32.5 C
Phnom Penh

ACU សម្រាល​ការ​ចោទប្រកាន់​ពី​បទ​ពុករលួយ​លើ​មន្ត្រី​ក្រសួង​ទេសចរណ៍​ពីរនាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឱម យិុនទៀង ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ (ACU) ​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិល​មិញ​​​ថា ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ពុក​​​រលួយ​​​លើ​​​មន្ត្រី​​​ក្រសួង​​​ទេសចរណ៍​​​​​​ពី​​​រ​​​នាក់​​​នឹង​​​មិន​​​បន្ត​​​ដោយ​​ ACU ទៀត​​​ទេ ពីព្រោះ​​​មន្ត្រី​​​ទាំង​​​ពីរ​នាក់​នេះ មាន​​​ពិរុទ្ធភាព​​​ត្រឹមតែ​ “​​​កំហុស​​​រដ្ឋបាល” ​​​ប៉ុណ្ណោះ​​​ ហើយ​​​ត្រូវ​​​បាន​​​ដាក់​​​ទោស​​​ទណ្ឌ​​​ដោយ​​​ក្រសួង​​​។

អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​បង្ហោះ​​​នៅ​​​ក្នុង​​​គេ​​​ហទំព័រ​​​របស់​​​ខ្លួន​​​កាល​​​ពី ម្សិលមិញនូវ​​​ការ​​​បញ្ជាក់​ចំនួន​​​​៣​​​ទំព័រ​​​ពីលោក  ថោង​​​ ខុន រដ្ឋ​​​មន្ត្រីក្រសួង​​​ទេសចរ​​​ណ៍​ដែល​​​បាន​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ពាក្យ​​​បណ្តឹង​​​អនាមិក​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​​​​​​​​​​​​​​​​អំពី​​​ភាព​​​មិន​​​ប្រក្រតី​​​លើ​​​លោក តេន រតនា ប្រធាន​​​នាយក​​​ដ្ឋាន​​​អប់​​​រំ​​​ និង​​​បណ្តុះ​​​បណ្តាលនៃ​​​​ក្រសួង​​​ទេសចរណ៍។

លោក​​​ រតនា ត្រូវ​​​បាន​​​បោទ​​​ប្រកាន់​​ថា បាន​ទទួល​​​ប្រាក់​សំណូក​​​ពី​​​អ្នក​​​រៀបចំ​​​វគ្គ​បណ្តុះ​​​បណ្តាល​​​មគ្គុទេ្ទសក៍​​​ទេសចរណ៍​​​ ដោយបាន​​​​កំហែង​​​ទារ​​​ប្រាក់​​​ពី​​​១.៥០០​​​ដុល្លារ​​​ដល់​​​៣.០០០​​​ដុល្លារពីពួកគេ​ ដោយ​​​បាន​​​កិប​​​កេង​​​ប្រាក់​​​ប្រហែល​​​៩.៩០០​​​ដុល្លារ ពី​​​ប្រាក់​​​បេសកកម្ម​​​ ដែល​​​កិប​​​កេង​​​ក្នុង​​​ចំនួន​​​មិន​​​បញ្ជាក់​​​ឲ្យដឹង​​​ពី​​​វគ្គ​​​បណ្តុះ​​​បណ្តាល ហើយ​​​បាន​​​ផ្អាក​​​វគ្គ​​​បណ្តុះ​​​ បណ្តាល​​​មគ្គុទេ្ទស​ក៍​​ទេសចរណ៍​​​ដោយ​​​មិន​​​បាន​​​ជូន​​​ដំណឹង​​​ឡើយ​។

នៅក្នុង​​​ការ​​​ឆ្លើយ​​​តប​​​របស់​​​លោក​​​កាល​​​ពី​​​ម្សិលមិញ លោក ថោង ខុន បាន​​​ថ្លែង​​​ថា​​​ លោក រតនា ត្រូវ​​​បាន​​​​​ហៅ​​​ឲ្យ​​​មក​​​ជួប​​​មួយ​​​សប្តាហ៍​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​ចោទ​​​ប្រកាន់ ដោយ​​​ក្នុង​​​នោះ​​​​​​លោក​​​បាន​​​ទទួល​​​​​​ខុស​​ត្រូវចំពោះ​ការ​ចោទ​​​ប្រកាន់​​​​មួយ​​​ចំនួន ហើយ​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​ផ្សេង​​​ទៀត​​​។ លោក​បាន​សរសេរ​​​ថា បន្ទាប់មក​​​មាន​​​ការ​​​សើុប​​​​​​អង្កេត​​​ពី​សកម្មភាព​​​​​​ពុក​​​រលួយ​​​របស់​​​លោក ហើយ​​​លោក រតនា ​​​ត្រូវ​​​​​​បាន​​​ដក​​​ចេញពី​​​តួនាទី​​​តាំងពី​ពេល​នោះ​មក​។

នៅក្នុង​​​លិខិត​​​នោះ​​​លោក​​​ ថោង ខុន ក៏​​​បាន​​​​​​បញ្ជាក់​​​ពី​​​ជំហរ​​​​​​របស់​​​ក្រសួង​លើ​​​លោក ​​​អិុន ​​​សុគា ដែល​​​ជា​​​អនុប្រធាន​​​មន្ទីរ​​​ទេសចរណ៍​​​ខេត្ត​​​សៀម​​​រាបផងដែរ​ ​​​នៅ​​​ពេល​​​ដែល​លោក​​​​​​ត្រូ​​​វបាន​​​​​​ចោទ​​​ប្រកាន់​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១​​​ ខែ​​​តុលា នៅ​​​ក្នុង​​​ពាក្យ​បណ្តឹង​​​​អនាមិក​​​មួយ​​ថា​​​លោក​បាន​​​​កំហែងទារ​​​ប្រាក់​​​ចំនួន​​​៣.៦០០​​​ដុល្លារ​​​។

លោករដ្ឋ​​​មន្ត្រី​​​បាន​​​សរសេរ​​​ថា លោក​​​ សុខគា បាន​​​ទទួល​​​ស្គាល់​​​បទ​​ល្មើស​​​របស់​​​លោក ​​​តែ​​​មិន​​​បាន​​​ផ្តល់​​​ព័ត៌មាន​​​លម្អិត​​​នោះ​​​ បាន​​​ប្រគល់​​​ប្រាក់​​​នោះ​​​ទៅ​​​ឲ្យ​​​ដើម​​​បណ្តឹង​​​វិញ​​​ហើយ​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ត្រូវ​​​បាន​​​បញ្ចុះ​​​តួនាទី​​​​ទៅ​​​ជា​​​ “បុគ្គលិក​​​ធម្មតា” ​​​នៅ​​​ក្នុង​​​មន្ទីរ​​​ទេសចរណ៍​​​ខេត្ត​​​។ និយាយ​​​ពី​​​ការ​​​កិប​​​កេង​​​ប្រាក់​​​របស់​​​លោក ​​​រតនា ​​​លោក​​​ ថោង​​​ ខុន​​​ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា វាគ្រាន់តែជា​កំហុស​​​ផ្នែក​​​រដ្ឋបាល​​​ប៉ុណ្ណោះ​​​​​​ ហើយ​​​មិន​​​គួរ​​​ចាត់​​​ទុក​​​ថា ជា​​​អំពើ​​​​​​ពុក​​​រលួយ​​​ទេ​​​។

នៅ​​​ពេល​​​​​​ត្រូវ​​​បាន​​​ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ​​​លោក ឱម យិុន​​​ទៀង ប្រធាន​​​ អង្គភាព​​​ប្រឆាំង​​​​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ពុក​​​រលួយ​​​លើ​​​មន្ត្រី​​​របស់​​​លោក​​​គួរ​​​ត្រូវ​​​បាន​​​សម្រាល​​​មក​​​​​​ជា​​​កំហុស​​​រដ្ឋបាល​​​។ លោក​​​បាន​​​ថ្លែង​​​បន្ថែម​​​ទៀត​​​ថា អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​នឹង​​​មិន​​​បន្ត​​​រឿង​​​ក្តី​​​នេះ​​​ទៀត​​​ទេ។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ការ​​​ងារ​​​ទាំង​​​នេះ​​​យើង​​​បាន​​​សើុប​​​អង្កេត​​​ហើយ ​​​ហើយ​​​​​​ភ័ស្តុ​​​តាង​​​ដែល​​​យើង​​​ទទួល​​​បាន​​​បង្ហាញ​​​ថា ពួក​​​គេ​​​មាន​​​កំហុស​​​រដ្ឋបាល​​​តែ​​​ប៉ុណ្ណោះ ​​​ដូច្នេះ​​​ក្រសួង​​​បាន​​​ដាក់​​​ទោស​​​ទណ្ឌ​​​ផ្នែក​​​រដ្ឋបាល​​​”។

នៅ​​​ពេល​​​ត្រូវ​​​សួរ​​​ថា តើ​​​នឹង​​​មាន​​​ការ​​​ចាត់​​​វិធាន​​​ការ​​​ផ្លូវ​ច្បាប់​​​លើ​​​លោក​​​ទាំង​​​ពីរ​​​ ឬ​​​យ៉ា​​​ង​​​ណា​​​នោះ​​​ លោក​​​បាន​​​បញ្ជាក់​​​ឡើង​​​វិញ​​​ពី​​​ជំហរ​​​របស់​​​លោក ដោយ​លើក​ឡើង​ថា មិន​​​មាន​​​ភ័ស្តុ​​​តាង​​​ដែល​​​ថា លុយនេះពាក់ព័ន្ធក្នុង​​​រឿង​​​ក្តី​​​របស់​​​លោក រតនា ហើយថា លោក ​​​អិុន ​​​សុខគា បាន​​​ធ្វើការ​​​កែតម្រូវ។

លោក​​​បាន​​​ថ្លែង​​​ថា “បើ​វា​​​ជាករណី​​​សូក​​​ប៉ាន់ ខ្ញុំ​​​មិន​​​ឆ្កួត​​​​បញ្ជូន​​​ករណី​នេះ​ទៅ​​​តុលា​ការ​​​ទេ។ លទ្ធផល​​​ចុង​​​ក្រោយ​​​គឺ​​​ត្រូវ​​​​​​ដាក់​​​ទោស​​​ទណ្ឌ​​​ផ្នែក​​​រដ្ឋបាល​​​។ ប្រសិន​​​បើ​​​​​​យើង​​​រក​​​ឃើញ​​​ភ័ស្តុតាង​​​បន្ថែម​​​ទៀត ​​​យើង​​​នឹង​​​បន្ត​​​រឿង​​​ក្តី​​​េនះ​​​ ថា​​​តើ​​​ពួកគេ​​​ត្រូវ​​​បាន​​​​​​ដក​​​ចេញ​​​ពី​​​តួនាទី​​​របស់​​​ខ្លួន​​​ ឬក៏​អត់​នោះ​​​​”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស