39.4 C
Phnom Penh

កាកបាទ​ក្រហម​បើក​ដំណើរ​ការ​​សណ្ឋាគារ​ដ៏ទំនើប​​​នៅ​ក្នុង​ខេត្តព្រះវិហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា   លោក   ប៉ា   សុជាតិ​​​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ ​និង​​ជា​ប្រធាន​​កាក​​​បាទ​ក្រហម​កម្ពុជា​សាខា​រាជធានី​ភ្នំពេញ ​​បាន​​​​ធ្វើជា​អធិបតីក្នុង​ការ​បើក​ឲ្យ​ដំណើរ​ការ​សណ្ឋាគារ​​កម្ពស់​ប្រាំមួយជាន់​ដ៏​ទំនើប​​នៅ​​ក្នុង​ក្រុង​ព្រះវិហារ​កាលពី​ម្សិលមិញ​។

យោងតាម​កាកបាទ​ក្រហម​កម្ពុជាបាន​ឲ្យដឹងថា​ សណ្ឋាគារ​ឈ្មោះ ហ្គ្រីនភែលេស​ ព្រះ​​​វិហារ​ (Green Palace Hotel) ​ដែល​ត្រូវ​បាន​សាង​សង់​អស់រយៈ​ពេល​​៣ឆ្នាំ ហើយ​​ជា​គម្រោង​រួម​គ្នា​​រវាង​កាកបាទ​ក្រហម​កម្ពុជា​សាខារាជធានី​​ភ្នំពេញ និង​កាកបាទ​​ក្រហម​​​កម្ពុជា​​​សាខា​ខេត្ត​ព្រះវិហារ នឹង​រក​​ប្រាក់​ចំណូល​ជូន​អង្គការ​មនុស្ស​ធម៌​នេះ​។

ដោយ​បដិសេធ​មិន​ធ្វើអត្ថាធិប្បាយ​បន្ថែម​​​​ ​លោកស្រី ម៉ែន នារីសុភ័គ អ្នក​នាំពាក្យ​​កាក​​​ បាទ​ក្រហម​កម្ពុជា​បានមាន​ប្រសាសន៍​ថា “​ខ្ញុំ​សង្ឃឹម​ថា យើង​​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ពី​សណ្ឋាគារ​នេះ​”។

លោក រ័ត្ន សុភា ប្រធាន​ស្ដីទី​កាកបាទ​ក្រហម​កម្ពុជា​សាខាខេត្ត​​ព្រះវិហារ​បាន​លើក​​​​ឡើង​ថា សណ្ឋាគារ​ថ្មី​នេះ​មាន​​៨០​ បន្ទប់   ហើយ​​​ ​ថា ប្រាក់​ចំណូល​​ដែល​ទទួល​បាន​​ពី​សណ្ឋាគារ​នេះ​​ នឹង​បញ្ចូល​ទៅ​ក្នុង​ប្រអប់​​កាកបាទ​ក្រហម​​​​​សាខា​ទាំង​ពីរ​នេះ​។

លោក​បានថ្លែង​​​ថា “​នេះ​គឺ​ជា​សណ្ឋាគារ​ដ៏ទំនើប​​បំផុត​នៅ​ក្នុង​ខេត្ត​ព្រះ​​​វិហារ”។

លោកស្រី ពុំ ចាន់ទីនី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​​​ដែល​រៃអង្គាស​ប្រាក់​បាន​ជាង​១៣​លាន​​ដុល្លារ​​នៅ​ក្នុង​​​ពិធីបរិច្ចាគ​ប្រចាំ​ឆ្នាំ​​​កាលពី​ខែ​ឧសភា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​ទាក់​ទិន​នឹង​មូលនិធិ​ ឬ​ប្រាក់​ចំណេញ​នាពេល​អនាគត​របស់​សណ្ឋាគារ​នេះ​ឡើយ។

កាលពី​ខែ​មេសា ឆ្នាំមុន លោក​​​ អ៊ុយ​​​ សំអាត ​​​ប្រធាន​ផ្នែក​ឆ្លើយ​តប​គ្រោះ​មហន្តរាយ​​នៅ​កាកបាទ​ក្រហម​កម្ពុជា​បាន​លើក​ឡើង​ថា មូលនិធិ​សម្រាប់​បង្កើត​សណ្ឋាគារ​នៅ​​ក្នុង​​​​​ខេត្ត​ព្រះវិហារ​នេះ​ “​បាន​មក​ពី​មនុស្ស​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក ប៉ា សុជាតិវង្ស”។

​ដោយ​ដឹកនាំ​ដោយ​លោក​ស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាកបាទ​ក្រហម​កម្ពុជា​ ត្រូវ​បាន​​មជ្ឈដ្ឋាន​ទូទៅ​មើល​ឃើញ​ថា​​​ មាន​ជាប់​ពាក់​​ព័ន្ធ​រឿង​នយោបាយ ដោយ​សារ​មាន​ទំនាក់​ទំនង​ជា​​​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​​​សកម្មភាព​មួយ​​ដែល​ផ្ទុយ​ទៅ​នឹង​បទប្បញ្ញត្តិ​​​របស់​ទីភ្នាក់​ងារ​មនុស្ស​​ធម៌​ពិភព​លោក​។

លោកស្រី ពុំ ចាន់ទីនី បាន​រិះគន់​​អ្នកយក​ព័ត៌មាន​កាលពី​ខែ​ឧសភា ដោយ​សារ​ការ​លើក​​​​ឡើង​យ៉ាង​ច្រើន​បែប​នេះ​​ ទោះបី​ជា​

លោកស្រី ប៊ុន រ៉ានី ​ធ្លាប់​ថ្លែង​​គាំទ្រ​គណបក្ស ប្រជាជន​កម្ពុជា​​អំឡុង​ពិធីផ្ដល់​ជំនួយ​មនុស្ស​​​ធម៌​ពីមុនៗ​មក​ក៏ដោយ។

កាលពី​ខែ​មេសា​ឆ្នាំ​មុន លោក ឡោ ចាន់ ​អ្នក​សម្រប​សម្រួល​​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះវិហារ ​បាន​លើក​ឡើង​ថា លោក ប៉ា សុជាតិវង្ស និង​ក្រុម​របស់​លោក​​ប្រហែល​ជា​សម្រេច​​​​សាង​សង់​សណ្ឋាគារ ​​ជ្រក​ក្រោម​ស្លាក​កាកបាទ​ក្រហម​​ ដើម្បី​គេច​ពី​ការ​បង់​ពន្ធ​។

កាលពី​ម្សិលមិញ លោក ឡោ ចាន់ ​បាន​លើក​ឡើង​ថា អង្គការ​របស់​លោក​នឹង​​ឃ្លាំ​មើល​​សណ្ឋាគារ​នេះ​។ លោក​មាន​ប្រសាសន៍​ ថា “​តាម​គំនិត​របស់​ខ្ញុំ ប្រាក់​ចំណូល​ដែល​បាន​មក​ពី​សណ្ឋាគារ​នេះ​​នឹង​មិន​ទៅ​ដល់​កាកបាទ​ក្រហម​កម្ពុជា​១០០​ភាគរយ​ឡើយ ហេតុ​ដូច្នេះ​យើង​​នឹង​បន្ត​ឃ្លាំមើល​​”៕ ស៊ុយឈាង​​​​​​​

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស