29.6 C
Phnom Penh

នគរបាល​ចាប់​ខ្លួន​បុរស​បីនាក់​ដាក់ពន្ធនាគារ​ពីបទ​ឆបោក​អ្នកភូមិ​រាប់​រយ​នាក់​ក្នុង​​​ខេត្តចំនួនបួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា បុរស​​​បីនាក់​​​ត្រូវ​​​បាន​​​ចោទ​ប្រកាន់​ពីបទ​​​ឆបោក​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​កាល​​​ពីថ្ងៃ​​​ពុធ ​​​បន្ទាប់​​​ពី​​​ពួក​​​គេ​​​ត្រូវបាន​​​ចាប់​​​ខ្លួន​​​ពីបទ​​​បញ្ចុះ​​​បញ្ចូល​​​អ្នកភូមិ​ជាង​​​៤០០​​​នាក់​​​មក​​​ពី​​​ខេត្ត​​​ចំនួន​​​បួន​​​ឲ្យ​​​ផ្តល់​​​ប្រាក់ដល់​ពួកគេ​ដើម្បី​​​ទទួល​​​បាន​​​ដី​​​មួយ​ក្បាលក្នុង​​​ម្នាក់ៗ។

យោងតាម​​​លោក​​​ កង​​​ សុវណ្ណី នាយរង​​​ការិយាល័យ​​​នគរ​​​បាល​​​យុត្ត​ិធម៌​​​ខេត្ត​​​បាន​​​ឲ្យ​​​ដឹង​​​ថា នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​ ទី អែល អាយុ​​​៥៧​​​ឆ្នាំ មីង ពឿន អាយុ​​​៦១​​​ឆ្នាំ និង​​​ សែ ​​​សឿន ​​​​​​អាយុ​​​៤១​​​ឆ្នាំ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ខណៈ​​​ពួក​​​គេ​​​កំពុង​ ប្រមូល​​​ស្នាម​​​មេដៃ​ពី​​​អ្នក​​​ភូមិ​​​នៅ​​​ក្នុង​​​ឃុំ​​​ឃ្សឹម​​​ ស្រុក​​​ស្នួល​​​។

លោក សុវណ្ណី បាន​​​ថ្លែង​​​ថា “តុលាការ​​​បាន​​​ចោទ​​​ប្រកាន់​​​ពួកគេ​​​​​​ទាំង​​​អស់​​​នេះ​ពី​​​បទ​​​ឆបោក​​​​​​ កាល​​​ពី​​​ម្សិលមិញ ហើយ​​​យើង​​​បាន​​​បញ្ជូន​​​ពួក​​​គេ​​ទៅ​​​ឃុំ​​​ខ្លួន​​​បណ្តោះ​​​អាសន្ន​​​នៅ​​​ពន្ធ​​​នាគារ​​​ខេត្ត”។

លោក ចាន់ សុគីម អធិការ​​​នគរ​​​បាល​ស្រុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​ទាំង​​​នេះ​​​បាន​​​ប្រាប់​​​​​​អ្នក​​​ភូមិ​​​ថា ពួកគេ​​​ជិត​​​ស្និទ្ធ​​​ជាមួយ​​​មន្ត្រី​​​រដ្ឋាភិ​​​បាល ហើយ​​​បន្ទាប់​​​មក​​​បាន​​​សុំ​​​ឲ្យ​​​ពួកគាត់​​​​បង់​​​ប្រាក់​​​មួយ​​​ចំនួន​​​តូច​​​ដើម្បី​​​ទទួល​​​បាន​​​ដី​​​មួយ​​​ក្បាល​​​ទំហំ​​​៣០​​​គុណនឹង​​​​៧០​​​ម៉ែត្រ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​សង្ស័យទាំង​​​នេះ​​​សារភាពថា ​​​ពួកគេ​​​ពិតជា​​​បាន​​​ប្រមូល​​​ប្រាក់​​​ពី៣០.០០០រៀល​​​ទៅ​​​១៥០.០០០​​​រៀល ​​​មែន​​​ហើយ​​​បាន​​​សន្យា​​​ផ្តល់​​​ដីទំហំ​​​២.១០០ ម៉ែត្រ​​​ក្រឡា​​​ដល់​​​គ្រួសារ​​​នីមួយ​​​ៗ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​នេះតាមដែលអាច​ធ្វើ​ទៅបាន​​​​”។

លោក​​​ សុខគីម បាន​​​ថ្លែង​​​ថា នគរ​​​បាល​​​បាន​​​រក​​​ឃើញ​​​បញ្ជី​​​ឈ្មោះ​​​មាន​ទាំង​​ស្នាម​​​មេដៃ​​​អ្នក​​​ភូមិ​​​ជាង​​​៤០០​​​នាក់​​​ ដែល​​​បាន​​​ចាញ់​​​បោក​នៅក្នុង​​​​ខេត្ត​​​ក្រចេះ ព្រៃ​​​វែង​​​ ត្បូង​​​ឃ្មុំ និង​​​ខេត្ត​​​ កំពង់​​​ចាម​​​ចាប់​​​តាំង​​​ពីខែ​​​មិថុនាមក។

លោក​​​បាន​​​បន្ថែម​ថា បុរ​​​សទាំង​​​បី​​​នាក់​​​នេះ​​​​​​បាន​​​ប្រាប់​​​នគ​​​របាល​​​ថា ពួកគេ​​​បាន​​​បញ្ជូន​​​ប្រាក់ ​​​ដែល​​​ប្រមូល​​​បាន​​​ទៅ​​​ឲ្យ​​​មេខ្លោង​​​ឈ្មោះ​​​ “គឹម ​​​សាន” ដែល​​​ពួ​​កគេ​​​​​​និយាយ​​​ថា ជា​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ឲ្យ​​​កាសែត​​​ព្រះវិហារ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ពួក​​​គេ​​​និយាយ​​​ថា ពួក​​​គេ​​​មិន​​​បាន​​​ទុក​​​លុយ​​​នោ​​​ះជាមួយ​​​​ខ្លួន​​​ទេ ​​​ពីព្រោះ ពួក​​​គេ​​​បាន​​​បញ្ជូន​​​ទៅ​​​ឲ្យ​​​លោក គឹម សាន ​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​អស់​ហើយ​​​។ ​​​យើង​​​កំពុង​​​ស្វះ​​​ស្វែង​​​ដើម្បី​​​កំណត់​​​អត្ត​​​សញ្ញាណ​​​មេខ្លោង​​​នោះ “។

ករណី​​​នេះ​​​បាន​​​កើត​​​ឡើង​​​បន្ទាប់​​​ពី​​​មាន​​​ផែន​​​ការ​​​ស្រដៀង​​​គ្នា​​​នេះ​​​នៅ​​​ក្នុង​​​ស្រុក​​​ស្នួល ​​​ដែល​​​ក្នុង​នោះ​បុរស​​​ប្រាំ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពីខែ​​​មុន​​​ពីបទ​​​ក្លែង​​​ជា​​​មន្ត្រី​​​រដ្ឋាភិបាល​​​ហើយ​​​បាន​​​បោក​​​ប្រាស់​​​​អ្នក​​​ភូមិ​​​ប្រហែល​​​៤០០​​​នាក់​​​យក​​​ប្រាក់​​​​បាន​​​ក្នុ​​​ងម្នាក់​​​ ២.០០០​​​ដុល្លារ​​​។

បុរស​​​ទាំង​​​ប្រាំ​​​នាក់​​​នេះ​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ឆបោក​​​ និង​​​ជ្រៀត​​​ជ្រែក​​​មុខ​​​ងារ​​​​សាធារណៈ​​​ដោយ​​​ខុស​​​ច្បាប់​​​ ហើយ​​​កំពុង​​​ត្រូវ​​​បាន​​​ឃុំខ្លួន​​​នៅ​​​ពន្ធនាគារ​​​ខេត្ត​​​។

លោក សុខគីម បាន​​​​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ទោះជាយ៉ាង​ណា លោក​​​មិន​​​ជឿ​​​ថា ករណី​​​ទាំង​​​ពីរ​​​នេះ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​​​​គ្នា​​​ឡើយ​​​។ “ពួកគេ​​​គឺជា​​​ក្រុម​​​ជន​​​សង្ស័យ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ ប៉ុន្តែ សកម្មភាព​​​​​​របស់​​​ពួក​​​​​​ស្រដៀង​​​គ្នា​​​ណាស់​​​”៕សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស