38.8 C
Phnom Penh

បេក្ខជន​​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​​ ប្រចាំ​កម្ពុជា​បញ្ជាក់​​ថា ការ​បោះ​ឆ្នោតជា​កិច្ច​ការ​​អាទិភាព​របស់​លោក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេក្ខជន​​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ បាន​ថ្លែង​ទៅ​កាន់​គណៈ​កម្មាធិការ​ទំនាក់​ទំនង​កិច្ច​ការ​បរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​​នៅ​សប្ដាហ៍​នេះ​ថា ការ​បោះ​ឆ្នោត​ដោយ​យុត្តិធម៌​គឺ​ជា​កិច្ច​ការ​អាទិភាព​​របស់​លោក ខណៈ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ និយាយ​​ថា លោក​សង្ឃឹម​ថា ឯកអគ្គរដ្ឋទូត​ថ្មី​រូប​នេះ​នឹង​ជួយ​​ស្ដារ​ទំនាក់​ទំនង​ការ​ទូត
“​មិន​ល្អ​” រវាង​ប្រទេស​ទាំងពីរ​ឡើង​វិញ​​។

ដោយគូស​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​បង្ហាញ​ការ​ប្ដេជ្ញា​​ចិត្ត​ធ្វើ​កំណែទម្រង់​ដំណើរ​ការ​បោះ​ឆ្នោត ​លោក វីលៀម ហៃថ៍ (William Heidt) បេក្ខជន​ឯក​អគ្គរដ្ឋទូត​ថ្មី​បាន​​ប្រាប់​គណៈកម្មាធិការ​​​​នេះ​កាលពី​ថ្ងៃ​អង្គារ​ថា “​ការ​អនុវត្ត​របស់​កម្ពុជា​​ លើ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជា​ធិតេយ្យ
​​គឺ​​គ្មាន​តុល្យភាពទេ បើ​ប្រៀបធៀប​នឹង​​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន​។​ប៉ុន្តែ​ទោះបីជា​មាន​ការ​ព្រមព្រៀង​​ទាំង​នេះ​តាម​រយៈ​ការ​ចរចា​​យ៉ាង​ណា​ក្ដី ក៏​​ការ​ព្រួយ​បារម្ភ​នៅ​តែ​មាន​ដដែល​ ក្នុង​នោះ​រួម​មាន​ពាក់​ព័ន្ធ​នឹង​បទប្បញ្ញត្តិ​ដែល​ហាក់​ដូច​ជា​រឹត​ត្បិត​សកម្មភាព​​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​វិស័យ​លទ្ធិប្រជាធិបតេយ្យ​ និង​បើក​ដៃ​​​​ឲ្យ​យោធា​កម្ពុជា​ និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​​ប្រើ​ឥទ្ធិ​ពល​​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ផង​ដែរ​។ ប្រសិន​បើ​ដូច្នេះ​មែន ខ្ញុំ​នឹង​ធ្វើ​ឲ្យ​​វា​ក្លាយ​ជា​​កិច្ច​ការ​អាទិភាព​ដើម្បីពង្រឹង​សា្ថាប័ន​ប្រជាធិបតេយ្យ​​​​នានា​របស់​កម្ពុជា និង​​បង្កើន​កម្រិត​នៃ​ការ​ជឿទុក​ចិត្ត​របស់​សាធារណជនលើ​ស្ថាប័ន​ទាំង​នោះ។ ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​​ដោយ​សេរី​ និង​យុត្តិធម៌​​​នៅ​​ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​សាកល​នៅ​​ឆ្នាំ​២០១៨ នឹង​ក្លាយ​ជា​ការ​សាក​ល្បង​ដ៏​សំខាន់​មួយ​សម្រាប់​រដ្ឋាភិបាល​​”។

អំឡុងសវនាការ​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​នេះ លោក ធីមូ៉ស៊ី ខេន (Timothy Kaine) ដែល​ជា​សមា​ជិក​ព្រឹទ្ធ​សភា​មួយ​រូប​ដែរ បាន​សួរ​ថា តើ​​សហរដ្ឋអាេមរិក​ គួរ​តែ​បារម្ភ​​ទេ​​ថា ​ការ​​ដាក់​បញ្ចូល​​កូន​ប្រុស​របស់​​ខ្លួន​ទៅ​ក្នុង​មុខ​តំណែង​​​នយោបាយ​ដ៏​មាន​ឥទ្ធិពល​មាន​ន័យ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​តែ​​រៀបចំ​ឆាក​សម្រាប់​ឲ្យ​គ្រួសារ​របស់​លោក​គ្រប់​គ្រង​​ប្រទេស​​ទាំង​ស្រុង​។

លោក​បាន​​មាន​ប្រសាសន៍​​​ថា “​យើង​បាន​មើល​ឃើញ​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​ជុំវិញ​ពិភព​លោក​ មិន​ថា​នៅ​​លីប៊ី ឬអេហ្ស៊ីប ឬស៊ីរី​នោះ​ទេ​ នៅ​ពេល​រចនា​សម្ព័ន្ធ​ដឹកនាំ​​មួយ​ ឬ​គ្រួសារ​ដឹកនាំ​មួយ​នៅ​បន្ត​​កាន់​អំណាច​រយៈ​ពេល​យូរ​ វា​​ពិត​ជា​​អាច​​នាំ​ឲ្យ​មាន​ការ​ប្រឆាំង​​ផ្ទៃ​ក្នុង​យ៉ាង​ខ្លាំង​​ក្លា​។ តើ​សហរដ្ឋអាមេរិក ​អាច​ធ្វើ​អ្វី​បាន​ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​ដ៏​រឹង​មាំ​​មួយ​ដែល​​មិន​ត្រូវ​បាន​​កំណត់​ដោយ​គ្រួសារ​តែ​មួយ?”។

លោក វីលៀម ហៃថ៍ ​​បាន​​ឆ្លើយ​តប​ថា យថាភាព​បែប​នេះ​មិន​មែន​ជា​ក្ដី​បារម្ភធំ​​​នោះ​ទេ​ ពីព្រោះ​មាន​ការ​ប្រកួត​ប្រជែង​​ខ្លាំង​​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​​។ លោក​​បាន​​ថ្លែង​​ថា ​”ជា​ការ​ពិត​ណាស់​​ ដូច​លោក​បាន​លើក​ឡើង​អ៊ីចឹងថា ​កូន​ប្រុស​របស់​លោក ហ៊ុន សែន ជា​មនុស្ស​សកម្ម​ សកម្មណាស់​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​។ យើង​យល់​ឃើញ​ថា ​ដូច​គណបក្ស​នយោបាយ​ជា​ច្រើន​​ទៀត​ដែរ នោះគឺ​ជា​រចនាសម្ព័ន្ធ​​មួយ​ដ៏​ស្មុគ្រស្មាញ​។ មាន​មនុស្ស​ជាច្រើន​​ដែល​ចង់​ឡើង​ទៅ​​​ឲ្យ​ដល់​ចំណុច​​កំពូល​។ ​អ្នក​ដែល​​ខ្ញុំ​បាន​និយាយ​ជាមួយ​មិន​យល់​ឃើញ​ថា មាន​ផ្លូវ​​ដែល​គេរៀបចំ​ទុក​ជាមុន​នោះ​ទេ​ វា​មិន​​ដូច​នៅ​កូរ៉េ​ខាង​ជើង​ឡើយ​។ វា​ជា​គណបក្ស​​ប្រកួត​ប្រជែង​ដ៏ធំមួយ​ដែល​មាន​បុគ្គល​មាន​មហិច្ឆតា​​ជា​ច្រើន​នៅ​ក្នុង​នោះ ដូច្នេះ​ទោះ​បី​ជា​កូន​ប្រុស​ទាំង​ពីរ​នាក់​ [​របស់​លោក​ ហ៊ុន សែន​] មាន​ប្រៀប​​ពី​កំណើត​​យ៉ាង​ណា​ក្ដី​ ក៏​ខ្ញុំ​នៅ​តែ​មើល​ឃើញ​​ថា គ្មាន​ផ្លូវ​​​ដែល​​​ធានា​ថា​​​នឹង​នាំ​ពួកគេ​ទៅឲ្យ​​ដល់​ចំណុច​កំពូល​ឡើយ​”។

លោក វីលៀម ហៃថ៍ ដែល​បច្ចុប្បន្ន​មាន​តំណែង​ជា​​ឧបការី​​ប្រតិបត្តិ​របស់​អនុរដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក ​​​​ទទួល​បន្ទុក​កំណើន​សេដ្ឋកិច្ច​ ថាមពល និង​បរិស្ថាន​ ​ធ្លាប់​បាន​បម្រើ​ការ​ងារ​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក ​​ក្នុង​រាជធានី​ភ្នំពេញ ​​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា រដ្ឋាភិបាល​​ដែល​ធ្លាប់​បាន​ប៉ះ​សម្ដី​គ្នា​ជា​សាធារណៈ​ជាមួយ​លោក វីលៀម ថូដ

ជា​ច្រើន​លើក​​អំឡុង​ពេល​លោក​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ នឹង​ស្វាគមន៍​អ្នក​ការទូត​កំពូល​ថ្មី​របស់​សហរដ្ឋអាមេរិក ​មក​កាន់​កម្ពុជា​។

លោក​បាន​ថ្លែង​ឡើង​ថា “​ខ្ញុំ​សង្ឃឹម​ថា គាត់​ពិត​ជា​មិន​ធ្វើ​តាម​លោក វីលៀម ថូដ នោះ​ទេ ពីព្រោះ​គាត់​​បាន​បន្សល់​ទូក​​នូវ​ទំនាក់​ទំនង​ការទូត​មិន​ល្អ​រវាង​កម្ពុជា និង​អាមេរិក​។ ​ដូច្នេះ យើង​សង្ឃឹម​ថា ឯកអគ្គរដ្ឋទូត​ថ្មី​រូប​នេះ​នឹង​ធ្វើ​បែប​នោះ​ ប៉ុន្តែ​​ត្រូវ​ធានា​ថា ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​គឺ​ជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ មិន​មែន​ជា​ឆន្ទៈ​របស់ជន​បរទេស​​​”។ លោក​បាន​បន្ត​ថា រដ្ឋាភិបាល​ស្វាគមន៍​ការ​ខំ​ប្រឹង​ប្រែង​ពង្រឹង​ការ​បោះ​ឆ្នោត​។

កាលពី​ពេល​ថ្មី​ៗ​នេះ ​ក្រសួង​ការ​បរទេស​​របស់​កម្ពុជា​​ បាន​ស្ដីបន្ទោស​លោក វីលៀម ថូដ ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុម​អ្នក​ការទូត​បរទេស​នៅ​កម្ពុជា ដែល​និយាយ​​មិន​សំចៃ​មាត់​​ជុំវិញ​​បញ្ហា​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​​ ចំពោះ​ការ​លើក​ឡើង​ថា ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​​អង្គការ​មិន​មែន​រដ្ឋាភិបាល​​គ្មាន​លក្ខណៈ​​ចាំបាច់​។

ក្រសួង​ការ​បរទេស​បាន​លើក​ឡើងក្នុង​សេចក្ដី​ថ្លែងការណ៍​​មួយ​កាលពី​ខែ​ឧសភា​ថា “ពាក្យ​សម្ដី​ដែល​ឯក​អគ្គ​រដ្ឋទូត​បរទេសរូប​​​​នេះ​​និយាយ​មក​កាន់​កម្ពុជា​ គឺ​ព្រហើន​ណាស់​ ទោះ​បី​​ជា​គាត់​តំណាង​ឲ្យ​ប្រទេស​ធំ​ក៏ដោយ​”។

ប៉ុន្តែ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ទៅ​កាន់​ព្រឹទ្ធសភា លោក វីលៀម ហៃថ៍ បាន​មាន​ប្រសាសន៍​ថា ច្បាប់​គ្រប់​គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​​សមាគម ​នៅតែ​ជា​ក្ដី​បារម្ភ​បន្ទាន់​ ប្រសិន​បើ​លោក​ជំនួស​តំណែង​លោក វីលៀម ថូដ។

លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “​បច្ចុប្បន្ន​ បណ្ដា​អង្គការ​មិន​មែន​រដ្ឋាភិបាល​​​នៅ​កម្ពុជា ​កំពុង​​ប្រឈម​នឹង​​ភាព​មិន​ប្រាកដ​ប្រជា​យ៉ាង​ខ្លាំង​​​ដោយ​សារ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ដែល​នឹង​​ត្រូវ​​លើក​​យក​ទៅ​ពិចារណា​នៅ​​រដ្ឋសភា​ក្នុង​ពេល​ឆាប់ៗ​នេះ​។ បទប្បញ្ញត្តិ​​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ​ដែល​​ប្រើ​ពាក្យ​ពេចន៍​​មិន​ច្បាស់​លាស់​ ទំនង​ជា​រឹតត្បិត​​សកម្មភាព​ដែល​អង្គការ​មិន​មែន​រដ្ឋាភិបាល​នានា​ចូល​រួម​ និង​បង្កើត​ការ​ចុះ​បញ្ជី​​ស្មុគ​ស្មាញ​ និង​ការ​​តម្រូវ​​ឲ្យ​អង្គការមិនមែន​រដ្ឋាភិបាល​​ធ្វើ​របាយការណ៍”។

លោក សុខ ទូច អ្នក​វិភាគ​នយោបាយ​ឯករាជ្យ ​បាន​មាន​ប្រសាសន៍​ថា ​ការយល់​ឃើញ​ថា ​​ទំនាក់​ទំនង​កម្ពុជា​ និង​សហរដ្ឋអាមេរិក ​​​ពឹង​ផ្អែក​លើ​ឯកអគ្គរដ្ឋទូត​រូប​នេះ​ គឺខុស​ហើយ​។ លោក​​​ថ្លែង​ថា “​​​ការ​មក​ដល់​របស់​ឯក​អគ្គរដ្ឋទូត​ថ្មី​រូប​នេះ​ នឹង​គ្មាន​អ្វី​ប្រែ​ប្រួល​​​ឡើុយ​ ពីព្រោះ​​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​​ មាន​​គោល​នយោបាយ​របស់​ខ្លួន​ ហើយ​ឯក​អគ្គរដ្ឋទូត​រូប​នេះ​នឹង​អនុវត្ត​តាម​អ្វី​ដែល​រដ្ឋាភិបាល​ចង់​បាន។ មិន​មែន​មាន​តែ​លោក វីលៀម ថូដ ​ទេ​ដែល​បាន​រិះគន់​ និង​ប្រើ​ពាក្យ​សម្តីធ្ងន់ៗ​​មក​លើ​​រដ្ឋាភិបាល​។ ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋអាមេរិក​ មុនៗ​​មួយ​ចំនួន​​ប្រចាំ​កម្ពុជា ក៏​​​ធ្លាប់​បាន​ប្រើ​ពាក្យ​សម្តី​​ធ្ងន់ៗ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ដែរ​​”៕ សុខុម (រាយការណ៍​បន្ថែម​ដោយ គុច ណារ៉េន​)​​​​​​​​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស