32.5 C
Phnom Penh

ឈ្មួញគ្រឿង​ញៀន​ពាក់​ព័ន្ធ​នឹង​អតីត​ប្រធាន​តុលាការ​ក្រុង​​ត្រូវ​កាត់​ឲ្យ​ជាប់​ទោស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឈ្មួញ​គ្រឿងញៀន​ម្នាក់​ដែល​​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុក​រលួយ​​ដ៏​លេចធ្លោ​​មួយ​​នៅ​ពេលដែល​រឿង​កើត​ឡើង ដែល​ថា​រថយន្ត​ SUV ​​របស់​ខ្លួន​ត្រូវ​បាន​ជូនជា​រង្វាន់​ដល់​កូន​ប្រុស​របស់​​លោក អាំង មាលតី អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​នោះ​ ត្រូវ​បាន​​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​​កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​តុលាការ​បាន​បញ្ជា​ឲ្យ​គេ​ប្រគល់​ឡាន​នោះ​ឲ្យ​គាត់​វិញ។

រថយន្ត​​ម៉ាក​ Audi SUV ​របស់​លោក ថាវ ថាវី ​ត្រូវ​បាន​គេ​រឹបអូស​នៅ​ពេល​ដែល​​គាត់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ដំបូង​កាលពី​ខែ​វិច្ឆិកា ពី​​បទ​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​​ជួញដូរ​គ្រឿង​ញៀន​។ គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ថ្មី​​ក្នុង​ខែ​កុម្ភៈ ពីបទ​រំលោភ​លើ​លក្ខខណ្ឌ​នៅ​ក្រៅ​ឃុំ​។

បន្ទាប់ពី​លោក មាលតី ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តុលាការ​ក្រុង​ភ្នំពេញ ក្នុង​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​​កាលពី​ខែ​កុម្ភៈ នគរ​បាល​ជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​អះអាង​ថា ​រថយន្ត​របស់​លោក ថាវី ​ត្រូវ​បាន​ប្រគល់​ជូន​កូន​ប្រុស​អតីត​ប្រធាន​តុលាការ​នេះជា​អធិការង​ខណ្ឌ៧មករា។

ដោយ​​ប្រកាស​សាលក្រម​ក្នុង​ករណី​ជួញដូរគ្រឿង​ញៀន​កាលពី​ថ្ងៃ​សុក្រ​ ចៅក្រម​ជំនុំជម្រះ​​លោក សេង លាង បាន​ផ្ដន្ទាទោស​លោក ថាវី ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ ប៉ុន្តែ​បាន​និយាយ​ថា គាត់​​គ្រាន់​តែ​ជាប់​ក្នុង​ពន្ធនាគារ​៨​ខែ​ប៉ុណ្ណោះ ហើយក៏​បញ្ជា​ឲ្យ​គេ​ប្រគល់​រថយន្ត​ SUV ឲ្យ​គាត់​វិញ​។

ចៅក្រម លាង បាន​​ប្រកាស​ថា “​តុលាការ​សម្រេច​ផ្ដន្ទាទោស​​ ថាវ ថាវី អាយុ​៣២​ឆ្នាំ ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ ប៉ុន្តែ​បញ្ជា​ឲ្យ​គាត់​ជាប់​ត្រឹម​តែ​៨​ខែ​ប៉ុណ្ណោះ​ពីបទ​ជួញដូរគ្រឿង​ញៀន។ តុលាការ​សម្រេច​​ផ្ដល់​រថយន្ត Audi ​ឲ្យ​ម្ចាស់​ដើម​វិញ”។

ស្រី ចាន់ និង ខៀវ ស្រីរ័ត្ន ទាំងពីរ​នាក់​មាន​អាយុ​២១​​ឆ្នាំ​ដូច​គ្នា​ ត្រូវ​បាន​កាត់​ឲ្យ​ជាប់​​ពន្ធនា​គារ​ពីរ​ឆ្នាំ និង​បង្គាប់​ឲ្យ​ជាប់ពន្ធនាគារ​តែ​១១​ប៉ុណ្ណោះ។ ស្ត្រីទាំង​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខែកញ្ញា នៅ​ខណ្ឌសែន​សុខ ហើយ​ក៏​មាន​ការ​ជាប់ទាក់​ទង​នឹង​លោក​ ថាវី ដែរ​។

ចៅក្រម លាង បាន​​និយាយ​ថា មេតំហ្វេតាមីន​ចំនួន​៤,៤ក្រាម​ ត្រូវ​បាន​រឹបអូស​ជា​ភ័ស្តុ​តាង​នៅ​ក្នុង​ករណី​នោះ​។ ចៅក្រម​រូប​នេះ​បាន​ទាត់​ចោល​​ការ​ការ​ពារ​របស់​អ្នក​ទាំង​ពីរ ដែល​រួម​មាន​ការ​អះអាង​ថា របាយការណ៍​ដំបូង​របស់​ខ្លួន​​ចំពោះ​ប៉ូលិស​​​គឺ​ក្លែងក្លាយ​ ហើយ​ថា​ ពួកគេ​មិន​ស្គាល់​គ្នា​ ឬ​ស្គាល់​លោក ថាវី ។

ចៅក្រម​រូប​នេះ​បាន​និយាយ​ថា “​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​​ចំពោះ​​ ស្រី ចាន់ ខៀវ ស្រីរ័ត្ន និង​ ថាវ ថាវី ​ថាបាន​ជួញដូរគ្រឿងញៀន​”។

មន្ត្រី​មក​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​​ដែល​បាន​ចាប់​ផ្ដើម​ស៊ើបអង្កេត​​លើ​លោក មាលតី ភ្លាមៗ​បន្ទាប់ពី​ការ​បណ្ដេញ​ចេញពី​តំណែង​ មាន​វត្តមាន​នៅ​ក្នុង​តុលាការ​ ហើយ​ក៏​ថត​​វីដេអូ​ក្នុង​ការ​​ប្រកាស​សាលក្រមនេះ​ដែរ។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិនអាច​ទាក់​ទង​សុំការ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​៕ រើន​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស