32.5 C
Phnom Penh

គ្មាន​ការ​ផ្តន្ទា​ទោស​ចំពោះ​មន្ត្រី​សុខាភិបាល​អបយស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ប្រឆាំង​អំពើ​ពុក​រលួយ​ជាន់​ខ្ពស់​មួយ​រូប​បាន​និយាយ​ថា អតីត​នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ត្រូវ​បង់​ប្រាក់​ចំនួន​៣៥១.០០០​ដុល្លារ​ជា​សំណូក​ដែល​លោក​បានកេង​ប្រវ័ញ្ច​យក​ជា​ថ្នូរ​​​​នឹង​ការ​ផ្តល់​កិច្ច​សន្យា​ទិញ​មុង​ ដោយ​ទទួល​​ស្គាល់​នូវ​កំហុស​របស់​លោក​អតីត​នាយក​រូបនេះ​ ប៉ុន្តែថា លោក​អតីត​នាយក​នេះ​មិន​ត្រូវ​ទទួល​ការ​ផ្តន្ទា​ទោស​ទេ។

លោក ឱម យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​អាច​ប្តឹង​លោក​ ឌូង សុជាតិ​ ដែល​ឥឡូវ​នេះ​ជាទី​ប្រឹក្សា​របស់​​​​លោក សាយ ឈុំ​​​ ប្រធាន​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជា​​​ជន​កម្ពុជា​​​​ទៅ​កាន់​តុលាការ​បាន​ទេ​ ពីព្រោះ​បទល្មើស​របស់​លោក​បាន​កើត​ឡើង​មុន​​​មាន​​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​។​ យ៉ាង​ហោច​ណាស់​នេះ​ជា​ការ​ដោះ​សា​​​​លើក​ទី៣​ដែល​លោក​ ឱម យ៉ិនទៀង​ ធ្វើ​ឡើង​សម្រាប់​ការ​បដិសេធ​របស់​រដ្ឋាភិបាល​មិន​ផ្តន្ទា​ទោស​អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​​​​ប្រយុទ្ធនឹង​ជំងឺ​គ្រុន​ចាញ់​។

ក្នុង​ឆ្នាំ​២០១៣​ មូលនិធិ​សកល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​​​​ របេង​ និង​ជំងឺគ្រុន​ចាញ់​ បាន​ចេញ​លទ្ធផល​នៃ​ការ​ស៊ើប​រយៈពេល​មួយឆ្នាំ​ ដែល​ចោទ​ប្រកាន់​លោក​ សុជាតិ​ ថាបាន​យក​ប្រាក់​មួយ​ចំនួន​ធំ​ក្នុង​ប្រាក់​៤១០.០០០​​​ដុល្លារ​​​​​​ជា​សំណូក​ ដើម្បី​ទទួល​បាន​ប្រាក់​១២​លាន​ដុល្លារ​​ក្នុង​ប្រាក់​​​​ជំនួយ​​​​មូល​​​និធិ​សកល​សម្រាប់​​​​ក្រុម​​​ហ៊ុន​​​ផ្គត់​​​ផ្គង់​​​​​​មុង​បរទេស​ចំនួន​ពីរ​ក្រុមហ៊ុន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​ អ.ប.ព. បាន​បើក​ការ​ស៊ើប​អង្កេត​ផ្ទាល់​របស់​ខ្លួន​ ហើយ​បាន​និយាយ​ថា ខ្លួន​បាន​ស៊ើប​អង្កេត​គណនី​ធនាគារ​របស់​លោក​ សុជាតិ នៅ​​​​ពេល​​​ថ្មីៗ​​​នេះ គឺ​​​​ខែ​មិថុនា​។

កាលពី​ម្សិលមិញ​ លោក ឱម យ៉ិនទៀង បាន​មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​របស់​ អ.ប.ព. បាន​បញ្ចប់​ហើយ​ ហើយ​ថា មូលនិធិ​​​សកល​​​​ក៏​សប្បាយ​ចិត្ត​នឹង​លទ្ធផល​នោះ​ដែរ​។

លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រូបនេះ​បាន​និយាយ​ថា “យើង​បាន​​​​បិទ​​​​​​បញ្ហា​​​នោះ​​​​រួច​ហើយ​។ គ្លូ​​​ប៊ល​​​ហ្វាន់​​​​ក៏​បាន​ទទួល​យក​​​​​​ហើយ​​​។ ​​​ហើយ​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​យើង​​​​​​ចំណាយ​​​ពេល​ពីរឆ្នាំ​ប៉ុន្តែ​​​ គេ​ទទួល​​​ស្គាល់​​​ថា​​​​ត្រឹម​ត្រូវ​​​​។ ​គេ​​​​ផ្តល់​ជំនួយ​​​ជា​​​ធម្ម​​​តា​​​​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​​​​”​។

លោក ឱម យ៉ិនទៀង​ មិន​បាន​រៀបរាប់​ពិស្តារ​នូវ​ការ​រក​ឃើញ​របស់​ អ.ប.ព.​ ទេ​។ សួរ​ថា មាន​វិធាន​​​ការ​ផ្លូវ​ច្បាប់​អ្វីខ្លះ​ដែល​រដ្ឋាភិបាលប្រកាន់​យក​ប្រឆាំង​នឹង​លោក​ សុជាតិ​​​​នោះ​ លោក​ យ៉ិនទៀង បាន​និយាយ​ថា ​រដ្ឋាភិបាល​នឹង​​​​មិន​​​ចាត់​វិធានការ​ណា​មួយ​បាន​ទេ​ ដោយ​សារ​តែ​បទ​ល្មើស​នោះ​ចាស់​ជ្រុល​​​​ពេក​។

លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រូប​នេះ​ បាន​មាន​ប្រសាសន៍​សំដៅ​ទៅ​លើ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​​ដែល​បាន​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថា “អា​​​ស្រ័យ​​​ដោយ​​​​​​​​ច្បាប់​​​​ចូល​​​ជា​​​ធរ​​​មាន​​​​ក្រោយ​ ដូច្នេះ​ពិត​​​មែន​​​ថា​​​យើង​​​​ពុំ​​​អាច​​​​​​ដំណើរ​​​ការ​​​​​​នៅ​​​មុខ​​​តុលាការ​​​​។ ប៉ុន្តែ យើង​​​​មាន​​​កាតព្វ​​​កិច្ច​​​​​​​ដើម្បី​​​ពន្យល់​​​​​​​លោក​​​​ សុជាតិ ​​​​ដើម្បី​​​ឲ្យ​​​​ធ្វើ​​​ការ​​​សង​​​​ប្រាក់​​​ហ្នឹង​​​ទៅ​​​​វិញ​ ដោយ​​​ស្រប​តាម​វិធាន​ផ្ទៃ​ក្នុង​របស់​គ្លូ​​​ប៊ល​ហ្វាន់។

ព្រះមហាក្សត្រ ​នរោត្តម​ សីហមុនី បាន​ឡាយ​ព្រះហស្ត​​​​លេខា​​​លើ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​កាលពី​ខែ​មេសា​ ឆ្នាំ​២០១០​។ យោង​តាម​ការ​ស៊ើប​អង្កេត​របស់​មូលនិធិ​សកល​ឲ្យ​ដឹង​ថា លោក​ សុជាតិ​ បាន​ទទួល​សំណូក​យ៉ាង​ហោច​ណាស់​ត្រឹម​ខែ​កក្កដា​ ឆ្នាំ​២០១០​។ លោក​បាន​ចូល​និវត្តន៍​​ពី​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ប្រហែល​មួយ​ឆ្នាំ​ក្រោយ​មក​។

កាលពី​ខែ​មីនា ឆ្នាំ​២០១៤​ លោក យ៉ិនទៀង បាន​និយាយ​ថា រដ្ឋាភិបាល​មិន​អាច​ផ្តន្ទាទោស​លោក​ សុជាតិ បានទេ ពីព្រោះ​ភ័ស្តុតាង​ប្រឆាំង​នឹង​អតីត​ប្រធាន​រូបនេះ​ខ្សោយ​ពេក​ ហើយ​ដោយ​សារ​តែ​ការ​ចាញ់​រឿង​​​​នេះ​នឹង​ធ្វើ​ឲ្យ​ខូច​​​​កេរ​្តិ៍​ឈ្មោះ​​​ដល់​​​​ទាំង​រដ្ឋាភិបាល​កម្ពុជា ​ទាំង​មូលនិធិ​សកល​។​

លោក ព្រាប​ កុល នាយក​អង្គការ​តម្លាភាព​កម្ពុជា​បាន​និយាយ​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​គួរ​ផ្តន្ទា​ទោស​ករណី​នៃ​អំពើ​ពុករលួយ​ស្ថិត​ក្រោម​ច្បាប់ដែល​កើត​ឡើង​មុន​នឹង​មាន​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​។

លោក កុល​​​ បាន​​​និយាយ​​​ថា”ខ្ញុំ​​​គិត​​​ថា មាន​​​ច្បាប់​​​​​​ដែល​​​មាន​​​ស្រាប់​​​​​​មុន​​​នឹង​​​​​​មាន​​​ច្បាប់​​​ប្រ​​​ឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​​​ដែល​​​អាច​​​​​​ប្រើ​​​បាន។​​​ មាន​​​ក្រម​​​ព្រហ្មទណ្ឌ​​​​​​ជា​​​ដើម។​​​ ខ្ញុំ​​​ជឿ​​​ជាក់​​​ថា ច្បាប់​​​ដទៃ​​​ទៀត​​​​​​​​​​​​​​​បាន​​​កើត​​​មុន​​​​​​ដែល​​​អាច​​​​​​ប្រើ​​​​​​ដើម្បី​​​ផ្តន្ទា​​​ទោស​​​​​​មន្ត្រី​​​បែប​​​ហ្នឹង​​​”។​​​

លោក កុល បាន​​​និយាយ​​​ថា ច្បាប់​​​អាជ្ញា​​​យុកាល​​​​​​ពិត​​​ជា​​​កើត​​​មាន​​​​​​សម្រាប់​​​បទល្មើស​​​តូច​​​តាច​​​ខ្លះ​​​ រួម​​​មាន​​​​​​ការ​​​សូក​​​ប៉ាន់​​​​​​រហូត​​​ដល់​​​ទឹក​​​ប្រាក់​​​​​​៦០០.០០០​​​ដុល្លារ​​​អា​​​មេរិក​​​។ ប៉ុន្តែ​​​​​​លោក​​​បាន​​​បន្ថែម​​​ថា អាជ្ញា​​​យុកាល​​​គឺ​​​១០​​​ឆ្នាំ​​​ដែល​​​ធ្វើ​​​ឲ្យ​​​បទ​​​ល្មើស​​​​​​លោក សុជាតិ​​​​​​ ដែល​​​កើត​​​មាន​​​ឡើង​​​តាំង​​​ពី​​​​​​ឆ្នាំ​​​២០០៦​​​ គឺ​​​ស្ថិត​​​​​​​​​ចំ​​​ក្នុង​​​អំឡុង​​​ពេល​​​នោះ។​​​​​​

លោក កុល​​​ បាន​​​និយាយ​​​ថា ការ​​​បណ្តោយ​​​ឲ្យ​​​​​​​​​អតីត​នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​​​​​​រួច​​​ផុត​​​​​​ពី​​​​​​ប្តឹង​​​ទៅ​​​តុលាការ​​​ បាន​​​បញ្ជូន​​​​​​សារ​​​គ្រោះ​​​ថ្នាក់​​​មួយ​​​​​​ដល់​​​មន្ត្រី​​​ផ្សេង​​​ទៀត។​​​​​​

លោក សុជាតិ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​បាន​​​ទេ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​។​​​ លោក​​​បាន​​​បដិសេធ​​​មិន​​​​​​​​​អត្ថា​​​ធិប្បាយ​​​​​​ចំពោះ​​​​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​រូប​​​លោក​​​ទេ ចាប់​​​តាំង​​​ពី​​​រឿង​​​រ៉ាវ​​​បាន​​​កើត​​​ឡើង​​​មក​​​ម៉្លេះ។​​​

លោក សិត ហ្វៃ​​​សុន​​​ អ្នក​​​នាំ​​​ពាក្យ​​​​​​​​​គ្លូប៊ល​​​ហ្វាន់ បាន​​​បដិ​​​សេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​​​​ចំពោះ​​​​​​សេចក្តី​​​សម្រច​​​របស់​​​អ.ប.ព.​​​មិន​​​​​​ផ្តន្ទា​​​ទោស​​​​​​លោក​​​ សុ​​​ជាតិ​​​ទេ។ ប៉ុន្តែ​​​​​​លោក​​​បាន​​​និយាយ​​​ថា រាល់​​​​​​សំណូក​​​​​​និង​​​មូលនិធិ​​​ជំនួយ​​​ដែល​​​ចាយ​​​ខុស ដែល​​​រក​​​ឃើញ​​​​​​ដោយ​​​​​​ការ​​​​​​ស៊ើប​​​អង្កេត​​​​​​របស់​​​ខ្លួន​​​ ត្រូវ​​​បាន​​​សង​​​​​​​​​​​​មក​​​វិញ​​​​​​អស់​​​ហើយ​​​ដោយ​​​រដ្ឋា​​​ភិបាល​​​កម្ពុជា។​​​​​​​​​

របាយ​​​ការណ៍​​​ឆ្នាំ​​​២០១៣​​​​​​របស់​​​​​​គ្លូប៊ល​​​ហ្វាន់​​​​​​រៀប​​​រាប់​​​ពិស្តារ​​​ពី​​​ប្រព័ន្ធ​​​​​​មួយ​​​ដែល​​​លោក​​​ សុជាតិ​​​​​​ បាន​​​បង្កើត​​​​​​ឡើង​​​​​​ជាមួយ​​​នឹង​​​​​​ក្រុម​​​ហ៊ុន​​​ផ្គត់​​​ផ្គង់​​​​​​មុង​​​ ដែល​​​បញ្ចូល​​​ប្រាក់​​​សំណូក​​​​​​ចូល​​​ទៅ​​​ក្នុង​​​​​​គណនី​​​​​​របស់​​​សាច់​​​ញាតិ​​​ ឬ​​​​​​ភ្នាក់​​​ងារ​​​​​​ប្រឹក្សា​​​ដែល​​​តាម​​​ពិត​​​ទៅ​​​មិន​​​មាន​​​ទេ។

របាយ​​​ការណ៍​​​នោះ​​​សរសេរ​​​ថា ” ទឹក​​​ប្រាក់​​​​​​ដែល​​​បង់​​​ឲ្យ​​​​​​​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ត្រូវ​​​បាន​​​​​​​​​លាក់​​​បំបាំង​​​​​​ថា​​​ជា​​​ការបង់​​​ប្រាក់​​​កម្រៃ​​​ជើង​​​សារ​​​​​​ដល់ ‘ប្រឹក្សា’ ឬ​​​ ‘ភ្នាក់ងារ’ ជា​​​ការ​​​​​​បង្កើត​​​ដែល​​​ផ្តល់​​​យោបល់​​​​​​ដោយ​​​នាយក​​​ ដែល​​​ក្នុង​​​នោះ​​​​​​ក្រុម​​​ហ៊ុន​​​​​​ផ្គត់​​​ផ្គង់​​​​​​បាន​​​ជួល​​​ដើម្បី​​​​​​ចូល​​​រួម​​​ក្នុង​​​​​​ជំនួញ​​​​​​ក្នុង​​​នាម​​​ពួក​​​គេ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា”។

របាយ​​​ការណ៍​​​នោះ​​​​​​បាន​​​បន្ត​​​ថា “​​​[​​​អ្នក​​​ស៊ើប​​​អង្កេត​​​]​​​​​​​​​​​​រក​​​​​​​​មិន​​​ឃើញ​​​ភ័ស្តុតាង​​​ណា​​​មួយ​​​​​​ក្នុង​​​ការ​​​គូស​​​បញ្ជាក់​​​ថា​​​ ភ្នាក់​​​ងារ​​​នេះ​​​ពិត​​​ជា​​​កើត​​​មាន​​​ទេ ដោយ​​​មាន​​​​​​ការ​​​លើក​​​លែង​​​​​​នៃ​​​ការ​​​តំណាង​​​ដោយ​​​​​​​នាយក​មជ្ឈ​​មណ្ឌល​​​​​​​​​​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ដែល​​​ថា​​​នេះ​​​ជា​​​សាច់​​​ញាតិ​​​គាត់​​​។ ភ័ស្តុតាង​​​​​​បង្ហាញ​​​យ៉ាង​​​ច្បាស់​​​ថា ភ្នាក់​​​ងារ​​​នេះ​​​​​​បម្រើ​​​ការ​​​ងារ​​​​​​ជាបណ្តាញ​​​​​​សម្រាប់​​​ការ​​​ចំណាយ​​​ប្រាក់​​​មិន​​​ត្រឹម​​​ត្រូវ​​​ ក្នុង​​​គោល​​​បំណង​​​​​​លាក់​​​អ្នក​​​ទទួល​​​​​​ប្រាក់​​​ពិត​​​ប្រាកដ គឺ​​​​​​នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​​​និង​​​អនុ​​​ប្រធាន”។​​​​​​​​​​​​​​​​​​​​​​​​​​​

របាយការណ៍​​​​​​រួម​​​បញ្ចូល​​​​​​សេចក្តី​​​ដក​​​ស្រង់​​​​​​នៃ​​​កិច្ច​​​សម្ភាស​​​​​​ជាមួយ​​​មន្ត្រី​​​ក្រុម​​​ហ៊ុន​​​​​​ផ្គត់​​​ផ្គង់​​​មុង​​​​​​​​​ដែល​​​បាន​​​ទទួល​​​ស្គាល់​​​ថា​​​ពួក​​​គេ​​​ដឹង​​​ថា​​​​​​ពួក​​​គេ​​​បាន​​​ប្រព្រឹត្ត​​​ខុស​​​។ ​​​មាន​​​​​​ឧ​​​បសម្ពន្ធ​​​​​​ដ៏​​​វែង​​​ រួម​​​មាន​​​​​​អ៊ី​​​ម៉ែល​​​​​​រវាង​​​​​​លោក សុជាតិ​​​​​​និង​​​អ្នក​​​តំណាង​​​​​​ក្រុម​​​ហ៊ុន​​​​​​អំពី​​​របៀប​​​​​​បង់​​​ប្រាក់៕ ​​​រើន​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស