
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា នាវាដឹកប្រេងលើកទង់ជាតិម៉ាឡេស៊ី មួយគ្រឿងដែលត្រូវចោរសមុទ្រប្លន់កាលពីសប្តាហ៍មុន ត្រូវបានកងទ័ពអាកាសអូស្ត្រាលីប្រទះឃើញក្នុងដែនសមុទ្រកម្ពុជាកាលពីម្សិលមិញ។ ទោះជាយ៉ាងណា លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានមានប្រសាសន៍ឆ្លើយតបថា នាវានេះមិនធ្លាប់បានឆ្លងកាត់តាមដែនសមុទ្ររបស់កម្ពុជាឡើយ។
គេហទំព័រព័ត៌មានបឺណាម៉ា (Bernama) ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសម៉ាឡេស៊ីបានចុះផ្សាយថា យន្តហោះមួយគ្រឿងរបស់កងទ័ពអាកាសអូស្ត្រាលីបានប្រទះឃើញនាវា អគីម ហាម៉ូនី (Orkim Harmony) នៅក្នុងដែនសមុទ្រកម្ពុជាកាលពីរសៀលថ្ងៃពុធ។ គេហទំព័រនេះបានចុះផ្សាយទៀតថា នាវាដឹកប្រេងដែលបានបាត់ខ្លួនកាលពីថ្ងៃទី១១ ខែមិថុនានេះ ផ្ទុកប្រេងចំណុះ៦.០០០តោនដែលមានតម្លៃប្រមាណ៥,៦លានដុល្លារ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Orkim Ship Management ដែលជាម្ចាស់នាវានេះ បានលើកឡើងថា នៅពេលនាវានេះបាត់ខ្លួន មាននាវិក២២នាក់នៅលើនោះ។
ពេលទាក់ទងកាលពីរសៀលម្សិលមិញ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា បន្ទាប់ពីឮសេចក្តីរាយការណ៍ថា នាវា OrKim Harmony ស្ថិតក្នុងដែនសមុទ្រកម្ពុជា លោកក៏ទាក់ទងទៅកងទ័ពជើងទឹកភ្លាម។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំបានទាក់ទងទៅកងទ័ពជើងទឹកដើម្បីបញ្ជាក់ ហើយកងទ័ពជើងទឹកនិយាយថា មិនបានឃើញនាវានេះឆ្លងកាត់សមុទ្ររបស់កម្ពុជានោះទេ។ យើងមិនបារម្ភទេ ពីព្រោះវាស្ថិតក្នុងដែនសមុទ្រវៀតណាម ហើយពេលនេះគេកំពុងតែចរចាជាមួយនាវាដឹកប្រេងនេះ”។
លោក យស ស៊ីវត្ថា មេបញ្ជាការកងការពារកោះតាងនៅក្នុងឈូងសមុទ្រថៃ បានមានប្រសាសន៍ថា លោកបានបញ្ជូនទាហានល្បាតដើម្បីស្វែងរកនាវានេះកាលពីម្សិលមិញ ប៉ុន្តែ ពួកគេបានមកវិញដោយដៃទទេ។ លោកបានលើកឡើងបន្ថែមថា “យើងបានល្បាតហើយ ប៉ុន្តែ យើងមិនបានឃើញនាវានេះទេ។ វាប្រហែលជាបើកទៅកន្លែងផ្សេងហើយ។ យើងប្រាកដជាដឹង ប្រសិនបើនាវាដឹកប្រេងនេះបើកឆ្លងកាត់សមុទ្រកម្ពុជា”។
នៅក្នុងគណនីគេហទំព័រទ្វីតធើរបស់លោកកាលពីម្សិលមិញ លោក អាប់ឌុល អាហ្ស៊ីស ចាហ្វា (Abdul Aziz Jaafar) មេទ័ពជើងទឹករបស់ប្រទេសម៉ាឡេស៊ី បានមានប្រសាសន៍ថា ចោរសមុទ្រប្រដាប់អាវុធយ៉ាងហោចណាស់ប្រាំបីនាក់ជិះនៅលើនាវានោះ។ លោកបានសរសេរថា “ពួកគេប្រដាប់ដោយកាំភ្លើងខ្លី និងកាំបិតប៉ារ៉ាង។ ពួកគេនិយាយសំនៀងឥណ្ឌូណេស៊ី”។
មេទ័ពជើងទឹកឥណ្ឌូណេស៊ីរូបេនះ ក៏បានបង្ហោះរូបថតមួយសន្លឹកនៃនាវានេះដែរ ដែលបង្ហាញថា ក្រុមចោរសមុទ្របានថ្នាំលុបមួយផ្នែកនៃឈ្មោះរបស់នាវានេះនៅលើកន្សៃដោយទុកតែត្រឹមឈ្មោះថា “Kim Harmon” ដើម្បីបង្វែរការចាប់អារម្មណ៍។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងថា ឧត្តមនាវីទោ អាម៉ាត់ ពូហ្ស៊ី (Ahmad Puzi) អគ្គនាយករងនៃអង្គភាពប្រតិបត្តិការរបស់ទីភ្នាក់ងារអនុវត្តន៍ច្បាប់នាវាចរណ៍ម៉ាឡេស៊ី បានថ្លែងក្នុងសន្និសីទកាសែតថា គិតរហូតមកទល់ពេលរសៀលម្សិលមិញ កងទ័ពជើងទឹកម៉ាឡេស៊ីកំពុងតែតាមស្វែងរកនាវា Orkim Harmony កាត់ដែនទឹករបស់វៀតណាម។
លោកបានមានប្រសាសន៍ថា កងទ័ពជើងទឹកក៏បានចរចាជាមួយចោរសមុទ្រដែរតាមរយៈកាពីទែននាវានេះ ហើយទាំងនាវិក និងទំនិញ សុទ្ធតែមានសុវត្ថិភាព។ លោកបានបន្តថា “យើងប្រើវិធីសាស្ត្រត្រជាក់ជាមុនសិន ដោយព្យាយាមណែនាំឲ្យពួកគេចុះចាញ់”៕សុខុម