កាលពីម្សិលមិញ ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់សភាបានស្នើឲ្យលោកអឹុម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ធ្វើអន្តរាគមន៍តាងនាមអ្នកភូមិពីរនាក់ដែលត្រូវបានចាប់ខ្លួននៅពេលវិលត្រឡប់មកខេត្តកំពតវិញកាលពីថ្ងៃអង្គារ ក្រោយពីធ្វើការតវ៉ានៅរាជធានីភ្នំពេញ។

ថ្លែងទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ពីការប្រជុំបិទទ្វាររយៈពេល៣ម៉ោង លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សប្រឆាំងបានមានប្រសាសន៍ថា លោកបានកោះហៅលោក អឹុម ឈុនលឹម ដើម្បីស្នើឲ្យគាត់ធ្វើអន្តរាគមន៍ តាងនាមអ្នកភូមិពីរនាក់ និងស្ត្រីម្នាក់ទៀតដែលកំពុងត្រូវគេឃុំខ្លួនអស់រយៈពេលប្រហែល២ខែ ពីបទចោទប្រកាន់ទាក់ទិននឹងវិវាទដីធ្លីក្នុងក្រុងភ្នំពេញ។
លោក អេង ឆៃអ៊ាង បានមានប្រសាសន៍ថា “គណៈកម្មការនេះបានស្នើឲ្យទេសរដ្ឋមន្ត្រីរូបនេះជួយអន្តរាគមន៍ដោះលែងអ្នកជាប់ឃុំបីនាក់នេះ។ ជាធម្មតា ប្រសិនបើពួកគេចង់ចាប់ខ្លួនប្រជាជនពាក់ព័ន្ធនឹងបញ្ហាដីធ្លីពួកគេត្រូវបង្កើតការជាប់ពាក់ព័ន្ធទៅនឹងបញ្ហាេនះ”។
លោកបានបន្ថែមថា “ក្រុមអ្នកតវ៉ាអំពីបញ្ហាដីធ្លី [នៅកំពត] ត្រូវបានចោទប្រកាន់ថា បានរារាំងមន្ត្រីសាធារណៈ… ពួកគាត់ត្រូវបានគេភ្ជាប់ទៅនឹងរឿងផ្សេងទៀត ប៉ុន្តែ ប្រភពដើមគឺមកពីបញ្ហាដីធ្លី”។
លោក អឹុម ឈុនលឹម បានប្រាប់អ្នកយកព័ត៌មានថា ករណីវិវាទដីធ្លីប្រាំពីរកន្លែងត្រូវបានលើកយកមកពិភាក្សាអំឡុងការប្រជុំនោះ ហើយថា ក្រសួងរបស់លោកនឹងពិនិត្យ ឡើងវិញអំពីការចាប់ខ្លួននៅខេត្តកំពត។
លោកបានមានប្រសាសន៍ថា “ទាក់ទងទៅនឹងការចាប់ខ្លួន និងការឃុំខ្លួន ពួកគេផ្អែកលើក្របខ័ណ្ឌច្បាប់ ហើយយើងសន្យានឹងពិនិត្យរឿងទាំងនោះឡើងវិញជាមួយអ្នកជំនាញរបស់យើងក្នុងក្រសួងនេះ”។
លោក ហីុង ឈុំ នាយរងការិយាល័យព្រហ្មទណ្ឌខេត្តកំពត បានបញ្ជាក់ថា លី គឹមធុយ អាយុ៣៤ឆ្នាំ និង លី គឹមហៀង អាយុ៤៧ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងឃុំតេជោអភិវឌ្ឍន៍នៅស្រុកឈូកកាលពីថ្ងៃអង្គារ ព្រោះរារាំងមន្ត្រីសាធារណៈ។
លោក ឈុំ បាននិយាយថា បុរសទាំងនោះបានរារាំងក្រុមចម្រុះមួយដែលមានមន្ត្រីខេត្ត មន្ត្រីរៀបចំដែនដី នគរបាល និងកម្លាំងកងរាជអាវុធហត្ថមិនឲ្យវាស់វែងដីប៉ុន្តែ លោកបាននិយាយថា លោកមិនបានដឹងថ្ងៃនៃការប្រព្រឹត្តទេ។
លោក ឈុំ បាននិយាយថា “ប៉ូលិសបានប្រគល់ពួកគាត់ទៅឲ្យកម្លាំងកងរាជអាវុធហត្ថ ខេត្តដើម្បីរៀបចំឯកសារបញ្ជូនទៅតុលាការ”។
លោក ខាន់ សុផល ព្រះរាជអាជ្ញារងខេត្តបាននិយាយថា បុរសទាំងពីរនាក់នោះត្រូវបានសាកសួរនៅតុលាការកាលពីម្សិលមិញ និងបានត្រឡប់ទៅកន្លែងឃុំខ្លួនរបស់កងរាជអាវុធហត្ថវិញ ហើយការសាកសួរគ្រោងនឹងធ្វើបន្តនៅថ្ងៃេនះ។
ការចាប់ខ្លួនពួកគាត់បានធ្វើឡើង បន្ទាប់ពីអ្នកទាំងពីរបានវិលត្រឡប់មកពីការតវ៉ានៅភ្នំពេញកាលពីថ្ងៃច័ន្ទ ដែលនៅទីនោះពួកគាត់បានតវ៉ានៅទីលានប្រជាធិបតេយ្យ និងបានដាក់ញត្តិនៅរដ្ឋសភាដោយអំពាវនាវសុំឲ្យមានការធានាថា ប្រជាពលរដ្ឋ៨១៦គ្រួសារ នឹងទទួលបានសម្បទានដីសង្គមកិច្ចទំហំ១.៣៣៧ហិកតា ដែលគេសន្យាឲ្យ។
បើទោះជាអាជ្ញាធរបានបញ្ជាក់ថា ដីនោះនឹងត្រូវកំណត់ព្រំដែនតាមផែនការគ្រោងទុកក៏ដោយ ក៏តំណាងប្រហែល២០០នាក់នៃគ្រួសារទាំងនោះបានមកភ្នំពេញដោយ តវ៉ាថា ដំណើរការកំណត់ព្រំដីត្រូវបានធ្វើឡើងដោយគ្មានតម្លាភាពដែរ ដោយមានការបារម្ភកាន់តែខ្លាំងថា ដីរបស់ពួកគាត់នឹងត្រូវឲ្យទៅទាហានចូលនិវត្តន៍ដែលក៏ត្រូវបានគេសន្យាឲ្យដីក្នុងតំបន់នោះដែរ។
អំឡុងកិច្ចប្រជុំកាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានមានប្រសាសន៍ថា លោកក៏បានផ្តល់តួលេខអំពីការសម្រេចបាននៅពេលថ្មីៗនេះរបស់រដ្ឋាភិបាលក្នុងការបែងចែកដីជូនប្រជាជន។
លោក អឹុម ឈុនលឹម បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១២ និង២០១៣ ប្រជាពលរដ្ឋប្រហែល៤០០.០០០គ្រួសារត្រូវបានគេឲ្យមករស់នៅលើដី១,២លានហិកតា។
លោកបានបន្ថែមថា ក្រសួងមានផែនការកំណត់ក្បាល ដីសម្រាប់ប្រជាជន២០០.០០០គ្រួសារ ផ្សេងទៀតលើផ្ទៃដី១,៨លានហិកតា៕ និត