42.2 C
Phnom Penh

កម្មករ​រោង​ចក្រ​កាត់​ដេរ​ដែល​រងការ​វាយ​ដំ​ ដាក់ពាក្យ​បណ្តឹង​ប្តឹង​សមាជិក​សហជីព​ជាគូបដិបក្ខ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សមាជិក​សហជីព​សេរី​កម្មករ​បី​នាក់​បាន​ដាក់​ពាក្យ​បណ្ដឹង​​ប្តឹង​សមាជិក​សហ​ជីព​ជា​គូ​បដិបក្ខ​ ដែល​​តាម​ចោទ​ថា បាន​យក​ដំបង​ឫស្សី និង​ធាង​ចេក​​វាយ​ពួកគេ​អំឡុង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ខាង​ក្រៅ​រោងចក្រ​កាត់​ដេរ​ SH International ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ។

​ជន​រង​គ្រោះ​បាន​និយាយ​ថា ពួកគាត់​ត្រូវវាយដំដោយ​​​​សមាជិក​សហព័ន្ធ​សហជីព​​ស្មារតី​កម្មករ​ខ្មែរ​បួននាក់ ​រួម​ទាំង​​លោក មុំ សៀក ជា​ប្រធាន​ផង​ដែរ។

យោង​តាម​នគរ​បាល​​បាន​ឲ្យ​ដឹង​ថា ការ​ប៉ះទង្គិច​គ្នា​នេះ​បាន​កើត​ឡើង​នៅពេល​សមាជិក​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ​​ដែល​តវ៉ា​​នឹង​ការ​បណ្ដេញ​កម្មករ​​៤០០​នាក់​កាលពី​ពេល​ថ្មីៗ​នោះ​​ បានរាំង​ផ្លូវ​សមាជិក​សហជីព​សេរីកម្មករ​ដែល​ចង់​ចូល​​ទៅ​​ក្នុង​រោង​ចក្រ​ដើម្បី​ធ្វើ​ការ​​។

យោង​តាម​អ្នកស្រី អ៊ុំ ឌីណា បុគ្គលិកទំនាក់​ទំនង​​សាធារណៈ​របស់​សហជីព​សេរីកម្មករ​បាន​ឲ្យ​ដឹង​ថា ​ជន​រងគ្រោះ​ទាំង​បី​នាក់​នោះ​ឈ្មោះ កែវ សៀងហៃ ឡាយ សុខា និង​ ស្រី ពៅ បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​ពេល​នគរ​បាល​ខណ្ឌ​ពោធិ៍សែន​ជ័យ​បាន​មក​​សួរ​សុខទុក្ខពួកគាត់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត កន្លែង​ដែល​ពួកគាត់​សម្រាក​ព្យាបាល​។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា លោក សៀង ៃហ បាន​រង​ការ​វាយ​ដំធ្ងន់ធ្ងរ​ ដោយ​ត្រូវ​ដង​ខ្លួន​ និង​ក្បាលយ៉ាង​ខ្លាំង​​​។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា អ្នកស្រី សុខា និង​អ្នកស្រី ស្រី ពៅ រង​របួស​ដោយ​មាន​ស្នាម​​ជាំ​ធ្ងន់ធ្ងរ​។

អ្នកស្រី​បាន​មាន​​ប្រសាសន៍​ថា “​ពួកគេ​បាន​ទាម​ទារ​​ប្រាក់​សំណង​ក្នុង​ម្នាក់ៗ​ពី​៣.០០០​ដុល្លារ​ដល់​​១០.០០០​ដុល្លារ​”។

អ្នកស្រី នឹម សុផារី ប្រពន្ធ​របស់​លោក សៀង ហៃ បាន​និយាយថា អ្នកស្រី​បាន​ឃើញ​ការ​វាយ​ដំ​នោះ ហើយអ្នកស្រី​​បាន​​នៅ​ក្បែរ​ប្ដី​របស់​អ្នកស្រី​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​តាំង​ពី​ពេល​នោះ​មក​។ អ្នក​ស្រី​បាន​និយាយ​ថា គាត់​ក្អួត​ហើយ​ក្អួត​ទៀត​កាលពី​​ថ្ងៃ​ពុធ ហើយនៅ​មាន​បញ្ហា​​ពិបាក​​បត់​ជើង​តូច​នៅ​ឡើយ​។

អ្នកស្រី​បាន​និយាយថា “​នគរ​បាល​បាន​​សុំ​ឲ្យ​ខ្ញុំ​ដាក់​ពាក្យ​បណ្ដឹង​ ហើយ​ខ្ញុំ​បាន​ចោទ​ប្រកាន់​មនុស្ស​មួយ​ក្រុម​មកពី​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរនោះ​ ​ពីបទ​យក​ដំបង​ឫស្សី​ និង​ធាង​ចេក​វាយ​ប្ដី​របស់​ខ្ញុំ​”។

លោក ជា សុវណ្ណ អធិការ​រង​នគរ​បាល​ខណ្ឌ​បាន​អះអាង​ថា មន្ត្រី​របស់​លោក​បានទៅ​​សួរ​សុខ​ទុក្ខ​ជន​រងគ្រោះ​ ហើយ​បាន​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​ពួកគាត់​។ លោក​បាន​បន្ថែម​ថា សមាជិក​សហព័ន្ធសហជីព​ស្មារតី​កម្មករ​ខ្មែរ​ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ជុំ​វិញការ​ប៉ះទង្គិច​គ្នា​នេះ​ដែរ​។

លោក​បានមាន​ប្រសាសន៍​ថា “​ឥឡូវ​នេះ យើង​កំពុង​រៀបចំឯកសារ​​ និង​​សាក្សី​​ ហើយ​នឹង​បញ្ជូនករណីនេះទៅ​តុលាការ​នៅ​ពេល​ឆាប់ៗនេះ​​។

លោក មុំ សៀក ប្រធាន​សហព័ន្ធសហជីព​ស្មារតី​កម្មករ​ខ្មែរបាន​មាន​ប្រសាសន៍​ថា លោក​មិន​មាន​វត្តមាន​អំឡុង​ការ​​ប៉ះទង្គិច​គ្នា​នោះ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “​គ្មាន​ហេតុ​ផល​ណាដែលខ្ញុំ​ត្រូវ​​បង់​ប្រាក់​សំណង​ដល់​អ្នក​ទាំង​នោះ​ឡើយ​​ ពីព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នោះ​ឡើយ​។ ពួកគេ​ចោទ​ប្រកាន់​ខ្ញុំ​ដោយ​គ្មាន​ភ័ស្តុតាង”។

លោក​បាន​បញ្ជាក់​ថា មនុស្ស​បី​នាក់​ទៀត​​ដែល​ជន​រងគ្រោះទាំងនោះ​​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្តឹងជា​សមាជិក​សហជីព​របស់​លោកនោះ ​បានមាន​ប្រសាសន៍ថា លោក​មិន​ដឹង​ថា ​តើ​ពួក​គេ​មាន​កំហុស​ឬយ៉ាង​ណា​នោះ​ឡើយ ពីព្រោះ​លោក​មិន​បាន​ឃើញ​ការ​​ប៉ះទង្គិច​គ្នា​ឡើយ​៕ សារុន​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស