32.5 C
Phnom Penh

លោក កែវ ភិរម្យ សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ​​​បួស​ជាព្រះសង្ឃនៅពេល​រដ្ឋសភា​សម្រាក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កែវ ភិរម្យ​​​ សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​បាន​​​បួសជាព្រះសង្ឃ​​​​នៅ​​​វត្ត​​​គល់​​​ទទឹង​​​​​​ ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ​​​ហើយ​​​លោក​មាន​​​គម្រោង​​ប្រើ​ប្រាស់ពេល​​​​សម្រាក​​​បច្ចុប្បន្ន​រយៈ​​​ពេល​​​មួយ​​​ខែ​​​របស់​សភា​ដោយ​​​ចូល​​​រួម​​​សិក្សា​​​ស្វែង​​​យល់​​​ពី​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​ នេះ​បើ​យោង​​​តាម​​​សមាជិក​​​សភា​​​មួួ​​យ​​​រូប​​​​​​ដែល​​​បាន​​​ចូល​​​រួម​​​ពិធីនោះ។

លោក សុន ឆ័យ សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក ភិរម្យ ​​​ដែល​​​មាន​​​សញ្ជាតិ​​​នូវែល​​​សេឡង់ ត្រូវ​​​បាន​​​បោះ​​​ឆ្នោត​​​ជ្រើសរើស​ជា​​​សមាជិក​​​សភា​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​មណ្ឌល​​​ខេត្ត​​​ក្រចេះ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០១៣​​​ ប៉ុន្តែ ​​​លោក​​​ចង់​​​សិក្សា​​​រៀន​​​សូត្រ​ក្នុង​​​នាម​​​ជា​​​ព្រះ​​​សង្ឃ​​​ជា​​​យូរ​​​មកហើយ​​​។

លោក សុន ឆ័យ បាន​​​ថ្លែង​​​ថា “គាត់​​​ចាប់​​​អារម្មណ៍​​​ជាខ្លាំង​ក្នុង​​​ការ​​​បួស​​​​​​ជា​​​ព្រះ​​​សង្ឃ​​​ ប៉ុន្តែ ​​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​តែប៉ុណ្ណោះ​​​អំឡុង​​​ពេល​​​រដ្ឋ​​​សភា​​​ឈប់សម្រាក​​​”។

សមាជិក​​​សភា​​​រូប​​​នេះ​​​បាន​​ឲ្យ​​​​​​ដឹង​​​ថា ពិធី​តូច​​​មួយ​​ធ្វើឡើង​នៅ​វត្ត​​​មួយ​​​ក្នុង​រាជធានី​ភ្នំពេញ​ដែលមាន​​ព្រំប្រទល់​​​ជាប់ក្រុង​តាខ្មៅ​​​ខេត្ត​​​កណ្តាល​​​ មាន​​​ការ​​​ចូល​​​រួម​​​ពី​​​មិត្តភក្តិ​​​ជិត​​​ស្និទ្ធ​​​ និង​​​ក្រុម​​​គ្រួសារ​​​របស់​​​លោក ភិរម្យ​​​ តែ​ប៉ុណ្ណោះ។

លោក សុន ឆ័យ បាន​​​បន្ថែម​​​ថា “ជួន​​​កាល​​​អ្នក​​​នយោបាយ​​​ប្រើ​​​ប្រាស់​​​ព្រះ​​​ពុទ្ធសាសនា​​​ហើយ​​​បាន​​​បួស​​​ដើម្បី​​​ទាក់​​​ទាញ​​​ចំណាប់​​​អារម្មណ៍​​​ ពី​​​សាធារណជន ប៉ុន្តែ គាត់​​​ហ្មត់​​​ចត់​​​​ណាស់​​​។​​​គាត់​​​​មិនមែន​ជា​មនុស្សបែបនោះទេ។ អ្វី​ៗ​ទាំងអស់​គឺ​​​​និយាយ​​​អំពី​​​ការ​​​ស្វែង​​​រក​​​ភាព​​​ស្ងប់​​​ស្ងាត់​​ក្នុង​ខ្លួន​ ដើម្បី​​​គាត់​​​អាច​​​ជម្រះ​​​មន្ទិល​​​សៅ​​​ហ្មងទាំង​ឡាយ​ទាំង​ពួង​​​ចេញ​​​ពី​​​ចិត្ត​​​របស់​​​គាត់​​​”។

ប៉ុន្តែ លោក​​​ ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទីស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក ​​​ភិរម្យ បាន​​​បោះ​​​បង់​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​ខ្លួន​​​ក្នុង​​​នាម​​​ជា​​​សមាជិក​​​សភា​​​មួយ​​​រូប​​​។

លោក ស៊ីផាន បានលើក​​​ឡើង​​​ថា ​​​”សមា​​​ជិក​​​សភា​​​តំណាង​​​គណបក្ស​​​សង្គ្រោះជាតិ​​​តែង​​​តែ​​​បោះ​​​បង់​​​ការ​​​ទទួ​​​ល​​​ខុស​​​ត្រូវ​​​របស់​​​ខ្លួន​​​។ ​​​ភារកិច្ច​របស់​​​សមាជិក​​​សភា​​​គឺ​​​ត្រូវ​​​ចុះ​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​ម្ចាស់​​​ឆ្នោត​​​របស់​​​ខ្លួន ហើយ​​​ស្តាប់​​​​​​យោបល់​​​របស់​​​ពួក​​​គាត់ ប៉ុន្តែ ពួក​​​គេ​​​បាន​​​បោះ​​​បង់​​​ការ​​​ងារ​​​នោះ​​​ ហើយ​​​មក​​​បួសជាព្រះសង្ឃ​​​​​​​នៅពេល​​​សម្រាក​​​ទៅវិញ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “គាត់​​​​​​នៅ​​​តែ​​​បើក​​​ប្រាក់​​​ខែពី​​​​រដ្ឋ​​​សភា​​​ដដែល​​​នៅខែ​​​នេះ​​​ ហើយ​​​គេ​​​​​​រំពឹង​​​ថា គាត់​​​នឹង​​​បម្រើ​​​ម្ចាស់​​​ឆ្នោត​​​របស់​​​ខ្លួន​​​ក្នុង​​​នាម​​​ជា​​សមាជិក​​​​​​សភា​​​ដ៏​​​សកម្ម​​​មួយ​​​រូប​​​”។

គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក ភិរម្យ ដើម្បី​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា ព្រះ​​​តេជគុណ ប៊ុត ប៊ុន​​​ទិញ ប្រធាន​​​បណ្តាញ​​​ព្រះ​​​សង្ឃ​​​ឯករាជ្យ​​​ដើម្បី ​​​យុត្តិធម៌​​​សង្គម​​​បាន​​​មាន​​​សង្ឃដីកា​​​ថា ព្រះ​​​អង្គ​​​យល់​​​ស្រប​​​នឹង​​​គម្រោង​​​របស់​​​លោក​​​ ភិរម្យ។

ព្រះ​​​តេជគុណ​​​មាន​​​សង្ឃដីកា​​​ថា “វា​​​មិន​​​ទាស់​​​ខុស​​​អ្វី​​​ទេ។ ប្រសិន​​​បើ​​​គាត់​​​បួស​​​ជា​​​ព្រះ​​​សង្ឃ​​​ គាត់​​​នឹង​​​មាន​​​វប្ប​​​ធម៌​​​ល្អ​​​នៅ​​​ក្នុង​​​ចិត្ត​​​ក្នុង​​​ការ​តាក់​​​តែ​​​ង​​​ច្បាប់​​ប្រកបដោយ​​​​ផ្លែ​​​ផ្កា​​​”។

ព្រះ​​​អង្គ​​​បាន​​​បន្ថែម​​​ថា “អ្នក​​​ដែល​​​ស្ថិត​ក្នុង​​​​តួនាទី​​​ខ្ពស់​​​​ដូច​​​ជា​​​សមាជិក​​​សភា​​​ជា​​​ដើម​​​គួរ​​​មើល​​​ឲ្យ​​​បាន​​​គ្រប់​​​ជ្រុង​​​ជ្រោយ​​​​​​ដើម្បី​​​ស្វែង​​​យល់​​​ពី​​​តម្រូវ​​​ការ​​​សង្គម   ហើយ​​​​​​កម្ពុជា​​​​​​ជា​ប្រទេស​កាន់​​​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​។ ប្រសិន​​​បើ​​​គាត់​​​ចង់​​​បង្កើត​​​ច្បាប់​​​សម្រាប់​​​​​ពុទ្ធសាសនិក​ វា​​​​​​ជា​​​ការ​ល្អ​​បំផុត​​​​ក្នុង​​​ការ​​​ស្ថិត​នៅក្នុង​វត្ត​អារាម​​​”៕សារុន​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស