29.6 C
Phnom Penh

បុរស​បី​នាក់​​សម្លាប់​​បុរស​ម្នាក់​ដែល​ខ្លួន​សង្ស័យ​ថាជា​គ្រូអាបធ្មប់​ ដោយ​ផ្អែក​លើ​សម្ដី​របស់​គ្រូទាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​​កាលពី​ម្សិលមិញ​ថា បុរស​បី​នាក់​​ដែល​​ជឿ​ថា ​​សាច់​ញាតិ​របស់​ខ្លួន​​បាន​ស្លាប់​ដោយសារ​អំពើ​អាប​ធ្មប់​​ ត្រូវ​បាន​បញ្ជូន​ទៅ​​​សាលា​ដំបូង​ខេត្ត​កំពង់ ឆ្នាំង​នៅ​ក្នុង​ថ្ងៃ​េនះ​ពីបទ​សម្លាប់​បុរស​ម្នាក់​ដែល​ពួកគេ​គិត​ថា ​ជា​អ្នក​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ទាំង​​​នោះ​​​ស្លាប់ ​​​ និង​​​​​ដែល​​ត្រូវ​បាន​​​​បញ្ជាក់​​​ភិន​​​ភាគ​​​ដោយ​​​​គ្រូទាយ​ម្នាក់​។

​​យោង​តាម​លោក លីវ ប៊ុនសុង អធិការ​រង​នគរ​បាល​ស្រុក​ទឹក​ផុស បាន​ឲ្យ​ដឹង​ថា នគរ​បាល​​បាន​រក​ឃើញ​សព​របស់​ ម៉ឹស ថាន ​អាយុ​៤៩​ឆ្នាំ ក្បែរ​ទន្លេ​ក្នុង​ស្រុក​ទឹក​ផុស​កាលពី​ថ្ងៃ​ពុធ ដោយ​ដៃ​ជាប់​ចំណង និង​ក្បាល​​ជិត​ដាច់​ពី​ខ្លួន​ទៅ​ហើយ។ ហើយ​​នៅ​ថ្ងៃ​ពុធ​ដដែល​នោះ នគរ​បាល​បាន​ចាប់​ខ្លួន​បុរស​​​បី​នាក់​​​​[ក្នុង​នោះ​ពីរ​នាក់​ជា​បង​ប្អូនបង្កើត​នឹង​គ្នា​ម្នាក់​ឈ្មោះ ឃឹម សុឃីម អាយុ​២២​ឆ្នាំ និង​ម្នាក់​ទៀត​​​​ឈ្មោះ ឃឹម សុខា អាយុ​២១​ឆ្នាំ​ ហើយ​បុរស​ទី៣​ឈ្មោះ ដួង ចិត្រា អាយុ​១៨​ឆ្នាំ​] ដែល​​​​បាន​ប្រាប់​អ្នក​ស៊ើបអង្កេត​ថា ពួកគេ​បាន​សម្លាប់​ ម៉ឹស ថាន ព្រោះ​គាត់​​បាន​ធ្វើ​អំពើ​បណ្ដាល​ឲ្យ​សាច់​ញាតិ​ពីរ​នាក់​របស់​ពួកគេ​ស្លាប់​។

លោក​​​មាន​ប្រសាសន៍​ដោយ​រៀបរាប់​អំពី​ ការ​សារភាព​របស់​ជន​សង្ស័យ​​ថា​”​ជន​សង្ស័យ​បាន​ប្រើ​ដំបង​វាយ​ជន​រងគ្រោះ បន្ទាប់​មក​​ចង​ដៃ​ ហើយ​យក​ពូថៅ​កាប់​ជន​រងគ្រោះ​រូប​នេះ​ស្ទើរ​ដាច់​ក្បាល​។ យើង​បាន​រក​ឃើញ​ដំបង និង​ពូថៅ​នៅ​កន្លែង​កើត​ហេតុ​”។

អធិការ​រង​នគរ​បាល​ស្រុក​រូប​េនះ​បាន លើក​ឡើង​ទៀត​ថា ​បងប្អូន​ប្រុស​ទាំង​ពីរ​នាក់​នេះ​​​បាន​ទៅ​ជួប​​គ្រូទាយ​ម្នាក់​ប្រហែល​១ខែ​មុន​ដើម្បី​ចង់​​ដឹង​ថា តើ​ការឈឺ​រហូត​ដល់​ស្លាប់ របស់​ឪពុក​ក្មេក​ និង​​​សាច់​​​ថ្លៃ​​ពួកគេ​​កាលពី​​ប្រហែល​២​ឆ្នាំ​មុន​បណ្តាលមកពីមូល​ហេតុអ្វី​។

លោក​ លីវ ប៊ុនសុង បាន​មាន​ប្រសាសន៍​ថា “​គ្រូទាយ​រូប​នោះ​​បាន​ប្រាប់​ពួកគេ​ថា ​មាន​មនុស្ស​ម្នាក់​​ដែល​រស់​នៅ​ក្បែរ​ពួកគេ​បាន​ធ្វើអំពើ​ដាក់​សាច់​ថ្លៃ​របស់​ពួកគេ”។ លោក​បាន​បន្ថែម​ទៀត​ថា គ្រូទាយ​រូប​នោះ​មិន​បាន​ប្រាប់​ឈ្មោះ​អ្នក​ធ្វើ​អំពើ​ដល់​បង​ប្អូន​​​ប្រុស​ទាំង​ពីរ​នាក់​នេះ​ទេ ប៉ុន្តែ​គាត់​បាន​ប្រាប់ពី​​ភិនភាគ​​របស់​​អ្នក​ធ្វើ​អំពើ​រូប​នោះ​។

ពីរ​បី​សប្ដាហ៍​​ក្រោយ​មក បង​ប្អូន​ប្រុស​ទាំង​ពីរ​នាក់​នេះ​បាន​កំណត់​ថា ម៉ឹស ថាន ​គឺជា​គោល​ដៅ​របស់​ខ្លួន ហើយ​បាន​​បញ្ចុះ​បញ្ចូល​​ឲ្យ​ ដួង ចិត្រា ​ដែល​រស់​នៅ​ក្នុង​ភូមិ​មោង​ ឃុំ ក្បាលទឹក​​ឲ្យ​ជួយ​សង​សឹក​។

លោក​បាន​មាន​ប្រសាសន៍​ថា “​នៅ​ម៉ោង​ប្រហែល​៣​រសៀល​​ [ថ្ងៃ​អង្គារ​] ពួកគេ​បាន​បញ្ចុះ​បញ្ចូល​ជន​រងគ្រោះ​​ឲ្យ​ទៅ​ផឹក​ស្រា​ជាមួយ​គ្នា​នៅ​​ក្នុង​ខ្ទម​មួយ​​​ដែល​ស្ថិត​នៅ​វាល​ស្រែ​”។ បន្ទាប់ពី​ផឹកស្រាស​អស់​​​​ជាច្រើន​លីត្រ “​ជន​សង្ស័យ​បាន​សួរ​ជន​រងគ្រោះ​ថា ‘​តើ​អ្នក​ចេះ​ធ្វើ​អំពើ​ដូច​គ្រូអាបធ្មប់​ដែរ​ឬទេ​?’”។ ម៉ឹស ថាន បាន​និយាយ​ថា​ទេ ប៉ុន្តែ​ពួកគេ​នៅ​តែ​សម្លាប់​គាត់​​ចោល​។

លោក ប៉ុល វុទ្ធី ស្នង​ការ​រង​ខេត្ត​នេះ​​បាន​​លើក​ឡើង​ថា ជន​សង្ស័យ​ទាំង​នេះ​កំពុង​ឃុំ ឃាំង​នៅ​ស្នងការដ្ឋាននគរ​បាលខេត្ត​​​​​ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​នៅ​ថ្ងៃ​នេះ។

លោក លីវ ប៊ុនសុង បាន​លើកឡើង​ទៀត​ថា តុលាការ​​ត្រូវតែ​ធ្វើការ​សម្រេច​ថា​តើ​ត្រូវ ​សាកសួរ​គ្រូទាយ​​នោះ​​​ឬយ៉ាង​ណា​៕ ស៊ុយឈាង​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស