42.2 C
Phnom Penh

រដ្ឋាភិបាល​​​ហាម​​​ប្រាម​​​ជន​​​បរទេស​​​​​​មិន​​​ឲ្យ​ធ្វើ​​​ការ​​​តវ៉ា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​អភិបាល​​​ក្រុង​ភ្នំពេញ និង​​​អ្នក​​​នាំ​ពាក្យ​​​រដ្ឋាភិបាល​​​​​​ បាន​​​និយាយ​​​កាល​​​ពី​ម្សិលមិញ​ថា ជន​​​បរទេស​​​ដែល​​​ចូល​​​រួម​​ធ្វើ​​​ការ​​​តវ៉ា​​​ប្រឆាំង​​​រដ្ឋាភិបាល​​​ ឥឡូវ​​​នេះ​​​នឹង​​​ត្រូវ​​​ចាប់​​​ខ្លួន និង​​​និរទេស​​​ចេញ ដែល​ជា​​​ការ​​​ប្រឹង​​​ប្រែង​​​ថ្មី​​​បំផុត​​​​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ដើម្បី​​​ទប់​​​ស្កាត់​​​ឥទ្ធិពល​​​ពី​​​ខាង​​​ក្រៅ​​​ក្នុង​​​កិច្ច​​​ការ​​​នយោបាយ​​​របស់​​​ប្រទេស​​​កម្ពុជា​​​។

ពេល​​​ចុះ​ទៅ​​​ពិនិត្យ​​​មជ្ឈមណ្ឌល​​​បណ្តុះ​​​បណ្តាល​​​វិជ្ជា​​​ជីវៈ​​​ពោធិ៍​​​សែន​​​ជ័យ លោក​​​ បា៉​​​សុជាតិវង្ស អភិបាល​​​រាជធានី​​​ភ្នំពេញ​​​បាន​​​ការ​​​ពារ​​​សេចក្តី​​​សម្រេច​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ជំរុញ​​​ច្បាប់​​​​​​ស្តី​​​ពី​​​ការ​​​រៀប​​​ចំ​​​ និង​​​ប្រព្រឹត្ត​ទៅ​​​របស់​​​សមាគម​​​ និង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កាល​​​ពី​​​​​​ថ្ងៃ​​​ច័ន្ទ ។

លោក ប៉ា សុជាតិវង្ស បាន​​​មាន​​​ប្រសាសន៍​​​ថា មូល​​​ហេតុ​​​មួយ​​​ក្នុង​​​ចំណោម​​​មូល​​​ហេតុ​​​ដែល​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​ជា​​​ច្រើន​ប្រឆាំង​នឹង​ច្បាប់​​​នេះ​​​ គឺ​​​ពីព្រោះ​​​​​​​​​ក្រុម​​​ដែល​​​បាន​​​មូលនិធិ​​​ពី​បរទេស​​​ ពាក់​​​ព័ន្ធ​​​ក្នុង​​​សកម្មភាព​​​នយោបាយ​​​ក្រៅ​​​ពី​​​គោល​​​ដៅ​​​ដែល​​​លើក​​​ឡើង​​​របស់​​​ពួក​​​គេ​​​ ដោយ​លោក​​​បាន​​​បន្ថែម​​​ថា រដ្ឋាភិបាល​នឹង​លែង​​​អត់​​​ឱន​​​ដល់​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​ជន​​​បរទេស​​​ក្នុង​​​ការ​​​តវ៉ា​​​ទៀត​ឡើយ។

លោក​អភិបាល​​​ក្រុង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​”យើង​​​មើល​​​សកម្មភាព​​​របស់​​​ពួក​​​បរទេស​​​វា​​​ដូច​​​ជា​​​មាន​​​ពាក់​​​ព័ន្ធ​​​ជាមួយ​​​នឹង​​​បញ្ហា​​​​​​ច្រើន​​​យ៉ាង”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​លើ​​​ការ​​​តវ៉ា​​​នា​ពេល​​​ថ្មីៗ​នេះ​ប្រឆាំង​​​ច្បាប់​​​អង្គ​​​ការ​​​មិនមែន​​​រដ្ឋាភិបាល​​​ថា “មើល​​​រឿង​​​អី​​​ពួក​​​បរទេស​​​មក​​​លើក​​​បដា​​​ក្នុង​​​ស្រុក​​​ខ្មែរ​​​ ‘No’ អី​​​គេ​​​ដែរ​​​បរទេស​​​នេះ?”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​​​​ខ្ញុំ​​​អត់​​​ឲ្យ​​​រួច​​​ខ្លួន​​​ទេ​​​​​​ ពី​​​មុនៗ​​​​​​មក​​​ យើង​​​តែ​​​ង​​​តែ​​​យោគ​​​យល់​​​។

ឥឡូវ​​​នេះ យើង​​​រំលេច​​​ចេញ​​ហើយ ត្រូវ​​​ចាប់​​​បញ្ជូន​​​ទៅ​​​ស្រុក​​​ ចាប់​​​បញ្ជូន​​​ទៅ  ហើយ​​​ផ្សាយ​​​ចេញ​​​ហ្មង​​​…​ ពីព្រោះ​​​គេ​​​មក​​​រំលោភ​​​អធិបតេយ្យ​​​ភាព​​​យើង​​​”។

លោក សុខ ផល ប្រធាន​​​អគ្គ​នាយកដ្ឋាន​​​អន្តោប្រវេសន៍​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ “មិន​​​បាន​​​ដឹង​​​អំពី​​​បញ្ហា​​​នេះ​​​នៅ​​​ឡើយ​​​” នៅ​​​ពេល​គេ​​​សួរ​​​អំពី​​​ការ​​​អត្ថាធិប្បាយ​​​របស់​​​លោក ប៉ា សុជាតិ​​​វង្ស ។

លោក​​​ ម៉ៅ តារា អគ្គនាយក​​​នៃ​​​នាយកដ្ឋាន​​​លិខិត​​​ឆ្លង​​​ដែន​​​របស់​​​ក្រសួង​​​នេះ​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ​​​។

ក៏​​​ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​​​ទីស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ បាន​​​បញ្ជាក់​​​ថា ឥឡូវ​​​នេះ​​​ជន​​​បរទេស​​ត្រូវ​​​គេ​​​ហាម​​​​​​មិន​​​ឲ្យ​​​ចូល​​​រួម​​​ក្នុង​​​បាតុកម្ម​​​ប្រឆាំង​​​រដ្ឋាភិបាល​​​ទេ​​​។

លោក​​​ ផៃ ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​បរទេស​​​​​​​​​​​​​​​មិ​​​ន​​​មាន​​​សិទ្ធិ​​​តវ៉ា​​​ប្រឆាំង​​​រដ្ឋាភិបាល​​​ឡើយ​​​។ ប្រសិន​​​បើ​​​អ្នក​​​ឯង​​​រំលោភ​​​នីតិរដ្ឋ​ អ្នក​​​ឯង​​​នឹង​​​ត្រូវ​​​ប្រឈម​​​នឹង​​​​​​ច្បាប់”។

លោក​​​បាន​​​បន្ថែម​​​ថា ជន​​​បរទេស​​​ដែល​​​មាន​​​ទុក្ខ​​​លំបាក​​​ដើម្បី​​​​​​​​ប្រឆាំង​​​រដ្ឋាភិបាល​​​ គួរ​​​ធ្វើ​​​តាម​​​រយៈ​​​តុលាការ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “បើ​​​អ្នក​​​មិន​​​ចូល​​​ចិត្ត​​​រឿង​​​អ្វី​​​មួយ​​​ ទៅ​​​តុលាការ​​​​​​ដើម្បី​​​ការ​​​ពារ​​​ប្រយោជន៍​​​របស់​​​អ្នក​​​។ នេះ​​​គឺជា​​​រដ្ឋ​អធិបតេយ្យ យើង​​​នឹង​​​គោរព​​​អ្នក​​​ ប្រសិន​​​បើ​​​អ្នក​​​មិន​​​រំលោភ​​​បំពាន​ទេ​នោះ”។

លោក ផៃ សីុផាន បាន​​​សួរ​​​អ្នក​​​កាសែត​​​បរទេស​​​ម្នាក់​​​ថា “តើ​​​អ្នក​​​មាន​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​ទេ​​​? អ្នក​​​មិន​​​មាន​​​សិទ្ធិ​​​ដូច​​​​​​គ្នា​​​ទេ​​​។ ពលរដ្ឋ​​​កម្ពុជា​​​មាន​​​សិទ្ធិ​​​ អធិបតេយ្យភាព​​​ផ្ទាល់​​​ខ្លួន​​​របស់​​​យើង​​​ និង​​​ច្បាប់​​​ផ្ទាល់​​​របស់​​​យើង​​​”។

លោក ផៃ ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​បរទេស​​​​​​ដែល​​​ចូល​​​រួម​​​ក្នុង​​​ការ​​​តវ៉ា​​​ នឹង​​​រំលោភ​​​ច្បាប់​​​អន្តោប្រវេសន៍​​​របស់​​​កម្ពុជា​​​។ នៅ​​​ពេល​​​សួរ​​​ថា បទប្បញ្ញត្តិ​​​​​​អ្វី​​​ដែល​​​រារាំង​​​សកម្ម​​​ភាព​​​បែ​​​ប​​​នេះ​​​ លោក ផៃ ស៊ីផាន បាន​​​និយាយ​​​ថា លោក​​​ “មិន​​​មែន​​​ជា​​​មេធាវី​​​ទេ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ទេ​​​ ខ្ញុំ​​​មិន​​​ធ្វើ​​​ការ​​​នៅ​​​នាយកដ្ឋាន​​​ទិដ្ឋាការ​​​ទេ​​​។ វា​​​ស្រេច​​​តែ​​​ការ​​​បក​​​ស្រាយ​ច្បាប់​​​របស់​​​អ្នក​​​”។

មេធាវី​​​សិទ្ធិ​​​មនុស្ស​​​ដ៏​​​លេច​​​ធ្លោ​​​ម្នាក់​​​ គឺ​លោក សុក សំអឿន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​ច្បាប់​​​ណា​​​មួយ​​​​​​​​​​​​​​​​​​​​​ដែល​​​ដាក់​​​កំហិត​​​ជន​​​បរទេស​​​មិន​​​ឲ្យ​​​តវ៉ា​​​​​​ប្រឆាំង​​​រដ្ឋាភិបាល​​​នោះ​​​ទេ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ឃើញ​​​ខ​​​ណា​​​មួយ​​​នៃ​​​ច្បាប់​​​ដែល​​​ចែង​​​ថា ជន​​​បរទេស​​​ចូល​​​រួម​​​ធ្វើ​​បាតុកម្ម​​​​​​ ត្រូវ​​​និរទេស​​​ចេញ​​​ ឬ​​​ក៏​​​អ្វី​​​មួយ​​​ដូច​​​នោះ​​​ទេ”។

លោក អ៊ូ វីរៈ អ្នក​​​វិភាគ​​​នយោបាយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​រឹត​​​ត្បិត​​​ថ្មី​​​បំផុត​​​របស់​​​រដ្ឋាភិ​​​បាល​​​កើត​​​មាន​​​ឡើង​​​នៅ​​​ពេល​​​ដែល​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ជំរុញ​​​តាម​​​រយៈ​​​ច្បាប់​​​មួយ​​​​​​ដែល​​​ក្រុម​​​អ្នក​​​រិះ​​​គន់​​​បាន​​​និយាយ​​​ថា អាច​​ត្រូវ​​​ប្រើ​​​ដើម្បី​​​បង្ក្រាប​​​ការ​​​រិះ​​​គន់​​​ពី​​សំណាក់​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល បង្ហាញ​ជំងឺ​ភ័យ​ខ្លាច​​​របស់​​​ខ្លួន​ទៅ​លើ​ឥទ្ធិពល​​​បរទេស​​​ក្នុង​​​ប្រទេស​​​នេះ​​​។

លោក អ៊ូ វីរៈ បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ហេតុ​​​ផល​​​ដូច​​​គ្នា​​​ ដូច​​​ច្បាប់​​​NGO  ហើយ​​​នោះ​​​ជា​​​ជំងឺ​ភ័យ​ខ្លាច​​​​​​នៃ​​​ស្ថានការ​​​ណ៍​​​ប្រែប្រួល​​​ដែល​គាំទ្រ​​​ដោយ​​​រដ្ឋាភិបាល​បស្ចិម​​ប្រទេស​​​និង​​​អង្គការ​​​អន្តរ​​​ជាតិ​​​ ហើយ​​​រដ្ឋាភិបាល​​​មើល​​​បញ្ហា​នេះ​ឃើញ​ចេញ​​​ពី​​​ទស្សន​​​នោះ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ដូច្នេះ បើ​​​មែន​​​នោះ ពួកគេ​​​នឹង​​​ចាត់​​​ទុក​​​ការ​​​ចូល​​​រួម​​​របស់​​​ជន​​​បរទេស​​​ក្នុង​​​ការ​​​តវ៉ា ថា​​​ជា​ការ​ជួយ​​​នាំ​​​មក​​​នូវ​​​ការ​​​ផ្លាស់​​​ប្តូរ​របប”។

បើ​​​ទោះ​​​ជា​​​ជន​​​បរទេស​​​មិន​​​ស្ថិត​​​នៅ​​​ជួរ​​​មុខ​​​នៃ​​​ការ​​​តវ៉ា ដែល​​​កើត​​​ឡើង​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ខែ​​​កក្កដា​​​ឆ្នាំ​​​២០១៣​​​ដ៏​​​មាន​​​ជម្លោះ​ក៏​ដោយ ក៏​​​ជា​​​ញឹកញាប់​​​បុគ្គលិក​​​សិទ្ធិ​​​មនុស្ស​​​បរទេស​ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​តវ៉ា ក្នុង​​​នាម​​​ជា​​​អ្នក​​​សង្កេត​​​ការណ៍ ឬ ជា​​​អ្នក​​​ចូល​​​រួម​ដែរ។

លោក ចូអែល ប្រេស្តុន ជា​​​ពលរដ្ឋ​​​អូស្ត្រាលី​​​ដែល​​​ធ្វើការ​​​ជាមួយ​​​​​​មជ្ឈមណ្ឌល​​​អប​​់រំច្បាប់​​​សម្រាប់​​​សហគមន៍​​​ ​​​បាន​​​គាំទ្រ​​​កម្មករ​​​កាត់​​​ដេរ​​​នៅ​​​ពេល​​​ដែល​​​សហជីព​​​មាន​​​សកម្មភាព​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​នៅ​ចុង​​​ឆ្នាំ​​​២០១៣​​​ ហើយ​​​បាន​​​ធ្វើ​​​កូដកម្ម​​​ទូទាំង​​​ប្រទេស​ដើម្បី​ទាម​​​ទារ​​​ប្រាក​​​់​​​ខែ​​​អប្បបរមា​​​​​​ខ្ពស់​​​ជាង​​​មុន​​​។

លោក ប្រេស្តុន​​​ បាន​​​និយាយ​​​កាល​​​ពី​ម្សិល​​​មិញ​​​ថា លោក​​​នឹង​​​បន្ត​​​ចូល​​​រួម​​​ជា​​​មួយ​​​សហជីព​​​ទៀត​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​សម្រេច​​​ចិត្ត​​​​​​ចេញ​តវ៉ា​តាម​​​ផ្លូវ​​​។

លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​នឹង​​​មាន​​​វត្តមាន​​​នៅ​​​ទីនោះ ដើម្បី​គាំទ្រ​​​សហជីព​​​ និង​​​គាំទ្រ​​​អតិថិ​​​ជន​​​របស់​​​ខ្ញុំ​​​​​​នៅ​​​ពេល​​​ពួក​​​គេ​​​ត្រូវ​​​ការ​​​ខ្ញុំ​​​ជួយ មិន​​​ចំពោះ​​​ថា នរណា​​​និយាយ​​​អ្វី​​​នោះ​​​ទេ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “រឿង​​​សំខាន់​​​បំផុត​​​គឺ​​​ថា ពល​​​រដ្ឋ​​​កម្ពុជា​​​អាច​​​ប្រើ​​​សេរីភាព​​​នៃ​ការ​​​ជួប​​​ជុំ​​​គ្នា​​​ និង​​​បន្ត​ជំរុញ​​​នូវ​​​អ្វី​​​ដែល​​​ពួកគេ​​​ចង់​​​បាន​ឲ្យ​កើត​ឡើង។ ហើយ​​​យើង​​​​​​នឹង​​​បន្ត​​​គាំទ្រ​​​ពួកគេ៕និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស