32.5 C
Phnom Penh

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​លើក​ឡើង​​​ថា ច្បាប់​​ស្ដីពី​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ស្របតាម​រដ្ឋធម្មនុញ្ញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​បាន​ចាត់​ទុក​ថា ​ច្បាប់​ថ្មី​ដែល​គ្រប់គ្រង​អង្គការ ​មិន​មែន​រដ្ឋាភិបាល​នៅកម្ពុជា គឺ​​​​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ទាំងស្រុង​ ដោយ​ច្រាន​ចោល​​​ការ​ជំទាស់ទាំង​អស់​​ [​ពី​​​​សំណាក់​អង្គការ​សហ​ប្រជា​​​ជាតិ​​រហូត​ដល់​អង្គការ​មិន​មែន​​រដ្ឋាភិបាល​ខ្លួន​ឯង​] ​​ដែល​ថា វា​បំពាន​​​ច្បាប់​​កំពូល​របស់​កម្ពុជា​។

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​​​បាន​ជំរុញ​ឲ្យ​​ច្បាប់​ស្ដីពី​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នេះ​​ឆ្លង​សភា​ និង​ព្រឹទ្ធសភា​កាលពី​ខែ​មុន ចំពេល​មាន​ការ​ធ្វើ​ពហិការ​ពី​គណបក្ស​ប្រឆាំង​ដែល​​ចង់​ឲ្យ​លុប​ច្បាប់​នេះ​ចោល​។ ការ​សម្រេច​ជា​ឯកច្ឆន្ទ​​​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កាលពី​ម្សិលមិញ​បាន​បើក​ផ្លូវ​​ឲ្យ​ច្បាប់​នេះ​​​​​ទៅ​ដល់​ព្រះមហាក្សត្រ​ នរោត្តម សីហមុនី ដែល​​នឹង​ឡាយ​ព្រះហស្តលេខា​​ឲ្យ​វា​ចូល​ជា​ធរមាន​​។

​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​លើក​ឡើង​នៅ​ក្នុង​​សេចក្ដី​សម្រេច​​ដែល​ចុះ​ហត្ថលេខា​ដោយ​​​លោក ឯក សំអុល ជា​​ប្រធាន​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​​នេះ​​​ថា ច្បាប់​នេះ​​ “​​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​”។

​សេចក្ដី​សម្រេច​នេះ​បាន​លើក​ឡើង​បន្ថែម​​​ថា សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​គឺ​ជា “សេចក្ដី​​សម្រេច​​ស្ថាពរ​ បិទ​ផ្លូវ​តវ៉ា​”។

គេ​រំពឹង​ថា​ ព្រះមហាក្សត្រ​​ នរោត្តម សីហមុនី ​​​ដែល​គ្មាន​សិទ្ធិ​លូក​ដៃ​ចូល​ក្នុង​រឿង​នយោបាយ​​​​ទាំង​អស់​​​​ នឹង​​ឡាយ​ព្រះហស្តលេខា​​លើ​​ច្បាប់​នេះ​ក្នុង​ពេល​ឆាប់ៗ​។ លោក ព្រហ្ម ញាណវិចិត្រ ​​អ្នក​នាំពាក្យ​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​លើក​ឡើង​ថា ​លោក​រំពឹង​ថា ច្បាប់​នេះ​នឹង​ទៅ​ដល់​ព្រះមហាក្សត្រ​​មិន​ហួស​ថ្ងៃ​នេះ​ឡើយ​។

ច្បាប់​នេះ​​តម្រូវ​ឲ្យ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​​ និង​សមាគម​ទាំងអស់​ចុះ​បញ្ជី​ជាមួយ​រដ្ឋាភិបាល​ ហើយ​ដាក់ជូន​របាយការណ៍​ប្រចាំ​​​​ឆ្នាំ​ស្ដីពី​ហិរញ្ញវត្ថុ និង​សកម្មភាព​របស់​ខ្លួន​។ វា​ក៏​មាន​រួម​បញ្ចូល​​បទប្បញ្ញត្តិ​ដ៏​ទូលំទូលាយ​​​ដែល​នឹង​អនុញ្ញាត​ឲ្យ​ក្រសួង​​បិទ​អង្គការ​មិនមែន​រដ្ឋាភិបាល​​ដែល​មិន​​រក្សា​អព្យា​ក្រឹត​​ភាព​នយោបាយ​ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រពៃណី​​​​​កម្ពុជា​ផង​ដែរ​។ អ្នក​រិះគន់​​ព្រួយ​បារម្ភ​ថា គណ​​បក្ស​ប្រជាជន​កម្ពុជា​​នឹង​ប្រើ​ច្បាប់​នេះ​ដើម្បី​បំបិទ​សិទ្ធិ​រិះគន់​របស់​ពួកគេ​ ហើយ​ថា វា​រំលោភ​​​​​រដ្ឋធម្មនុញ្ញ​ ជា​ពិសេស​មាត្រា​ដែល​ធានា​​សិទ្ធិ​ពលរដ្ឋ​​ក្នុង​ការ​បង្កើត​សមាគម​។

​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​កាល​ពី​​​សប្ដាហ៍​មុន អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​អាដ​ហុក និង​អង្គការលីកាដូ បាន​លើក​ឡើង​ថា ច្បាប់​នេះ​​បំពាន​មាត្រា​នេះ​​ និង​មាត្រា​ប្រាំ​ទៀត​ដែល​​មានចែងពី​សិទ្ធិសេរី​ភាព​​ក្នុង​ការ​បញ្ចេញ​មតិ សិទិ្ធក្នុង​ការ​ចូល​រួម​​ក្នុង​​នយោ​បាយ និង​សិទ្ធិ​ផ្សេងៗ​ទៀត​។​

លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេក​ទេស​​​ស៊ើបអង្កេត​នៅ​អង្គការ​លីកាដូ​បាន​លើក​ឡើង​​​​​ថា លោក​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សេច​​ក្ដី​​​​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​។

លោក​​មាន​ប្រសាសន៍​ថា “​ទាំង​អង្គ​ការ​​​​​ក្នុង​ស្រុក និង​អន្តរជាតិ​ សូម្បី​តែ​សហភាព​អឺរ៉ុប​​ សុទ្ធ​តែ​បាន​អំពាវ​នាវ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​មាន​ការ​​​​ពិភាក្សា​ពិគ្រោះ​យោបល់​បន្ថែម​​មុន​ពេល​​​​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ ប៉ុន្តែ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​​​នៅ​តែ​បោះ​ឆ្នោត​អនុម័ត​​ ហើយ​​​​​លើក​​​ឡើង​ថា ច្បាប់​នេះ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​​”។

លោក​បាន​លើក​ឡើង​បន្ត​ថា ​អង្គការ​មិន​មែន​រដ្ឋាភិបាល​នឹង​បន្ត​​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ច្បាប់​នេះ ​​ដើម្បី​ឲ្យ​​មាន​ការ​ធ្វើ​វិសោធ​ន​កម្ម ហើយ​និង​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​​​​អនុវត្ត​ច្បាប់​នេះ​។

លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​​​​បាន​ចំណាយពេល​កាលពី​ព្រឹក​ម្សិល​​មិញ ​នៅ​ជាមួយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​ ដើម្បី​ខិត​ខំ​​​ជាលើក​ចុង​ក្រោយ​​ជំទាស់​នឹង​​ច្បាប់​នេះ​។

ពេល​ទាក់​ទង​បន្ទាប់​ពី​សេចក្ដី​សម្រេច​របស់​​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ លោក​បាន​លើក​ឡើង​ថា លោក​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​​​​លើ​គុណវិបត្តិឬ​គុណសម្បត្តិ​នៃ​សេចក្តីសម្រេចនេះ​ទេ ​លុះ​ត្រា​តែ​លោក​បាន​​អាន​សេចក្ដី​សម្រេច​​របស់​​ក្រុមប្រឹក្សាធម្មនុញ្ញ​ ហើយ​ថ្លឹង​ថ្លែង​​​​​​​វា​​សិន។

ប៉ុន្តែ​​​លោក​​មាន​ប្រសាសន៍​ថា​ លោក​មាន​ការ​ភ្ញាក់​ផ្អើល​​​ដោយសារ​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​ធ្វើ​សេចក្ដី​សម្រេច​លឿនពេក​ ជា​ពិសេស​​​បន្ទាប់​​​ពី​​បាន​ស្ដាប់​ការ​​​ជំទាស់​​ត្រឹម​តែ​បន្តិច​បន្តួច​​ពី​សមាជិក​របស់​ខ្លួន នៅ​ពេល​លោក​ជំទាស់​​​​ថា ច្បាប់​នេះ​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​។ មាន​តែ​សមាជិក​មួយ​រូប​ក្នុង​ចំណោម​​សមាជិក​ចំនួន​ប្រាំបួន​រូប​ប៉ុណ្ណោះ​ដែល​ជំទាស់​នឹង​ការលើកឡើង​របស់​លោក​។ “​ប៉ុន្តែ​បន្ទាប់ពី​ខ្ញុំ​បាន​ពន្យល់​រួច គាត់​ហាក់បី​ដូច​ជា​យល់​ស្រប​តាម​”។ លោកបាន​បន្ថែម​ថា ”​ដោយ​ដឹង​ថា គេ​បាន​សម្រេច​​លើ​ច្បាប់​នេះ​រួច​ហើយ​នោះ ​វា​លំបាក​សម្រាប់​ខ្ញុំ​​ក្នុង​ការ​​ធ្វើ​អត្ថាធិប្បាយ​។ ​ការដែល​ពួកគេ​ច្រាន​ចោល​ [ការ​ជំទាស់​របស់​ ខ្ញុំ] ភ្លាមៗ​ វា​មិន​អាច​ទទួល​យក​បាន​ទេ”។

សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សាធម្មនុញ្ញ​​ដែល​ផ្តល់ការ​ពន្យល់​ពី​សេចក្ដី​សម្រេច​របស់​ខ្លួន​ពុំសូវ​ស៊ីជម្រៅ​ ឬ​លម្អិត​ឡើយ​ ដោយ​លើក​​​​ឡើង​​ភាគ​ច្រើន​តែ​មាត្រា​ដ៏ចម្រូង​ចម្រាស​បន្ថែម​នៃ​ច្បាប់​នេះ​ ហើយ​ជឿជាក់​ថា​ ខ្លួន​​​​​ធ្វើ​ស្រប​ទៅ​នឹង​​មាត្រា​សំខាន់ៗ​​នៃ​រដ្ឋធម្មនុញ្ញ។

​សេចក្ដី​សម្រេច​នេះ​លើក​ឡើង​​ទៀត​ថា មាត្រា​នៅ​ក្នុង​ច្បាប់​នេះ​​ដែល​តម្រូវ​ឲ្យ​អង្គការ​​​មិន​​មែន​រដ្ឋាភិបាល​​​ចុះ​បញ្ជី​ជាមួយ​រដ្ឋាភិបាល គឺ​​សុទ្ធ​តែ​ស្រប​​នឹង​មាត្រា​នៃ​​រដ្ឋធម្មនុញ្ញ​​ដែល​ផ្ដល់​សិទ្ធិ​​ឲ្យពលរដ្ឋ​ក្នុង​ការ​បង្កើត​សមាគម​ ហើយ​ថា មាត្រា​ផ្សេង​​ដែល​​មាន​​​​ចែងពី​​​ច្បាប់​ស្តីពី​​​​អង្គការ​មិន​មែន​រដ្ឋាភិបាល​​បរទេស​​គឺ​ស្រប​ទៅ​នឹង​មាត្រា​មួយ​ទៀត​​​ដែលចែងពី​​​​អព្យាក្រឹតភាព​របស់​​​យោធា៕ ស៊ុយឈាង​​​​​​​​​​​​​​​​​​​​​​​​         

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស