33.2 C
Phnom Penh

កម្ពុជា​បង្កើត​គណៈកម្មការ​​ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​ជាមួយ​ផែន​ទី​​បាន​ពី​អង្គការ​សហប្រជាជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ចេញ​សេចក្ដី​សម្រេច​មួយ​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បង្កើត​គណៈកម្មការ​​ពិសេស​មួយ​​ដើម្បី​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ផែនទី​ដែល​ប្រទេស​កម្ពុជា​ខ្ចី​​ពី អង្គការ​សហប្រជាជាតិ ក្នុង​បំណង​​ពិនិត្យ​ផែន​ទី​ទាំង​នោះ​ធៀប​នឹង​ផែនទី​​ដែល​កំពុង​ប្រើ​ដោយ “ភាគី​ពាក់​ព័ន្ធ”។

សេចក្ដី​សម្រេច​នេះ​ធ្វើ​ឡើង​ចំ​ពេល​មាន​យុទ្ធនាការ​របស់​គណបក្ស​សង្គ្រោះ​​​ជាតិ​ ដែល​​​បញ្ចេញ​ឲ្យ​ដឹង​ការ​ទន្ទ្រាន​​ដោយ​វៀតណាម​ចូល​ប្រទេស​កម្ពុជា​ និង​បាន​បន្តុះ​បង្អាប់​កិច្ច​ការ​របស់​រដ្ឋាភិបាល​ជាមួយ​ប្រទេស​វៀតណាម​​ក្នុង​ការ​កំណត់​ព្រំដែន​រួម។

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​​បាន​មាន​ប្រសាសន៍​ថា ការ​ផ្ដន្ទាទោស​​សកម្ម​ជន​​គណបក្ស​សង្គ្រោះ​​​ជាតិ​​១១​នាក់​ភ្លាមៗ​ពី​បទ​កុបកម្ម​​កាលពី​ខែ​មុន ជា​ការ​ព្រមាន​មួយ​ចំពោះ​គណបក្ស​នេះ​ឲ្យ​បញ្ឈប់​ដំណើរ​ចុះ​ត្រួតពិនិត្យ​របស់​ខ្លួន​នៅ​តាម​តំបន់​ព្រំដែន​មាន​ជម្លោះ។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ច្បាប់​ដើម​​នៃ​ផែនទី​ដែល​គូស​ដោយ​បារាំង​ និង​កំណត់​​​ឲ្យ​ប្រើ​ប្រាស់​ដោយ​រដ្ឋធម្មនុញ្ញ​​ លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​​​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ ដោយ​ជូន​ដំណឹង​លោក​ ហ៊ុន សែន ថា អង្គការ​សហប្រជាជាតិ​​មិន​មាន​ផែនទី​តាម​សំណើ​ទេ​ ប៉ុន្តែ​នឹង​ផ្ដល់​ឲ្យ​ប្រទេស​កម្ពុជា​នូវ​ផែនទី​ផ្សេង​ទៀត​​ “​ដែល​អាច​មាន​ប្រយោជន៍​ចំពោះ​រដ្ឋាភិបាល​របស់​លោក”។

លោក​ បាន​ គីមូន បាន​សរសេរ​ថា “​ជា​គោល​ការណ៍​បណ្ណាល័យ​ ដាក ហាម៉ាស្កូហ្សូល ​របស់​អង្គការ​សហប្រជាជាតិ​មិន​អនុញ្ញាត​ឲ្យ​ខ្ចី​ផែនទី​ដែល​ស្ថិត​ក្រោម​ការ​ថែរក្សា​របស់​ខ្លួន​ទេ…ប៉ុន្តែ​មាន​ការ​ព្រមព្រៀង​ថា តាម​​​មូលដ្ឋាន​​​លើក​​​លែង បណ្ណាល័យ​នេះ​​នឹង​ឲ្យ​​រដ្ឋាភិបាល​របស់​លោក​ខ្ចី​​​ផែន​ទី​ដូច​បាន​រៀបរាប់​​ខាង​លើ​​​សម្រាប់​រយៈ​ពេល​មាន​កំណត់​​មួយ”។

លោក ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រថា ផែន​ទី​ដែល​ឲ្យ​ប្រទេស​កម្ពុជា​ខ្ចី​នោះ​ ដំបូង​ឡើយ​ត្រូវ​បាន​​តម្កល់​ទុក​​នៅ​អង្គការ​សហប្រជាជាតិ​ ដោយ​​សម្ដេច​ នរោត្តម សីហនុ នៅ​ពេល​នោះ ជា​ផ្នែក​មួយ​នៃ​ការ​តវ៉ា​ចំពោះ​ការ​ទម្លាក់​គ្រាប់​បែក​​អាមេរិក​​ និង​ការ​រំលោភ​ទឹក​ដីកម្ពុជា​​ដោយ​វៀតណាម​ខាង​ត្បូង។

លោក ស៊ីផាន បាន​មាន​ប្រសាសន៍​ថា “​អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី​​បាន​ស្នើ​​ពី​អង្គការ​សហប្រជាជាតិ​ គឺ​ជា​ផែន​ទី​មួយ​ដែល​បង្ហាញ​​រាជាណាចក្រ​កម្ពុជា​ជា​ផ្លូវ​ការ​។ អ្វី​ដែល​យើង​​បាន​ដឹង​​គឺ​ថា អង្គការ​សហប្រជាជាតិ​​បាន​​ផ្ដល់​ឲ្យ​យើង​នូវ​ផែន​ទី​មួយ​ដែល​​​ដាក់​ក្នុង​ការ​តវ៉ា​​របស់​ព្រះរាជាណាចក្រ​ទី១​ប្រឆាំង​នឹង​ការ​​ទម្លាក់​គ្រាប់​បែក​ដោយ​អាមេរិក​ និង​ការ​លុក​លុយ​ដោយ​វៀតណាម”។

លោក ផៃ ស៊ីផាន ​បាន​បដិសេធ​មិន​និយាយ​ថា ផែនទី​​នោះ​ត្រូវ​បាន​ដាក់​​តម្កល់​ដំបូង​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ពេល​ណា​​​ទេ។ ក្នុង​ឆ្នាំ​១៩៦៤​ ប្រទេស​កម្ពុជា​បាន​ដាក់​ការ​តវ៉ា​មួយ​ទៅ​អង្គការ​សហប្រជាជាតិ​​ចំពោះ​ការ​​​រំលោភ​បំពាន​ទឹក​ដី​​ និង​ដែន​អាកាស​របស់​ខ្លួន​ពី​សំណាក់​អាមេរិក​ និង​វៀតណាម​ខាង​ត្បូង​​ក្នុង​សង្គ្រាម​​ឥណ្ឌូចិន​លើក​ទី២​។

ក្នុង​លិខិត​ថ្លែង​អំណរគុណ​អង្គការ​សហប្រជាជាតិ​ចំពោះ​ការ​ផ្ដល់​ផែនទី​នេះ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា វា​នឹង​មាន​ប្រយោជន៍ “ក្នុង​ការ​បញ្ចៀស​ និង​បញ្ចប់​​នូវ​ការ​ញុះញង់​​បង្កើត​ស្មារតី​ជាតិ​និយម​ជ្រុល”។

ក្នុង​សេចក្ដី​សម្រេច​ដែល​ចេញ​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា គណៈកម្មការ​​​ដែល​បង្កើត​ឡើង​​ដើម្បី​សិក្សា​អំពី​ផែនទី​របស់អង្គការ​សហ​ប្រជាជាតិ​នឹង​ត្រូវ​ដឹកនាំ​ដោយ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​មាន​​​សមាសភាព​សមាជិក​១០​រូប​ផ្សេងទៀត​​ក្នុង​នោះ​មាន​លោក វ៉ា គឹមហុង រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​តំណាង​​មកពី​ក្រសួង​​ពាក់​ព័ន្ធ។

ប្រការ​៣​នៃ​សេចក្ដី​សម្រេច​នេះ​និយាយ​ថា “គណៈកម្មការ​​នេះ​​ត្រូវ​​ចាត់ចែង សម្រប​សម្រួល​ការ​ទទួល ប្រគល់ និង​​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ផែនទី ដោយ​មាន​ការ​ចូល​រួម​​ពី​​​គ្រប់​​​ភាគី​ពាក់​ព័ន្ធ​ ជា​អាទិ​តំណាង​មក​ពី​គណបក្ស​ដែល​មាន​អាសនៈ​​​នៅ​ក្នុង​ព្រឹទ្ធសភា និង​រដ្ឋសភា​​ តំណាង​រាជបណ្ឌិត​សភា​កម្ពុជា ​និង​អ្នក​ជំនាញ​ការ​ផែនទី​ជាតិ​​ និង​អន្តរជាតិ​”។

កាលពី​ថ្ងៃ​​​ព្រហស្បតិ៍ រដ្ឋាភិបាល​ក៏​បាន​ផ្ដល់​ផែនទី​ព្រំដែន​របស់​ខ្លួន​ផ្ទាល់​ទៅ​លោក សុខ ទូច អ្នក​វិភាគ​នយោបាយ​ដ៏​លេចធ្លោ​ និង​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៅ​រាជបណ្ឌិត​សភា​នៃ​កម្ពុជា​ ដែល​កំពុង​ដឹកនាំ​ការ​ស្រាវជ្រាវ​ព្រំដែន​សម្រាប់​រដ្ឋាភិបាល​។

លោក សុខ ទូច បាន​​​មាន​​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​បាន​ស្នើ​​ឲ្យ​បង្កើត​​ក្រុម​ស្រាវ​ជ្រាវ​ព្រំដែន​មួយ​នៅ​រាជបណ្ឌិត្យសភា​ ក្នុង​កិច្ច​​​ប្រឹង​ប្រែង​មួយ​មិន​ឲ្យ​បញ្ហា​នេះ​ពាក់​​ព័ន្ធ​នឹង​នយោបាយ ដែល​ជា​​​យូរ​មក​ហើយ ជា​សាទុក្ខ​មួយ​ក្នុង​ចំណោម​សាទុក្ខ​ដ៏​​​សំខាន់​របស់​​គណបក្ស​ប្រឆាំង​​ចំពោះ​រដ្ឋាភិបាល​​។ លោក​បាន​មាន​ប្រសាសន៍​ថា លោក សម រង្ស៊ី បាន​យល់ព្រម​​ប្រគល់​ផែនទី​របស់​គណបក្ស​ប្រឆាំង​​​ឲ្យ​លោក​នៅ​ថ្ងៃ​ច័ន្ទ។

លោក សុខ ទូច បាន​មាន​ប្រសាសន៍​ថា “​បញ្ហា​សំខាន់​គឺ​ថា មាន​មតិ​ផ្សេងគ្នា​ជាច្រើន​​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ គណបក្ស​សង្គ្រោះ​​​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​អំពី​បញ្ហា​ព្រំដែន ហើយ​​រឿង​នេះ​កំពុង​បង្កើត​​​ការ​ប្រេះឆា​ក្នុង​សង្គម​កម្ពុជា”។

លោក​បាន​មាន​ប្រសាសន៍​ថា “​ហេតុ​នេះ​ហើយ​​ក្រុម​របស់​យើង​​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ ដើម្បី​បង្កើត​លទ្ធផល​​រក​ឃើញ​ជា​លាយលក្ខណ៍​អក្សរ​ដែល​ផ្អែក​លើ​គតិ​​​យុត្តិ”។ លោក​បាន​​បន្ថែម​ថា លោក​ក៏​បាន​ប្រមូល​ផែនទី​ជាច្រើន​​ពី​អង្គការ​សហប្រជាជាតិ បណ្ណាល័យ​នានា​នៅ​​ទីក្រុង​បា៉រីស​ និង​​បណ្ណាល័យ​សភា​អាមេរិក​​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​សង្ឃឹម​ថា ​អ្នក​នយោបាយ​​នឹង​ឈប់​ប្រើ​អាយុ​​​ជីវិត​ប្រទេស​​​ជាតិ​សម្រាប់​ចំណេញ​​​នយោបាយ ពីព្រោះ​ពួកគេ​គួរ​ធ្វើ​ការ​​ដើម្បី​អភិវឌ្ឍ​​ប្រទេស​​​ កុំ​​​ប្រើ​បញ្ហា​ព្រំដែន​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​គណបក្ស”។

លោក អ៊ុំ សំអាន ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​រូប​​​​ដែល​ដឹក​​​នាំ​​​យុទ្ធនាការ​ព្រំដែន​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​ ដែល​រួម​មាន​ការ​ធ្វើ​ដំណើរ​របស់​អ្នក​គាំទ្រ​ប្រហែល​២.៥០០​​នាក់​ទៅ​តំបន់​ព្រំដែន​មាន​ជម្លោះ​​ក្នុង​ខេត្ត​ស្វាយរៀង​កាលពី​ខែ​មុន បាន​មាន​ប្រសាសន៍​ថា គណៈកម្មការ​ព្រំដែន​​ដែល​មាន​សុទ្ធ​​​តែ​​​មន្ត្រី​រដ្ឋាភិបាល​​គឺ​មិន​អាច​ទទួល​យក​បាន​​​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​ចង់​ឲ្យ​រដ្ឋាភិបាល​​បង្កើត​គណៈកម្មការ​មួយ​​ដែល​​​មាន​តំណាង​នានា​​មកពី​គណបក្ស​សង្គ្រោះ​​​ជាតិ អង្គការ​ក្រៅ​​​រដ្ឋាភិបាល និង​ជា​ពិសេស​អ្នក​ជំនាញ​ការ​ព្រំដែន​អង្គការ​សហប្រជាជាតិ ដើម្បី​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ផែន​ទី​​​ ដូច​​​ផែនទី​​ត្រូវ​បាន​​បញ្ជូន​ដោយ​អង្គការ​​សហប្រជាជាតិ”។

លោក សំអាន បាន​បន្ថែម​ថា លោក​មិន​ជឿ​ថា លទ្ធផល​នៃការ​ស្រាវជ្រាវ​នេះ​ដែល​​​ត្រូវ​ធ្វើ​ឡើង​​ដោយ​​រាជបណ្ឌិត្យសភា​ ជា​ស្ថាប័ន​រដ្ឋ​ នឹង​មាន​ឯករាជ្យ​​ពិត​ប្រាកដ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ក្រុម​ស្រាវជ្រាវ​រាជបណ្ឌិត្យសភា​ដែល​ដឹកនាំ​ដោយ​​បណ្ឌិត​ សុខ ទូច ​គឺ​ប្រសើរ​​​ជាង​​គណៈកម្មការ​ព្រំដែន​ [របស់​រដ្ឋាភិបាល​] ដែល​ដឹកនាំ​ដោយ​លោក វ៉ា គឹមហុង។ ប៉ុន្តែ​​​ខ្ញុំ​​​ជឿ​ថា នឹង​មាន​ការ​លម្អៀង​ទៅ​រក​រដ្ឋាភិបាល​”៕ និត (រាយការណ៍​បន្ថែម​ដោយ Colin Meyn)​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស