កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានប្រគល់ផែនទីឌីជីថលរបស់ខ្លួននៃព្រំដែនអន្តរជាតិរបស់កម្ពុជាឲ្យលោក សុខ ទូច អ្នកស្រាវជ្រាវដ៏លេចធ្លោមួយរូបមកពីរាជបណ្ឌិត្យ សភាកម្ពុជា ដែលរដ្ឋាភិបាលបានជ្រើសតាំងឲ្យធ្វើការសិក្សាស្រាវជ្រាវក្នុងគោលបំណងបញ្ចប់ជម្លោះនយោបាយក្នុងពេលបច្ចុប្បន្នជុំវិញបញ្ហាព្រំដែន។
ដោយដឹកនាំដោយតំណាងរាស្ត្រមួយក្រុម គណបក្សប្រឆាំងបានបើកយុទ្ធនាការមួយកាលពីពីរខែមុន ដោយចោទប្រកាន់

រដ្ឋាភិបាលថា បានសមគំនិតនៅក្នុងការឈ្លាន ពានទឹកដីពីសំណាក់វៀតណាម និងកាត់ទឹកដីដោយខុសច្បាប់ឲ្យវៀតណាមដោយប្រើផែនទីផ្សេងពីផែនទីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញអំឡុងកិច្ចពិភាក្សាស្តីពីការកំណត់ព្រំដែន។
រដ្ឋាភិបាលបានបដិសេធមិនបង្ហាញផែនទីរបស់ខ្លួនដល់តំណាងរាស្ត្រគណបក្សប្រឆាំងឡើយ ប៉ុន្តែ កាលពីសប្តាហ៍មុនបានផ្តល់ផែនទីទាំងនោះឲ្យលោក សុខ ទូច ដែលជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៅរាជបណ្ឌិត្យសភា។
កាលពីម្សិលមិញ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងដែលប្រមូលផែនទីពីប្រទេសបារាំងបានប្រគល់ច្បាប់ចម្លងឲ្យលោក សុខ ទូច នៅក្នុងពិធីមួយនៅឯទីស្នាក់ការបក្សក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យអ្នកស្រាវជ្រាវរូបនេះអាចធ្វើការប្រៀបធៀបជាមួយផែនទីរបស់គណបក្សប្រជាជនកម្ពុជា។
លោក ហុង សុខហួរ បានលើកឡើងថា ផែនទីដែលប្រគល់ឲ្យលោក សុខ ទូច គឺដូចបេះបិទទៅនឹងផែនទីគូសដោយបារាំងចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ និងមានចែងនៅក្នុងមាត្រា២ក្នុងរដ្ឋធម្មនុញ្ញ។
ទោះជាយ៉ាងណា លោក ហុង សុខហួរបានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិនឹងមិនទទួលស្គាល់លទ្ធផលនៃការស្រាវជ្រាវរបស់លោក សុខ ទូច ទេ។ ” ជាការពិត យើងត្រូវរង់ចាំលទ្ធផលថា តើលទ្ធផលនៃការស្រាវជ្រាវអាចទទួលយកបាន ឬក៏អត់ ព្រោះយើងក៏មានភ័ស្តុតាង និងព័ត៌មានផ្ទាល់ខ្លួនសម្រាប់ពិចារណាដែរ។ យើងអាចពិភាក្សាជាមួយលោក សុខ ទូច អំពីលទ្ធផលនៃការស្រាវជ្រាវរបស់គាត់ដើម្បីចង់ដឹងថា តើអ្វីដែលគាត់បានរកឃើញ ហើយបន្ទាប់មកយើងអាចជជែកតទល់ ពិភាក្សា និងធ្វើការប្រៀបធៀបវា”។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលជួយក្នុងការដឹកនាំយុទ្ធនាការរបស់គណបក្សប្រឆាំងបានចោទសួរថា តើការស្រាវជ្រាវរបស់លោក សុខ ទូច នឹងឯករាជ្យពេញលេញ ឬយ៉ាងណា?។
លោកបានមានប្រសាសន៍ថា “យើងបានកត់សម្គាល់ឃើញថា ក្នុងពេលថ្មីៗនេះ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍តាមអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងអំពីព្រំដែន។ ហេតុដូច្នេះ អ្វីដែលគាត់កំពុងធ្វើ គឺវាហាក់បីដូចជាដើម្បីរដ្ឋាភិបាលអ៊ីចឹងវាលំបាកក្នុងការនិយាយថា តើការស្រាវជ្រាវនេះនឹងប្រកបដោយឯករាជភាពដែរ ឬអត់ណាស់”។
ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាជឿជាក់លើលោក សុខ ទូច ហើយនឹងទទួលយកលទ្ធផលនៃការស្រាវជ្រាវរបស់លោក។
លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាស្វាគមន៍ភាគីពាក់ព័ន្ធទាំងអស់ដែលផ្តល់ឯកសារដល់រាជបណ្ឌិត្យសភាកម្ពុជាដើម្បីសិក្សាស្រាវជ្រាវអំពីព្រំដែន ប្រកបដោយតម្លាភាពសម្រាប់អ្នកទាំងអស់គ្នា។ រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជានឹងទទួលយកលទ្ធផលចុងក្រោយ។ លទ្ធផលនឹងអាចជឿទុកចិត្តបាន”។
លោក សុខ ទូច មិនអាចទាក់ទងសុំការបំភ្លឺ បានទេកាលពីម្សិលមិញ ប៉ុន្តែ លោកបានលើកឡើងកាលពីថ្ងៃសុក្រថា ការស្រាវជ្រាវ របស់លោកនឹងមិនទទួលរង”ឥទ្ធិពលណាមួយពីរដ្ឋាភិបាល”ឡើយ ហើយវាត្រូវបានធ្វើ ឡើង គឺគ្រាន់់តែដើម្បីជួយបញ្ចប់ជម្លោះជុំវិញបញ្ហាព្រំដែនប៉ុណ្ណោះ”៕ស៊ុយឈាង