
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍កាលពីម្សិលមិញថា សហភាពអឺរ៉ុបបានសន្យាផ្ដល់ប្រាក់ជាង១១លានដុល្លារដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) សម្រាប់រយៈពេល៣ឆ្នាំក្រោយ ដើម្បីជួយក្នុងការចុះឈ្មោះបោះឆ្នោតមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨។
ចាប់តាំងពីការបង្កើត គ.ជ.ប. ដែលមានពីរគណបក្សកាលពីថ្ងៃទី១៣ ខែមេសា ដែលបានជំនួស គ.ជ.ប.ចាស់ដែលត្រូវបានចោទប្រកាន់ចំពោះភាពមិនប្រក្រតីដ៏រាលដាលជុំវិញការបោះឆ្នោតចាប់តាំងពីត្រូវបានបង្កើតឡើងកាលពីខែមករាឆ្នាំ១៩៩៨ សហភាពអឺរ៉ុប និងប្រទេសជប៉ុនកំពុងពិភាក្សាជាមួយសមាជិកគណៈកម្មការរបស់ខ្លួនអំពីលទ្ធភាពនៃការផ្ដល់មូលនិធិនេះ។
លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា លោក ហ្សង់ ហ្វ្រង់ស័រ កូតាំង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបកាលពីម្សិលមិញបានជួបប្រជុំជាមួយ គ.ជ.ប. ដែលធ្វើជាប្រធានដោយលោក ស៊ិក ប៊ុនហុក អតីតសមាជិកសភាគណបក្សប្រជាជនកម្ពុជា ហើយបានប្រកាសថា សភាសហភាពអឺរ៉ុបនឹងផ្ដល់មូលនិធិចំនួន១០លានអឺរ៉ូ (ប្រហែល១១,៣លានដុល្លារ) ដល់គ.ជ.ប.នៅចុងឆ្នាំនេះ។
លោក ហង្ស ពុទ្ធា អតីតអ្នកសង្កេតការណ៍បោះឆ្នោតដែលឥឡូវនេះជាសមាជិក គ.ជ.ប. បានមានប្រសាសន៍ថា “សហភាពអឺរ៉ុបបានបង្ហាញថា ខ្លួននឹងជួយផ្ដល់ថវិកា១០លានអឺរ៉ូមានប្រសិទ្ធភាពចាប់ពីខែមករាឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ សម្រាប់រយៈពេលនៃការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិ”។
លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា សហភាពអឺរ៉ុបបានផ្ដល់មូលនិធិជាពិសេសសម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោតថ្មីតាមប្រព័ន្ធឌីជីថល ដែលនឹងរួមមានការប្រមូលទិន្នន័យជីវមាត្រតាមរយៈក្រយៅដៃនិងរូបថតជាដើម។
លោកបានពន្យល់ថា “ទឹកប្រាក់១០លានអឺរ៉ូនឹងគ្របដណ្តប់ការស្រាវជ្រាវ ការបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោត និងសម្ភារបោះឆ្នោតសម្រាប់ការចុះឈ្មោះបោះឆ្នោតផងដែរ ដូចជា កុំព្យូទ័រ ម៉ាស៊ីនភ្លើង វិបខេម ការស្គែនក្រយៅដៃ និងការដំឡើងស៊ើវើ (server) ធំនៅមជ្ឈមណ្ឌលកុំព្យូទ័រនៅភ្នំពេញរបស់ គ.ជ.ប.”។
លោកបានបន្ថែមថា “ជំនួយហិរញ្ញវត្ថុនេះនឹងជួយដល់ការបោះឆ្នោតបានច្រើនក្នុងប្រទេសកម្ពុជា និងធ្វើឲ្យអ្នកបោះឆ្នោតកាន់តែមានទំនុកចិត្តក្នុងការបោះឆ្នោតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ហើយនឹងជួយឲ្យប្រជាជនទទួលបានទំនុកចិត្ត”។
លោក កូតាំង ជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានលើកឡើងនៅក្នុងអុីម៉េលថា កិច្ចប្រជុំកាលពីម្សិលមិញនេះប្រកបដោយ “ផ្លែផ្កា” ហើយថា សេចក្ដីសម្រេចចុងក្រោយស្ដីពីការផ្ដល់មូលនិធិនេះនឹងធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
លោកបានមានប្រសាសន៍ថា “សហភាពអឺរ៉ុប បានពន្យល់ថា ទឹកប្រាក់១០លានអឺរ៉ូនេះសម្រាប់គាំទ្រដល់ដំណើរការបោះឆ្នោតក្នុងប្រទេសកម្ពុជា។ សេចក្ដីសម្រេចចុងក្រោយស្ដីពីការផ្ដល់មូលនិធិនេះត្រូវបានចាត់ចែងដោយសហភាពអឺរ៉ុបនៅខែតុលា ឆ្នាំ២០១៥ ជាមួយនឹងការចាប់ផ្ដើមអនុវត្តនៅខែមករា ឆ្នាំ២០១៦”៕ សារុន