29.6 C
Phnom Penh

នៅ​សវនាការ មេធាវី​ឆ្លើយ​ឆ្លង​គ្នា​ទាក់ទិន​នឹង​សកម្មភាព​សកម្មជន​នៅ​កន្លែង​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​រាជអាជ្ញា​នៅ​សវនាការ​លោក អ៊ុក ពេជ្រ​សំណាង សកម្មជន​គណបក្ស​ប្រឆាំង​កាលពី​ម្សិលមិញ បាន​ស្នើ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​ទម្លាក់​ការ​ចោទ​ប្រកាន់​ពី​បទ​ចូលរួម​ពាក់ព័ន្ធ​នឹង​បទ​ល្មើស និង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ ប៉ុន្តែ​ទុក​បទ​ចោទ​រារាំង​សមត្ថកិច្ច​និង​អំពើ​ហិង្សា​ដោយ​ចេតនា។

លោក ពេជ្រ​សំណាង ដែល​មាន​មុខ​ជា​ញឹកញាប់​នៅ​កន្លែង​តវ៉ា​ក្នុង​ក្រុង​ភ្នំពេញ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​តុលា ក្រោយពី​បើក​រ៉ឺម៉ក​ម៉ូតូ​របស់​គាត់​ចូល​របាំង​ផ្លូវ​ដែល​រាំង​ផ្លូវ​អ្នក​តវ៉ា​មិន​ឲ្យ​ដើរ​ទៅ​ផ្ទះ​របស់​នាយករដ្ឋមន្ត្រី។ ប៉ូលិស​និយាយ​ថា គាត់​បាន​ធ្វើ​ឲ្យ​សន្តិសុខ​ប្រាំ​នាក់​រង​របួស​នៅ​ពេល​តវ៉ា។

លោក លី សុផាន់ណា ព្រះ​រាជអាជ្ញា​រង​តុលាការ​ក្រុង បាន​ប្រាប់​តុលាការ​កាលពី​ថ្ងៃ​អង្គារ​ថា មិន​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​បទ​ចោទ​ប្រកាន់​ចូលរួម​បទ​ល្មើស និង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​នោះ​ទេ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​ផ្សេង​ទៀត​ទុក​ដដែល។

លោក​បាន​និយាយ​ថា “យោង​តាម​ជន​រងគ្រោះ​ដែល​មាន​វត្តមាន​នៅ​សវនាការ​ថា ពួកគេ​បាន​រង​របួស​ដែល​បង្ក​ដោយ​សកម្មភាព​និង​ការ​ដឹកនាំ​របស់​លោក អ៊ុក ពេជ្រ​សំណាង ដែល​បាន​បង្ក​ចលាចល​និង​ការ​វាយ​តប់​គ្នា ដែល​បណ្តាល​ឲ្យ​ជន​រងគ្រោះ​ទាំង​ប្រាំ​នាក់​រង​របួស ជា​សកម្មភាព​អាច​ត្រូវ​ចាត់​ទុក​ថា​ជា​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស”។

នៅ​អំឡុង​ពេល​សវនាការ ចៅក្រម​បាន​សួរ​សន្តិសុខ​ខណ្ឌ​ម្នាក់ អាយុ​២៦​ឆ្នាំ ឈ្មោះ នាង សូមករា ដែល​បាន​និយាយ​ថា ដៃ​ស្តាំ ដៃ​ឆ្វេង និង​ក​ជើង​របស់​ខ្លួន​បាន​រង​របួស​ក្នុង​ការ​តវ៉ា​របស់​លោក ពេជ្រ​សំណាង ហើយ​ថា គាត់​បាន​ចំណាយ​ប្រាក់​៤០០​ដុល្លារ​លើ​ថ្លៃ​ព្យាបាល។

ចៅក្រម​ជំនុំ​ជម្រះ អុឹម វណ្ណៈ បាន​សួរ​លោក សូមករា ថា “តើ​លោក អ៊ុក ពេជ្រ​សំណាង វាយ​អ្នក​ឬ?”

សន្តិសុខ​នោះ​បាន​ឆ្លើយ​តប​ថា “មិន​មែន​ទេ”។ “គាត់​មិន​បាន​វាយ​ខ្ញុំ​ទេ ប៉ុន្តែ​គាត់​បាន​ដឹកនាំ​មនុស្ស​[ធ្វើ​អ៊ីចឹង]”។

សន្តិសុខ​របួស​បួន​នាក់​ផ្សេង​ទៀត​ម្នាក់ៗ​បាន​រៀបរាប់​ដូចៗ​គ្នា។ វីដេអូ​ឃ្លីប​រយៈ​ពេល​ប្រាំ​នាទី​អំពី​ការ​តវ៉ា​នៅ​តុលាការ​ក៏​ត្រូវ​បាន​បញ្ចាំង​ឲ្យ​មើល​ដែរ ប៉ុន្តែ​បញ្ចាំង​ឲ្យ​ឃើញ​តែ​លោក សំណាង ឈរ​លើ​ដំបូល​រ៉ឺម៉ក​របស់​គាត់​និយាយ​តាម​មេក្រូ​ប៉ុណ្ណោះ។

បន្ទាប់ពី គឹម វុត្ថា ប្រធាន​សន្តិសុខ​ខណ្ឌ​ដូនពេញ បាន​ប្រាប់​តុលាការ​ថា គាត់​មិន​ច្បាស់​ថា​សន្តិសុខ​ប្រាំ​នាក់​របស់​គាត់​រង​របួស​ដោយ​របៀបណា​នៅ​ថ្ងៃ​តវ៉ា​នោះ មេធាវី​ការពារ​ក្តី ជួង ជូងី បាន​និយាយ​ថា បទ​ចោទ​ប្រកាន់​ទាំង​អស់​គួរ​ទម្លាក់​ចោល។

លោក ជូងី បាន​និយាយ​ថា “នរណា​ច្បាស់​ជាង​ជន​រងគ្រោះ​ទាំង​ប្រាំ​នាក់​ទៅ នៅ​ពេល​ដែល​មិន​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​ប្រាំ ដែល​បាន​និយាយ​ថា លោក អ៊ុក ពេជ្រ​សំណាង វាយ​ពួកគេ​នោះ?”។

សាលក្រម​ក្នុង​សំណុំ​រឿង​ក្តី​នេះ​គ្រោង​នឹង​ចេញ​នៅ​ថ្ងៃ​ទី​១០​ខែ​កញ្ញា។

កាលពី​ខែ​មុន លោក ពេជ្រ​សំណាង ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ប្រាំពីរ​ឆ្នាំ​ពី​បទ “ចូល​រួម​ក្នុង​កុបកម្ម”​ទាក់​ទិន​នឹង​ការ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្ងៃ​ទី​១៥​កក្កដា​ឆ្នាំ​មុន៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស