29.6 C
Phnom Penh

តុលាការ​ចោទ​ប្រកាន់​មន្ត្រី​នគរបាល​ព្រំដែន​ម្នាក់​បន្ទាប់ពី​កាប់​ដាច់​ប្រអប់ដៃ​សហសេវិក​របស់ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​ថា​​​ កាល​​​ពី​​​ម្សិល​មិញ ​សាលា​​​ដំបូង​​​ខេត្ត​​​ពោធិ៍សាត់​​​បាន​​​ចោទ​​​ប្រកាន់​​​​​​មន្ត្រី​​​នគរ​​​បាល​​​ម្នាក់​​​ពីបទ​​​ប្រើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​ ដោយ​​​បាន​​​យក​​​កាំបិត​​​ប៉័ង​​​តោ​​​កាប់​​​ដាច់​​​​ប្រអប់​ដៃ​​​សហសេវិក​​​របស់​​​ខ្លួន​​​​​​​​​​​​នៅ​​​បន្ទាយ​​​​​​របស់​​​ពួក​​​គេ​​កាលពី​យប់​ថ្ងៃ​​​សុក្រ​​​។

យោង​​​តាម​​​លោក​​​​​​ ធៀង​ ឡេង អធិការ​​​នគរ​​​បាល​​​ស្រុក​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក ​ចាន់ ​តារា អាយុ​​​៣០​​​ឆ្នាំ​​​ជាមន្ត្រី​​​រដ្ឋបាល​​​នៅ​​​អង្គភាព​​​​​នគរ​​​បាល​​​ការ​​​ពារ​​​ព្រំដែន​​​៨២៥​​​ក្នុង​​​ស្រុក​​​វាល​​​​​​​​វែង​​​ ត្រូវ​​​បាន​​​ចាប់ខ្លួន​​​​ក្រោយ​​​​ម៉ោង​​​១០​​​យប់​​​ថ្ងៃ​​​​​សុក្រ​​​ ​បន្ទាប់​​​​ពី​​​គាត់​​​បាន​​​កាប់​​​ដាច់​​​ប្រអប់​​​​ដៃ​​​ស្តាំ​​​​របស់​​​លោក ក្រូច ​ប៊ុនណាក់​​​​​​អាយុ​​​​៣០​​​ឆ្នាំ ដែល​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​លោក​​​ តារា ខឹង​​​យ៉ាងខ្លាំង​ដោយ​​​គ្រាន់​​​​​តែ​​​ទះ​​​កំផ្លៀង​​​ជាការ​​​​លេង​​​សើច​​​។

លោក​​​បាន​​​លើក​​​ឡើ​​​ងថា លោក ​តារា ​បាន​​​​​ផឹកស៊ី​​​នៅ​​​ផ្ទះ​​​អ្នក​​​ភូមិ​​​ម្នាក់​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​នោះ​​​ ហើយ​​​បាន​​​ឈាន​​​ដល់​​​ជម្លោះ​​​ក្តៅគកុក​​​មួយ​​​ជាមួយ​​​បុរស​​​ម្នាក់​​​ទៀត​​​ ដែល​​​បាន​​​ក្លាយ​​​ជាហិង្សា​ភ្លាម​ៗ​​​​។ នៅ​​​ពេល​លោក តារា យក​​​ដុំ​​​ថ្ម​​​គប់​​​បែក​​​កញ្ចក់​​​នៅក្នុង​​​ផ្ទះ អ្នក​​​ភូមិ​​​បាន​​​ចាប់​​​​​​គាត់​​​បោក​​​ដួល​​​ទៅ​​​លើ​​​ដី​​​​​​ បន្ទាប់​​​មក​​​បាន​​​ហៅ​​​លោក លន់ លាង  មេបញ្ជាការ​​​អង្គភាព​​​៨២៥​​​ដែល​​​បាន​​​បញ្ជា​​​ឲ្យ​​​បុរស​​​រូប​​​​​​នេះ​​​ត្រឡប់​​​ទៅ​​​បន្ទាយ​​​របស់ខ្លួន​នៅ​ទីស្នាក់ការ​អង្គភាព​។

លោក​​​ ធៀង​ ឡេង​ បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក​​​ តារា ត្រូវ​​​បាន​​​សហសេវិក​​​របស់​​​គាត់​​ចោម​​​រោម​​​ពេល​​​មក​​​ដល់​​​បន្ទាយ​​​​​​។ ​ដោយ​​​​​ស្រវឹង​​​ស្រា​​​គាត់​​​បាន​​​ជេរ​​​ចៅហ្វាយ​​​របស់​​​ខ្លួន​​​ ពេលនោះ​​​ ​​​លោក ប៊ុនណាក់​​​ បាន​​​ទះ​​​កំផ្លៀង​​​ជា​​​ការ​​​លេង​​​សើច​​​​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ​ពេលនោះ​ មន្ត្រី​​​ផ្សេង​​​ទៀត​​​បាន​​​ជួយ​​​យក​​​លោក តារា ទៅ​​​មុជ​​​ទឹក ព្រោះ​​​គាត់​​​ប្រឡាក់​​​សុទ្ធ​​​តែ​​​ដី​​​ដោយ​​​សារ​​​វាយ​​​តប់​​​គ្នា​​​។

លោក​​​បាន​​​ថ្លែង​​​ថា ”បន្ទាប់​​​ពី​​​ងូត​​​ទឹក​​​រួច ​លោក​​​ តារា បាន​​​សួរ​​​លោក ប៊ុនណាក់ ថា តើ​​​គាត់​​​អាច​​​ទះ​​​កំផ្លៀង​​​វិញ​​​បាន​​​អត់​​​ ហើយ​​​លោក​​​​​​​​បាន​​​និយាយ​​​ថា ‘​​​ឯង​​​ចង់ធ្វើ​​​អី​​​ក៏ធ្វើទៅ​​​!’។ ​បន្ទាប់​​​​​មក​​​លោក​​​ តារា បាន​​​យក​​​កាំបិត​​​ប័ុង​​​តោ​​​កាប់​លោក​​​ ប៊ុនណាក់​​​ តែ​​​ម្តង​​​ ប៉ុន្តែ លោក​​​ ប៊ុនណាក់ ​​​បាន​​​លើក​​​ដៃ​​​រង”​​​ បណ្តាល​​​ឲ្យ​​​ដាច់​​​​ប្រអប់​​​​ដៃ​​​អស់​​​​ម្រាម​បួន​​​។

អធិការ​​​នគរ​​​បាលស្រុក​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ ប៊ុនណាក់​​​ បាន​​​ធ្វើ​​​ដំណើរ​​​​​ទៅ​​​ព្យាបាល​​​នៅ​ប្រទេស​​​កាលពី​​​​ថ្ងៃ​​​សៅរ៍។ ​លោក ធៀង ឡេង មាន​​​ប្រសាសន៍​​​ថា ​”គាត់​​​​​គិត​​​​​​ថា គ្រូពេទ្យ​​​​​​នៅ​​​ទី​​​នោះ​​​អាច​​​​​តប្រអប់​​​​ដៃ​​​​​​របស់​​​​​គាត់​​​ជាប់​​​វិញ​​​ ប៉ុន្តែ ខ្ញុំ​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​ថា គ្រូពេទ្យ​​​​​​​​​មិន​​​អាច​​​តជាប់​​​ឡើយ ព្រោះ​​​​​​​ប្រអប់​ដៃ​​​ដែល​​​ដាច់​​​នោះ​​​មិន​​​ត្រូវ​បាន​​​​​​ក្លាសេ​​​ឡើយ​​​”។

លោក​​​​​​ថ្លែង​​​ថា នគរបាល​ស្រុក​ បាន​ចាប់​​​ខ្លួន​លោក​​​ តារា ភ្លាម​​​ៗ​​​បន្ទាប់​​​ពី​​​ហេតុ​ការណ៍​​​កើតឡើង ហើយ​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​នៅស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខេត្ត​​​រហូត​​​ដល់​​​ពេល​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​ទៅ​​​តុលាការ​​​កាល​​​ពី​​​ម្សិលមិញ។

លោក នាក់ សុវណ្ណ ក្រឡា​​​បញ្ជី​​​តុលាការ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក តារា ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ ”បង្ក​​​ហិង្សា​​​ដោយ​​​ចេតនា​​​ ដែល​​​បណ្តាល​​​ឲ្យ​​​រង​​​បួស​​​​​​ធ្ងន់​​​ធ្ងរ​​​ ឬ​​​ពិការ​​​ភាព​​​ជា​​​អចិន្ត្រៃយ៍”។

លោក​​​បាន​​​ថ្លែង​​​ថា មន្ត្រី​​​រូប​​​នេះ​​​ប្រឈម​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​ពី​​​ប្រាំ​​​ឆ្នាំ ដល់​​​ប្រាំពីរ​​​​​​ឆ្នាំ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ខេត្ត​​​ដើម្បី​​​​រង់​​​ចាំ​​​ការ​​​ជំនុំ​​​ជម្រះ​​​៕ សារុន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស