29.6 C
Phnom Penh

រដ្ឋាភិបាល​ព្រងើយ​នឹង​ដី​កា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​សង្គ្រាម​ជាប់​ចោទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកសារ​ដែល​ប្រកាស​ជា​ចំហ​ចេញ​ដោយ​សាលា​ក្តី​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា​នគរបាល​យុត្តិធម៌​បាន​ព្រងើយ​នឹង​ដីកា​ចាប់​ខ្លួន លោក មាស មុត អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម និង​ជា​ឧក្រិដ្ឋ​ជន​សង្គ្រាម​ជាប់​ចោទ ដោយ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បំពាន​ច្បាប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។

រួម​ជាមួយ​អតីត​មេស្រុក អឹម​​​ ចែម លោក មាស មុត ក៏​ជាប់​ចោទ​ដោយ​កំបាំង​មុខ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​កាលពី​ខែ​មីនា​ដែរ។ ការ​ខក​ខាន​របស់​រដ្ឋាភិបាល​និង​អង្គការ​សហ​ប្រជាជាតិ​មិន​បាន​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ គឺ​បង្ខំ​ឲ្យ​ចៅក្រម​ចេញ​ការ​ដីកា​ចោទ​ប្រកាន់​កំបាំង​មុខ បាន​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស។

ការ​សន្និដ្ឋាន​កើត​មាន​ជា​ទូទៅ​នៅ​ពេល​ដែល អវតក បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន និង​នៅ​ពេល​ដែល​នគរបាល​យុត្តិធម៌​មិន​ព្រម​អនុវត្ត​តាម​ដីកា ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ទេ។

កាលពី​ថ្ងៃ​ពុធ សាលាក្តី​ខ្មែរ​ក្រហម​បាន​ចេញ​ឯកសារ​សម្ងាត់​ពី​មុន ក្នុង​នោះ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក មាស មុត ដែល​ចេញ​កាលពី​ថ្ងៃ​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១៤ និង​សេចក្តី​សម្រេច​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ លោក ម៉ាក ហាម៉ុន (Mark Harmon) ​ចោទ​គាត់​ដោយ​កំបាំង​មុខ ដែល​រៀបរាប់​យ៉ាង​ល្អិត​ល្អន់​នូវ​ការ​បដិសេធ​របស់​អតីត​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​រូប​នេះ ថា​មិន​គោរព​តាម​ដីកា​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​កាលពី​ថ្ងៃ​ទី​២៦​ខែ​វិច្ឆិកា និង​ការ​មិន​សហការ​ពី​នគរបាល​យុត្តិធម៌។

សេចក្តី​សម្រេច​នេះ​និយាយ​ថា នៅ​ថ្ងៃ​ទី​១៩​ខែ​ធ្នូ តំណាង​នគរបាល​យុត្តិធម៌​ម្នាក់​បាន​និយាយ​ថា គាត់​មិន​អាច​ផ្តល់ “ការ​ប៉ាន់ស្មាន​គួរ​ឲ្យ​ជឿ​បាន” ថា​ពេល​ណា​ដីកា​នោះ​នឹង​ត្រូវ​អនុវត្ត និង​ថា​សេចក្តី​សម្រេច​ចុង​ក្រោយ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​គណៈ​កម្មការ​សន្តិសុខ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ឬ​យ៉ាងណា​ទេ។ សេចក្តី​សម្រេច​និយាយ​ថា លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​គណៈកម្មការ​នេះ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ឡើយ ហើយ​ពេល​កំណត់​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ​នឹង​នាំ មាស មុត មក​ជំនុំ​ជម្រះ​នៅ​សាលាក្តី បាន​កន្លង​ផុត។

សេចក្តី​សម្រេច​និយាយ​ថា “[សហ​ចៅក្រម​ស៊ើប​អង្កេត]​អន្តរជាតិ ពេញ​ចិត្ត​ដែល មាស មុត មិន​លាក់​ខ្លួន គឺ​នគរបាល​យុត្តិធម៌​ដឹង​ទី​កន្លែង​ដែល មាស មុត រស់​នៅ គឺ​នគរបាល​យុត្តិធម៌​មាន​មធ្យោបាយ​ទាក់ទង​ដើម្បី​អនុវត្ត​ដីកា ហើយ​ពួកគេ បាន​ខកខាន​មិន​បំពេញ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ដែល​ប្រគល់​អាណត្តិ​ដោយ​កិច្ច​ព្រមព្រៀង​អវតក ច្បាប់​អវតក និង​ច្បាប់​អន្តរជាតិ”។

ឯកសារ​ក៏​និយាយ​ដែរ​ថា នៅ​រវាង​​ថ្ងៃ​ទី​១៥​ខែ​កញ្ញា​ឆ្នាំ​មុន​ដល់​ថ្ងៃ​ទី​៣​ខែ​មីនា​ឆ្នាំ​នេះ ពេល​ដែល មាស មុត និង អឹម ចែម ត្រូវ​បាន​ចោទ​ប្រកាន់​នោះ សាលាក្តី​បាន​ស្នើ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​ការ​អនុវត្ត​ដីកា​ចាប់​ខ្លួន​ជន​សង្ស័យ​ដែល​មិន​ប្រាប់​ឈ្មោះ​ទី​២។

លោក ម៉ៅ ច័ន្ទតារា ប្រធាន​សន្តិសុខ​នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​អះអាង​ថា លោក​ទើប​តែ​បាន​ទទួល​ដីកា​ចាប់​ខ្លួន​នេះ​នៅ​សប្តាហ៍​មុន។

ឧត្តមសេនីយ៍ ច័ន្ទតារា បាន​មាន​ប្រសាសន៍​ថា “មិន​មាន​ន័យ​ថា យើង​មិន​អើពើ​នឹង​ដីកា​អនុវត្ត​ការ​ចាប់​ខ្លួន​នោះ​ទេ ប៉ុន្តែ​មន្ត្រី​របស់​យើង​បាន​ចុះ​ទៅ [ភូមិ​របស់ មាស មុត នៅ​ខេត្ត​បាត់​ដំបង] ដើម្បី​សិក្សា​ផល​ប៉ះពាល់​សង្គម សន្តិសុខ និង មតិ​ប្រជាជន។ ដូច្នេះ​នៅ​ពេល​ពួកគេ​ត្រឡប់​មក​វិញ យើង​នឹង​ធ្វើការ​វាយ​តម្លៃ​លើ​ការ​ចុះ​សិក្សា​របស់​ពួកគេ”។

នៅ​ពេល​សួរ ថា​តើ​នគរបាល​យុត្តិធម៌​នឹង​ចាប់​ខ្លួន មាស មុត ឬ​យ៉ាង​ណា​នោះ ឧត្តមសេនីយ៍ ច័ន្ទតារា បាន​ឆ្លើយ​តប​ថា “ខ្ញុំ​មិន​អាច​និយាយ​នៅ​ពេល​នេះ​បាន​ឡើយ”។ លោក​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​ថែម​ទៀត​ទេ។

មាស មុត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ផ្សេងទៀត​ត្រូវ​គេ​ចោទ​ពី​បទ​ធ្វើ​វិសុទ្ធិកម្ម​ទាហាន​របស់​ខ្លួន​ផ្ទាល់ និង​សម្លាប់​ជន​បរទេស​ដែល​ចាប់​បាន​នៅ​ដែន​សមុទ្រ បាន​និយាយ​បន្ទាប់ពី​រង​ការ​ចោទ​ប្រកាន់​នោះ​ថា លោក “ខ្វល់​នឹង​ការ​ដាំ​ពោត​និង​ដំឡូងមី” ជាង​សកម្មភាព​សាលាក្តី។ លោក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​លើ​រូប​លោក។

អឹម ចែម រង​ការ​ចោទ​ប្រកាន់​ថា​បាន​សម្រប​សម្រួល​វិសុទ្ធិកម្ម​និង​ការ​សម្លាប់​នៅ​តំបន់​ទិស​ពាយព្យ និង​ប្រឈម​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម ដែល​គេ​សង្ស័យ​ថា​អ្នក​ស្រី​បាន​ប្រព្រឹត្ត​នៅ​មណ្ឌល​សន្តិសុខ​និង​ការដ្ឋាន​ធ្វើការ ដែល​អ្នក​ស្រី​បដិសេធ​ចោល​ទាំង​អស់។

ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​០០៣​និង​០០៤​របស់​សាលា​ក្តី​ខ្មែរ​ក្រហម ដែល​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​នៅ​សម័យ ប៉ុល ពត ដោយ​កម្មាភិបាល​ដែល​មិន​មែន​ជា​សមាជិក​ថ្នាក់​ខ្ពស់​បំផុត​នៃ​របប​នេះ បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០០៩ ហើយ​មាន​ការ​ប្រឆាំង​ជំទាស់​យូរ​មក​ហើយ​ពី​សំណាក់​រដ្ឋាភិបាល សូម្បី​តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បញ្ចេញ​ការ​ប្រឆាំង​របស់​លោក​ចំពោះ​សំណុំ​រឿង​ទាំង​នេះ​ដែរ។

ចៅក្រម ហាម៉ុន បាន​និង​កំពុង​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​តែ​ម្នាក់​ឯង ពីព្រោះ​សម​ភាគី​កម្ពុជា​របស់​លោក គឺ​លោក យូ ប៊ុនឡេង មិន​ព្រម​ជួយ​ឡើយ។ បុគ្គលិក​កម្ពុជា​នៅ​សាលាក្តី​នេះ​បាន​ធ្វើ​តាម​គំរូ​របស់​ចៅក្រម​ជាតិ​រូប​នេះ។

ក្នុង​លិខិត​មួយ​ចុះ​ផ្សាយ​ដោយ​កាសែត​ថៃ ឌឹ ណេហ្សិន កាលពី​ថ្ងៃ​ទី​៤​ខែ​មិថុនា លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ពេល​នោះ បាន​បដិសេធ​ថា លោក ហ៊ុន សែន និង​រដ្ឋាភិបាល​មិន​បាន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​របស់​សាលាក្តី​លើ​សំណុំ​រឿង​០០៣​និង​០០៤​ទេ។

លោក គួង បាន​សរសេរ​ថា “តាម​ការ​ពិត ចៅក្រម​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​អញ្ជើញ​ជន​សង្ស័យ​បួន​នាក់​មក​សាកសួរ​ប៉ុណ្ណោះ គឺ​ម្នាក់​សម្រាប់​សំណុំ​រឿង​លេខ​០០៣ និង​បី​នាក់​សម្រាប់​សំណុំ​រឿង​លេខ​០០៤។រហូត​មកដល់​ពេល​នេះ គ្មាន​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ត្រូវ​បាន​ចេញ​ចំពោះ​មនុស្ស​ទាំង​នេះ​ទេ”។

លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សព្វថ្ងៃ បាន​មាន​ប្រសាសន៍​ថា លោក​មិន​អាច​អត្ថាធិប្បាយ​អំពី​លិខិត​របស់​អ្នក​កាន់​ការ​មុន​របស់​លោក​បាន​ទេ ពីព្រោះ​លោក​មិន​បាន​ឃើញ​លិខិត​នោះ ប៉ុន្តែ​លោក​បាន​រំឭក​ឡើងវិញ​នូវ​ជំហរ​ជា​សាធារណៈ​របស់​រដ្ឋាភិបាល​អំពី​សាលាក្តី​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា “ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ច្បាស់លាស់ គឺ​មិន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ទេ”។

សេចក្តី​សម្រេច​មួយ​ផ្សេងទៀត​ដែល​ចេញ​ដោយ​ចៅក្រម ហាម៉ុន កាលពី​ថ្ងៃ​ពុធ បង្ហាញ​ថា ឯកសារ​សម្ងាត់​ពីមុន​បាន​ឲ្យ​ដឹង​ជា​សាធារណៈ បន្ទាប់ពី​ក្រុម​ការពារ​ក្តី​របស់​លោក មាស មុត បាន​ស្នើ​ឲ្យ​មាន​ការ​ប្រកាស​ជា​ចំហ​នៃ​ការ​ដាក់​ស្នើ​ទាំង​អស់ ដែល​ពួកគេ​បាន​ធ្វើ​ទៅ​តុលាការ មុន​ពេល​លោក​ត្រូវ​មាន​ឈ្មោះ​ជា​សាធារណៈ​ថា ជា​ជន​សង្ស័យ។

ចៅក្រម ហាម៉ុន បាន​សម្រេច​ថា ឯកសារ​ទាំង​អស់​គួរ​ត្រូវ​បញ្ចេញ​ឲ្យ​ដឹង ដើម្បី​ឲ្យ​សាធារណជន​អាច​មើល​យ៉ាង​យក​ចិត្ត​ទុកដាក់ “ជា​អត្ថបទ​ពេញលេញ​និង​ត្រឹមត្រូវ” របស់​ពួកគេ៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស