំគ្រាន់តែថតរូបពួកគេនៅពេលពួកគេងូតទឹកតែប៉ុណ្ណោះ”។
លោក ឈួន ស៊ីថាន់ មេធាវីនៅអង្គការសកម្មភាពដើម្បីកុមារដែលតំណាងជនរងគ្រោះបានមានប្រសាសន៍ថា ការចោទប្រកាន់របស់លោក មូសាលី មិនពិតឡើយ។
លោក ស៊ីថាន់ បានមានប្រសាសន៍ថា “អង្គការសកម្មភាពដើម្បីកុមារបានជួយករណីជាច្រើនរួចមកហើយ ហើយយើងប្រឹងប្រែងធ្វើការខ្លាំងណាស់រាល់ថ្ងៃ។ប្រសិនបើអង្គការសកម្មភាពដើម្បីកុមារបានបង្កើតករណីកាន់តែច្រើននោះ វានឹងដាក់បន្ទុកខ្លួនឯងទៅវិញទេ”។
លោកបានបន្ថែមថា “ការចោទប្រកាន់ទាំងនេះគ្រាន់តែជាលេសរបស់ចុងចោទដើម្បីរួចផុតពីការចោទប្រកាន់តែប៉ុណ្ណោះ”។
លោក ស៊ីថាន់ ក៏បានត្អូញត្អែរផងដែរថា ការផ្តន្ទាទោសលោក មូសាលី គឺស្រាលណាស់។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា ការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំនេះមិនទាន់គ្រប់គ្រាន់ឡើយ។ វាជាការផ្តន្ទាទោសរយៈពេលខ្លីបំផុតចំពោះទង្វើនេះ”។
លោក មូសាលី ត្រូវបានកាត់ឲ្យជាប់ទោសតាមមាត្រា៤២ និង៤៣ នៃច្បាប់ប្រឆាំងការជួញដូរមនុស្ស ដែលមានទោសជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ និងពី១ឆ្នាំដល់៥ឆ្នាំបន្តបន្ទាប់គ្នា៕សារុន