៧០ឆ្នាំមុននេះគិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលអំឡុងពេលនោះប្រហែលជារយៈពេលស្មុគស្មាញបំផុតនៃរដ្ឋបាលបារាំងនៅក្នុងប្រទេសកម្ពុជា ស្ថាបនិកសារមន្ទីរជាតិបានស្លាប់ក្នុងបន្ទប់សួរចម្លើយក្នុងដៃអាជ្ញាធរជប៉ុន។
សង្គ្រាមលោកលើកទី២បានបញ្ចប់ហើយនៅអឺរ៉ុប បន្ទាប់ពីការចុះចាញ់ដោយឥតលក្ខខណ្ឌរបស់រដ្ឋាភិបាលណាហ្ស៊ីអាល្លឺម៉៉ង់នៅខែឧសភាឆ្នាំ១៩៤៥ នៅពេលដែលលោក ហ្ស៊ក ហ្គ្រោលីយេ (George Groslier) បានស្លាប់នៅថ្ងៃទី១៨មិថុនា ឆ្នាំ១៩៤៥។ នៅទ្វីបអាស៊ី បរាជ័យរបស់ប្រទេសអាល្លឺម៉ង់បានបណ្តាលឲ្យប្រទេសសម្ពន្ធមិត្តរបស់ខ្លួន គឺជប៉ុនចាប់ខ្លួនប្រជាជនបារាំងទាំងអស់នៅឥណ្ឌូចិន។
លោក ហេនរ៉ី ឡូកាដ (Henri Locard) ប្រវត្តិវិទូបារាំង បាននិយាយថា “សង្គ្រាមលោកលើកទី២ដែលមើលឃើញថាចេញមកពីទ្វីបអាស៊ី ខុសគ្នាជាខ្លាំង”។ លោកបាននិយាយថា មិនត្រឹមតែវាបានចាប់ផ្តើមឡើងយ៉ាងហោចណាស់ពីរឆ្នាំមុនអឺរ៉ុប នៅពេលដែលប្រទេសជប៉ុនបានវាយប្រហារប្រទេសចិនក្នុងឆ្នាំ១៩៣៧ ប៉ុន្តែវាបានបញ្ចប់ទៅវិញនៅពេលប៉ុន្មានខែក្រោយមក។ វានាំមកនូវការទម្លាក់គ្រាប់បែកបរមាណូអាមេរិកលើទីក្រុងជប៉ុន ហើយសហភាពសូវៀតប្រកាសសង្គ្រាមប្រឆាំងប្រទេសជប៉ុន បណ្តាលឲ្យជប៉ុនចុះចាញ់សង្គ្រាមនៅខែសីហាឆ្នាំ១៩៤៥។

លោក ឡូកាដ បាននិយាយថា ជារួម ប្រទេសកម្ពុជាសឹងតែមិនរងប៉ះពាល់អំឡុងជម្លោះពិភពលោកនោះទេ។ ដោយកាន់ជើងអាល្លឺម៉ង់ក្នុងឆ្នាំ១៩៤០ អាជ្ញាធរទាំងឡាយក្រោមរដ្ឋាភិបាល វីឈី របស់បារាំង បានអនុញ្ញាតឲ្យជប៉ុនពង្រាយកងទ័ពរបស់ខ្លួននៅប្រទេសកម្ពុជា វៀតណាម និងប្រទេសឡាវ។
លោក ឡូកាដ បាននិយាយថា ឧត្តមនាវីឯក ឌឺគូ មន្ត្រីរដ្ឋបាលបារាំងនៅកម្ពុជានាពេលនោះ មានគោលបំណងសំខាន់ពីរ គឺយកចិត្តយកថ្លើមសម្ពន្ធមិត្តអាល្លឺម៉ង់របស់បារាំង និងធ្វើឲ្យប្រាកដថា បារាំងនៅបន្តត្រួតត្រាប្រទេសតទៅទៀត។
ជាការពង្រីកនយោបាយអាល្លឺម៉ង់បំបាត់ពូជសាសន៍ជ្វិហ្វ ឧត្តមនាវីឯក ឌឺគូ បានបណ្តេញចោល ស៊ូហ្សាន កាប៉ឺឡេស លេខាធិការជ្វិហ្វនៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
លោកក៏បានហាមប្រាមការបោះឆ្នោតឃុំសង្កាត់ និងបានកម្ទេចចលនាទាមទារឯករាជ្យរបស់ប្រទេសនេះ ដែលចូលរួមដោយក្រុមបញ្ញវន្តនិងព្រះសង្ឃខ្មែរ។ ព្រះសង្ឃខ្មែរមួយអង្គ ព្រះនាម ហែម ចៀវ ត្រូវបានគេបញ្ជូនទៅកន្លែងធ្វើទារុណកម្មឆ្ងាយដាច់ស្រយាល ដែលព្រះអង្គបានសុគតនៅទីនោះ។
ក្នុងឆ្នាំ១៩៤១ អាជ្ញាធរបារាំងបានជ្រើសរើសក្មេងជំទង់ម្នាក់ គឺ ស្តេច នរោត្តម សីហនុ ឲ្យធ្វើជាស្តេចរបស់ប្រទេសនេះ ដើម្បីគេងាយស្រួលគ្រប់គ្រង។
លោក ឡូកាដ បាននិយាយថា ប៉ុន្តែ ជប៉ុនមិនបានទទួលអ្វីទេពីបារាំង ដែលមានបណ្តាញទូលំទូលាយស៊ើបយកការណ៍លើពួកគេនោះ។ “ជប៉ុនដឹងពីទំនោរនយោបាយនិងសមានចិត្តនៃបុគ្គលិកបារាំងទាំងអស់”។
នៅពេលអាល្លឺម៉ង់ជិតនឹងបរាជ័យទៅហើយ ទាហានជប៉ុនបានធ្វើសកម្មភាព ហើយនៅថ្ងៃទី៩ខែមីនាឆ្នាំ១៩៤៥ បានចាប់ខ្លួនទាហាននិងជនស៊ីវិលបារាំងគ្រប់រូបនៅឥណ្ឌូចិន។
លើកលែងតែខេត្តកំពង់ចាម ដែលនៅទីនោះទាហានបារាំងមួយចំនួនត្រូវបានគេសម្លាប់ មានការបង្ហូរឈាមតិចតួចក្នុងប្រទេសកម្ពុជា ភាគច្រើនដោយសារតែប្រជាជនបារាំងជាច្រើនបានសម្របខ្លួនយ៉ាងស្ងៀមស្ងាត់តាមការគាំទ្រប្រទេសអាល្លឺម៉ង់ណាហ្ស៊ីរបស់រដ្ឋាភិបាលវីឈី។
ប៉ុន្តែមិនមែន ហ្ស៊ក ហ្គ្រោលីយេ ទេ។
លោក ឡូកាដ បាននិយាយថា “ខ្ញុំជឿថា គាត់មិនត្រឹមតែធ្វើការឲ្យក្រុមតស៊ូ [ប្រឆាំងអាល្លឺម៉ង់ និងជប៉ុន]ប៉ុណ្ណោះទេ ប៉ុន្តែគាត់ពិតជាមានការទទួលខុសត្រូវទៀត។ គាត់ប្រហែលជាប្រធានបណ្តាញក្រុមតស៊ូនៅក្រុងភ្នំពេញទៀតផង”។
ការចូលរួមរបស់លោក ហ្ស៊ក ហ្គ្រោលីយេ ក្នុងក្រុមតស៊ូបារាំង ដែលសមាជិករបស់គាត់នៅប្រទេសបារាំងមានកងទ័ពសម្ងាត់ប្រយុទ្ធនឹងអាល្លឺម៉ង់ ត្រូវបានបញ្ជាក់អះអាងដោយចៅប្រុសគឺ អង់តូណេ ហ្គ្រោលីយេ (Antoine Groslier) ក្នុងបទសម្ភាសមួយនៅសប្តាហ៍នេះ។
លោក អង់តូណេ ហ្គ្រោលីយេ បាននិយាយពីផ្ទះរបស់លោកនៅប្រទេសដាណឺម៉ាក ថា “នេះជារឿងមួយក្នុងចំណោមរឿងជាច្រើនដែលឪពុករបស់ខ្ញុំ [កូនប្រុសឈ្មោះ ហ្គីលប៊ែ (Gilbert) របស់ ហ្ស៊ក ហ្គ្រោលីយេ] និងយាយរបស់ខ្ញុំ [ភរិយាគាត់ឈ្មោះ ស៊ូហ្សាន] បានប្រាប់យើង”។ គាត់បាននិយាយថា “ពួកគេមិនបានប្រាប់យើងល្អិតល្អន់ទេ។ ប៉ុន្តែ ពួកគេពិតជាបាននិយាយអំពីវិទ្យុរបស់គាត់។ គាត់បានបញ្ជូនព័ត៌មានទៅសមាជិកក្រុមតស៊ូផ្សេងទៀត”។
ហេតុផលមិនសក្តិសម
លោក ហ្ស៊ក ហ្គ្រោស្លីយេ ជាមនុស្សល្បីឈ្មោះម្នាក់នៅក្នុងប្រទេសកម្ពុជា។ លោកមិនត្រឹមតែបានកសាងនិងគ្រប់គ្រងសារមន្ទីរជាតិប៉ុណ្ណោះទេ តែថែមទាំងបានបង្កើតសាលាសិល្បៈខ្មែរ គឺសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសព្វថ្ងៃ ដើម្បីបង្រៀនទម្រង់សិល្បៈប្រពៃណីខ្មែរទៀតផង។
លោក ខេនថ៍ ដាវិស (Kent Davis) ដែលបានបោះផ្សាយជីវប្រវត្តិរបស់លោក ហ្ស៊ក ហ្គ្រោលីយេ លើកដំបូងក្នុងឆ្នាំ២០១០ បាននិយាយថា ជាសិល្បករម្នាក់ដោយមានការហាត់រៀន និងកើតក្នុងប្រទេសកម្ពុជានៅឆ្នាំ១៨៨៧ គាត់ពិតជាមិនសមនៅក្នុងស្ថាប័នអាណានិគមបារាំងទេ។
លោក ដាវិស បាននិយាយថា “លោក ហ្គ្រោលីយេ ជាបុរសបារាំងអាណានិគមចម្លែកម្នាក់។ គាត់មិនធ្វើអ្វីដោយសារតែប្រាក់នោះទេ។ គាត់មិនធ្វើដោយសារតែចង់បានកិត្តិនាម គាត់មិនធ្វើដោយសារតែចង់បានអំណាចនយោបាយឡើយ។ ហើយគាត់មានការគោរពហួសនិស្ស័យចំពោះមនុស្ស ដែលគាត់រស់នៅក្នុងចំណោមពួកគេនៅក្នុងប្រទេសកម្ពុជា។
គាត់បាននិយាយថា “ដោយខ្ញុំស្គាល់លោក ហ្គ្រោលីយេ ច្បាស់ ខ្ញុំមិនជឿថា បុរសរូបនេះអង្គុយស្ងៀមមើលប្រទេសកំណើតកម្ពុជារបស់គាត់រងការលុកលុយពីសំណាក់កម្លាំងបរទេស” អំឡុងពេលជប៉ុនកាន់កាប់ទេ។ លោកបាននិយាយថា ម្យ៉ាងទៀត លោក ហ្គ្រោស្លីយេ បានប្រយុទ្ធក្នុងពេលសង្គ្រាមលោកលើកទី១។ ក្នុងចំណោមភារកិច្ចផ្សេងទៀត គាត់ធ្លាប់បានចូលរួមក្នុងអង្គភាពជិះបាឡុងលើខ្សែត្រៀមសត្រូវ ដើម្បីកំណត់ទីតាំងនិងគូសទីតាំងអាល្លឺម៉ង់។
ភរិយារបស់ ហ្ស៊ក ហ្គ្រោស្លីយេ អ្នកស្រី ស៊ូហ្សាន និងកូនប្រុសពីរនាក់ស្ថិតនៅប្រទេសបារាំង នៅពេលគេប្រកាសសង្គ្រាមនៅអឺរ៉ុប។ ដូច្នេះនៅឆ្នាំ១៩៤៥ មានតែរូបគាត់ និងកូនស្រី នីកូល របស់គាត់ប៉ុណ្ណោះ ដែលត្រូវបានគេចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងប្រជាជនបារាំងផ្សេងទៀត។
លោក ដាវីស បាននិយាយថា ក្រោយពីការស្លាប់រូបគាត់ “នីកូលត្រូវបានគេហៅមកការិយាល័យមេបញ្ជាការ[ជប៉ុន] ដើម្បីទទួលយកស្បែកជើង វ៉ែនតា និងធាតុ”របស់ឪពុកនាង”។

ការសួរចម្លើយដល់ស្លាប់
អំឡុងការសម្ភាសបួនឆ្នាំមុន នីកូល រី មិនចង់និយាយអំពីខ្សែជីវិតរបស់គាត់ទេ ពីព្រោះចំពោះគាត់រឿងនោះនៅឈឺចាប់ខ្លាំងនៅឡើយ។ ប៉ុន្តែ នៅខែធ្នូឆ្នាំមុន គាត់បានយល់ព្រមឲ្យលោក ដាវីស នូវឯកសារផ្លូវការទាក់ទិននឹងការស្លាប់ឪពុករបស់គាត់ ដែលគាត់បានទុកនៅកន្លៀតផ្ទះនៅសហរដ្ឋអាមេរិក។ ពីរខែក្រោយមក គាត់បានលាចាកលោកនេះទៅក្នុងវ័យ៩៦ឆ្នាំ។
លោក ដាវីស មានផែនការប្រើឯកសារនោះក្នុងសៀវភៅបន្ទាប់របស់លោកស្តីអំពី លោក ហ្ស៊ក ហ្គ្រោលីយេ។
ឯកសារទាំងនោះមានរបាយការណ៍ស៊ើបអង្កេតនៅខែវិច្ឆិកាឆ្នាំ១៩៤៥ ដែលធ្វើដោយអាជ្ញាធរបារាំងចំពោះការស្លាប់រូបគាត់ ដែលនិយាយថា លោក ហ្គ្រោលីយេ
ត្រូវបានគេសួរចម្លើយដោយសារតែមានឧបករណ៍ផ្សាយសំឡេងវិទ្យុ ដែលគាត់បានទុកក្នុងការិយាល័យរបស់គាត់នៅបរិវេណសាលាវិចិត្រសិល្បៈ។
ថ្វីបើអ្នកពិនិត្យវេជ្ជសាស្ត្រជប៉ុនម្នាក់ក្រោយមកបានរាយការណ៍ថា គាត់បានស្លាប់ដោយសារការគាំងបេះដូងក៏ដោយ ក៏អធិការប៉ូលិសបារាំងដែលបានសរសេរឈ្មោះគាត់តែ អ៊ែម៉ង់ (Hermant) បានកត់សម្គាល់ថា ផ្អែកលើសេចក្តីរាយការណ៍ពីសាក្សី បុរសវ័យ៥៨ឆ្នាំរូបនេះបានស្លាប់ពេលសួរចម្លើយ ហើយមិនមែនដោយសារបញ្ហាបេះដូងទេ។
នៅខែឧសភាឆ្នាំ១៩៤៧ សាលាក្តីយោធាបារាំងនៅក្រុងសាយហ្គនបានសន្និដ្ឋានថា គាត់បានស្លាប់ដោយសារទារុណកម្ម។ អាជ្ញាធរបារាំងបានយល់ព្រមដាក់ក្នុងប័ណ្ណសារបារាំងថា ហ្ស៊ក ហ្គ្រោលីយេ បាន “ស្លាប់ដើម្បីប្រទេសបារាំង”។
គាត់បាននិយាយថា អង់តូណេ ហ្គ្រោលីយេ បាននិយាយថា ភរិយា ស៊ូហ្សាន របស់គាត់ មិនដែលត្រឡប់មកប្រទេសកម្ពុជាវិញទេ។ គាត់មិនយកប្តីថ្មីទេ ដោយរស់នៅជាមួយមធ្យោបាយតិចតួច ជុំវិញដោយស្នាដៃសិល្បៈនិងវត្ថុដែលឆ្លាក់នៅសាលាវិចិត្រសិល្បរបស់ប្តីគាត់ ដែលប្តីគាត់បានបង្កើតឡើង។
កូនប្រុសរបស់ពួកគេឈ្មោះ ប៊ែកណា ហ្វីលីព ហ្គ្រោលីយេ (Bernard Philippe Groslier) ជាបុរាណវត្ថុវិទូ ដែលធ្វើការលើគម្រោងស្តារជាច្រើនកន្លែងនៅឧទ្យានអង្គរក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយចាកចេញពីខេត្តសៀមរាបក្នុងឆ្នាំ១៩៧៣ ពេលកម្លាំងខ្មែរក្រហមចូលកាន់តែជិតតំបន់នោះ។
ការបញ្ចប់សង្គ្រាមលោកលើកទី២គឺជាការចាប់ផ្តើមការបញ្ចប់សម្រាប់ឥណ្ឌូចិនដែរ។ បន្ទាប់ពីការចុះចាញ់របស់ជប៉ុន អាជ្ញាធរបារាំងសង្ឃឹមថានឹងទទួលបានអំណាចរបស់ខ្លួនវិញនៅតំបន់នេះ ដោយពឹងលើប្រទេសក្រោមអាណានិគមរបស់ខ្លួនជួយកសាងប្រទេសបារាំងឡើងវិញ ដែលទទួលរងគ្រោះធំសម្បើមនៅអំឡុងពេលសង្គ្រាម។
យ៉ាងណាក៏ដោយ ចលនាឯករាជ្យដែលរដ្ឋាភិបាល វីឈី បានព្យាយាមកម្ទេចចោលក្នុងសម័យសង្គ្រាម នៅបន្តមានសម្ទុះខ្លាំងឡើង និងតាមរយៈការចលាចលហិង្សានៅប្រទេសវៀតណាម និងមធ្យោបាយប្រកបដោយសន្តិវិធីនៅប្រទេសកម្ពុជា បានឈានដល់ការរំលាយឥណ្ឌូចិននៅឆ្នាំ១៩៥៤៕ និត