33.2 C
Phnom Penh

នាយក​​​ដ្ឋាន​​​ជន​​​ភៀស​​​ខ្លួន​​​ប្រកាស​​ថា​មិន​ដឹង​ ខណៈ​​​ចំនួន​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​កើន​​​ឡើង​​​ទ្វេ​ដង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចំនួន​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​នៅ​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​​​​បាន​​​កើន​​​ឡើង​​​ទ្វេ​​​ដង​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ខែ​​កន្លង​​​​មក​​​នេះ​​​​​​ ដោយ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា ឥឡូវ​​​នេះ​​​​​​មាន​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​​​​ជាង​​​២០០​​​​​​នាក់​​​ហើយ​​​នៅ​​​ក្នុង​​​រាជធានី​​​ ប៉ុន្តែ​​​នាយក​​​ដ្ឋាន​​​ជន​​​ភៀស​​​ខ្លួន​​​​​​បាន​​​បដិសេធ​ជា​ថ្មី​ម្ដង​ទៀត​​​​​ថា ខ្លួន​មិន​ដឹង​ទេ​ចំពោះ​​​​​​​ក្រុម​​​នេះ​​​។

លោក​​​ស្រី វ៉ានហៀ លី​​​ តំណាង​​​ប្រចាំ​​​ប្រទេស ​​​នៃ​​​ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​​​​សហប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​ជន​​​ភៀស​​​ខ្លួន ​​​(UNHCR) បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​អីុ​​​ម៉េល​​​មួយ​​​ថា នាយក​​​ដ្ឋាន​​​ជន​​​ភៀស​​​ខ្លួន​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​នៅ​​​​មិន​​ទាន់​​​​ចុះ​​​ឈ្មោះ​​​​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិជ្រក​​​​​​កោន​​​ជនជាតិភាគតិច​ម៉ុង​​​តាញ៉ា​​​ចំនួន​​​២១៩​​​នាក់​​​នៅ​​​ឡើយ​​​ទេ​​​។

ទោះ​​​បី​​​ជា​​​ចំនួន​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​​​​​​​ជា​​​ជ​​​ន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​មក​​​ពី​​​ប្រទេស​​​វៀត​​​ណាម​​​​​​ដែល​​​សមាជិក​​​នៃ​​​ក្រុម​​​នេះ​​​អះ​​​អាង​​​ថា ខ្លួន​​​គេច​​​ខ្លួន​​​ពី​​​ការ​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​ផ្នែក​​​សាសនា​​​ ​​​និង​​​នយោបាយ​​​ពី​​​សំណាក់​​​រដ្ឋាភិបាល​​​ក្រុង​​​ហាណូយ​​​ បាន​​​​​​កើន​​​ឡើង​​​ជា​​​បន្ត​​​បន្ទាប់​​​ក្តី​​​ តែ​​​កាល​​​ពី​​​ម្សិលមិញ​​​នាយក​​​ដ្ឋាន​​​ជន​​​ភៀស​​​ខ្លួន​​​បាន​​​លើក​​​ឡើង​​​ម្តង​​​ទៀត​​​ដូចអ្វីដែលខ្លួន​​​ធ្លាប​​់​​​បាន​លើកឡើងជាច្រើន​ខែមកនេះ​​​​ថា ខ្លួន​​​មិន​​​ដឹង​​​អំពី​​​វត្ត​​​មាន​​​របស់​​​ក្រុម​​​នេះ​​​នៅ​​​ក្នុង​​​រាជធានី​​​ឡើយ​​​​​​។

លោក​​​ តាន់ សុវិជ្ជា ប្រធាន​​​នាយក​​​ដ្ឋាន​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​ទើប​​​តែ​​​តែង​​​តាំង​​​ថ្មី​​​​​​បាន​​​មាន​​​ប្រសាសន៍​​​​នៅ​​​ពេល​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​អំពី​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ចំនួន​​​២១៩​​​នាក់​​​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ទេ​​​​​​”។

លោក​​​ក៏​​​បាន​​​អះ​​​អាង​​​ផង​​​ដែរ​​​ថា  UNHCR ​​​​​មិន​​បាន​​​​ទាក់​​​ទង​​​នាយក​​​ដ្ឋាន​​​របស់​​​លោក​​​អំពី​​​ការ​​​ចុះឈ្មោះ​​​អ្នក​​​ស្វែង​​​រក​​​ឯកសារ​​​ឡើយ​​​។

បុគ្គលិក​​​ UNHCR មួយ​​​រូប​​​ប្រចាំ​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដែល​ស្នើ​​​សុំ​​​មិន​​​បញ្ចេញ​​​​​​ឈ្មោះ​​​ព្រោះ​​​​​​ខ្លួន​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​និយាយ​​​ជាមួយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​បាន​​​លើក​​​ឡើង​​​ថា អង្គការ​​​សហប្រជា​​​ជាតិ​​​ព្យាយាម​​​​​​ចុះ​​​ឈ្មោះ​​​ក្រុម​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នី​​​មួយ​​​ៗ​​​ ខ​​ណៈ​​​ពួក​​​គេ​​​មក​​​ដល់​​​រាជ​​​ធានី​ ​​​រួម​​​ទាំង​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោនពីរនាក់​​​​ ដែល​​​ធ្វើ​​​ដំណើរ​​​ពី​​​ខេត្ត​​​រតនគិរី​​​មក​​​ដល់​​​ភ្នំពេញ​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​ផង​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” UNHCR ​​​បាន​​​ស្នើ​​​ឲ្យ​​​នាយក​​​ដ្ឋាន​​​ជន​​​ភៀស​​​ខ្លួន​​​ចុះ​​​បញ្ជី​​​អ្នក​​​ទាំង​​​នោះ​​​ដើម្បី​​​ទទួល​​​បាន​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​ក្នុង​​​ប្រទេស​​​ទី​​​៣​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សា​​​មក​​​ហើយ​​​ ប៉ុន្តែ ពួក​​​គេ​​​បាន​​​បដិសេធ​​​”។

លោក ­ខៀវ​​​ សុភ័គ អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ ប៉ុន្តែលោក​បាន​​​លើក​​​ឡើង​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ថា រដ្ឋាភិបាល​​​គ្មាន​​​គម្រោង ​ចុះ​ឈ្មោះ​​​​អ្នក​​​ស្វែង​​​រកសិទ្ធិ​​​ជ្រក​​​កោន​​​ឡើយ​​​ ហើយ​​​បាន​​​ចាត់​​​ទុក​​​ពួក​​​គេ​​​ជា​​​ជន​​​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់​​​ ដែល​​​ទី​​​បំផុត​​​អាច​​​នឹង​​​ត្រូវ​​​និរទេស​​​ខ្លួន​​​។

លោក​​​ស្រី​​​ ដេនីស ខហ្វលេន ប្រធាន​​​អង្គការ​​​ Jesuit Refugee Service ជាអង្គការ​​​ធ្វើ​​​ការ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ជន​​​ភៀស​​​ខ្លួន​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ និង​​​ដែល​​​កំពុង​​​ផ្តល់​​​ជំនួយ​​​ដល់​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​នៅ​​​ពេល​​​ពួក​​​គេ​​​មក​​​ដល់​​​រាជធានី​​​បាន​​​លើក​​​ឡើង​​​ថា វា​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ​​​ក្នុង​​​ការ​​​កំណត់​​​ថា តើ​​​សមាជិក​​​នៃ​​​​​​ក្រុម​​​នេះ​​មានសិទ្ធិ​ស្រប​​​ច្បាប់ឬយ៉ាងណា​នោះ​​​​ លុះ​​​ត្រា​​​តែ​​​ពួក​​​គេ​​​​​​ត្រូវ​​​បាន​​​​ចុះឈ្មោះ​ដោយ​​​នាយកដ្ឋាន​​​ជន​​​ភៀស​​​ខ្លួន។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ពិ​​​តជា​​​ចង់​​​ឲ្យ​​​រដ្ឋាភិបាល​​​ចុះឈ្មោះ​​​ពួក​​​គេ​​​​​​ហើយ​​​​​​​បន្ទាប់​​​​​​​​មក​អាច​​​ចាប់​​​ផ្តើម​​​ដំណើរ​​​ការ​​​កំណត់​​​ថា ​​​តើ​ពួក​​​គេ​​​​​​ជា​​​ជនភៀស​​​ខ្លួន​​​ ឬ​​ក៏​អត់​​​​​​​​​”៕ ស៊ុយឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស