30.4 C
Phnom Penh

មេ​គយ​ប៉ុស្តិ៍​ប៉ោយប៉ែត​នឹង​ត្រូវ​ផ្លាស់ចេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​មេគយ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា មេគយ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ជា​កន្លែង​ដែល​មាន​ការ​តវ៉ា​ជា​ច្រើន​នា​ពេល​ថ្មីៗ​នេះ​ដោយ​កម្មករ​អូស​រទេះ ដែល​តវ៉ា​​អំពី​ការ​ទារ​ថ្លៃ​ស្រេច​តែ​ចិត្ត​ចំពោះ​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​ព្រំដែន​នោះ នឹង​ត្រូវ​ជំនួស​នៅ​ថ្ងៃ​ពុធ។

សេចក្តី​សម្រេច​ជំនួស​លោក ឈួន ហៃ ដោយ​លោក ហ៊ុយ សុជាតិ ដែល​​​ពីមុន​ជា​មេ​គយ​នៅ​ច្រក​អន្តរជាតិ​បាវិត​ក្នុង​ខេត្ត​ស្វាយរៀង ធ្វើ​ឡើង​ប្រហែល​ពីរ​ខែ​ក្រោយពី​កម្លាំង​រាជ​អាវុធហត្ថ​បាន​បាញ់​ព្រមាន​​​​ក្នុង​​​ពេល​​​មាន​ការ​តវ៉ា ដែល​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ជិត​ច្រក​ប៉ោយ​ប៉ែត។

នៅ​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កម្លាំង​រាជ​អាវុធហត្ថ​កាលពី​ថ្ងៃ​ទី​២៥​ខែ​ឧសភា ម៉ៅ ស៊ុន អាយុ​៣២​ឆ្នាំ ជា​កម្មករ​អូស​រទេះ បាន​ទទួល​រង​ការ​វាយ​ដំ​យ៉ាង​ខ្លាំង​និង​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ ពាក្យ​ចចាមអារ៉ាម​មិន​ពិត​អំពី​ការ​ស្លាប់​រូប​គាត់​បាន​បណ្តាល​ឲ្យ​ក្រុម​អ្នក​តវ៉ា​វាយ​ប្រហារ​ការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត​ជា​ការ​សងសឹក ដោយ​គប់​ដុំ​ថ្ម​​​រំលង​​​​ខ្លោង​ទ្វារ​មុន​ពេលធ្វើ​​​ឲ្យ​​​ខូច​​​ខាត​​​​​​​ដល់​​​ការិយាល័យ។

ក៏​ប៉ុន្តែ លោក ថោង សុខាំ​ភូ មេ​​គយ​​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ការ​តវ៉ា​ប្រឆាំង​អាជ្ញាធរ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​មិន​ទាក់​ទង​នឹង​ការ​ដក​លោក ហៃ ដែល​នឹង​ក្លាយ​ជា​អនុប្រធាន​គយ​នៅ​ច្រក​ភ្នំ​ដិន​ក្នុង​ខេត្ត​តាកែវ​នោះ​ទេ។

លោក​បាន​និយាយ​ថា “ការ​ផ្ទេរ​មន្ត្រី​គយ​របស់​យើង​នៅ​ទូទាំង​ប្រទេស​រាល់​បី​ឆ្នាំ​ម្តង​គឺ​ជា​កិច្ចការ​ធម្មតា​ទេ។ មិន​ពាក់ព័ន្ធ​នឹង​ការ​ខូចខាត​ដែល​បង្ក​ឡើង​ដោយសារតែ​ការ​តវ៉ា​កាលពី​ពីរ​ខែ​មុន​នោះ​ទេ”។

លោក ហៃ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

មួយ​សប្តាហ៍​បន្ទាប់ពី​ឧប្បត្តិ​ហេតុ​កាលពី​ខែ​ឧសភា អាជ្ញាធរ​បាន​ជួប​ជាមួយ​ប៉ូលិស​និងកង​​​​រាជ​អាវុធហត្ថ​ដើម្បី​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ ដែល​នៅ​កំពុង​ស៊ើប​អង្កេត​ឧប្បត្តិ​ហេតុ​នេះ​នៅ​ឡើយ។

កាលពី​ថ្ងៃ​ច័ន្ទ តុលាការ​បាន​សាកសួរ លោក ស៊ុន ជា​អ្នក​តវ៉ា​ដែល​បាន​រង​របួស និង​ភរិយា​របស់​គាត់ ឈ្មោះ រ៉ាន ស្រីមុំ ដែល​ក៏​មាន​វត្តមាន​នៅ​ពេល​តវ៉ា​នោះ​ដែរ។

អ្នក​ស្រី ស្រីមុំ បាន​និយាយ​ថា អ្នក​ស្រី​និង​ប្តី​របស់​គាត់​ត្រូវ​បាន​គេ​សាកសួរ​អស់​រយៈ​ពេល​ប្រហែល​បួន​ម៉ោង​ក្នុង​បន្ទប់​ដោយ​ឡែក​ពី​គ្នា ហើយ​អ្នក​ទាំង​ពីរ​បាន​ទទួល​រង​ការ​គំរាម​ចាប់​ដាក់​ពន្ធនាគារ ប្រសិនបើ​ពួកគេ​មិន​ប្រាប់ ថា​នរណា​បាន​ញុះញង់​ឲ្យ​វាយ​ប្រហារ​ការិយាល័យ​គយ។

អ្នក​ស្រី​បាន​និយាយ​ថា “តុលាការ​បាន​សួរ​សំណួរ​ជា​ច្រើន ប៉ុន្តែ​សំណួរ​ទាំង​នោះ​ដដែលៗ៖ នរណា​នៅ​ពី​ក្រោយ​ការ​តវ៉ា​ហិង្សា​នេះ? តុលាការ​ចង់​ឲ្យ​ខ្ញុំ​បន្ទោស​នរណា​ម្នាក់”៕និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស