39.4 C
Phnom Penh

តំណាង​រាស្ត្រ​​ទទួល​រង​ទណ្ឌកម្ម​ទាក់​ទិន​នឹង​ការ​បង្ហោះ​ហ្វេសប៊ុក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​​សេចក្ដី​សម្រេច​ចេញ​កាលពី​ថ្ងៃ​សុក្រ ដោយ​អគ្គលេខាធិការ​រដ្ឋសភា​​បាន​ឲ្យ​ដឹង​ថា លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​​គណបក្ស​ប្រឆាំង​​​ត្រូវ​បាន​​​​ហាម​មិន​ឲ្យ​ចូល​​​ធ្វើ​ការ​ក្នុង​រដ្ឋសភា​ក្នុង​វេលា​១៥​ពេល​ប្រជុំ​ជា​បន្តបន្ទាប់​ ហើយ​និង​ត្រូវ​កាត់​ប្រាក់​ខែ​​ជា​ការ​ដាក់​ទណ្ឌកម្ម​ ព្រោះ​​តែ​ការ​អធិប្បាយ​រិះគន់​ដែល​​​លោក​បាន​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​កាល​ពី​ដើម​ខែ​នេះ​។

សេចក្ដី​​សម្រេច​បាន​និយាយ​ថា លោក អ៊ុំ សំអាន ដែល​ការ​បង្ហោះ​របស់​លោក​​កាលពី​ថ្ងៃ​​​ទី​១៥ ខែ​កក្កដា បាន​អះអាង​ថា លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​​គណបក្ស​ប្រជាជន​កម្ពុជា​​​​មិន​បាន​បញ្ជូន​លិខិត​មួយ​ច្បាប់​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ ក៏​នឹង​​​ត្រូវ​​​រង​​​ការ​​​អាម៉ាស់​​​តាម​​​រយៈ​​​កំណត់​​​ហេតុ​​​បន្ទោស​​​ដែល​​​បិទ​​​នៅ​​​តាម​ការិយាល័យ​​​ឃុំ​ក្នុង​មណ្ឌល​ខេត្ត​សៀមរាប​របស់​លោក​​ដែរ​។

សេចក្ដី​សម្រេច​មាន​ខ្លឹមសារ​ថា “​ឯក​ឧត្ដម​ អ៊ុំ សំអាន តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​សៀមរាប​ ត្រូវ​ទទួល​ការ​បន្ទោស​ និង​ទណ្ឌកម្ម​ខាង​វិន័យ​ស្រប​តាម​ការ​កំណត់​​ប្រការ​៨១​នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​ដូច​តទៅ​៖ ក-កាត់​ប្រាក់​បំណាច់​ប្រចាំ​ខែ​ហាសិប​ភាគរយ​ក្នុង​រយៈ​ពេល​២ខែ។       ខ-​ប្រកាស​​ផ្សាយ​ជា​សាធារណៈ​ នូវ​សម្រង់​កំណត់​ហេតុ​​បន្ទោស​​ ព្រម​ទាំង​យក​​ទៅ​បោះ​ពុម្ព​ហើយ​បិទ​នៅ​គ្រប់​ឃុំ​ក្នុង​មណ្ឌល​ខេត្ត​សៀមរាប​។ គ-ហាម​មិន​ឲ្យ​ចូល​ធ្វើ​ការ​ក្នុង​រដ្ឋសភា​​ ក្នុង​វេលា​១៥​ពេល​ប្រជុំ​ជា​បន្ត​បន្ទាប់​”។

លោក​​​​​​ ហេង សំរិន ​បាន​បដិសេធ​​មិន​ចារ​លើ​លិខិត​ថ្ងៃ​ទី​៦ ខែ​កក្កដា ​របស់​លោក​​ អ៊ុំ សំអាន និង​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ​១១​រូប​ផ្សេងទៀត​ ដែល​អំពាវ​នាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​​ការ​កំណត់​ព្រំដែន​​កម្ពុជា​ជាមួយ​វៀតណាម​រហូតដល់​ឆ្នាំ​២០១៨ និង​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ពន្យល់​​អំពី​ការ​​ដោះ​ដូរ​ដី​នៅ​តាម​បណ្ដោយ​ព្រំដែន​​វៀតណាម​។

ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ហោះ​ហ្វេសប៊ុក​​របស់​​លោក អ៊ុំ សំអាន ដែល​កើត​ឡើង​បន្ទាប់​នោះ លោក ឈាង វុន អ្នក​នាំ​​​ពាក្យ​រដ្ឋសភា​​​​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ ត្បិត​អី​លិខិត​នោះ​​មាន​ន័យ​ស្មើ​​នឹង​ការ​ទាម​ទារ​ជា​ជាង​ការ​​លើក​សំណួរ​។

ក៏​ប៉ុន្តែ​លោក អ៊ុំ សំអាន បាន​ទទូច​បញ្ជាក់​ថា សិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ​របស់​លោក​ក្នុង​នាម​​ជា​តំណាង​រាស្ត្រ​ដាក់​សំណួរ​ទៅ​​រដ្ឋាភិបាល​​​ត្រូវ​បាន​រំលោភ​បំពាន​ ហើយ​ថា លិខិត​នោះ​​មិន​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​លោក​ ហ៊ុន សែន​ ទេ​ ដោយសារ​​តែ​បញ្ហា​​ប្រធាន​បទ​រសើប​ខាង​នយោបាយ។

យោង​តាម​លោក អេង ឆៃអា៊ង ​តំណាង​រាស្ត្រ​មួយ​រូប​​​ក្នុង​ចំណោម​ប្រាំមួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​​​គណៈកម្មាធិការ​នេះ​បាន​ឲ្យ​ដឹង​​​ថា សេចក្ដី​សម្រេច​កាលពី​ថ្ងៃ​សុក្រ​ដាក់​ទណ្ឌកម្ម​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​ឡើង​អំឡុង​កិច្ច​ប្រជុំ​នៃ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​​​សភា​ដែល​មាន​សមាជិក​១៣​រូប​​​។

លោក អេង ឆៃអ៊ាង បាន​មាន​ប្រសាសន៍​ថា ​”សេចក្ដី​សម្រេច​ដាក់​ទណ្ឌកម្ម​លោក អ៊ុំ សំអាន ត្រូវ​បាន​ស្នើ​ឡើង​​តាម​រយៈ​លិខិត​មួយ​ដែល​​​យល់​ព្រម​ដោយ​​តំណាង​រាស្ត្រ​គណបក្ស​​កាន់​អំណាច​៥០​រូប​ និង​យល់​ព្រម​​ដោយ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាំពីរ​រូប​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​​នេះ​។

លោក​បាន​មាន​ប្រសាសន៍​​​អំពី​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ថា “និយាយ​ឲ្យ​ខ្លី​ទៅ​ យើង​មិន​​បាន​បោះ​ឆ្នោត​គាំទ្រ​ទេ”។

លោក អ៊ុំ សំអាន បាន​​​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ​​វា​ធ្ងន់​ជ្រុល​ពេក ហើយ​ថា លោក​នឹង​ព្យាយាម​ជួប​ជាមួយ​​លោក ហេង សំរិន ដើម្បី​ “​បញ្ចប់​រឿង​នេះ”។

លោក​បាន​មាន​ប្រសាសន៍​ថា “​តាម​​ពិត​ យើង​ចង់​ស្វែង​រក​ការ​សម្រប​សម្រួល​នយោបាយ​មួយ​ជាមួយ​​សម្ដេច​ ហេង សំរិន ដើម្បី​បញ្ចប់​រឿង​នេះ។ ពីព្រោះ​​ខ្ញុំ​គិត​ថា យើង​មិន​គួរ​​ឈ្លោះ​ប្រកែក​គ្នា​​ក្នុង​ចំណោម​ខ្មែរ​និង​ខ្មែរ​ទេ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​ផ្ដោត​​លើ​​បញ្ហា​ព្រំដែន នៅ​ទិស​ខាង​ជើង​ ខាងលិច និង​ខាង​កើត”។

លោក​ អ៊ុំ សំអាន​ រួម​ជាមួយ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​​ជាតិ​លោក រៀល ខេមរិន្ទ្រ ​បាន​ដឹកនាំ​​​យុទ្ធនាការ​​មួយ​នា​​​ពេល​ថ្មីៗ​នេះ ដើម្បី​លើក​ឡើង​​នូវ​​​ការ​ទន្ទ្រាន​ព្រំដែន​ដោយ​វៀតណាម​ ដែល​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ទំនាក់​ទំនង​ជា​សាធារណៈ​ជាមួយ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា។

ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ក្រសួង​ការ​បរទេស​បាន​​ផ្ញើ​កំណត់​ទូត​​មួយ​ចំនួន​ទៅ​ប្រទេស​វៀតណាម​ ដោយ​បាន​ស្នើ​សុំ​ឲ្យ​វៀតណាម​​ដក​ថយ​ចេញពី​ទឹក​ដី​ដែល​ស្ថិត​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ ឬ​​​កំពុង​មាន​ជម្លោះ​នៅ​ឡើយ​។

លោក ហ៊ុន សែន បាន​​ទទួល​ស្គាល់​ដែល​​​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ថា បង្គោល​មួយ​ចំនួន​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​​ អាច​ត្រូវ​បាន​បោះ​នៅ​ខាង​ក្នុង​ទឹក​ដី​កម្ពុជា​ ដោយ​លោក​បាន​សន្យាថា​​ “ទាមទារ​ឲ្យ​មាន​ការ​កែតម្រូវ​” ក្នុង​ករណី​​បែប​នេះ។

នៅ​ពេល​សួរ​កាលពី​ថ្ងៃ​សុក្រ​អំពី​ការ​ដាក់​ទណ្ឌកម្ម​ដែល​សម្រេច​ចំពោះ​លោក អ៊ុំ សំអាន លោក ឈាង វុន អ្នក​នាំ​​​ពាក្យ​រដ្ឋសភា​​ និង​ជា​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ចង់​ពិភាក្សា​អំពី​បញ្ហា​នេះ​ទេ។

អ្នក​នាំ​​​ពាក្យ​រូប​នេះ​​បាន​និយាយ​ថា “​កុំ​ឲ្យ​ខ្ញុំ​និយាយ​។ ខ្ញុំ​មិន​ចង់​និយាយ​ទេ​ យល់​ទេ​? ​ស្នើ​សុំ​កុំ​ឲ្យ​រញ៉េរញ៉ៃ។ ទុក​ឲ្យ​គេ​​​​ជួយ​សម្រួល​​​ស្ថានការណ៍”៕ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស