កាលពីម្សិលមិញ សាក្សីម្នាក់នៅសាលាក្តីខ្មែរក្រហមបានរៀបរាប់ប្រាប់តុលាការពីរបៀបដែលខ្លួនបានជួយយាមខ្មែរអិុស្លាមរាប់រយនាក់ក្នុងខេត្តកំពង់ចាម មុនពេលពួកគាត់ត្រូវបានកម្ទេចអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ។

លោក សែន ស៊្រុន អាយុ៦៦ឆ្នាំ ដែលមាន ភារកិច្ចឡើងត្នោតនៅក្នុងកងចល័តមួយ បាននិយាយថា គាត់ត្រូវបានកម្មាភិបាល ខ្មែរក្រហមក្នុងឃុំពាមជីកង ស្រុកកងមាស ឲ្យជួយយាមអ្នកភូមិខ្មែរអិុស្លាម ខណៈដែលពួកគាត់ត្រូវបានចាប់ប្រមូល និងដឹកយកទៅមន្ទីរសន្តិសុខវត្តអូរត្រកួនក្នុងខែមីនា ឬខែមេសាឆ្នាំ១៩៧៧។
លោក ស្រ៊ុន បាននិយាយអំឡុងពេលសាកសួររបស់ជំនួយការព្រះរាជអាជ្ញា ដាឡេ លីសាក់ ថា “នៅពេលខ្ញុំជិតទៅដល់ផ្លូវធំទៅហើយ ខ្ញុំបានឃើញខ្មែរអិុស្លាមត្រូវគេចាប់ខ្លួន។ ខ្ញុំបានឃើញស្ត្រីម្នាក់ដែលកំពុងងូតទឹកជាមួយកុមារខ្មែរអិុស្លាម ត្រូវគេអូសទៅទ្វាររបងវត្ត។ ហើយខ្ញុំត្រូវគេប្រាប់ឲ្យយាមស្ត្រីរូបនេះ”។ លោកបាននិយាយថា ”ខ្មែរអិុស្លាមត្រូវបានគេនាំមកកាន់តំបន់នេះជាបន្តបន្ទាប់ជាទីដែលខ្ញុំបានឈរជើង ហើយខ្ញុំត្រូវគេចាត់តាំងឲ្យយាមខ្មែរអិុស្លាមទាំងនោះ ហើយខ្ញុំត្រូវគេព្រមានថា ប្រសិនបើខ្មែរអិុស្លាមណារត់រួច នោះខ្ញុំនឹងគ្រោះថ្នាក់ដល់ជីវិតមិនខាន”។
លោក ស្រ៊ុន បាននិយាយទៀតថា អ្នកទោសបុរស ”ត្រូវគេវាយនឹងដែកបំពង់ទីបដើម្បីព្រមានអ្នកផ្សេងទៀតកុំឲ្យតដៃ និងកំុឲ្យបះបោរ”មុនពេលអ្នកដែលត្រូវឃុំខ្លួនទាំងអស់នោះ ត្រូវបាននាំចូលទៅក្នុងវត្តអូរត្រកួន ហើយដាក់ច្រវាក់។
ដោយប៉ាន់ប្រមាណថា”ក្រុមដាវវែង” ជាកងកម្មាភិបាលមូលដ្ឋានដែលមានភារកិច្ចចាប់ខ្លួន ព័ទ្ធចាប់បានមនុស្សពី៤០០ទៅ៥០០នាក់រួមទាំងកុមារផងដែរនោះ លោកបាននិយាយថា ”នៅម៉ោងប្រហែល៧ ឬ៨យប់ ខ្មែរអិុស្លាមទាំងអស់នៅក្នុងឃុំត្រូវបានចាប់ខ្លួន។
លោក ស្រ៊ុន បាននិយាយទៀតថា ”បន្ទាប់ ពីខ្ញុំបានទៅដល់ផ្ទះវិញ មានការចាក់ចម្រៀងឮៗចេញពីវត្ត ហើយខ្ញុំគិតថា ខ្មែរអិុស្លាមទាំង នេះត្រូវគេសម្លាប់ចោលនៅយប់នោះ”។
លោកបានបន្ថែមថា នៅពេលព្រឹក បន្ទាប់ ពីការចាប់ខ្លួន លោកបាននិយាយទៅកាន់មិត្តភក្តិម្នាក់គឺ “សមមិត្ត មឿន” ដែលជាសមាជិកកងសន្តិសុខនៅវត្តនេះ និងជាអ្នកដែលត្រូវបានចាត់តាំងឲ្យឡើងត្នោតផងដែរ។
លោក ស្រ៊ុន និយាយថា ”ខ្ញុំបានសួរ មឿន អំពីកូនក្មេង ឬទារកដែលនៅជាមួយម្តាយ ហើយគេបានប្រាប់ខ្ញុំថា កូនក្មេង និងទារកទាំងនោះត្រូវបានគេចាប់បោកផ្ទប់នឹងដើមឈើ។គាត់បានប្រាប់ខ្ញុំថា ខ្មែរអិុស្លាមទាំងអស់ នោះត្រូវបានសម្លាប់ និងកម្ទេចចោល”។
អំឡុងការសាកសួរដោយលោក វីកទ័រ កូប៉េ ជាមេធាវីការពារ នួន ជា លោក ស្រ៊ុន បានបន្ថែមថា ការសម្លាប់នេះធ្វើឡើងដោយកម្មាភិបាលក្មេងៗ ដែលបានប្រណាំង ប្រជែងគ្នាជាមួយកម្មាភិបាលក្មេងៗផ្សេងទៀត។
លោកបាននិយាយថា ”ប្រសិនបើពួកគេសម្លាប់បានច្រើននោះ ពួកគេនឹងត្រូវជ្រើសរើសឲ្យទទួលបន្ទុកកងចល័ត។ហើយមានករណីមួយដែលខ្ញុំឮ ក្នុងរយៈពេលមួយម៉ោង សមាជិកវ័យក្មេងម្នាក់ដែលមានវ័យប្រហែល ២០ឆ្នាំ បានសម្លាប់មនុស្សអស់៧០នាក់ហើយថា ជាឯតទគ្គកម្ម”។
នៅពេលត្រូវបានសួរដោយលោក លីសាក់ ថា តើគាត់មានចាំបានអ្នកដែលមកពីកងដាវ វែង “ដែលនិយាយថា ខ្មែរអិុស្លាមគឺជាជាតិសាសន៍ផ្សេងដែលត្រូវតែកម្ទេច ខណៈដែលគាត់រាយការណ៍ប្រាប់ព្រះរាជអាជ្ញាសាលាក្តីនៅក្នុងបទសម្ភាសន៍ឆ្នាំ២០០៨ ដែរ ឬ ទេ លោក ស្រ៊ុន និយាយថា គាត់មិនចាំ ទេ។ លោក ស្រ៊ុន បាននិយាយថា “ខ្ញុំប្រហែល ជាភ្លេចរឿងរា៉វក្នុងរបបនោះទៅហើយ”។ លោកបានបន្ថែមថា ខ្មែរអិុស្លាមមិនមែនជាក្រុមតែមួយគត់ដែលជាគោលដៅរបស់របប ប៉ុល ពតឡើយ។
លោកបាននិយាយបន្ថែមថា ”មិនត្រឹមតែខ្មែរអិុស្លាមទេដែលត្រូវបានកម្ទេចនោះ។ ខ្មែរអិុស្លាមត្រូវបានកម្ទេចបន្ទាប់ពី ‘អ្នកចំណូលថ្មី’ ឬ ‘អ្នក១៧មេសា’ ឬអ្នកដែលជាប់ពាក់ព័ន្ធនឹងអតីតរបបនោះ ឬអតីតសង្គមនោះផងដែរ”។
ការផ្តល់សក្ខីកម្មរបស់លោក ស្រ៊ុន បន្តទៀតនៅថ្ងៃេនះ៕សារុន