42.2 C
Phnom Penh

ទោះ​​​ជាមាន​​​ការ​​​យល់​​​ព្រម​​​ជួយ​​​ពី​​​​​​អង្គការ​​​អន្តរជាតិ​​​ទេសន្តប្រវេសន៍​​​ ក៏ជន​ភៀស​​​​​ខ្លួន​​​​នៅ​​​តែ​​​​មិន​​​ទាន់​​​​បាន​​​​ឯកសារ​​​­​ស្នាក់​​​នៅ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ពេល​​​អង្គការ​​​អន្តរជាតិ​​​ទេសន្តប្រវេសន៍​ (IOM)​ ​​​យល់​​​ព្រម​​ព្រៀង​​​ជួយ​​​ប្រទេស​​​កម្ពុជា​​​​​​ពាក់​​​ព័ន្ធ​​​​​​​​​គម្រោង​​​​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​​​​​​​ដ៏​​​ចម្រូង​​​ចម្រាស​​​សម្រាប់​​​ជន​​​ភៀស​​​​​​ខ្លួន​​​​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​េនះ អង្គការ​​​​​​នេះ​​​បាន​​​យល់​​​ព្រម​​​ជួយ​​​ដោយ​​​មាន​​​លក្ខខណ្ឌ​​​ថា ​​​រដ្ឋាភិបាល​​​ត្រូវ​​​ផ្តល់​​​ឲ្យ​​​ជន​​​ភៀសខ្លួន​​​ដែល​​​មាន​​​ស្រាប់​​​​​​នូវ​​​លិខិត​​​ស្នាម​​​ដែល​​​ពួក​​​គេ​​​ត្រូវ​​​ការ​​​ ដើម្បី​​​ស្វែង​​​រក​​​ការ​​​ងារ​​​​​​​​ធ្វើ​​​នៅ​​​ក្នុង​​​ប្រទេស​​​។

វា​​​កន្លង​​​ផុត​​​ជិត​​​​​​បួន​​​​​​ខែ​​​មក​​​ហើយ​​​ ហើយ​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​យល់​​​ព្រម​​​ផ្លាស់​​​មក​​​នៅ​​​​​​កម្ពុជា​​​ក្រោម​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​ចុះ​​​ហត្ថលេខា​​​ជា​​​មួយ​​​ប្រទេស​​​អូស្ត្រាលី​​​កាល​​​ពី​​​ខែ​​​កញ្ញា​​​នោះ​​​បាន​​​មក​​​ដល់​​​រួច​​​ហើយ​​​។ ប៉ុន្តែ​​​ ជន​​​ភៀស​​​ខ្លួន​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​​​​ប្រទេស​​​កម្ពុជា​​​អស​​​់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​កំពុង​​​តែ​​​រង់​​​ចាំ​​​លិខិត​​ស្នាក់​​​នៅ​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​ទទួល​​​បាន​​​សិទ្ធិ​​​ធ្វើ​​​អ្វី​​​​​​ៗ​​​ក្រោម​​​ច្បាប់​​​របស់​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ឡើយ​​​ ហើយ​​​រដ្ឋាភិបាល​​​កំពុង​​​តែ​​​និយាយ​​​កុហក​​​។

លោក​​​ស្រី​​​ ដេនីស ខហ្វ​​​លេន (Denise Coghlan) ជា​​​ប្រធានអង្គការ Jesuit Refugee Service នៅ​​​កម្ពុជា​​​ដែល​​​ធ្វើ​​​ការ​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ជន​​​ភៀស​​​ខ្លួន​​​ជា​​​ច្រើន​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​មិន​​​ទាន់​​​មាន​​​នរណា​​​ម្នាក់ទទួល​​​បាន​​​លិខិត​​​ស្នាក់​​​នៅ​​​នៅ​​​ឡើយ​​​ទេ​​​”។លោកស្រី​​​បាន​​​លើក​​​ឡើង​​​ថា ក្នុង​​​ពេល​​​បច្ចុប្បន្ន​​​មាន​​​ជនភៀសខ​​​្លួន​​​ប្រហែល​​​៦០នាក់​​​នៅ​​​កម្ពុជា​​​។

លោក​​​ស្រី ខហ្វលេន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ​​​តាម​​​ច្បាប់ លិខិត​​​ស្នាម​​​សម្រាប់​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​រដ្ឋាភិបាល​​​ផ្តល់​​​ឲ្យ​​​បន្ទាប់ពី​​​យល់​​​ព្រម​​​ទទួល​​​យក​​​ពាក្យ​​​សុំ​​​សិទ្ធិ​​​ជ្រក​​​កោន​​​របស់​​​ពួក​​​​​​គេ​​​​​​ គួរ​​​តែ​​​មាន​​​លក្ខខណៈ​​​សម្បត្តិ​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ឲ្យ​​​​​​និយោជក​​​ណា​​​ម្នាក់​​​ទទួល​​​យក​​​ពួក​​​គេ​​​ឲ្យ​​​ធ្វើ​​​ការ​​​ក្នុង​​​ប្រទេស​​​។

លោក​​​ស្រី​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា តាម​​​ពិត​​​ទៅ​​​លិខិត​​​ស្នាម​​​សម្រាប់​​​ជនភៀស​​​ខ្លួន​​​មិន​​​ត្រូវ​​​បាន​​​​​​គេ​​​ទទួលយក​​​ឡើយ​​​ ដោយ​​​បង្ខំ​​​ឲ្យ​​​ជន​​​ភៀស​​​ខ្លួន​​​ភាគ​​​ច្រើន​​​ទៅ​​​ធ្វើ​​​ការ​​​ងារ​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ទាប​​​  មិន​​​ទៀង​​​ទាត់​​​ និង​​​មិន​​​ផ្លូវ​​​ការ​​​ ហើយអ្វី​​​ដែល​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​បាន​​​ជួយ​​​ពួក​​​គេ​​​បន្តិច​​​បន្តួច​​​នោះ​​​ គឺ​​​មិន​​​អាច​​​ជួយ​​​ពួក​​​គេ​​​ឲ្យ​​​មាន​​​​​​លទ្ធភាព​​​រស់​​​នៅ​​​បាន​​​​​​ដោយ​​​​​​ស្រួល​​​ឡើយ​​​។

អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​​​​បាន​​​ដឹង​​​យ៉ាង​​​ច្បាស់​​​អំពី​​​បញ្ហា​​​នេះ​​​រួច​​​មក​​​ហើយ ​​​នៅ​​​ពេល​​​ខ្លួន​​​ព្រមព្រៀង​​​​​​ជួយ​​​កម្ពុជា​​​កាល​​​ពីខែ​​​កុម្ភៈ​​​ក្នុង​​​ការ​​​តាំង​​​ទី​​​លំនៅថ្មី​​​សម្រាប់​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​ប្រទេស​​​អូស្ត្រាលី​​​កំពុង​​​ឃុំ​​​ខ្លួន​​​នៅ​​​លើ​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ​​​ ក្រោម​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដែល​​​ត្រូវ​​​ចុះ​​​ហត្ថលេខា​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។

នៅ​​​ក្នុង​​​លក្ខខណ្ឌ​​​ដែល​​​ខ្លួន​​​យល់​​​ព្រម​​​ជួយ​​​ប្រទេស​​​កម្ពុជា​​​ អង្គការ​​​អន្តរជាតិ​​​ទេសន្ត​ប្រវេសន៍​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​​​​ថា ខ្លួន​​​ស្នើ​​​ឲ្យ​​​​​​មាន​​​ការ​​​ផ្តល់​​​ឲ្យ​​​​​​ជន​​​ភៀស​​​ខ្លួន​​​ដែលមក​​​ពី​​​​​​ប្រទេស​​​ណូរូ​​​នូវ​​​​​​ឯកសារ​​​ផ្លូវ​​​ច្បាប់​​​ទាំ​​​ងអស់​​​ដែល​​​ពួក​​​គេ​​​ត្រូវ​​​ការ​​​ដើម្បី​​​ស្វែង​​​រក​​​ការ​​​ងារ​​​ធ្វើ​​​ និង​​​ស្នើ​​​ឲ្យមាន​​​ផ្តល់​​​​​​នូវ​​​ឯកសារ​​​ដែល​​​មាន​​​ប្រសិទ្ធភាព​​​។ អង្គការ​​​នេះ​​​ក៏​​​បាន​​​​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា ខ្លួន​​​ក៏​​​បាន​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​ផ្តល់​​​ជូន​​​ជនភៀស​​​ខ្លួន​​​ដែល​​​កំពុង​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ស្រាប់​​​នូវ​​​អ្វី​​​​​​ដូចដែល​​​មាន​​​​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ដែរ​​​។

អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​បាន​​​លើក​​​ឡើង​​​ថា ប្រទេស​​​កម្ពុជា​​​បាន​​​យល់​​​ស្រប​​​ចំពោះ​​​លក្ខខណ្ឌ​​​ទាំង​​​នេះ​​​នៅ​​​ក្នុង​​​លិខិត​​​មួយ​​​ ប៉ុន្តែ អង្គការ​​​នេះ​​​បាន​​​បដិសេធ​​​មិន​​​បង្ហាញ​​​ច្បាប់​​​ចម្លង​​​ឡើយ ដោយ​​​លើក​​​ឡើង​​​ថា គោល​​​នយោបាយ​​​របស់​​​ខ្លួន​​​គឺ​​​មិន​​​ចែក​​​រំលែក​​​ឯកសារ​​​សម្ងាត់​​​នោះ​​​ឡើយ​​​។

ជន​​​ភៀស​​​ខ្លួននៅ​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូចំនួន​​​៤​​​នាក់​​​ដំបូង​​​ដែល​​​​​​ស្ម័គ្រ​​​ចិត្ត​​​តាំង​​​ទី​​​លំនៅថ្មី​​​នៅ​​​កម្ពុជា​​​បាន​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​ជិត​​​ពីរ​​​សប្តាហ៍​​​កន្លង​​​មក​​​ហើយ​​​។ ដោយ​​​មាន​​​ជំនួយ​​​ពី​​​រដ្ឋាភិបាល​​​អូស្ត្រាលី​​​​​​ ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​នេះ​​​ទទួល​​​បាន​​​ប្រាក់​​​រាប់​​​ពាន់​​​ដុល្លារ​​​ក្នុង​​​ម្នាក់​​​ៗ​​​​​​ ហើយ​​​ត្រូវ​​​បាន​​​គេ​​​នាំ​​​ទៅ​​​រស់​​​នៅ​​​ក្នុង​​​ភូមិគ្រឹះ​​​ដ៏​​​ធំ​​​ទូលាយ​​​ និង​​​ត្រូវ​​​បាន​​​គេ​​​សន្យា​​​ផ្តល់​​​ឲ្យ​​​នូវ​​​គណនី​​​ធនាគារ​​​ផ្ទាល់​​​ខ្លួន ព្រម​​​ទាំង​​​ការ​​​ចំណាយ​​​ទាំង​​​អស់សម្រាប់​​​ការ​​​រស់​​​នៅ​​​​​​ក្នុង​​​រយៈ​​​ពេល​​​យ៉ាង​​​តិច​​​មួយ​​​ឆ្នាំ​​​។

កាល​​​ពី​​​ម្សិលមិញ លោក ចូ ឡូរី (Joe Lowry) អ្នក​​​នាំ​​​ពាក្យ​​​ប្រចាំ​​​តំបន់​​​របស់​​​អង្គការ​​​អន្តរជាតិ​​​ទេសន្តប្រវេសន៍​​​បាន​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​កម្ពុជា​​​បាន​​​ចេញ​​​​​​សេចក្តី​​​ប្រកាស​​​ផ្លូវ​​​ការរួច​​​ហើយ ​​​ដោយ​​​ផ្តល់​​​ឯកសារ​​​​​​ស្នាក់​​​នៅ​​​សម្រាប់​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​បួន​​​នាក់​​​​​នេះ​​​។ លោក​​​បាន​​​បន្ថែម​​​ថា ឯកសារស្នាក់​​​នៅ​​​របស់​​​ពួក​​​គេ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​នៅ​​​ឡើយ​​​។

ដោយ​​​និយាយ​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ជន​​​ភៀស​​​ខ្លួន​​​រាប់​​​សិប​​​នាក់​​​ដែល​​​កំពុង​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ស្រាប់​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ​​​ប័ណ្ណ​​​ស្នាក់​​​នៅ​​​សម្រាប់​​​ពួក​​​គេ​​​ក៏​​​កំពុង​​​ស្ថិត​​​ក្រោម​​​ការ​​​រៀប​​​ចំ​​​ផង​​​ដែរ​​​។ ទោះ​​​ជាយ៉ាង​​​ណា​​​ យើង​​​មិន​​​អាច​​​កំណត់​​​​​​ពេល​​​វេលា​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អង្គការ​​​អន្តរជាតិ​​​ទេសន្តប្រវេសន៍​​​តស៊ូ​​​មតិ​​​សម្រាប់​​​​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ដោយ​​​ស្មើ​​​​​​ៗ​​​ភាព​​​គ្នា​​​សម្រាប់​​​ជន​​​អន្តោប្រវេសន៍​​​ដែល​​​ងាយ​​​រង​​​គ្រោះ​​​ទាំង​​​អស់​​​។ ហើយ​​​យើង​​​ជឿ​​​ជាក់​​​ថា ជនភៀស​​​ខ្លួន​​​ដែល​​​នៅ​​​ទី​​​នេះ​​​ស្រាប់​​​នឹង​​​ទទួល​​​បាន​​​ផល​​​ប្រយោជន៍​​​ពី​​​គម្រោង​​​តាំង​​​ទី​​​លំនៅថ្មី​​​របស់​​​យើង”។

រដ្ឋាភិបាល​​​កម្ពុជា​​​អះ​​​អាង​​​ថា ជន​​​ភៀស​​​ខ្លួន​​​ប្រហែល​​​៦០​​​នាក់​​​ត្រូវ​​​បានផ្តល់​​​ឲ្យ​​​នូវ​​​ប័ណ្ណ​​​​​​​​​ស្នាក់​​​នៅ​​​រួច​​​ហើយ​​​។

លោក កែម សារិន ប្រធាន​​​ការិយាល័យ​​​ជន​​​ភៀស​​​ខ្លួន​​​នៃ​​​នាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​កិច្ច​​​សម្ភាស​​​មួយ​​​​​​កាល​​​ពី​​​ចុង​​​ខែ​​​មុន​​​ថា “ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​យើង​​​បាន​​​ចេញ​​​ប័ណ្ណ​​​ស្នាក់​​​នៅ​​​​​​ឲ្យ​​​អ្នក​​​ទាំង​​​នោះ​​​។ ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​នោះ​​​ទទួល​​​បាន​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​រួច​​​ហើយ​​​ ហើយ​​​ឥឡូវ​​​េនះ​​​ពួក​​​គេ​​​កំពុង​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ក្រុមហ៊ុន​​​ឯកជន​​​”។

ពួក​​​គេ​​​គួរ​​​តែ​​​ទទួល​​​បាន​​​ប័ណ្ណ​​ស្នាក់​​​នៅ​​​​ ឬអត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​ជា​​​យូរ​​​មក​​​ហើយ​​​។ ជន​​​ភៀស​​​ខ្លួន​​​ត្រូវ​​​បាន​​​ផ្តល់​​​ឲ្យ​​​នូវ​​​សិទ្ធិ​​​​​​ទទួល​​​បាន​​​ប័ណ្ណ​​​ស្នាក់​​​នៅ​​​ដោយ​​​អនុក្រឹត្យ​​​មួយ​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក ស ខេង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ និង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន កាល​​​ពី​​​ឆ្នាំ​​​២០០៩​​​។

ប៉ុន្តែ បើ​​​យោង​​​តាម​​​លោកស្រី ខហ្វលេន ​​​និង​​​ម្ចាស់​​​ហាង​​​ដ៏​​​តូច​​​មួយ​​​ដែល​​​បាន​​​ជួល​​​ជន​​​ភៀស​​​ខ្លួន​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​ ព្រម​​​ទាំង​​​ជន​​​ភៀស​​​ខ្លួន​​​ខ្លួន​​​ឯង​​​ផ្ទាល់​​​នោះ​​​បាន​​ឲ្យ​​​ដឹង​​​​​​ថា  ជន​​​ភៀស​​​ខ្លួន​​​នៅ​​​មិន​​​ទាន់​​​ទទួល​​​បាន​​​ប័ណ្ណ​​​នេះ​​​នៅ​​​ឡើយ​​​ទេ​​​។

ជនភៀស​​​ខ្លួន​​​ម្នាក់​​​ដែល​​​បាន​​​មក​​​រស់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​អស់​​​រយ​​​ៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​​​​បាន​​​​​​លើក​​​​​​ឡើង​​​ថា ខ្លួន​​​នៅ​​​មិន​​​ទាន់​​​ទទួល​​​បាន​​​ប័ណ្ណ​​​ស្នាក់​​​នៅ​​​​​​នៅឡើយ​​​ទេ  ហើយ​​​ក៏​​​មិន​​​បាន​​​ឃើញ​​​ ឬ​​​ទទួល​​​បាន​​​ដំណឹង​​​អំពី​​​កិច្ច​​​ខិត​​​ខំប្រឹង​​​ប្រែង​​​ណា​​​មួយ​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ផ្តល់​​​ប័ណ្ណ​​​នេះ​​​ដែរ​​​។

ជន​​​ភៀស​​​ខ្លួន​​​រូប​​​េនះ​​​ ដែល​​​និយាយ​​​ក្នុង​​​លក្ខខណ្ឌ​​​អនាមិក​​​ ព្រោះ​​​ខ្លាច​​​មាន​​​ការ​​​ធ្វើ​​​ទុក​​​បុក​​​ម្មេញ​​​​​​ពី​​​សំណាក់​​​អាជ្ញាធរ​​​បាន​​​និយាយ​​​ថា ខ្ញុំ​​​មិន​​​​​​បាន​​​ឃើញ​​​អ្វី​​​ឡើយ​​​។ នៅ​​​ប្រទេស​​​លោក​​​ខាង​​​លិច​​​ជន​​​ភៀស​​​ខ្លួន​​​ត្រូវ​​​បាន​​​គេ​​​ចាត់​​​ទុក​​​ថា ជា​​​ពល​​​រដ្ឋ​​​អចិន្ត្រៃយ៍​​​ រីឯនៅ​​​កម្ពុជា​​​វិញ​​​គ្មាន​​​ទេ​​។ ខ្ញុំ​​​រស់​​​នៅ​​​ក្នុង​​​ស្ថានភាព​​​លំបាក​​​នៅ​​​ទីនេះ​​​”។

ជន​​​ភៀស​​​ខ្លួន​​​រូប​​​​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ក្រៅ​​​ពី​​​ការ​​​ងារ​​​ក្នុង​​​វិស័យ​​​សំណង់​​​ដ៏​​​គ្រោះ​​​ថ្នាក់​​​នៅ​​​កម្ពុជា​​​ និយោជក​​​មាន​​​ការ​​​ស្ទាក់​​​ស្ទើរ​​​ក្នុង​​​ការ​​​ជួលជន​​​ភៀស​​​ខ្លួន​​​​​​ដែល​​​មាន​​​ត្រឹម​​​តែ​​​លិខិត​​​ស្នាម​​​សម្រាប់​​​ជន​​​ភៀស​​​ខ្លួន​​​នោះ​​​។

​​​​​​ជន​​​ភៀស​​​ខ្លួន​​​រូប​​​នេះ​​​​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​ឃើញ​​​​​​​​​គេ​​​រើស​​​បុគ្គលិក​​​​​​សម្រាប់​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ភោជនីយដ្ឋាន​​​​​​ ប៉ុន្តែ គេ​​​បាន​​​​​​បដិសេធ​​​មិន​​​យក​​​រូប​​​ខ្ញុំ​​​ព្រោះ​​​ខ្ញុំ​​​គ្មាន​​​ឯកសារ​​​ស្នាក់​​​នៅ​​​”។

ជន​​​ភៀស​​​ខ្លួ​​​ន​​​រូប​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ទៀត​​​ថា បុគ្គលិ​​​ក​​​របស់​​​អង្គការ​​​ Jesuit Refugee Service បាន​​​មក​​​ជួយ​​​ ហើយ​​​ព្យាយាមបញ្ចុះ​​​បញ្ចូល​​​ម្ចាស់​​​ហាង​​​ឲ្យ​​​ផ្តល់​​​ការ​​​ងារ​​​ឲ្យ​​​ខ្លួន​​​​​​ ប៉ុន្តែ មិន​​​ទទួល​​​បាន​​​ផល​​​ឡើយ។ ខ្លួន​​​អាច​​​រក​​​ប្រាក់​​​បាន​​​បន្តិច​​​បន្តួច​​​ដោយ​​​លក់​​​នំចំណី​​​តាម​​​រទេះ​​​តូច​​​មួយ​​​​​​ដែល​​​ខ្លួន​​​រុញ​​​លក់​​ទូទាំង​​​រាជ​​​ធានី​​​ ហើយ​​​បាន​​​បង់​​​ប្រាក់​​​ទៅ​​​ឲ្យ​​​អាជ្ញាធរ​​​តាម​​​តំបន់​​​នីមួយៗ​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ និង​​​ប្រចាំ​​​ខែ​​​ដើម្បី​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​។ ហើយ​​​ខ្លួន​​​មិន​​​អាច​​​បើក​​​គណនី​​​ធនាគារ​​​បាន​​​ឡើយ។ នៅ​​​ពេល​​​សន្សំ​​​ប្រាក់​​​បាន​​​គ្រប់​​​សម្រាប់​​​ទិញ​​​ម៉ូតូ ទាល់​​​តែ​​​មាន​​​បុគ្គលិក​​​របស់​​​អង្គការ​​​ Jesuit Refugee Service ​​​មក​​​ទិញ​​​ឲ្យ​​​ទើប​​​ទិញ​​​បាន​​​។

ជន​​​ភៀស​​​ខ្លួន​​​រូប​​​នេះ​​​បាន​​​និយាយ​​​ទៀត​​​ថា “គេ​​​មិន​​​ចុះ​​​ថ្លៃ​​​ឲ្យ​​​យើង​​​[ជនភៀសខ្លួន​​​​​​រូបនេះ និង​​​ជន​​​ភៀស​​​ខ្លួនម្នាក់​​​ទៀត​​​]ទេ។ នៅ​​​ពេល​​​យើង​​​បង្ហាញ​​​លិខិត​​​ស្នាម​​​ជនភៀស​​​ខ្លួន​​​ពួក​​​គេ​​​មិន​​​​​​ចង់​​​លក់​​​ឲ្យ​​​យើង​​​ឡើយ​​​”។

ជនភៀសខ្លួន​​​រូប​​​េនះ​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា ជន​​​ភៀស​​​ខ្លួន​​​ផ្សេង​​​ៗទៀត​​​ដែល​​​ខ្លួន​​​ស្គាល់​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ ដែល​​​មាន​​​អ្នក​​​ខ្លះ​​​បាន​​​រស់​​​នៅ​​​ទី​​​នេះ​​​អស់​​​រយៈ​​​ពេល​​​ប្រហែល​​​១០​​​ឆ្នាំ​​​ ឬលើស​​​ពី​​​នេ​​ះ​​​នោះ​​​សុទ្ធ​​​តែ​​​ស្ថិត​​​ក្នុង​​​ស្ថានភាព​​​ដូច​​​ៗ​​​គ្នា​​​។

ជន​​​ភៀសខ្លួន​​​រូបនេះបាន​​​ន​​​ិយាយ​​​ថា “នាយក​​​ដ្ឋាន​​​ជន​​​ភៀស​​​ខ្លួន​​​គ្មាន​​​ប្រព័ន្ធ​​​សម្រាប់​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ពាក់​​​ព័ន្ធ​​​ជន​​​ភៀស​​​ខ្លួន​​​ឡើយ​​​។ ពួក​​​គេ​​​គ្មាន​​​ចំណោះ​​​ដឹង​​​អំពី​​​ជនភៀស​​​ខ្លួន​​​ទេ​​​។ ពួក​​​គេ​​​កំពុង​​​សិក្សា​​​នៅ​​​ឡើយ​​​”។

លោក​​​ ភៀល​​​ រ៉ូបឺតសុន (Phil Robertson) អនុប្រធាន​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិមនុស្ស​​​ប្រចាំ​​​តំបន់​​​អាស៊ី​​​បានលើក​​​ឡើង​​​ថា ការ​​​ខក​​​ខាន​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ផ្តល់​​​ប័ណ្ណ​​​ស្នាក់​​​នៅ​​​សម្រាប់​​​ជន​​​ភៀស​​​ខ្លួនជា​​​ភ័ស្តុតាង​​​បន្ថែម​​​ដែល​​​បង្ហាញ​​​ឲ្យឃើញ​​​ថា រដ្ឋាភិបាល​​​មិន​​​យក​​​ចិត្ត​​​ទុកដាក់​​​ចំពោះ​​​ពួក​​​គេ​​​។ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ពិត​​​ជា​​​គួរ​​​ឲ្យ​​​អាមា៉ស់​​​ណាស់​​​ដែល​​​​​​ស្ថានភាព​​​នេះ​​​ត្រូវ​​​បាន​​​​​​បណ្តោយ​​​ឲ្យ​​​អូស​​​បន្លាយយ៉ាង​​​យូរ​​​ដូច្នេះ​​​​​​។ ការ​​​ទុក​​​ឲ្យ​​​​​​​​​ជន​​​ភៀស​​​ខ្លួនរស់​​​នៅ​​​​​​ក្នុង​​​ស្ថាន​​​ភាព​​​លំបាក​​​ ហើយ​​​គ្មាន​​​សិទ្ធិ​​​បើក​​​គណនីធនាគារ​​​ ឬ​​​​​​ទទួល​​​បាន​​​ការ​​​ងារ​​​ត្រឹម​​​ត្រូវ​​​នោះ​​​ វា​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​ការ​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​របស់​​​រដ្ឋាភិបាល​​​ចំពោះ​​​ជន​​​ភៀស​​​ខ្លួន​​​​​​ដែល​​​រដ្ឋាភិបាល​​​យល់​​​ព្រម​​​ការ​​​ពារ​​​”។

លោក​​​ រ៉ូបឺតសុន បាន​​​លើក​​​ឡើង​​​ថា ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​យ៉ាង​​​ពិសេស​​​ចំពោះ​​​​​​ជនភៀស​​​ខ្លួន​​​មក​​​ពី​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ​​​ ​​គឺ​​​វាប្រឈម​​​នឹង​​​ការ​​​ធ្វើ​​​​​​​​ឲ្យ​​​កើតមាន​​​​​​នូវ​​​​​​ស្តង់​​​ដារ​​​​​​ពីរ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ការ​​​ពារ​​​ជន​​​ភៀស​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​​​​​​​​​​ជន​​​ភៀស​​​ខ្លួន​​​ដែលរស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ស្រាប់​​​មុន​​​កិច្ច​​​ព្រម​​​ព្រៀង​​​របស់​​​អូស្ត្រាលី​​​មិន​​​ទទួល​​​បានការ​​​ការ​​​ពារដោយ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​ ឬ​​​សិទ្ធិ​​​ និង​​​អត្ថ​​​ប្រយោជន៍​​​ពី​​​កិច្ច​​​ព្រម​​​ព្រៀង​​​នោះ​​​ទេ អ៊ីចឹង​​​​​​វា​​​គ្មាន​​​ហេុត​​​ផល​​​អ្វី​​​ដែល​​​អង្គការ​​​អន្តរជាតិទេស​​​ន្ត​ប្រវេសន៍​​​​​​ត្រូវ​​​បន្ត​​​ធ្វើ​​​ការ​​​របស់​​​ខ្លួន​​​ទៀត​​​ឡើយ​​​”។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​​​​ពិត​​​ជា​​​កំពុង​​​​​ស្ថិត​​​ក្នុង​​​ស្ថានភាព​​​ដ៏​​​លំបាក​​​ក្នុង​​​ការ​​​ធានា​​​ឲ្យ​​​បាន​​​ថា ការ​​​សន្យា​​​របស់​​​រដ្ឋាភិបាល​​​កម្ពុជា​​​​​​ត្រូវ​​​បាន​​​បំពេញ​​​ដើម្បី​​​រាប់​​​បញ្ចូល​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​មាន​​​ស្រាប់​​​ទាំង​​​អស់​​​ ហើយ​​​ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​ក្រុង​​​ភ្នំពេញ​​​​​​មិន​​​បាន​​​ធ្វើ​​​តាម​​​ការ​​​សន្យា​​​របស់​​​ខ្លួន​​​នោះ​​​ទេ​​​ អ៊ីចឹង​​​អង្គការ​​​អន្តរជាតិ​​​ទេសន្តប្រវេសន៍​​​គួរ​​​តែ​​​ទទួ​​​ល​​​ស្គាល់​​​ថា នោះ​​​គឺ​​​ជា​​​ការ​​​កុហក​​​ហើយ​​​ ហើយ​​​គួរ​​​តែ​​​ដើរ​​​ចេញ​​​ពី​​​គម្រោង​​​នេះ​​​”៕ ស៊ុយឈាង (រាយការណ៍បន្ថែម​​​ដោយ​​​ អូន ភាព)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស