គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ជាគំនិតផ្ទាល់របស់លោក កែម ឡី ប្រធានក្រុមតស៊ូមតិ “ខ្មែរដើម្បីខ្មែរ” បានធ្វើសមាជលើកដំបូងរបស់ខ្លួនក្នុងរាជធានីភ្នំពេញ ដោយបោះឆ្នោតជ្រើសរើសលោក យ៉េង វីរៈ សហសេវិកជិតស្និទ្ធរបស់លោក កែម ឡី ជាប្រធានបណ្ដោះអាសន្នដោយគ្មានការជំទាស់អ្វីឡើយ បើទោះជាមានការប្ដេជ្ញាពីរបៀបដឹកនាំនយោបាយបែបថ្មីក៏ដោយ។

កាលពីខែតុលា លោក កែម ឡី បានបង្កើតក្រុមតស៊ូមតិខ្មែរដើម្បីខ្មែរ ជាមួយលោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាក ជាអង្គការមិនមែនរដ្ឋាភិបាលផ្នែកកសិកម្ម និងលោក យ៉េង វីរៈ ជាអតីតប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដើម្បីលើកកម្ពស់នយោបាយបក្សឲ្យកាន់តែមានលទ្ធិប្រជាធិបតេយ្យថែមទៀតនៅក្នុងប្រទេសកម្ពុជា។
ដោយមានមេដឹកនាំសង្គមស៊ីវិលឆ្នើមៗមួយចំនួនមួយទៀតចូលរួមជាមួយពួកគេសម្រាប់វេទិកាសាធារណៈនៅតាមបណ្ដាខេត្តដើម្បីជំរុញបុព្វហេតុរបស់ខ្លួននោះ មេដឹកនាំក្រុមតស៊ូមតិខ្មែរដើម្បីខ្មែរបានលើកឡើងថា ពួកគាត់នឹងធ្វើការដើម្បីបង្កើតគណបក្សថ្មីៗ ដែលមេដឹកនាំទាំងអស់ត្រូវបានជ្រើសរើសតាមបែបលទ្ធិប្រជាធិបតេយ្យ។
កាលពីថ្ងៃអង្គារ លោក កែម ឡី បញ្ជាក់ឡើងវិញថា សមាជកាលពីម្សិលមិញខុសប្លែកពីព្រឹត្តិការណ៍ដែលរៀបចំជាសាធារណៈដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិក្នុងរយៈពេលច្រើនឆ្នាំមកហើយ ដោយអនុញ្ញាតឲ្យសមាជិករបស់ខ្លួនដែលមកពីតាមឃុំ-សង្កាត់នៅទូទាំងប្រទេសឈរឈ្មោះបោះឆ្នោត។
ប៉ុន្តែនៅពេលបោះឆ្នោតមានតែលោក យ៉េង វីរៈ ប៉ុណ្ណោះជាមនុស្សម្នាក់ក្នុងចំណោមមនុស្សឆ្នើមៗជាច្រើនដែលបានចូលរួមសកម្មភាពរបស់ក្រុមតស៊ូមតិខ្មែរដើម្បីខ្មែរនៅក្នុងរយៈពេល៩ខែកន្លងមកនេះ បាននាំមុខគេ ដោយត្រូវបានជ្រើសរើសត្រឹមត្រូវជា “ប្រធានបណ្ដោះអាសន្ន” ដោយអ្នកចូលរួមចំនួន១០៣នាក់។
លោក យ៉េង វីរៈ បានថ្លែងទៅកាន់ក្រុមមនុស្សក្រោយមកថា ”ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្តរបស់បងប្អូនមកលើពួកយើង ក្នុងការបោះឆ្នោតឲ្យពួកយើងបំពេញភារកិច្ចនេះជាគណៈកម្មាធិការបណ្ដោះអាសន្នរបស់គណបក្ស GDP ជាប្រធាន អនុប្រធាន និងអគ្គលេខាធិការ។
លោក សាម អ៊ីន អតីតប្រធានអង្គការជីវិតថ្លៃថ្នូរ ជាអង្គការមិនមែនរដ្ឋាភិបាលដែលត្រូវ បានបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការបក្ស បានមានប្រសាសន៍នៅក្នុងសុន្ទរកថាថា គណបក្សបានផ្តល់គំនិតថ្មីៗស្តីពីនយោបាយ។
ដោយសន្យាលុបបំបាត់ “វប្បធម៌អ្នកនយោបាយខ្មែរជើងចាស់” លោក សាម អ៊ីន បានលើកឡើងថា “សម្រាប់គណបក្ស GDP គណបក្សមានវិធីសាស្ត្រថ្មីក្នុងការធ្វើការងារ ចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ សមាជិកទាំងអស់គឺសំខាន់ណាស់ ហើយធ្វើការសម្រេចក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន” ។
លោកបានបន្ថែមថា ”ពួកគេលើកស្ទួយតែអ្នកដែលអនុវត្តតាម និងសរសើរពួកគេតែប៉ុណ្ណោះ។ ពួកគេមិនត្រូវធ្វើដូចនោះទេ ប្រសិន បើនរណាម្នាក់ធ្វើការងារបានល្អសម្រាប់ប្រជាជន ប្រជាជននឹងជ្រើសរើសគាត់”។
ដោយត្រូវបានទាក់ទងតាមទូរស័ព្ទបន្ទាប់ពីសមាជ លោក កែម ឡី ដែលមិនបានចូលរួមក្នុងសកម្មភាពរបស់គណបក្ស GDP បានមានប្រសាសន៍ថា សមាជកាលពីម្សិលមិញធ្វើឡើងដើម្បីបោះឆ្នោតជ្រើសរើសមេដឹកនាំបណ្ដោះអាសន្នមួយរូបដើម្បីអនុញ្ញាតឲ្យគណបក្សអាចចាប់ផ្ដើមដំណើរការចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ។
នៅពេលគណបក្សជ្រើសរើសបានសមាជិកគ្រប់គ្រាន់ដើម្បីបំពេញតាមច្បាប់គណបក្សនយោបាយ ហើយរួមបញ្ចូលគណបក្សតូចៗថ្នាក់ឃុំ-សង្កាត់ចំនួន១០០ចូលទៅក្នុងសមាជិករបស់គណបក្ស GDP ហើយនោះមានឱកាសដែលលោក យ៉េង វីរៈ អាចត្រូវបានជំនួស។
លោក កែម ឡី មានប្រសាសន៍ថា “ព្រឹកនេះ មិនមែនជាការបង្កើតគណបក្សពិតទេ។ នៅពេលពួកគេប្រមូលបានឃុំ-សង្កាត់ចំនួន១០០នៅចុងឆ្នាំនេះ ពួកគេនឹងធ្វើសមាជលើកដំបូង ហើយនៅពេលនោះនឹងមានបេក្ខជន និងប្រជាជនផ្សេងៗដែលអាចឈរឈ្មោះ”។
លោកបានបន្ថែមថា “វាមិនដូចគណបក្សប្រជាជនកម្ពុជាដែលប្រជាជនគ្រាន់តែធ្វើតាមចៅហ្វាយរបស់ខ្លួននោះឡើយ។ គ្រប់គ្នាអាចលេងល្បែងរបស់ខ្លួនផ្ទាល់ ហើយខ្ញុំអាចនិយាយបានថា ដំណើរការនៃការបោះឆ្នោតនៅព្រឹកនេះគឺប្រព្រឹត្តទៅដោយរលូន និងយុត្តិធម៌ បើទោះណាជាខ្ញុំមិនមានវត្តមាននៅទីនោះក៏ដោយ”៕ សារុន