38.8 C
Phnom Penh

លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាន​កម្ពុជា​នឹង​កាន់​តែ​រឹង​មាំ​​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន សែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​​ប្រឆាំង​បាន​​សរសេរ​​លិខិត​​​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សម្ដែង​ “​សេចក្ដី​សោមនស្ស​រីក​រាយ​ក្រៃលែង​​” ចំពោះ​លោក ហ៊ុន សែន​ ដែល​​ត្រូវ​បាន​​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​ប្រធាន​គណបក្ស​​ប្រជាជន​កម្ពុជា​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ ដោយ​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ថា លោក​ជឿ​​ជាក់​ថា គណបក្ស​កាន់​អំណាច​នឹង​កាន់​តែ​រឹងមាំ​​​​ក្រោម​ការ​ដឹកនាំ​​របស់​លោក​។

លោក សម រង្ស៊ី ដែល​ជា​គូ​ប្រជែង​យូរ​មក​ហើយ​របស់​លោក​នាយករដ្ឋមន្ត្រី ​និង​ដែល​បាន​និរទេស​ខ្លួន​​ទៅ​បរទេស​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ដើម្បី​គេច​​ពី​​​បទចោទ​ប្រកាន់​ព្រហ្មទណ្ឌ​​ពាក់​ព័ន្ធ​រឿង​នយោបាយ​ បាន​សរសេរ​លិខិត​ទៅ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ ដើម្បី​អបអរសាទរ​ចំពោះ​សេចក្ដី​សម្រេច​របស់​គណបក្ស​កាន់​អំណាច​ដែល​ជ្រើស​តាំង​លោក​​ជា​ប្រធាន​​ជំនួស​តំណែង​សព​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​បាន​សរសេរ​​ថា ​”ក្នុង​នាម​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ក្នុង​នាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សម្ដែង​នូវ​សេចក្ដី​សោមនស្ស​រីក​រាយ​​​ក្រៃលែង និង​អំណរ​សាទរ​ដ៏កក់​ក្ដៅ​​ជា​ទីបំផុត​ចំពោះ​សម្ដេច​ [លោក ហ៊ុន សែន​] ដែល​ត្រូវ​បាន​សន្និបាត​​​គណៈកម្មាធិការ​កណ្ដាល​លើក​ទី៣៨ របស់​​គណបក្ស​ប្រជាជន​កម្ពុជា​​បោះ​ឆ្នោត​​ជ្រើស​តាំង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ ខ្ញុំ​មាន​ជំនឿ​យា៉ង​មុត​មាំ​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​​អគ្គមហាសេនាបតី​តេជោ ​គណបក្ស​​ប្រជាជន​កម្ពុជា​​​នឹង​បន្ត​រីក​ចម្រើន​រឹងមាំ​ជា​លំដាប់​​ ហើយ​ចំណង​ទាក់​ទង​និង​​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​​នៃ​វប្បធម៌​សន្ទនា​​​រវាង​គណបក្ស​​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាក់​ឫស​ចាក់​គល់​កាន់​តែ​ជ្រៅ​”។

​​​​ កាលពីថ្ងៃ​​ពុធ​​លោក ហ៊ុន សែន បាន​ឆ្លើយ​តប​ទៅ​​លោក សម រង្ស៊ី វិញ​ដោយ​ថ្លែង​អំណរ​គុណ​ចំពោះ​លិខិត​របស់​លោក ហើយ​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា ​”​វប្បធម៌​សន្ទនា​” ថ្មី​របស់​លោក​ទាំង​ពីរ​​នឹង​បន្ត​ទៅមុខ​។

​ពេល​ទាក់​ទង​កាលពីម្សិលមិញ លោក សម រង្ស៊ី បាន​បញ្ជាក់​​ថា ភាសា​នៅ​ក្នុង​លិខិត​របស់​លោក​ផ្ញើ​ជូន​ទៅ​លោក​ ហ៊ុន សែន គឺ​ធម្មតា​ទេ។ លោក​បាន​​មាន​ប្រសាសន៍​ថា “​ការ​អបអរសាទរ​ និង​កា​រជូន​ពរ​គឺ​ថា ​គេ​​អាច​នឹង​រឹងមាំ​ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់​​តែ​​រឹងមាំទៅ​ទៀត​​។ យើង​មិន​ចង់​ឲ្យ​នរណា​ម្នាក់​រលាយ​បាត់​ ឬបែក​បាក់​នោះ​ទេ។ ទោះ​បី​ជា​យើង​ចង់​ក៏ដោយ ក៏​យើង​មិន​និយាយ​វា​ដែរ​។ លិខិត​នេះ​គឺ​ជា​វិធី​​ដ៏​​មាន​សុជីវធម៌​មួយ​ក្នុង​ការ​ជូនពរ​​ឲ្យ​សំណាង​ល្អ​ ហើយ​ពេល​ខ្លះ​យើង​ក៏ជូនពរ​ឲ្យ​​​គូប្រ​ជែង​របស់​យើង​មាន​សំណាង​ល្អ​ដែរ​”។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា លោក​​អរគុណ​ចំពោះ​សេចក្ដី​គួរសម​​បែប​ថ្មី​ និង​ការ​ស្រឡាញ់​ចូល​ចិត្ត​របស់​លោក សម រង្ស៊ី ចំពោះ​លោក ហ៊ុន សែន ហើយ​បាន​លើក​ឡើង​ថា ការ​បង្ហាញ​​មិត្តភាព​បែប​នេះ​រវាង​មេដឹក​នាំ​ទាំងពីរ​ មាន​សារៈសំខាន់​ចំពោះ​ “​វប្បធម៌​សន្ទនា”។

លោក​បាន​លើក​ឡើង​ទៀត​ថា “​លោក​ទាំង​ពីរ​​​​ត្រូវ​បង្ហាញ​​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​ឃើញ​ថា យើង​ជា​ជាតិ​តែ​មួយ​ ហើយ​ទី២​ទាំង​សម្ដេច​ ហ៊ុន សែន ទាំង​លោក សម រង្ស៊ី បាន​ប្ដេជ្ញា​អនុវត្ត​​វប្បធម៌​សន្ទនា​ក្នុង​នាម​ជា​ដៃគូ​។ វា​គួរ​តែ​បែប​នេះ​”។

“​វប្បធម៌​សន្ទនា​” រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បាន​លេច​ចេញ​ឡើង​ក្រោយ​ពី​​គណបក្ស​ប្រឆាំង​​បាន​បញ្ចប់​ការ​ធ្វើ​​ពហិកា​មិន​ចូល​សភា​ ​ដែល​​អម​ដោយ​​មហា​បាតុកម្ម​តាម​ដង​ផ្លូវ​ទាម​ទារ​ឲ្យ​លោក ហ៊ុន សែន លាលែង​ពី​តំណែង កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤​​​។

លោក សម រង្ស៊ី បាន​ដឹកនាំ​​បាតុកម្ម​ប្រឆាំង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​តំណាង​រាស្ត្រ​នា​ខែ​កក្កដា ឆ្នាំ​២០១៣ អម​ដោយ​កូដកម្ម​របស់​កម្មករ​កាត់​ដេរ​ រហូតទាល់​តែ​​ការ​បង្ក្រាប​បង្ហូរ​ឈាម​រយៈ​ពេល​បី​ថ្ងៃ​​ពី​សំណាក់​កង​កម្លាំង​រដ្ឋាភិបាល​នៅ​ខែ​មករា ឆ្នាំ​២០១៤ បាន​បង្ខំ​ឲ្យ​បាតុករ​ចេញទៅ​តវ៉ា​តាម​ផ្លូវ​នានា​​ទូទាំង​រាជធានី​ភ្នំពេញ។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​​​​គេ​មើល​ឃើញ​ថា​​ គណបក្ស​ប្រឆាំង​​មិន​សូវ​រិះគន់​​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន ដូច​មុន​ឡើយ ​និង​ថែម​ទាំង​សន្យា​ធ្វើ​ការ​ជា​មួយ​រដ្ឋាភិបាល​​នៅ​ក្នុង​សភា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​ខ្លួន​​ទៀត​ផង​។

លោក ធន សារាយ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​អាដហុក បាន​មាន​ប្រសាសន៍​ថា ភាសា​របស់​លោក សម រង្ស៊ី ​លើក​នេះ​ខុស​ប្លែក​ពី​ភាសា​ដែល​លោក​ធ្លាប់​ប្រើ​កន្លង​មក ប៉ុន្តែ​​បាន​លើក​ឡើង​ថា វា​គ្មាន​បញ្ហា​នោះ​ទេ ដរាប​ណា​គណបក្ស​ប្រឆាំង​បដិសេធ​មិន​ទទួល​យក​គោល​នយោបាយ​​របស់​រដ្ឋាភិបាល​ដោយ​ពិត​ប្រាកដ។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “​ពេល​នេះ​គណបក្ស​ទាំងពីរ​បាន​ចាប់​ផ្ដើម​បង្ហាញ​​ពី​វិធី​ដោះស្រាយ​ គោល​នយោបាយ និង​កម្មវិធី​​ខុស​គ្នា​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ឃើញ​ថា មាន​គណបក្ស​ពីរ​ ដូច្នេះ​ហើយ​ការ​ប្រើ​ពាក្យ​ពេចន៍​សម​រម្យ​រវាង​មេដឹកនាំ​ទាំង​ពីរ​មិន​សូវ​សំខាន់​ប៉ុន្មាន​ឡើយ​។ ដោយ​មាន​វប្បធម៌សន្ទនា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​​ព្រួយ​បារម្ភ​ថា ពេល​នេះ​មាន​គណបក្ស​តែ​មួយ​ប៉ុណ្ណោះ មិន​មែន​គណបក្ស​ពីរ​នោះ​ទេ​ ប៉ុន្តែ​ក្នុងពេល​ថ្មីៗ​នេះ​ គណបក្ស​ទាំងពីរ​បាន​ចាប់​ផ្ដើម​បង្ហាញ​ពី​​ការ​ខ្វែង​គំនិត​​​គ្នាលើ​បញ្ហា​ព្រំដែន [វៀតណាម​]​ ​​អន្តោប្រវេសន៍​ និង​ដីធ្លី។ ​គណបក្ស​ទាំងពីរ​ត្រូវ​បង្ហាញ​ថា ​ខ្លួន​មាន​វិធី​ដោះស្រាយ​ និង​កម្មវិធី​ខុស​គ្នា​ ហើយ​នោះ​គឺ​ជា​រឿង​សំខាន់​”៕ សុខុម​ ​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស