29.6 C
Phnom Penh

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ចេញផ្សាយ​​ការ​ចោទប្រកាន់​អនាមិកលើ​មន្ត្រីនគរបាល និង​ក្រឡាបញ្ជី​តុលាការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គភាព​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ (ACU) របស់​​​រដ្ឋាភិបាល​​​បាន​​​ចេញ​​​ផ្សាយ​​​ការ​​​ចោទ​​​ប្រកាន់​​​អនាមិក​​​ទៅ​​​លើ​​​​​​មន្ត្រី នគរ​​​​​​បាល​​​ប្រាំ​​​រូប​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដែលតាម​ចោទ​​​ថា បាន​ទទួល​​​សំណូក​​​ដើម្បី​​​ពន្លឿន​​​ការ​​​ចេញអត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​ និង​​​សៀវ​​​ភៅ​​​គ្រួសារ​​​។

ទោះ​​​ជាយ៉ាង​​​ណា​​​គ្មាន​​​មន្ត្រី​​​ណា​​​ម្នាក់​​​ក្នុង​​​ចំណោម​​​មន្ត្រីទាំង​​​ប្រាំ​​​រូប​​​នោះ​​​ត្រូវបាន​​​ចាប់​​​ខ្លួន​​ទេ បើ​​​ទោះ​​​ណា​​​ជា​​​មន្ត្រី​​​ ACU ម្នាក់​​​កាល​​​ពី​​​ម្សិលមិញ​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​មាន​​​កំហុស​​​​​​​​​​ក៏​​​ដោយ​​​។

សេចក្តី​​​ប្រកាស​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១ ខែមិថុនាចុះ​​​ផ្សាយ​​​ក្នុង​​​គេ​​​ហទំព័រ​​​របស់​​​ ACU​​​ បាន​​​លើក​​​ឡើ​​​ងថា មិន សុភាត ប្រធាន​​​ការិយាល័យ​​​ស្ថិតិ និង​​​អត្ត​​​សញ្ញាណ​​​កម្ម​​​នគរ​​​បាល​​​រាជ​​​ធានី​​​ និង​​កូនចៅ​​​របស់​​​លោក​​​បួន​​​រូប​​​ទៀត​​​ត្រូវ​​​បាន​​​ចោទ ប្រកាន់​​​ពី​​​បទ​​​យក​​​ថ្លៃ​​​៥០​​​ដុល្លារ​​​សម្រាប់​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​ដែល​​​មាន​​​តម្លៃ ប្រហែល​​​​​២,៥០​​​ដុល្លារ​​​ ដើម្បី​​​កាត់​​​បន្ថយ​​​ពេល​​​វេលា​​​រង់​​​ចាំ​​​រយៈ​​​ពេល​​​ពី​​​ប្រាំ​​​មួយ​​​ខែ​​​មក​​​ត្រឹម​​​តែ​​​មួយ​​​ខែ​​​។

យោងតាម​សេចក្តី​ប្រកាសនោះ​បានឲ្យ​ដឹង​ថា អ្នក​​​ចោទ​​​ប្រកាន់​​​អនាមិកទាំងនោះ​​​​ក៏​​​បាន​​​អះ​​​អាង​​​ផង​​​ដែរ​​​ថា មន្ត្រី​​​ទាំង​​​នេះ​​​បាន​​​យក​​​ប្រាក់​​​១០​​​ដុល្លារ​​​សម្រាប់​​​​​​សៀវ​​​ភៅ​​​គ្រួសារ​​​ ដែល​​​គួរ​​​តែ​​ឥត​​​គិត​​​ថ្លៃ​​​ដើម្បី​​​កាត់​​​បន្ថយ​​​ពេល​​​វេលា​​​រង់​​​ចាំ​​​ពី​​​មួយ​​​ឆ្នាំ មក​​​មួយ​​​ខែ​​​។

សេចក្តី​​​ថ្លែង​​​ប្រកាស​​​​ដដែល​​​នេះ​​​រួម​​​មាន​​​ការ​​​បដិសេធ​​​ពី​​​មន្ត្រី​​​ទាំង​​​ប្រាំ​​​នាក់​​​ ដែល​​​ពួកគេ​​​អះ​អាង​​​ថា ពួកគេ​គ្មាន​​​កំហុសឡើយ​​​​។

​​​ ​​​នៅពេល​​​ត្រូវ​​​បាន​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក ជា​​​ សំអាន ប្រធាននាយក​​​ដ្ឋាន​​​បចេ្ចក​​​វិទ្យា​​​ និង​​​កោសល្យ​​​វិច័យ​​​របស់​​​ ACU​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អង្គភាព​​​បាន​​​ចុះផ្សាយ​​​សេចក្តី​​​ប្រកាស​​​​នេះ​​​ដើម្បី ឲ្យ​​​សាធារណជន​​​ដឹង​​​ថា មន្ត្រី​​​ទាំង​​​នេះ​​​គឺ​​​ជា​​​ឧក្រិដ្ឋ​​​ជន។

លោកបាន​​​​​​មាន​​​ប្រសាសន៍​​​ថា ” ACU​​​ បាន​​​ចុះ​​​ផ្សាយ​​​សេចក្តី​​​ប្រកាស​​​នេះ​​​ដើម្បី​​​ជម្រាប​​​​ជូន​​​សាធារណជន​​​អំពី​​​សកម្មភាព​​​ខុស​​​ច​​​្បាប់​​​របស់​​​មន្ត្រី​​​នគរ​​​បាល​​​ទាំង​​​នេះ​​”។

លោក សំអាន បាន​​​បដិសេធ​​​មិន​​​ពន្យល់​​​ពី​មូលហេតុដែល​​ពួក​​​គេ​​​មិន​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នោះ ទេ ហើយ​​​បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​​​​សំណួរ​​​បន្ថែម​​​ឡើយ​​​។

លោក តុប សំ ដែល​​​ជា​​​ប្រធាន​​ក្រុមប្រឹក្សា​​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​​​​​​ដែល​ឃ្លាំ​​​មើល​​​ ACU បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​ការ​​​ចោទ ប្រកាន់​​​ទាំង​​​នេះទេ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ធ្វើ​​​ការ​​​នៅ​​​ ACU ទេ ដូច្នេះទៅ​​​​​​សួរ​​​ ACU​​​ទៅ​​​”។ លោក ឱម យ៉ិន​​​ទៀង ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​។

លោក សុភាត ដែល​​​ជា​​​ប្រធាន​​​ការិយាល័យ​​​ស្ថិត​​​​​​ិនគរបាល​​​រាជ​​​ធានី​​​បាន​​​ទទួលស្គាល់​​​ថា កូន​​​ចៅ​​​របស់​​​លោក​​​មួយ​​​ចំនួន​​​បាន​​​ទទួល​​​សំណូក​​​ចំពោះ​​​ការ​​​ពន្លឿន​​​សេវាកម្ម​​​មែន ប៉ុន្តែ បាន​​​អះ​​​អាង​​​ថា លោក​​​មិន​​​ដឹង​​​ថា ពួកគេ​​​ជា​​​នរណា​​​ទេ ហើយ​​​លោក​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​បាន​ប្រាប់​​ប្រជាពលរដ្ឋឲ្យ​បង់​​​​ប្រាក់​​​៥០​​​ដុល្លារ​​​ដើម្បី​​​ទទួល​​​បាន​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​ឡើយ​​​។ ខ្ញុំ​​​មិន​​​បដិសេធ​​​ការ​​​យក​​​ប្រាក់​​​បន្ថែម​​​ឡើយ​​​ ពីព្រោះ មនុស្ស​​​ខ្លះ​ឃុប​​​ឃិត​​​ជាមួយ​​​មន្ត្រីមួយ​​​ចំនួន​​​​​​ដើម្បី​​​ធ្វើ​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​ ហើយ​​​ពួក​​​​​​គេ​​​លាក់​​​ព័ត៌​​​មាន​​​នេះ​​​មិន​​​ឲ្យ​​​​​​ខ្ញុំ​​​ដឹង​​​”។

លោក សុភាត បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​សង្ស័យ​​​ថា អ្នក​​​ចោទ​​​ប្រកាន់​​​នោះ​​​បាន​​​ប្រឌិត​​​ការ​​​ចោទ​​​ប្រកាន់​​​មក​​​លើ​​​លោក​​​​ដោយ​​​សង្ឃឹម​​​ថា នឹង​​​ទទួល​​​បាន​​​ការ​​​ងារ​​របស់​​​លោក ប៉ុន្តែ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​មិន​​​ខ្លាច​​​ការ​​​ចាប់​​​ខ្លួន​​​ឡើយ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​បារម្ភ​​​ពី​​​ការ​​​ចាប់ខ្លួន​​​ទេ ពី​​​ព្រោះ​​​ខ្ញុំ​​​មិន​​​បាន​​​ធ្វើ​​​រឿង​​​ដូចនេះឡើយ​​​”។

នៅ​​​ក្នុង​​​ករណីដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​​​ ACU បាន​​​ចុះ​​​ផ្សាយ​​​សេចក្តី​​ប្រកាស​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១ ខែ​​​មិថុនា​​​មួយ​​​ទៀត​​​​​​នៅ​​​ក្នុង​​​គេហទំព័រ​​​របស់​​​ខ្លួន​​​ដោយ​​​លើក​​​ឡើង​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​អនាមិក​​​ទៅ​​​លើ​​​លោក ធួន សិរី​​​ ក្រឡា​​​បញ្ជី​​​​​​សាលា​​​ដំបូង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ដោយ​​​អះ​​​អាង​​​ថា គាត់​​​បាន​​​សុំ​​​ប្រាក់​​​១.៥០០ដុល្លារ​​​ពី​​​គ្រួសារ​​​អ្នក​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ដែលត្រូវ​​​បាន​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស ដើម្បី​​​កាត់​​​បន្ថយ​​​រយៈ​​​ពេល​​​ជាប់​​​ទោស​​​។

យោង​​​តាម​​​សេចក្តី​​​ជូន​​​ដំណឹង​​​នោះ​​​បាន​​​ឲ្យដ​​​ឹង​​​ថា លោក សិរី បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ។ គេ​​​មិន​​​ទាន់​​​ច្បាស់​​​​​​ថា តើ​​​គាត់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ ឬ​​​ដាក់​​​ទោស​​​ទណ្ឌ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ​​​ ហើយ​​​ទាំង​​​លោក​​​ សិរី និ​​ង​​​ប្រធាន​​​តុលាការ​​​មិន​​​អា​​​ច​​​ទាក់​​​ទង​​​សំុ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស