38.8 C
Phnom Penh

លោក ហ៊ុន​ សែន រិះគន់​លោក​ សម​​​ រង្ស៊ី ​ជំុវិញ​កិច្ច​សម្ភាស​​ជាមួយ​​កាសែត​​បារាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ហ៊ុន សែន បាន​​​រិះ​​​គន់​​​លោក​​​ សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​​​​ចំពោះ​​​ការ​​​និយាយ​​​ប្រាប់​​​កាសែត​​​បារាំង​​​មួយ​​​ថា ការ​​​ទទួល​​​ទាន​​​អាហារ​​​ពេល​​​​​​ល្ងាច​​​រវាង​​​គ្រួសារ​​​របស់​​​ពួក​គាត់​​​កាល​​​ពី​​​ខែ​​​មុន​​​ គឺ​​​ជា​​​ឧទាហរណ៍​​​បង្ហាញ​​​ពី​​​​​​របៀប​​​ដែល​​​លោក​​​ នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​​​​ចាប់ផ្តើម​​​​មាន​​​ការ​ទទួល​​​​ខុស​ត្រូវជាងមុន​​​ ​​​ដែល​​​ធ្លាប់​តែ​​​ប្រើ​​​ប្រាស់​​​អំណាច​​​​​​ផ្តាច់​​​ការ​​​។

នៅ​​​ក្នុង​​​ពិធី​​​ប្រកាស​​​ផ្សព្វផ្សាយ​គោល​​​នយោបាយ​​​អភិវឌ្ឍន៍​​​ឧស្សាហកម្ម​​​នៅ​កម្ពុជា​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​​​​ លោក ហ៊ុន សែន​​​ បាន​​​​​​លើក​​​ ឡើង​​​ថា លោក សម រង្ស៊ី បាន​ផ្តល់​​​បទ​​​សម្ភាស​​​​​​​ន៍​​​មួយ​​​ដោយ​​​និយាយ​​​ថា ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​គឺ​​​ជា​​​មនុស្ស​​​ដែល​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ ​​​ហើយ​​​​​​ចង់​​​ផ្ទេរ​​​អំណាច​​​។

លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”ពេល​​​ចេញ​​​ដល់​​​ស្រុក​​​បារាំង​​​​​​ គាត់​​​បាន​​​សម្ភាស​​​ជាមួយ​​​ហ្វីហ្គារ៉ូ ថា លោក ​​​ហ៊ុន សែន ​​​​​​ប្រហែល​​​​​​ជា​​​ដឹង​​​ខ្លួន​​​ហើយ​​​ បាន​​​ជា​​​ខិត​​​ខំ​​​ធ្វើ​​​ឲ្យ​​​កូន​​​គាត់​​​ស្គាល់​​​កូន​​​របស់ខ្ញុំ​​​ អ៊ីចឹង​​​ទេ​​​ មុខ​​​មាត់​​​របស់​​​ខ្ញុំ និង​​​មុខ​​​មាត់​​​កូន​​​ខ្ញុំ​​​​យក​​​ទៅ​​​ទុក​​​ឯណា​​​?”។

កាសែត ឡឺ ហ្វីហ្គារ៉ូ (Le Figaro) ​​​មិន​​​បាន​​​ចុះ​​​ផ្សាយ​​​កិច្ច​​​សម្ភាស​​​ជាមួយ​​​លោក​​​ សម ​​​រង្ស៊ី ​​​អំឡុង​​​ដំណើរ​​​របស់​​​លោក​​​ចុះទៅ​​​តំបន់​អឺរ៉ុប​​​កាល​​​ពី​​​ខែ​​​មុន​​​ឡើយ​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ កាសែត​​​​​​ប្រចាំ​​​ថ្ងៃ​​​របស់បារាំង​​​មួយ​​​ទៀត​​​ឈ្មោះ​​​​​​ លីបឺរ៉េសិន (Liberation)​​​បាន​​​សួរ​​​លោក សម រង្ស៊ី កាល​​​ពី​​​ថ្ងៃទី​​​២៣​​ ​ខែកក្កដា​​​ថា​​​តើ​​​លោក​​​ពិត​​​ជា​​​ជឿ​​​ជាក់​​​ថា លោក​​​ ហ៊ុន ​​​សែន ផ្លាស់​​​ប្តូរ​​មែន​ឬ។

លោក សម រង្ស៊ី បាន​​​ឆ្លើយ​​​តប​​​ថា “បាទ​​​ខ្ញុំ​​​ជឿ​​​ជាក់​​​ដូច្នេះ​​​។ជា​​​ពិសេស​​​ លោក ​​​ហ៊ុន ​​​សែន ​​​ចង់​​​ផ្ទេរ​​​អំណាច​​​។ វា​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​អាយុ​​​​​​ ជាការ​​​ទទួល​​​ស្គាល់​​​ថា របប​​​របស់​​​លោក​​​កំពុង​​​ដើរ​​​ទៅ​​​​​​រក​​​ទី​​​បញ្ចប់​​​។ លោក ហ៊ុន សែន ចង់​​​ឲ្យ​​​​​​កូន​​​របស់​​​គាត់​​​ស្គាល់​​​កូន​​​របស់​​​ខ្ញុំ​​​ ហើយ​​​ថា​​​ ពួ​​​​​កគេ​​​បាន​​​រៀន​​​និយាយ​​​ជាមួយ​​​គ្នា​​​ ដូច្នេះ​​​ពួក​​​គេ​​​អាច​​​ធ្វើ​​​ការ​​​ជាមួយ​​​គ្នា​​​បាន​​​”។

លោក សម រង្ស៊ី បាន​​​មា​​​ន​​​ប្រសាសន៍​​​បន្ថែម​​​ថា “គាត់​​​ដឹង​​​ថា កូន​​​របស់​​​គាត់​​​នឹង​​​មិន​​​អាច​​​ដឹក​​​នាំ​​​ប្រទេស​​​ដោយ​​​ប្រើ​​​កណ្តាប់​​​ដៃ​​​ដែក ដូច​​​​ដែល​​​គាត​​​់​​​ធ្លាប់​​​ប្រើ​​​នោះ​​​ឡើយ​​​។ ​​​គាត់​​​ចង់​​​ឲ្យ​​​កូន​​​របស់​​​គាត់​​​បន្ត​​​អាជីព​​​នយោ​​​បាយ​​​នៅ​​​ក្នុង​​​បរិបទប្រជា​​​ធិបតេយ្យ​​​”។

លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក សម រង្ស៊ី​​​ គ្មាន​​​យុត្តិធម៌​​​ដោយ​​​យក​​​រឿង​​​ទទួល​​​ទាន​​​អាហារ​​​ពេល​​​ល្ងាច​​​ទៅ​​​និយាយ​​​​​​អំពី​​​ឥរិយាបថ​​​ និង​​​អតីត​​​កាល​​​របស់​​​លោក។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សូម​​​្បី​​​តែ​​​បញ្ហា​​​ទំនាក់​​​ទំនង​​​គ្រួសារ​​​​​​របស់​​​យើង​​​ទាំង​​​ពីរ​​​ក៏​​​យក​​​ប្រៀប​​​ខាង​​​នយោបាយ​​​ចំពោះ​​​ខ្ញុំ​​​ដែរ​​​”។ ​​​លោក​​​ ហ៊ុន សែន ក៏​​​បាន​​​ជម្រាប​លោក​​​ស្រី​​​ ជូឡុង សូមួរ៉ា ភរិយា​​​លោក​​​ សម រង្ស៊ី​​​ និង​​​ជា​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោ​​​ះ​​​ជាតិ ដែល​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​កាល​​​ពី​​​ម្សិលមិញ​​​ឲ្យ​​​ធានា​​​ថា ​​​លោក សម រង្ស៊ី ចេះ​​​មាន​​​​​​ការ​​​គោរព​​​នៅ​​​ថ្ងៃ​​​អនាគតផងដែរ​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សង្ឃឹម​​​ថា លោកជំទាវ​​​ប្រដៅ​​​ប្តី​​​ផង​​​”។

ប៉ុន្តែ លោក ហ៊ុន សែន មាន​​​ប្រតិកម្ម​​​មិន​​​សូវ​​​ខ្លាំង​​​ឡើយ​​​ចំពោះព័ត៌​​​មាន​​​ផ្សេង​​​ៗ​​​។ នៅ​​​ក្នុង​​​សុន្ទរកថា​​​មួយ​​​​​​​​​​​​ទៅ​​​កាន់​​​អ្នក​​​គាំទ្រ​​​ដែល​​​ជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​រស់​​​នៅក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​ កាល​​​ពី​​​ចុង​​​សប្តាហ៍​​​ លោក សម រង្ស៊ី បាន​​​ចាត់​​​ទុក​​​រដ្ឋាភិបាល​​​របស់​​​លោក ហ៊ុន សែន​​​ ថា ​​​”ផ្តាច់​​​ការ” ។

លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា “​សូម​​​ប្រាប់​ត្រឡប់​​​ទៅវិញទៅ​​​​ អាភាសា​​​​​’ផ្តាច់​​​ការ​​​’ ខ្ញុំឮយូរ​ហើយតើ​[បីទសវត្សរ៍​​​មក​​​ហើយ] វា​​​គ្មាន​​​អ្វី​​​ប្លែក​​​ទេ​​​”។ លោក​​​ ហ៊ុន​​​ សែន​​​ក៏បាន​​​ច្រាន​​​ចោល​​​ការ​​​លើក​​​ឡើង​​​របស់​​​មេ​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​អំពីការ​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​ និង​​​ភាព​​​មិន​​​ប្រក្រតី​​​នៅ​​​​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ដ៏ចម្រូង​​​ចម្រាស​កាល​​​ពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៣​​​​​​ផង​​​ដែរ​​​។

លោក​​​ថ្លែង​​​ថា “ឥឡូវ​​​អស់​​​អី​​​និយាយ​​​ហើយ​​​ ​​​វិល​​​មក​​​រឿង​​​ដើម​​​ដដែល​​​លួច​​​សន្លឹក​​​ឆ្នោត​​​ស្អីចឹង​​​ ហើយ​​​ចុះ​​​បើ​​​លួច​​​ម៉េច​​​ ​​​ ក៏​​​ខំ​​​ចូល​​​សភា​​​ធ្វើ​​​អី​​​ ឥឡូវ​​​ចេញ​​​ទៅ​​​វិញ​​​ទៅ​​​”៕​​​ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស