30.4 C
Phnom Penh

មានការ​ជំទាស់​កើន​ឡើង​ជុំវិញ​សេចក្តីព្រាង​ច្បាប់​អង្គការ​មិនមែនរដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ជំទាស់​ទៅ​នឹង​សំណៅ​ថ្មីបំផុត​​នៃ​សេចក្ដី​ព្រាង​ច្បាប់​ ដែល​សំដៅ​ដាក់​​​​កម្រិត​លើ​អង្គការ​មិន​មែន​រដ្ឋាភិបាល​រាប់​រយ​នៅ​ក្នុង​​ប្រទេស​​បន្ត​រង់ចាំ​ការ​បោះ​ឆ្នោត ​ដោយ​ក្រុម​អង្គ​ការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចំនួន​១០ ​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​នូវ​អ្វី​ដែល​គេ​ហៅ​ថា “​សេចក្តី​ព្រាង​ច្បាប់​​មាន​​គុណវិបត្តិ​ធ្ងន់ធ្ងរ”។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នេះ​បាន​ត្អូញត្អែរ​ជាច្រើនឆ្នាំ​​មកហើយ​ថា បទប្បញ្ញត្តិ​មិន​​ច្បាស់​លាស់​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​ផ្ដល់​អំណាច​ដល់​រដ្ឋាភិបាល​​ក្នុង​ការ​បិទ​អង្គការ​នានា ដែល​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជាកាន់អំណាច។ ពួកគេ​បាន​លើក​ឡើង​ថា សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ដែល​បាន​ទៅ​ដល់​រដ្ឋសភា​កាលពី​ដើម​ខែ​នេះ គឺ​កាន់តែធ្ងន់ធ្ងរ​​ទៅ​ទៀត​។ អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ រួម​មាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស និង​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បាន​លើក​ឡើង​នៅ​ក្នុង​​​លិខិត​មួយ ដែល​ពួកគេ​មាន​គម្រោង​ផ្ញើជូន​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​នៅ​ថ្ងៃ​នេះ​ថា “​សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​គុណវិបត្តិ​ធ្ងន់ធ្ងរ​​ដែល​រដ្ឋសភា​​គួរ​ដក​ចេញ​ជា​បន្ទាន់”។

អង្គការ​ទាំង​នេះ​បាន​លើក​ឡើង​ថា ប្រសិន​បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត “​រដ្ឋាភិបាល​​នឹង​រំលោភ​បំពាន​សិទ្ធិ​​ចំពោះ​សេរី​ភាព​ក្នុង​ការ​ជួបជុំ​គ្នា​…និង​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​នយោ​បាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់ជាតិ ជា​សិទ្ធិ​ដែល​ត្រូវ​បាន​ធានា​ក្នុង​មាត្រា​៣៥​នៃ​រដ្ឋ​ធម្មនុញ្ញ​”។

សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​តម្រូវ​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សមាគមទាំង​អស់​ចុះ​ឈ្មោះ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​​ធ្វើ​ប្រតិបត្តិការ​ ដាក់​ជូន​សកម្មភាព​ទៀង​ទាត់ និង​របាយ​កាណ៍​ហិរញ្ញវត្ថុ និង​នៅ​ជា​អព្យាក្រឹត​ផ្នែក​នយោបាយ​។ សេចក្ដីព្រាង​ច្បាប់​នេះ​ក៏​ផ្ដល់​អំណាច​ដល់​រដ្ឋាភិបាល​ក្នុង​ការ​បិទ​ ឬ​បដិសេធ​ការ​ចុះ​ឈ្មោះ​ ដែល​​អង្គការ​ទាំង​នេះ​ជឿ​ថា វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ និង​ប្រពៃណី​ទំនៀមទម្លាប់​របស់​ប្រទេស​កម្ពុជា​ផងដែរ។

អង្គការ​មិន​មែន​រដ្ឋាភិបាល​លើក​ឡើង​ថា បទប្បញ្ញត្តិ​ទាំង​​នេះ​​ដាក់​កម្រិត​​យ៉ាង​ខ្លាំង​ និង​មិន​ច្បាស់​លាស់ ដោយ​ផ្ដល់​អំណាច​ថ្មី​ដល់​រដ្ឋាភិបាល​ក្នុង​ការ​បិទ​អង្គការ​មួយ​ចំនួន​​ផ្អែក​លើ​ហេតុ​ផល​នយោបាយ​។ រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ច្បាប់​នេះ​មិន​មែន​ដាក់​បន្ទុក​ធ្ងន់​ធ្ងរ​​ទៅ​លើ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឡើយ ហើយ​នឹង​ជួយ​ទប់​ស្កាត់​ក្រុម​ភេរវជន​មិន​ឲ្យ​បញ្ជូន​លុយ​ចូល​ក្នុង​ប្រទេស​​។

រដ្ឋសភា​លើក​ឡើង​ថា ខ្លួន​នឹង​រៀបចំ​វេទិកា​សាធារណៈ​យ៉ាង​តិច​មួយ​លើក​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល ដើម្បី​​​ពិភាក្សា​​អំពី​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​នេះ​មុន​ពេល​ការ​បោះ​ឆ្នោត ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​ រួម​មាន​គណបក្ស​សង្គ្រោះជាតិ​ផង​នោះ​លើក​ឡើង​ថា នេះ​មិន​​ទាន់​គ្រប់​គ្រាន់​ទេ។

លោក រូភើត អាបុត (Rupert Abbot) ប្រធាន​ផ្នែក​ស្រាវជ្រាវ​ប្រចាំ​តំបន់​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​​មួយ​អម​ដោយ​លិខិត​ផ្ញើជូន​លោក ហេង សំរិន ផង​ដែរ​ថា “​សេចក្ដី​ព្រាង​ច្បាប់​នេះ​គឺ​ជា​ការ​ព្យាយាម​ច្បាស់​ក្រឡែត​របស់​អាជ្ញាធរ​ក្នុងការ​ដាក់​កម្រិត​ និង​គ្រប់​គ្រង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​”។

លោក​បាន​មាន​ប្រសាសន៍​ថា “​ច្បាប់​នេះ​និយាយ​អំពី​អភិបាល​កិច្ច​តិច​ជាង​និយាយ​អំពី​ការ​គ្រប់គ្រងនិង​ការ​ចាប់​ពិរុទ្ធ”៕ សារុន​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស