30.4 C
Phnom Penh

បេក្ខជន​បន្លំខ្លួន​ស៊ីឈ្នួល​ប្រឡង​​តេស្ត​​សមត្ថភាព​ភាសា​កូរ៉េ ប្រឈម​​ការ​ជាប់​ពន្ធនាគារ៦ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​​មួយ​រូប​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា មនុស្ស​ចំនួន​១៧​នាក់​​ដែល​ត្រូវ​បាន​ចាប់​ខ្លួននៅ​ក្នុង​រាជធានី​ភ្នំពេញ​​កាលពី​ចុង​សប្ដាហ៍កន្លង​ទៅ​នេះ អំឡុង​​ពេល​​ប្រឡង​​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ​ អាច​​នឹង​ប្រឈម​ការ​ជាប់​ពន្ធនាគារ​​រយៈ​ពេល​៦​ខែ​ បន្ទាប់ពី​ត្រូវ​បាន​​ចោទ​ប្រកាន់​ពីបទ​បន្លំ​ខ្លួន​ជា​​​​បេក្ខជន​ប្រឡងដែល​សង្ឃឹម​ចង់​​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

​បេក្ខជន​ប្រឡង​ទាំង​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ខណៈ​កំពុង​ប្រឡង​​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ​ (Topik) ប្រចាំ​ឆ្នាំ​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​​នៅ​អនុវិទ្យា​ល័យ​ និង​វិទ្យាល័យ​ចំនួន​ប្រាំពីរ​កន្លែង​​នៅ​ទូទាំង​រាជធានី​ភ្នំពេញ។

លោក សុខ ខេមរិន្ទ ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ថា ​ពេល​នេះ​​បេក្ខជន​ទាំង​១៧នាក់​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​​ហើយ​។ លោក​បាន​​លើក​ឡើង​បន្ត​ថា “​តាម​ដែល​ខ្ញុំ​ដឹង​ ដោយ​សារ​តែ​រហូត​មក​ទល​់​ពេល​នេះ​​​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ឯកសារ​ណាមួយ​នៅ​ឡើយ​ពាក់​ព័ន្ធ​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ គឺ​ថា ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ប្រើ​ប្រាស់​អត្តសញ្ញាណ​ខុស​ពី​អត្តសញ្ញាណ​ផ្លូវ​ការ​​ក្នុង​កិច្ច​ការ​សាធារណៈ​”។

ទោះ​ជាយ៉ាង​ណា មន្ត្រី​តុលាការ​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​​ជុំវិញ​បញ្ហា​នេះ​។

យោង​តាម​​លោក សុខ ខេមរិន្ទ បាន​ឲ្យ​ដឹង​ថា បទ​ចោទ​ប្រកាន់​​នេះ​ត្រូវ​​មាន​ទោស​​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​​៦​ខែ​ទៅ​១ឆ្នាំ​ និង​ពិន័យ​ជា​​ប្រាក់​ចន្លោះ​​ពី​១០០.០០០​រៀល​ទៅ​១.០០០.០០០​រៀល។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​ដែល​ជា​អ្នក​​រៀបចំ​ការ​ប្រឡង​​តេស្ត​សមត្ថភាព​ភាសាកូរ៉េ​នេះ បាន​មាន​ប្រសាសន៍​​កាលពី​ម្សិលមិញ​ថា ​​អ្នក​បន្លំ​ខ្លួន​ទាំង​នេះ​​​​គឺ​ជា​សិស្ស​ និងគ្រូ​មក​ពី​តាម​មជ្ឈមណ្ឌល​បង្រៀន​ភាសា​​កូរ៉េ​ក្នុង​ស្រុក ហើយ​ពួកគេ​ទទួល​បាន​​ថ្លៃ​ឈ្នួល​ប្រឡង​ជំនួស​​គេ​ចន្លោះ​ពី​១.០០០​ដុល្លារ​ទៅ​១.៥០០​ដុល្លារ​។

លោក​បាន​​លើក​ឡើង​ទៀត​ថា “​ពួកគេ​ស្លៀក​ពាក់​ដូច​ៗ​គ្នា​ និង​កាត់​សក់​ម៉ូត​ដូច​ៗ​គ្នា​។ អនុរក្ស​​ជន​ជាតិ​កូរ៉េ​​មាន​ការ​សង្ស័យ​ចំពោះ​​​ពួកគេ​ [លួច​ចម្លង​] ហើយ​បាន​ហៅ​ពួកគេ​ទៅ​សាក​សួរ​។ ទីបំផុត​ពួកគេ​បាន​សារភាព​ថា ពួកគេ​​ទៅ​ប្រឡង​ជំនួស​គេ​”។

លោកស្រី គីម ហ៊ីវ៉ុន (Kim Hyewon) លេខាទី២​នៅ​ស្ថានទូត​​កូរ៉េ​ខាង​ត្បូង​ក្នុង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ​ប្រជាពលរដ្ឋកម្ពុជា​ចំនួន​៣៨.៣៦២​នាក់​បាន​​ចូល​រួម​ប្រឡង​​តេស្តសមត្ថភាព​ភាសា​កូរ៉េ​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ហើយ​ថា ប្រទេស​កូរ៉េ​ខាង​ត្បូង​ជ្រើស​រើស​យក​បេក្ខជន​​ចំនួន​៥.៧០០​នាក់។

លោកស្រី​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ការ​លួច​ចម្លង​គ្មាន​អ្វីគួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ដោយ​សារ​តែ​ចំនួន​សិស្ស​​​ច្រើន​ដែល​ចូល​ប្រឡង​​តែ​ម្ដង​ក្នុង​១ឆ្នាំ​នៅ​កម្ពុជា​ ប៉ុន្តែ​បាន​លើក​ឡើង​ថា វា​ពិបាក​​នឹង​ចៀស​ផុត​ណាស់​។ “​ការ​ធ្វើ​តេស្ត​នេះ​ត្រូវ​បាន​អនុវត្ត​យ៉ាង​តឹង​រ៉ឹង​បំផុត​”៕ សុខុម (រាយការណ៍​បន្ថែម​ដោយ Chris Mueller)​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស