32.5 C
Phnom Penh

ក្រសួង​មហាផ្ទៃ​ចុះកិច្ច​ព្រមព្រៀង​​បង្កើត​ស្ថានីយ​ទូរទស្សន៍​ផ្ទាល់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ​ ក្រសួង​មហា​ផ្ទៃ​ បានចុះ​កិច្ច​ព្រម​ព្រៀង​ជាមួួយ​ក្រុមហ៊ុន​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​មួយ​របស់ចិន​ ដើម្បី​បង្កើត​ស្ថានីយ​វិទ្យុ និង​​ទូរទស្សន៍​​ប្រើប្រព័ន្ធ​ឌីជីថល​​ផ្ទាល់ខ្លួន​នៅ​ឆ្នាំ​ក្រោយ ដោយក្រុម​ហ៊ុន​នេះ​មាន​គម្រោង​​បោះ​​ទុន​ជាង​៣០លាន​ដុល្លារ​​លើ​ការ​វិនិយោគ​​​រួម​គ្នា​​នេះ​។​

​ក្នុងពិធីមួយ​​​​ក្រោម​អធិបតីភាព​​របស់​លោក​ ​​​ស ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅក្នុង​រាជ​ធានីភ្នំពេញ​ លោក​ ម៉ៅ ប៊ុនណារិន​ អគ្គនាយក​​​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារ​ និង​ហិរញ្ញវត្ថុ​ ក្រសួ​ង​​​មហាផ្ទៃ​ បានចុះ​ចិត្ត​ព្រមព្រៀង​​ជាមួយ​លោក​ ហ័ង​ ​​អុី ឈាន់​ (Huang Yi Chuan)​ ប្រធាន​​​ក្រុម​ហ៊ុន​ China Fujian Zhongya Culture Media។

លោក ស ខេង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​​បន្ទាប់ពី​​​ពិធី​ចុះ​ហត្ថលេខា​​ថា ”​ខ្ញុំ​គិត​ថា ស្ថានីយ​​​វិទ្យុ និង​ទូរទស្សន៍​នឹង​ចូល​រួម​ចំណែក​​ក្នុង​ការ​​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដើម្បី​បម្រើ​សង្គម”។ ​លោក​​​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ដំណើរ​នេះ​ទេ ដោយគ្រាន់​តែ​​លើក​ឡើង​​​ថា ក្រុមហ៊ុន​នឹង​ចំណាយ​ដើម​ទុន​៣០លាន​ដុល្លារ​ប៉ុណ្ណោះ​។

មុន​ពេល​​​ចុះ​​កិច្ច​ព្រមព្រៀង​នេះ​​ លោក​ ម៉ៅ ប៊ុនណារិន បាន​លើក​ឡើង​នៅ​ក្នុង​សុន្ទរ​កថា​ថា ស្ថានីយ​ទូរទស្សន៍​នេះ​នឹង​ធ្វើ​ការ​​​ផ្សាយ​​​​​តាម​​កាណាល់ប៉ុស្តិ៍​លេខ​៦១ និង​វិទ្យុ​ FM លេខ​៩០.២៥ មេហ្គាហឺត។ លោក​បាន​បន្ថែម​​​​​ថា អាជ្ញាប័ណ្ណ​​សម្រាប់​​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​នេះ​​ត្រូវ​បាន​ផ្ដល់​ដោយ​ក្រសួង​ព័ត៌មាន​។

លោក​បាន​មាន​ប្រសាសន៍​ថា ”​ខ្ញុំ​​បាន​​​ជំរុញ​​​​​គម្រោង​នេះ​​ជាង​២​ឆ្នាំ​មក​ហើយ ​តាម​រយៈ​ការ​​ទាក់​ទង​ជាមួយ​​ក្រុម​ហ៊ុន​ China Fujian Zhongya ​​Culture Media ហើយ​យើង​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​នៅ​ខែ​កុម្ភៈ ដើម្បី​បង្កើត​ស្ថានីយ​​​​វិទ្យុ និង​ទូរទស្សន៍​នេះ​”។

​លោក ម៉ៅ ប៊ុណ្ណារិន បា​ន​លើក​ឡើង​អំឡុង​​​ពិធី​កាលពី​ម្សិលមិញ​ថា ទាំង​ការ​ផ្សាយ​របស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​​ក៏​អាច​មើល​ឃើញ និង​ស្ដាប់​ឮ​ទូទាំង​ពិភព​លោក​ផង​ដែរ​តាម​រយៈ​​ប្រព័ន្ធ​អុីនធើណិត និង​ប្រព័ន្ធ​ផ្កាយ​រណប​។

លោក​​លើក​ឡើង​ទៀត​ថា កម្មវិធី​ព័ត៌មាន​ ​​​កម្សាន្ត​ សិល្បៈ សេដ្ឋកិច្ច និង​កម្មវិធី​ “​ផ្សេងៗ​​ទៀត”​​​ នឹង​មាន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​​មហា​ផ្ទៃ​​​ប៉ុន្តែ​លោក​មិន​បាន​​​ផ្ដល់​ព័ត៌មាន​​លម្អិត​បន្ថែម​​អំពី​ខ្លឹមសារ​ឡើយ​។

លោក​​បាន​​បន្ត​​​ថា “​យើង​នឹង​ផ្ដល់​វគ្គ​បណ្ដុះ​​បណ្ដាលជំនាញ​ទូទៅ និង​​ជំនាញ​បច្ចេកទេស​ដល់​បុគ្គលិក​របស់​យើង​ នៅ​ពេល​ស្ថានីយ​ទូរទស្សន៍​នេះ​ចាប់​ផ្ដើម​ធ្វើ​ការ​ផ្សាយ​​នៅ​ថ្ងៃ​អនាគត​”។

កាលពី​ខែ​ឧសភា នគរបាល​ជាតិ​បាន​​​ចេញ​​​ផ្សាយ​​​​កាសែត​​ផ្ទាល់​ខ្លួន ដោយ​​ផ្ដោត​លើ​បទ​ល្មើស​ និង​សន្តិសុខ​​ ដែល​ធ្វើ​សេចក្ដី​រាយ​ការណ៍​​​​​​ទាក់​ទិន​នឹង​ការ​​ចាប់​ខ្លួន និង​កា​រស៊ើបអង្កេត​​របស់​នគរ​បាល​ រីឯ​​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​​​នៃ​ក្រសួង​មហាផ្ទៃ​ ក៏​បាន​​ប្រកាស​គ​ម្រោង​ចាប់​​​ផ្ដើម​បង្កើត​​​​សេវា​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​​ដែរ​៕ ស៊ុយឈាង​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស