តុលាការក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទ បានចោទប្រកាន់អតីតព្រះសង្ឃពីរនាក់ដែលត្រូវបានចាប់ខ្លួនក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃសៅរ៍ ដោយសារមានគ្រឿងញៀន ឆាយាក្លែងក្លាយនិងអាវុធ ប៉ុន្តែ អ្នកទាំងពីរអះអាងថា ខ្លួនត្រូវគេទម្លាក់កំហុសដាក់ជាការសងសឹកដោយសារតែពួកគេធ្វើសកម្មភាពនយោបាយ។

យោងតាមមេធាវីរបស់ពួកគេ អ្នកស្រី មុត ពិសិទ្ធ ឲ្យដឹងថា តុលាការបានចោទប្រកាន់ ដាវ ទេព អាយុ២៨ឆ្នាំនិង ជា វ៉ាន់ដា អាយុ៣០ឆ្នាំពីបទមានគ្រឿងញៀននិងឆាយាក្លែងក្លាយនិងការគំរាមសម្លាប់។
អ្នកស្រី ពិសិទ្ធ ជាមេធាវីនៅអង្គការសិទ្ធិមនុស្ស អាដហុក បានិយាយថា ” កូនក្តីខ្ញុំបដិសេធចោលការចោទរបស់ប៉ូលិសចំពោះមុខចៅក្រមស៊ើប ពីព្រោះពួកគាត់មិនបានធ្វើដូចតាមការចោទប្រកាន់របស់តុលាការទេ។ ពួកគាត់បានបដិសេធថា របស់ទាំងអស់មិនមែនរបស់ពួកគាត់ទេ”។
លោក ទេពនិងលោក វ៉ាន់ដា ត្រូវប៉ូលិសចាប់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍ក្នុងវត្តអង្គតាមិញ សង្កាត់ចោមចៅដែលប៉ូលិសនិយាយថាគេបានរកឃើញម៉ាទឹកកកមួយចំនួនតូចក្នុងកុដិ រួមជាមួយដាវមួយ កាំបិតមួយនិងពូថៅមួយ។ ពួកគេបានរកឃើញផងដែរខោស្លីបស្ត្រីមួយគូនិងឯកសារក្លែងក្លាយ ដែលជាឯកសារតម្រូវដោយក្រសួងធម្មការនិងសាសនាពេលចូលបួស។បុរសទាំងពីរត្រូវចាប់ផ្សឹកកាលពីរសៀលថ្ងៃសៅរ៍។
អ្នកស្រី ពិសិទ្ធ បាននិយាយថា បទចោទគំរាមសម្លាប់កើតចេញមកពីការឈ្លោះប្រកែកគ្នារវាងលោក ទេពនិងក្មេងវត្តកាលពីមួយសប្តាហ៍មុន។កាលពីថ្ងៃអាទិត្យ ក្មេងវត្តម្នាក់ឈ្មោះ ជួន រដ្ឋា អាយុ២២ឆ្នាំ បាននិយាយថា ប៉ូលិសបានបញ្ចុះបញ្ចូលខ្លួនឲ្យផ្តិតមេដៃលើពាក្យបណ្តឹងប្រឆាំងនឹងលោក ទេព។ លោក រដ្ឋា បាននិយាយថា ក្រោយមកខ្លួនព្យាយាមដកពាក្យបណ្តឹងមកវិញ ប៉ុន្តែ ប៉ូលិសមិនយល់ព្រមទេ។ លោក រដ្ឋា បាននិយាយអំពីការឈ្លោះទាស់ទែងជាមួយលោក ទេពថា “គ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះហើយក៏ជារឿងតូចតាចដែរ”។
ដោយរង់ចាំបទចោទនៅខាងក្រៅបន្ទប់ចៅក្រមនៅឯតុលាការក្រុងកាលពីថ្ងៃចន្ទ លោក វ៉ាន់ដា បាននិយាយថារូបគាត់និងលោក ទេព គ្មានកំហុសទេ។
លោក វ៉ាន់ដា បាននិយាយថា “ពួកអាត្មាមិនបានប្រព្រឹត្តអ៊ីចឹងទេ ព្រោះពួកអាត្មាជាសង្ឃ។ ប្រសិនបើពួកអាត្មាចង់ប្រព្រឹត្តបែបហ្នឹង មានតែជាគ្រហស្ថប៉ុណ្ណោះដែលធ្វើបែបហ្នឹង”។
លោក ទេព បាននិយាយថា រូបគាត់និងលោក វ៉ាន់ដា ទំនងជាត្រូវទទួលទណ្ឌកម្មដោយសារតែភាពសកម្មរបស់ខ្លួន ជាពិសេសពួកគេបានចូលរួមក្នុងបាតុកម្មតាមព្រំដែនវៀតណាមក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
លោក ទេព បាននិយាយថា “ពួកអាត្មាធ្លាប់ទៅព្រំដែនជាមួយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រួមមានខេត្តស្វាយរៀង រតនគិរី និងកណ្តាល ហើយចូលរួមតវ៉ាប្រឆាំងនឹងអយុត្តិធម៌សង្គមផ្សេងៗ”។
លោក គង់ សមសារ៉េត ព្រះរាជអាជ្ញារងទទួលបន្ទុករឿងក្តីនេះ បាននិយាយថា លោកបានចោទអ្នកទាំងពីរជាបឋមរួចហើយក៏បញ្ជូនសំណុំរឿងទៅលោក អ៊ី ថាវរៈ ចៅក្រមស៊ើបអង្កេត។
លោក សមសារ៉េត បាននិយាយដោយមិនអត្ថាធិប្បាយថា “យើងបានរកឃើញគ្រឿងញៀន កាំបិតមួយនិងពូថៅមួយ។ យើងចោទប្រកាន់ពួកគេដោយផ្អែកលើរបាយការណ៍និងភ័ស្តុតាងប៉ូលិស”។
ចៅក្រម ថាវរៈមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ។
លោក សឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការសិទ្ធិមនុស្ស អាដហុក បាននិយាយថា ដោយសារតែព្រះសង្ឃទាំងពីរអង្គមិនមានវត្តមានទេ នៅពេលដែលប៉ូលិសឆែកឆេរកុដិ ដូច្នេះភ័ស្តុតាងទាំងអស់មិនគួរយកជាការបាននៅក្នុងតុលាការទេ។
លោក សែនករុណា បាននិយាយថា “ហេតុដូច្នេះ យើងសូមអំពាវនាវសុំឲ្យតុលាការទម្លាក់បទចោទទាំងអស់ហើយដោះលែងពួកគេ”៕រើន (រាយការណ៍បន្ថែមដោយ អ៊ូច សូនី)