28.4 C
Phnom Penh

ការ​សិក្សា​​បង្ហាញ​ថា ពល​រដ្ឋ​​​​​​មូល​​ដ្ឋាន​​ទទួល​បាន​អត្ថ​ប្រយោជ​ន៍​​​តិច​​ពី​គម្រោង​ទំនប់​វារីអគ្គិសនី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​គ្រួសារ​​ភាគច្រើន​​​ដែល​រស់​នៅ​​​​តាម​បណ្ដោយ​​​​​ខ្សែទឹក​ខាង​ក្រោម​​នៃ​ទំនប់​វារី​អគ្គិ​សនី​ដ៏​​​ធំ​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​ មាន​ស្ថាន​ភាព​យ៉ាបយឺន​ជាង​​មុន​ពេល​មាន​គម្រោង​នេះ​ទៅ​ទៀត​ ​នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ធ្វើ​ឡើង​​​​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​អង់គ្លេស​ ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្ដោត​ការ​យក​ចិត្តទុក​ដាក់​បន្ថែម​​​ទៀត​លើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​​ ខណៈ​រដ្ឋាភិបាល​​ត្រៀម​​ជំរុញ​​​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​ដ៏ធំមួយ​។

កាលពី​ឆ្នាំមុន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មកពី​សាកល​វិទ្យាល័យ​ក្រុង​ឡុងដ៍​ (University of London) ​​ដោយ​មាន​ជំនួយ​ពី​​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​​​អភិវឌ្ឍន៍​​​កម្ពុជា​ (Cambodia Development Research Institute) ​បាន​​ស្ទង់​មតិ​គ្រួសារ​នៅ​ក្នុង​ភូមិ​ចំនួន​ប្រាំ​​ដែល​រស់​នៅ​តាម​បណ្ដោយ​​ខ្សែទឹក​ខាង​ក្រោម​​ចាប់ពី​ទំនប់​​វារីអគ្គិសនី​កំចាយ​កម្លាំង​​១៩៣​មេហ្គាវ៉ាត់​នៅ​ក្នុង​ខេត្ត​កំពត ដែល​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ពេញ​លេញ​​​នៅ​ក្នុង​ឆ្នាំ​២០១១។

ដោយ​ប្រើ​ពាក្យ​ថា តួអង្គ​ដើម្បី​សំដៅ​ដល់​​​បណ្ដា​​​​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ​​​​​​​​និង​ទីភ្នាក់​ងារ​​របស់​រដ្ឋាភិបាល​ អ្នក​ស្រាវជ្រាវ​ទាំង​នេះ​បាន​សរសេរ​ថា “​ជា​គម្រោង​​ទំនប់​វារីអគ្គិសនី​ដ៏ធំ​ដំបូង​​គេ​​បង្អស់​នៅ​កម្ពុជា ទំនប់​កំចាយ​​គឺ​ជា​ករណី​សាក​ល្បង​ដ៏​សំខាន់​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ផល​ប៉ះ​ពាល់​ក្រោយ​គម្រោង​ និង​វិធី​ដែល​​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​តួអង្គ​​ស្ថាប័ន​ដឹង​ពី​ផល​ប៉ះពាល់​ទាំង​នោះ​”។

​យោង​តាម​លទ្ធផល​​ស្រាវជ្រាវ​របស់​ពួកគេ​​ ​​ដែល​នឹង​ត្រូវ​ចុះ​ផ្សាយ​​ក្នុង​​ព្រឹត្តិបត្រ​ “គោល​នយោបាយ​​ថាមពល”​ (Energy Policy) ​ក្នុង​ពេល​​​​​​ឆាប់ៗ​ខាង​មុខ​នេះ បាន​ឲ្យ​ដឹង​ថា ករណី​សាក​ល្បង​នេះ​​ជា​សញ្ញា​មិន​ល្អ​សម្រាប់​​​កម្ពុជា​។

ពួកគេ​បាន​សរសេរ​ទៀត​ថា “​គ្រួសារ​ភាគ​ច្រើន​​​កំពុង​ប្រឈម​​នឹង​បញ្ហា​នៅ​ឡើយ​ពាក់​ព័ន្ធ​ការ​បាត់​បង់​​របរ​ចិញ្ចឹម​​ជីវិត​​ដោយ​មិន​ទទួល​បាន​សំណង​សមរម្យ​ ឬ​មិន​ទទួល​បាន​សំណង​សោះ។ លើស​ពី​នេះ​ទៅ​ទៀត​ អត្ថ​ប្រយោជន៍​ជា​ច្រើន​​​​​ចេញពី​ការ​សាង​សង់​ទំនប់​​​​ដែល​អ្នក​សាង​សង់​​ និង​រដ្ឋាភិបាល​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន​​អំឡុង​​ពេល​ប្រជុំ​ពិភាក្សា​​គ្នា​នោះ ​​គឺ​មិន​ដែល​មាន​ឡើយ​”។

ការ​សិក្សា​នេះ​​បន្ទោសភាគច្រើន​ទៅ​លើ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ (EIA) មិន​​​​ស្មោះ​ត្រង់​មួយ​​​មុន​​ពេល​សាង​សង់​ ដែល​មិន​បាន​​​ពន្យល់​​​អំពី​វិធានការ​លម្អិត​​​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ទៅ​លើ​ប្រជាពល​រដ្ឋ​មូលដ្ឋាន​ និង​​​ការ​សន្យា​ទាំង​នោះ​​ដែល​​មិន​ធ្លាប់​ធ្វើ​ឡើង​ជា​លាយ​លក្ខណ៍​​អក្សរ។

ផល​ប៉ះពាល់​​ក្នុង​មូលដ្ឋាន​មិន​ធ្ងន់​ធ្ងរ​នោះ​ទេ។ ក្នុង​ចំណោម​ភូមិ​ទាំង​ប្រាំ​ដែល​ត្រូវ​បាន​ស្ទង់​មតិ គ្រួសារ​ភាគច្រើននៅ​​ក្នុង​ភូមិច​ំនួន​ពីរ​ រក​ចំណូល​បាន​ភាគ​ច្រើន​ពី​ការ​ដាំ​ទុរេន និង​​ដំណាំ​ផ្លែឈើ​ផ្សេងៗ​ទៀត​។ ពួកគាត់​និយាយ​ថា ​ខ្លួន​​ទទួល​បាន​សំណង​​សម្រាប់​ដំណាំ​ដែល​បាត់​បង់​​របស់​ពួកគាត់​ ហើយ​​គិត​ថា ជារួម​ទំនប់​នេះ​គឺ​ជា​រឿង​ល្អ​។

ប៉ុន្តែ​សម្រាប់​គ្រួសារ​ភាគ​ច្រើន​នៅ​ក្នុង​ភូមិ​​ចំនួន​បី​ផ្សេងទៀត​​ពឹង​ផ្អែក​លើ​ការ​ប្រមូល​ផល​​ពី​​ឫស្សី​ និង​អនុផល​ផ្សេងៗ​​ទៀត​ពី​ព្រៃ​ឈើ​​​ដែល​ត្រូវ​ទឹក​ជន់​លិច​ដោយ​សារ​អាង​ស្តុក​ទឹក​នៃ​ទំនប់​នេះ​។

អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ​សរសេរ​ទៀត​ថា ​”​និយាយ​ជាទូទៅ​​​​​ អ្នកភូមិ​ក្រីក្រ​បំផុត​ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​អនុផល​​ព្រៃ​ឈើ​​សម្រាប់​ជីវភាព​រស់នៅ​ ​សុទ្ធ​តែ​យល់​ឃើញ​ដូចៗ​គ្នា​ថា គម្រោង​នេះ​​មាន​តែ​នាំ​មក​នូវ​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​​ពាក់​ព័ន្ធការ​បាត់​បង់​ប្រាក់​ចំណូល​”។

​ខុស​ពី​​កសិករ​​ដាំ​ដំណាំ​ផ្លែឈើ​ដទៃ​ទៀត​ ពួកគាត់​គ្មាន​ដី​​ឯកជន​ដើម្បី​​​ទាមទារ​នឹង​គេ​ទេ ដូច្នេះ​ហើយ​ទើប​​ពួកគាត់​មិន​ទទួល​បាន​សំណង​។

ការ​សិក្សា​នេះ​​បង្ហាញ​ថា ខណៈ​ទំនប់​នេះ​ជួយ​​​បញ្ចុះ​តម្លៃ​អគ្គិសនី​នៅ​កន្លែង​ផ្សេង​ទៀត​​​​​ក្នុង​ប្រទេស​កម្ពុជា​ គ្មាន​​គ្រួសារ​​​ណាមួយ​នៅ​​ក្នុង​ភូមិទាំង​ប្រាំ​យល់​ថា ខ្លួន​ទទួល​បាន​អត្ថ​ប្រយោជន៍​ឡើយ​។

លទ្ធផល​នៃ​ការ​សិក្សា​​នេះ​គាំទ្រ​ការ​សិក្សា​​​ស្រាវជ្រាវ​​មួយ​ដែល​​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ (NGO Forum) ជា​សម្ព័ន្ធ​អង្គការ​ដ៏​ធំ​មួយ បាន​ធ្វើ​​ឡើង​ទៅ​លើ​ផល​ប៉ះពាល់​ក្នុង​មូល​ដ្ឋាន​​​​​ដែល​បង្ក​ឡើង​ដោយ​ទំនប់​នេះ​កាល​​ពី​ឆ្នាំ​២០១៣។ លទ្ធផល​​​សិក្សា​នេះ​បង្ហាញ​ថា ជា​ឧទាហរណ៍​ ក្នុង​ចំណោម​​អ្នក​ប្រមូល​ផល​ឫស្សី​នៅក្នុង​តំបន់​នោះ​ ​​សមាមាត្រ​ចំណូល​​ដែល​តិច​ជាង​​៥ដុល្លារ​​​ក្នុង​មួយ​​ថ្ងៃ​​ នៅ​​មុន​ពេល​ចាប់​ផ្ដើម​​ការ​សាង​សង់​ទំនប់​នេះ​​​ បាន​​កើន​ឡើង​ពី​៥៣​ភាគរយ​ដល់​៧៩​​ភាគ​រយ​​នៅ​​ពេល​ក្រោយ​មក។

អ្នកស្រី ប៊ូ សៅរី ​​ដែល​រស់​នៅ​ក្នុង​ភូមិ​មួយ​​​​​​​​ក្នុង​ចំណោម​ភូមិ​ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​​​​ចុះ​ទៅ​ដល់​​ដើម្បី​​​ធ្វើ​ការ​សិក្សា​ចុង​ក្រោយ​នេះ​ ប្រកប​របរ​ចិញ្ចឹម​ជីវិត​​ដោយ​ការ​កែច្នៃ​ឫស្សី​​ធ្វើ​​ជា​កន្ត្រក​ និង​ផលិត​ផល​ផ្សេងៗ​​ទៀត​។ ​​​​

អ្នក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា​​​ ​​មុន​​​ពេល​​​ទំនប់​​​វារី​​​អគ្គិសនី​​​សាង​​​សង់​​​ អ្នក​​​ស្រី​​​​​ជិះ​​​កង់​​​ដើរ​​​រក​​​ឫស្សី​​​ក្នុង​​​ចម្ងាយ​​​៦ ឬ​​​៧​​​គីឡូ​ម៉ែត្រ​​​។ ​​​ឥឡូវ​​​ព្រៃ​​​ទាំង​​​នោះ​​​​​​​ត្រូវ​​បាន​​​ជន់​​​លិច​​​ ហើយ​​​អ្នក​​​ស្រី​​​​ត្រូវ​​​ជិះ​​​ម៉ូតូ ឬ​​កាណូត​​​ក្នុង​​​ចម្ងាយ​​​ពី​១០​​​​​ទៅ​​​២០​​​គីឡូ​ម៉ែត្រ​​​ទើប​​​អាច​​​រក​​​បាន​​​ឫស្សី​​​។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា ”អ្នក​​​ភូមិ​​​ក្នុង​​​សហ​គមន៍​​​មិន​​​ទទួល​​​បាន​​​ផល​​​ប្រយោជន៍​​​ពី​​​​​​ទំនប់​​​វារី​​​អគ្គិសនី​​​​​​កំចាយ​​​​​​ទេ​​​។គ្មាន​​​អគ្គិសនី​​​ប្រើ​​​ប្រាស់​​​ហើយ​​​យើង​​​កាន់​​​តែ​​​លំបាក​​​ជាង​​​មុន ​​​​​​ព្រោះ​​​លំបាក​​​​​​ដើរ​​​រក​​​ឫស្សី​​​​​​។ វា​​​​​​ធ្វើ​​​ឲ្យ​​​យើង​​​ជួប​​​ការ​​​លំបាក​​​ ហើយ​​​យើង​​​មិន​​​ទទួល​​​បាន​​​អ្វី​​​សោះ​​​​​ពី​​​​​​​​​ទំនប់​​​វារី​​​អគ្គិសនី​​​​​​”។

អ្នក​​​ស្រី​​​ ប៊ូ សៅរី បាន​​​និយាយ​​​​​​ទៀត​​​ថា ​​​អ្នក​​​ស្រី និង​​​អ្នក​​​ដើរ​​​រក​​​ឫស្សី​​​ផ្សេង​​​ៗ​​​ទៀត មិន​​​​​​​ត្រូវ​​​បាន​​​រាប់បញ្ចូល​ក្នុងកិច្ច​​​ព្រម​ព្រៀង​​​ផ្តល់​​​ប្រាក់​​​សំណងឡើយ​​​​ ហើយ​​​ថា អ្នក​​​ស្រី​​​ជឿ​​​ជាក់​​​ថា ​​​យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​​រដ្ឋាភិបាលអាច​​​ជួយ​​​រក​​​​​​​​​ការ​​​ងារ​​​ផ្សេង​​​ឲ្យ​​​ពួក​​​គាត់​​​ដែរ។

លទ្ធផល​​​នៃ​​​ការ​​​សិក្សា​​​លើ​​​​​​ទំនប់​​​វារី​​​អគ្គិ​សនី​​​​​​កំចាយ ​​​ស្រដៀង​​​ទៅ​​​នឹង​​​លទ្ធផល​​​នៃ​​​ការ​​​សិក្សា​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​ពាក់​​​ព័ន្ធ​​​​​​ចម្ការ​​​កសិ​ពាណិជ្ជកម្ម​​​ជា​​​ច្រើន​​នៅក្នុងប្រទេស​​​​។​ខណៈ​​​រដ្ឋាភិបាល​​​គំាទ្រ​​​ចម្ការ​​​ទាំង​​​នេះ​​​ថា ជា​​​មធ្យោ​បាយ​​​ដើម្បី​​​ជួយ​​​ឲ្យ​​​សហគមន៍​​​ជន​​​បទ​​​​រួច​ផុត​​​​ពីភាព​​​ក្រី​​​ក្រ​​​ ការ​​​សិក្សា​​​ទាំង​​​អស់​​​លើ​​​​ផល​​​ប៉ះ​ពាល់​​​បង្ហាញ​​​ថា អ្នក​​​ភូមិ​​​មូល​​​ដ្ឋាន​​​តែង​​​តែ​​​ជួប​​​ការ​​​លំបាកជាងមុន​​​​ ត្រូវ​​​គេ​​​ទន្ទ្រាន​​​យក​​​ដីស្រែ​​​ ​​និង​​​ព្រៃ​​​ជា​​​ថ្នូរ​​​នឹងការផ្តល់​​​​ការ​​​ងារ​​​​ដែល​ទទួល​បាន​​​​​ថ្លៃ​កម្លាំង​ពលកម្ម​ទាប​ និង​​​មិន​​​​​​ទៀង​​​ទាត់​​​​​​ពី​ក្រុម​ហ៊ុន​​​ដែល​​​ធ្វើ​​​ឲ្យ​​​ពួក​​​គាត់​​​បាត់​​​បង់​​​លំនៅ​​​ដ្ឋាន​​​។

ការ​​​សិក្សា​​​ចុង​​​ក្រោយ​នេះ​​​​ធ្វើ​​​ឡើយ​​​ចំពេល​​​​​​ដែល​​​​​​រដ្ឋាភិបាល​​​ខិត​​​ខំ​​​ជំរុញ​​​ឲ្យ​​​បង្កើត​​​​​​ទំនប់​​​វារី​​​អគ្គិសនី​​​​​​ឲ្យ​​​បាន​​​កាត់​​​តែ​​​ច្រើន​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​តម្លៃ​​​អគ្គិសនី [ដែលមាន​តម្លៃ​​​ខ្ពស់​​​បំផុត​​​​​​​​ក្នុង​ចំណោម​​​​​​​តម្លៃ​ក្នុង​​​​តំបន់] ​​​ចុះ​​​ថោក​​​។ ​​​ទំនប់​​​វារី​​​អគ្គិសនី​​​កំចាយ​​​ទើប​​​តែ​​​​​​ជា​​​ទំនប់​​​វារីអគ្គិសនី​​​ដំបូង​​​ប៉ុណ្ណោះ​​​​​​​​​ដែល​​​ត្រូវ​​​បាន​​​ដាក់​​​ឲ្យ​​​ដំណើរ​​​ការពេញ​លេញ​​​​។​ក្នុង​​​ចំណោម​​​គម្រោង​​​ថាម​​​ពល​​​ចំនួន​​​១៨​​​ដែល​​​​​​​​​កំពុង​​​​​​ស្ថិត​​​ក្រោម​​​ការ​​​សាង​​​សង់​​​ ឬ​​​ការ​​​ពិចារ​ណា​​​​​​​​ឲ្យ​​​បញ្ចប់​​​ត្រឹម​​​ឆ្នាំ​​​២០២០​​​ មាន​​​១២ជា​​​គម្រោង​​​​​​​​​​​​ទំនប់​​​វារី​​​អគ្គិសនី​​​។

ក្រុម​​​អ្នក​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​ដែល​នៅ​​​ពី​​​ក្រោយការ​​​សិក្សា​​​លើ​​​​​​ទំនប់​​​វារី​​​អគ្គិសនី​​​កំចាយ​​​​​​បាន​​​រក​​​ឃើញ​​​ថា មន្ត្រី​​​រដ្ឋាភិបាល​​​មាន​ការ​គិត​​​គូ​​​រពី​​​ផល​​​ប៉ះពាល់​​​​ក្នុង​មូល​​​ដ្ឋាន​​​​បង្ក​ឡើង​ដោយ​​​គម្រោង​​​នេះ​​​តិច​​​ជាង​​​អ្នក​​​ភូមិ ឬ​​​អង្គការ​​​មិន​​​មែន​​​​​​រដ្ឋាភិបាល​​​ ហើយ​​​​​​លើក​​​ឡើង​​​ថា ​ទង្វើ​​​បែប​​​​នេះ​​​​​នឹង​​​មិន​​​ផ្លាស​​​់​​​ប្តូរ​​​ឡើយ​​​នៅ​​​ក្នុង​​​​​បណ្ដា​គម្រោង​​​​​​​​នា​​​ពេល​​​ខាង​​​មុខ​​​។ ពួក​​​គេ​​​បាន​​​ផ្តល់​​​អនុសាសន៍​​​​​ថា អត្ថប្រយោជន៍​​​មូល​​​ដ្ឋាន និង​​​ជាតិ​​​ត្រូវ​​​ថ្លឹង​​​ថ្លែង​​​ឲ្យ​​​ស្មើ​​​គ្នា​​​។

លោក ឌិត ទីណា អ្នក​​​នាំពាក្យ​​​ក្រសួង​​​រ៉ែ ​និង​​​​​​ថាម​​​ពល ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​តាម​​​ទូរស័ព្ទ​​​​ទេ​ ហើយក៏​​​​មិន​​​បាន​​​ឆ្លើយ​​​នឹង​​​សំណួរ​​​​​​ដែល​​​គេ​​​ផ្ញើ​​​តាម​​​រយៈ​​​អីុម៉េល​​​​ដែរ​​​​។

លោក សំ វិចិត្រ ប្រធាន​​​មន្ទីរ​​​រ៉ែ និង​​​ថាម​​​ពល​​​​​ខេត្ត​​​កំពត ​​​ក៏​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​​​ដែរ​​​។

លោក ខូយ ឃុនហួ អភិបាល​​​ខេត្ត​​​នេះ​​​ បាន​ច្រាន​ចោល​​​​​​​​​​ការ​​​សិក្សា​​​​​ចុង​​​ក្រោយ​​​នេះ​​​​​​យ៉ាង​​​ដាច់​​​អហង្ការ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​”វា​​​ខុស​​​ ហើយ​​​ជា​​​ការ​​​បំផ្លើស​​​ ព្រោះ​​​គ្មាន​​​ផល​​​ប៉ះ​​​ពាល់​​​ [អវិជ្ជមាន]​​​​​​ លើ​​ការ​​​​​​ប្រក​​​ប​​​របរ​​​ប្រចាំ​​​ថ្ងៃ​​​​​របស់​អ្នក​​​ភូមិ​​​ទេ​​​​​​។ អ្នក​​​ភូមិ​​​អាច​​​ទៅ​​​រក​​​ឫស្សី​​​​​បាន​​​ដូច​​​​​​មុន​​​​​​ដដែល​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​ថា ​​​ទំនប់​​​វារី​​​អគ្គិសនីនេះ ​​​​​​​បាន​​​ជួយ​​​​​​ធ្វើ​ឲ្យ​លែង​មាន​ទឹក​​​ជំនន់​​​ដែល​​​តែងតែ​ជន់​លិច​​​ក្រុង​​​កំពត​​​ ជា​​​រៀង​​​​​រាល់​​​ឆ្នាំ ហើយ​​​ថា គ្រួសារ​​​ដែល​​​រស់​​​នៅ​​​ក្រោម​​​​​ខ្សែ​​​ទឹក​​​​​​ ត្រូ​​​វបាន​​​​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​​លក់​​​​​​របស់​​​របរ​​​​​ផ្សេង​​​​​​ៗ​​​ ហើយ​​​បង្កើត​​​ផលិត​​​ផល​​​ដោយ​​​ដៃ​​​សម្រាប់​​​លក់​​​ឲ្យ​​​ភ្ញៀវ​​​ទេសចរ​​​៕ សុខុម​ និង ស៊ុយឈាង​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស