កាលពីម្សិលមិញ លោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុដ៏មានប្រជាប្រិយបានរៀបចំសមាជគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យថ្មីរបស់លោកជាលើកដំបូង ដែលនៅក្នុងសមាជនោះលោកបានជាប់ឆ្នោតជាប្រធាន និងបានធ្វើការសន្យាមួយចំនួន រួមមានដូចជាបញ្ចុះតម្លៃអាហារសម្រាប់ទាហាន និងយកវៀតណាមខាងត្បូងឲ្យប្រទេសកម្ពុជាវិញប្រសិនបើគណបក្សរបស់លោកឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨។
លោកបានប្រាប់ក្រុមអ្នកគាំទ្រប្រហែល១.០០០នាក់ ដែលបានមកជួបជុំគ្នានៅគេហដ្ឋានរបស់លោកក្នុងខេត្តកណ្តាលថា ”ក្រោយភ្លៀង ព្រះអាទិត្យបញ្ចេញពន្លឺ។ ខ្ញុំបាននិងកំពុងសង្កេតមើលតាំងពីឆ្នាំ១៩៧០ ហើយព្រះអាទិត្យមិនទាន់មានពន្លឺលេចឡើងក្នុងចិត្តរបស់ប្រជាជនទេ។ ខ្ញុំមើលឃើញតែភាពងងឹត ការរងទុក្ខ និងការបង្ហូរឈាមរវាងជាតិសាសន៍របស់យើង”។
លោកបានចោទគណបក្សប្រឆាំងថា “ទន់ភ្លន់” ពេកជាមួយគណបក្សប្រជាជនកម្ពុជាចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣មក ហើយបានសន្យាថា នឹងធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យ ត្រង់ចំណុចដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សមិនអាចធ្វើបាន។
លោកបានមានប្រសាសន៍ថា “មិនថាបញ្ហាព្រំដែន ឬបញ្ហាអ្វីផ្សេងទេ ខ្ញុំមានដំណោះស្រាយ។ ពួកគាត់ទាំងពីរ មិនអាចរកដំណោះស្រាយបាន ប៉ុន្តែ ម៉ម សូណង់ដូ អាច”។
ក្នុងពេលប៉ុន្មានខែថ្មីៗនេះ គណបក្សសង្គ្រោះជាតិបានដឹកនាំយុទ្ធនាការដ៏ខ្លាំងមួយប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជាទាក់ទិននឹងការទន្ទ្រានទឹកដីនៅតាមបណ្តោយព្រំដែនពីសំណាក់វៀតណាម ដោយបានត្រឹមតែធ្វើឲ្យតំណាងរាស្ត្ររបស់ខ្លួនម្នាក់ជាប់ពន្ធនាគារ ហើយមេដឹកនាំមួយចំនួនទៀត រងការគំរាមចាប់ដាក់ពន្ធនាគារបន្ថែមពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សូណង់ដូ បាននិយាយទៀតថា លោកនឹងធ្វើច្រើនជាងនេះទៀត ប្រសិនបើលោកជាប់ឆ្នោត ដោយយកមកវិញនូវទឹកដីកម្ពុជាក្រោមទាំងអស់ ដែលឥឡូវនេះជាផ្នែកមួយនៃវៀតណាមខាងត្បូង និងកោះភូគុក ដែលនៅកម្ពុជាហៅថា កោះត្រល់។ដោយប្រើសេចក្តីសម្អប់វៀតណាមជាល្បោយលោកបានសន្យាយកទឹកដីនោះមកវិញពី ”ឆ្កែ” វៀតណាម ហើយបានបន្ទោសប្រទេសបារាំងដែលបានប្រគល់វាទៅឲ្យពួកគេ អំឡុងពេលដែលតំបន់នោះស្ថិតនៅក្រោមអាណានិគមរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា ”ខ្ញុំប្រៀបធៀបវាទៅនឹងមនុស្សម្នាក់ដែលឲ្យនំឆ្កែស៊ី ហើយឆ្កែ គឺដូចយួននៅពេលវាស៊ីនំ។ នៅពេលយើងឈ្លោះជាមួយឆ្កែ ឆ្កែនឹងមិនខ្ជាក់ឡើយ។ ប៉ុន្តែ ខ្ញុំនឹងរកអ្នកដែលឲ្យនំទៅឆ្កែនោះស៊ី”។

លោក សូណង់ដូ ដែលមានសញ្ជាតិបារាំងមានប្រសាសន៍បន្ថែមថា ”ដើម្បីដោះស្រាយបញ្ហានេះ ខ្ញុំនឹងតវ៉ាទៅរដ្ឋាភិបាលបារាំងព្រោះខ្មែរនៅក្រោមអាណានិគមបារាំង។ ពេលពួកគេបញ្ចប់ការគ្រប់គ្រងលើខ្មែរ វាជាទឹកដីខ្មែរ។ ហេតុអ្វីបានជាពួកគេបណ្តោយឲ្យយួនយកវា?”។
ម្ចាស់ស្ថានីយវិទ្យុរូបនេះ ដែលដំណើរការមូលនិធិមនុស្សធម៌ជួយពលរដ្ឋទូទាំងប្រទេសរាប់ឆ្នាំ ក៏បាននិយាយដែរថា លោកនឹងជំរុញឲ្យមានច្បាប់មួយដើម្បីការពារអ្នកស្រឡាញ់ភេទដូចគ្នា និងច្បាប់មួយទៀតហាមឃាត់នគរបាលនិងទាហាន មិនឲ្យវាយអ្នកតវ៉ា ដែលជាទង្វើធម្មតាទៅហើយនោះ។
លោកបានមានប្រសាសន៍ថា “ប៉ូលិស គឺសម្រាប់រក្សាសន្តិសុខឲ្យប្រជាជន។ យោធាគឺសម្រាប់ការពារអធិបតេយ្យភាពទឹកដី។ ខ្ញុំនឹងមិនអនុញ្ញាតឲ្យប៉ូលិស ឬទាហានវាយធ្វើបាបប្រជាជនឡើយ នៅពេលដែលពួកគាត់ធ្វើបាតុកម្មទាមទារសិទ្ធិរបស់ខ្លួន ឬប្រាក់ខែខ្ពស់នោះ។ ខ្ញុំនឹងបង្កើតច្បាប់មួយហាមប្រាមការវាយធ្វើបាប”។
ដើម្បីកុំឲ្យទាហានមានអារម្មណ៍ថា ខ្លួនគឺជាគោលដៅ លោកក៏បានសន្យាផ្តល់ឲ្យពួកគេនូវការបញ្ចុះតម្លៃ២០ភាគរយលើម្ហូបអាហារផងដែរ។
គណបក្សសំបុកឃ្មុំជាគណបក្សមួយក្នុងចំណោមគណបក្សថ្មីចំនួនប្រាំ ដែលបានចូលប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំនេះ។ អ្នកសង្កេតការណ៍មួយចំនួនជឿថា គណបក្សប្រជាជនកម្ពុជានឹងព្យាយាមប្រើគណបក្សនេះដើម្បីអូសទាញការគាំទ្រចេញពីគណបក្សសង្គ្រោះជាតិ ដែលចាញ់យ៉ាងប្រផិតប្រផើយក្នុងការបោះឆ្នោតកន្លងមកនេះ។ប៉ុន្តែ លោក ហៀង រិទ្ធី ជាអនុប្រធានម្នាក់ក្នុងចំណោមអនុប្រធានពីរនាក់របស់គណបក្សនេះដែលជាប់ឆ្នោតនៅក្នុងសមាជនោះដែរ បានបដិសេធការលើកឡើងដូច្នេះ។
លោកបាននិយាយថា ”យើងបានមើលឃើញភាពគ្មានសង្ឃឹមជាច្រើនអាណត្តិមកហើយ ប៉ុន្តែ ភាពគ្មានសង្ឃឹមក្នុងអាណត្តិទី៥ គឺចប់ហើយ។ ដូចដែលលោក ម៉ម សូណង់ដូបាននិយាយ យើងបានឃើញគណបក្សកាន់អំណាចបាញ់បាតុករជាច្រើននាក់ស្លាប់ ធ្វើឲ្យពួកគាត់របួស និងចាប់ពួកគាត់ដាក់ពន្ធនាគារ ដូច្នេះមិនមានការគោរពសិទ្ធិមនុស្សទេ”។
លោក ជឿម ហុង ដែលបានធ្វើដំណើរមកពីខេត្តកំពង់ចាមដើម្បីចូលរួមសមាជនេះបាននិយាយថា គាត់បានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៣ ប៉ុន្តែ តាំងពីពេលនោះមកបានស្រងាកចិត្តនឹងគណបក្សនេះ។
លោកនិយាយថា ”ពួកគេជិះសេះលែងដៃ។ ខ្ញុំគាំទ្រ ម៉ម សូណង់ដូ ពីព្រោះគាត់ជាអ្នកប្រជាធិបតេយ្យពិតប្រាកដ និងជួយក្រុមអ្នកភូមិ។ ខ្ញុំនឹងបោះឆ្នោតឲ្យគាត់ក្នុងការបោះឆ្នោតលើកក្រោយ”៕និត