ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា កាលពីថ្ងៃសៅរ៍ សាលាដំបូងខេត្តតាកែវបានចោទប្រកាន់អតីតទាហានម្នាក់ពីបទចាប់ពង្រត់ក្មេងស្រីអាយុ៦ឆ្នាំកាលពីមួយសប្ដាហ៍មុន បន្ទាប់ពីការរត់គេចទាំងប្រផិតប្រផើយពីមហាជនផ្ទុះកំហឹងដែលមានបំណងសម្លាប់គាត់។
លោក យង់ ញៃ នាយនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត មានប្រសាសន៍ថា លោក អុិន ម៉ានិត ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានចោទប្រកាន់លោក ឌឿន គៀង អាយុ៦៥ឆ្នាំ ពីបទដើរវះយកសរីរាង្គអនីតិជនដោយខុសច្បាប់តាមច្បាប់ប្រឆាំងការជួញដូរមនុស្ស ដែលមានទោសជាប់ពន្ធនាគារអតិបរមារហូតដល់៥ឆ្នាំ។
លោក ញៃ បានមានប្រសាសន៍ថា “យើងបានបញ្ជូនគាត់ទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកាលពីម្សិលមិញ។ គេមិនអាចទាក់ទងក្រុមមន្ត្រីតុលាការដើម្បីសុំអត្ថាធិប្បាយបានទេ។
កាលពីថ្ងៃពុធ មនុស្សពី៤០០ទៅ៥០០នាក់បានឡោមព័ទ្ធប៉ុស្ដិ៍នគរបាលឃុំចារ ស្ថិតក្នុងស្រុកព្រៃកប្បាសរយៈពេល៩ម៉ោង ហើយបានទាមទារឲ្យប្រគល់លោក គៀង មកឲ្យក្រុមមហាជនកាត់ទោស ដែលពួកគាត់ក៏បានគប់ដុំថ្មដាក់ប៉ុស្តិ៍នគរបាលផងដែរ។
បន្ទាប់ពីអ្នកភូមិមួយចំនួនបានចាកចេញ ហើយអ្នកភូមិផ្សេងទៀតបានផឹកស្រាសស្រវឹងជោក នគរបាលអាចដឹកលោក គៀង ទៅអធិការដ្ឋាននគរបាលស្រុកបាន។
យោងតាមនគរបាលបានឲ្យដឹងថា លោក គៀង ដែលអះអាងថា បានដឹកក្មេងស្រីរូបនេះខណៈដែលលោកជិះម៉ូតូត្រឡប់មកផ្ទះកាលពីថ្ងៃសៅរ៍ ពីព្រោះគាត់គិតថា នាងវង្វេងផ្លូវ ហើយបានរង់ចាំរហូតដល់រសៀលថ្ងៃពុធ ដើម្បីព្យាយាមជូននាងត្រឡប់ទៅវិញ ដោយសារតែភ្លៀងខ្លាំងពេកដែលធ្វើឲ្យលោកមិនអាចចាកចេញពីផ្ទះបាននៅក្នុងខេត្តកណ្ដាលនោះ។
នគរបាលបានឲ្យដឹងថា ទោះជាយ៉ាងណា នៅពេលគាត់មកដល់ឃុំចារ បងប្អូនជីដូនមួយរបស់ក្មេងស្រីរូបនេះបានស្គាល់នាង ហើយក្រុមមនុស្សបានដេញតាមលោក គៀង រហូតដល់ប៉ុស្តិ៍នគរបាលឃុំ។
កាលពីម្សិលមិញ លោក អ៊ូ វណ្ណារិទ្ធ អធិការរងនគរបាលស្រុកព្រៃកប្បាស និងជាអ្នកស៊ើបអង្កេតឈានមុខក្នុងករណីនេះមានប្រសាសន៍ថា លោកបានសម្រេចបញ្ជូនលោក គៀង ទៅតុលាការដើម្បីការពារសុវត្ថិភាពរបស់គាត់។
លោកបានមានប្រសាសន៍ថា “យើងបារម្ភពីសុវត្ថិភាពរបស់គាត់ ពីព្រោះអ្នកភូមិបានគំរាមសម្លាប់គាត់ ប្រសិនបើយើងដោះលែងរូបគាត់”។
លោក ឈឹម ស្រម ដែលជាសមាជិកក្រុមប្រឹក្សាឃុំចារ ហើយបានចូលរួមជាមួយក្រុមអ្នកភូមិដែលមានកំហឹងកាលពីសប្ដាហ៍មុន បានមានប្រសាសន៍ថា អ្នកភូមិរីករាយណាស់ដែលលោក គៀង ត្រូវបានចោទប្រកាន់។
លោក ឈឹម ស្រម បានមានប្រសាសន៍បន្ថែមថា “អ្នកភូមិនៅតែជឿថា បុរសរូបេនះជាអ្នកចាប់ពង្រត់៕ សារុន