28.5 C
Phnom Penh

កម្មករ​​​បី​​​នាក់​​​ត្រូវ​​​ថ្ម​​​ម៉ាប​​​សង្កត​​​់​​​លើ​​​រហូត​​​ដល់​​​ស្លាប់​​​ ពេល​​​ជញ្ជូនថ្មម៉ាប​​​ចេញ​​​ពី​​​កុង​​​តឺន័រ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

cam-photo-marble-800x533

ក្រុម​​​មន្ត្រី​​​ និង​​​សាក្សី​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា បុរស​​​បី​​​នាក់​​​​​​បាន​​​ស្លាប់​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​អង្គារ​​​ នៅ​​​ពេល​​​ផ្ទាំង ​​​[ថ្ម​​​មា៉ប] ​​​មា​​​ន​​​​​​ទម្ងន់​​​​​​ជាង​​​៥០០​​​គីឡូ​​​ក្រាម​​​បាន​​​ធ្លាក់​​​លើ​​​ពួក​​​គេ​​​ ខណៈ​​​​​​ពួក​​​គេ​​​កំពុង​​​ជញ្ជូន​​​​​​ទំនិញ​​​ថ្មម៉ាប​​​ចេញ​​​ពី​​​កុងតឺន័រ​​​នៅ​​​ក្នុង​​​ឃ្លាំង​​​​​​មួយ​​​ក្នុង​​​ខណ្ឌ​​​សែន​​​សុខ​​​រាជ​​​ធានី​​​ភ្នំពេញ​​​។

យោង​​​តាម​​​កម្មករ​​​ម្នាក់​​​ឈ្មោះ សុខ ពៅ អាយុ​​​២៥​​​ឆ្នាំ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​រង​​​គ្រោះ​​​ឈ្មោះ​​​ សៅ ប៊ុណ្ណា អាយុ​​​៣២​​​ឆ្នាំ​​​ ហាត រដ្ឋា អាយុ​​​២៥​​​ឆ្នាំ និង​​ ថោង​​​ បូរ៉ា អា​​​យុ​​​២៩​​​ឆ្នាំបាន​​​ធ្វើ​​​ការ​​​ម្តង​​​​​​ម្កាល​​​ឲ្យ​​​ក្រុម​​​ហ៊ុននាំ​​​ចូល​​​ថ្ម​​​មា៉ាប​​​ Xin Yong Thai គ្រប់​​​គ្រង​​​ដោយ​​​ជន​​​ជាតិ​​​ចិន ហើយ​​​ពួក​​​គេ​​​កំពុង​​​តែ​​​ជញ្ជូន​​​ទំនិញ​​​ចេញ​​​ពី​​​កុង​​​តឺន័រ​​​ជា​​​មួយ​​​បុរស​​​ផ្សេង​​​ៗ​​​ទៀត​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ នៅ​​​ពេល​​​ថ្ម​​​ម៉ាប​​​ប្រហែល​​​១០​​​ផ្ទាំង​​​ដែល​​​គេ​​​រៀប​​​ជា​​​គំនរ​​​ជាប់​​​​​​ជញ្ជាំង​​​​កុង​​​តឺន័រ​​បាន​​​រលំ​​​លើ​​​​​បុរស​​​ម្នាក់​​​ក្នុង​​​​​​ចំណោម​​​បុរស​​​ទាំង​​​បី​​​ ដែល​​​ហៅ​​​គេ​​​ឲ្យ​​​ជួយ​​​ ខណៈ​​​​​​​​​​​​បុរស​​​ដែល​​​ថ្ម​​​ម៉ាប​​​សង្កត​​់​​​លើ​​​កំពុង​​​ព្យាយាម​​​រុញ​​​ថ្ម​​​ម៉ាប​​​ចេញ​​​ពី​​​ខ្លួន។

សុខ​​​ ពៅ​​​ បាន​​​ឲ្យ​​​ដឹង​​​បន្ថែម​​​ថា បន្ទាប់​​​មក​​​ជន​​​រង​​​គ្រោះ​​​ពី​​​រ​​​នាក់​​​ផ្សេង​​​ទៀត​​​បាន​​​ស្ទុះ​​​ទៅ​​​ជួយ​​​​​​ជន​​​រង​​​គ្រោះ​​​ដែល​​​ថ្ម​​​ម៉ាប​​​កំពុង​​​សង្កត់​​​លើ​​​។

សុខ ពៅ បាន​​​និយាយ​​​ថា “បុរស​​​​​​ទាំង​​​បី​​​នាក់​​​​​​នោះ​​​បាន​​​ព្យាយាម​​​រុញ​​​ថ្ម​​​មា៉ប​​​ចេញ​​​ ប៉ុន្តែ វា​​​ធ្ងន់​​​ខ្លាំង​​​ពេក​​​ ហើយ​​​ថ្ម​​​ម៉ាប​​​បាន​​​ធ្លាក់​​​រលំ​​​លើ​​​ពួក​​​គេ ដែល​​​បណ្តាល​​​ឲ្យ​​​ពួក​​​គេ​​​ស្លាប់​​​ភ្លាម​​​ៗ។ ខ្ញុំ​​​រន្ធត់​​​ខ្លាំង​​​ណាស់​​​ ហើយ​​​ខ្ញុំ​​​ និង​​​អ្នក​​​​​​ផ្សេង​​​ៗ​​​ទៀត​​​បាន​​​ព្យាយាម​​​យក​​​ញញួរ​​​ទៅ​​​វាយ​​​បំបែក​​​ថ្ម​​​ម៉ាប​​​ដែរ​​​ ប៉ុន្តែ​​​ ពួក​​​គេ​​​បាន​​​ស្លាប់​​​បាត់​​​ទៅ​​​ហើយ​​​”។

សុខ ពៅ បាន​​​លើក​​​ឡើង​​​​​​ទៀត​​​​​​ថា ក្រុម​​​ហ៊ុន Xin Yong Thai បាន​​​ជួល​​​កម្មករ​​​១១​​​នាក់​​​ឲ្យ​​​មក​​​ធ្វើ​​​ការ​​​នៅ​​​ពេល​​​យប់​​​រាល់​​​មួយ​​​ខែ ឬ​​​ពីរ​​​ខែ​​​ម្តង​​​​​​ដោយ​​​​​​ឲ្យ​​​ប្រាក់​​​​​​ទៅ​​​កម្មករ​​​ទាំង​​​អស់​​​​​​នេះ​​​សរុប​​​ចំនួន​​​១២០ដុល្លារ​​​។

យោង​​​តាម​​​ លោក លី សាវ៉េត អភិបាល​​​ខណ្ឌ​​​សែន​​​សុខ បាន​​​ឲ្យ​​​ដឹង​​​ថា លោក ចេង ស៊ីភីង ម្ចាស់​​​ក្រុមហ៊ុន​​​ និង​​​លោក ចូវ មៀវ​​​ហាន ដែល​​​នគរ​​​បាល​​​និយាយ​​​ថា​​​ជា​​​មិត្ត​​​ភក្តិ​​​​របស់​​​ម្ចាស់​​​ក្រុមហ៊ុន​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ភ្លាម​​​ៗ​​​ក្រោយ​​​កើត​​​ហេតុ​​​ការណ៍​​​ ហើយ​​​ត្រូវ​​​បាន​​​​​​ឃំុ​​​ឃាំង​​​នៅ​​​អធិការ​​​ដ្ឋាន​​​នគរ​​​​​​បាល​​​ខណ្ឌ​​​សែន​​​សុខ។

លោក សាវ៉េត បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​បញ្ជា​​​ឲ្យ​​​ពួកគេ​​​បញ្ឈប់​​​ប្រតិបត្តិការ​​​រហូត​​​ដល់​​​ការ​​​សង​​​សំណង​​​ជំងឺ​​​ចិត្ត​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​រួច​​​រាល់​​​”។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​បាន​​​ចុះទៅ​​​ឃ្លាំង​​​នោះ​​​​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​សង្កាត់​​​ទឹក​​​ថ្លា​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អង្គារ​​​ ហើយ​​​បាន​​​រក​​​ឃើញ​​​ថា ក្រុម​​​ហ៊ុន​​​នេះ​​​ខ្វះ​​​ឧបករណ៍​​​ដែល​​​មាន​​​​​​​​ប្រព័ន្ធ​​​សុវត្ថិភាព​​​ត្រឹម​​​ត្រូវ​​​ក្នុង​​​ការ​​​លើក​​​​​​ដាក់​​​ថ្ម​​​មា៉ាប​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ទាក់ទិន​​​នឹង​​​ម្ចាស់​​​ក្រុមហ៊ុន និង​​​មិត្ត​​​ភក្តិ​​​ម្ចាស់​​​ក្រុមហ៊ុន​​​ថា “ខ្ញុំ​​​គិត​​​ថា ពួក​​​គេ​​​ត្រូវតែ​​​ប្រឈម​​​មុខ​​​នឹង​​​តុលាការ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ក្រុមហ៊ុន​​​គួរ​​​តែ​​​ជួល​​​អ្នក​​​ជំនាញ​​​មក​​​ធ្វើ​​​ការ​​​ងារ​​​នេះ​​​។

លោក​​​ ម៉ក់ ហុង អធិការ​​​នគរ​​​បាល​​​ខណ្ឌ​​​នេះ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ​​​។

នៅ​​​ពេល​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​បាន​​​ចុះ​​​ទៅ​​​ឃ្លាំង​​​នោះ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ មាន​​​តែ​​​មនុស្ស​​​ម្នាក់​​​ប៉ុណ្ណោះ​​​ដែល​​​នៅ​​​ទៅ​​​នោះ​​​គឺ​​​ស្ត្រី​​​ម្នាក់​​​ដែល​​​ប្រាប់​​​ថា ខ្លួន​​​មាន​​​ឈ្មោះ ចេង ហើយ​​​គឺ​​​ជា​​​អ្នក​​​បក​​​ប្រែ​​​ឲ្យ​​​លោក​​​ ចេង ស៊ីភីង​​​។

អ្នក​​​បក​​​ប្រែ​​​រូប​​​េនះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ថៅកែ​​​របស់​​​ខ្លួន​​​សម្រេច​​​ជួល​​​កម្មករ​​​គ្មាន​​​ជំនាញ​​​មក​​​ធ្វើ​​​​​​ការគឺ​​​​​​ដោយ​​​សារ​​​​​​ការ​​​អាណិត​​​អាសូរ​​​។ អ្នក​​​បក​​​ប្រែ​​​រូប​​នេះ​​​បាន​​​និយាយ​​​ថា “មាន​​​អ្នក​​​ជំនាញ​​​ធ្វើ​​​ការ​​​នេះ​​​ ប៉ុន្តែ ម្ចាស់​​​ក្រុមហ៊ុន​​​​​​ចង់​​​ជួល​​បុរស​​​ទាំង​​​នេះ​​​​​​​​​ ហេតុ​​​ដូច្នេះ​​​គាត់​​​អាច​​​ជួយ​​​ពួក​​​គេ​​​​​​រក​​​ប្រាក់​​​បាន​​​ខ្លះ​​​សម្រាប់​​​ចិញ្ចឹម​​​ជីវិត​​​”៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស