38.8 C
Phnom Penh

ប្រជាពលរដ្ឋ​​រង​គ្រោះ​រាប់​ពាន់​គ្រួសារ​​​​​​​​​​​ឈាន​​បាន​មួយ​ជំហាន​ធំ​​នៅ​​​ក្នុង​វិវាទ​ដី​ធ្លី​ជាមួយ​ក្រុម​ហ៊ុនវៀតណាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​នៅ​ក្នុង​ខេត្ត​​​​ រតនគិរី​ បាន​​ឈាន​ដល់​​កិច្ចព្រមព្រៀងមួយ​អន្លើជាមួយ​​ក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡៃ (Hoang Anh Gia Lai) ហៅ​កាត់ HAGL ​​ដែល​នឹង​ទុក​ដី​ចម្ការ​ និង​​ព្រៃ​​សេសសល់​របស់​ពួក​គាត់​​​មួយ​ឡែកពី​ការ​អភិវឌ្ឍ ពោល​គឺ​មិន​ប៉ះ​ពាល់​ឡើយ។

ទោះ​បី​ជា​អង្គការ​សិទ្ធិមនុស្ស​​មួយ​បាន​ចាត់​ទុក​កិច្ច​ព្រមព្រៀង​នេះ​ជា​ “ជំហាន​ដ៏ធំ​បោះ​ឆ្ពោះ​​ទៅ​មុខ​” នៅ​ក្នុង​ការ​ចរចា​ដែល​​មាន​​​​ការ​សម្រប​សម្រួល​នៅ​​ក្នុង​ខេត្ត​សៀមរាប ពីសំណាក់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (International Finance Corporation) ហៅ​កាត់​IFC ក្ដី​ ក៏​​​នៅ​​តែ​មាន​ការ​ងារ​លំបាក​​ដែល​ត្រូវ​ដោះ​ស្រាយ​ក្នុង​ការ​គូស​វាស​​ព្រំប្រទល់​ជុំ​​​វិញ​ភូមិ​ទាំង​១១ និង​ការ​ផ្ដល់​សំណង​ដល់ភូមិ​ទាំង​នោះ​​សម្រាប់​ដី​ដែល​​ខ្លួន​បាន​បាត់​បង់​លើ​ក្រុម​ហ៊ុន​នេះ​​រួចទៅ​​ហើយ​។

លោក ដេវីដ ប្រេដ (David Pred) នាយក​គ្រប់គ្រង​​អង្គការ​​អភិវឌ្ឍន៍​បញ្ចូល​គ្នា​​អន្តរ​ជាតិ (Inclusive Development International) ហៅ​កាត់ IDI​ ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​​កាលពី​ថ្ងៃ​សៅរ៍ថា តំណាង​ក្រុមហ៊ុន​ HAGL ​បាន​​បញ្ជាក់​​​​ជា​ផ្លូវ​ការ​អំពី​ការ​ប្ដេជ្ញា​របស់​​​​ក្រុម​ហ៊ុន​មិន​ធ្វើ​ការ​ឈូស​ឆាយ​បន្ថែម​ទៀត​​​ ឬ​អភិវឌ្ឍដី​សម្បទាន​របស់​ក្រុម​​ហ៊ុន​ចម្ការ​កៅស៊ូ​​​​ហេង ប្រាឌ័រ (​Heng Brothers) ​​​ក្រុម​ហ៊ុនស៊ីឌីអា (CDR) និងក្រុម​ហ៊ុន​ហ័ង អាញ់ អូរយ៉ាដាវ (Hoang Anh O’Yadaw)​​​ ដែល​ជា​​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​ឡើយ ហើយ​​នឹង​ប្រគល់​​ ឲ្យ​វិញ​នូវ​ដី​ និង​ព្រៃ​មិន​​ទាន់​អភិវឌ្ឍ​នៅ​សេស​​​សល់ ដែល​ក្រុមហ៊ុន​ប៉ាន់ប្រមាណ​ថាមាន​​ទំហំ​ជាង​១០.០០០​ហិកតា​។

ក្រុម​ហ៊ុន HAGL និង​គ្រួសារ​ទាំង​នេះ​​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​ក្នុង​ថ្ងៃ​ដដែល​ ដើម្បី​បញ្ជាក់​​ពី​កិច្ចព្រមព្រៀង​​ដែល​ប៉ះពាល់​​ប្រជាពលរដ្ឋ​ប្រមាណ​១.៦០០​គ្រួសារ​នេះ​។

បន្ថែម​ពី​លើ​ការ​​មិន​​ប៉ះពាល់​ដី​ចម្ការ​ និង​ព្រៃ​ដែល​គ្រួសារ​ទាំង​នេះ​នៅ​សល់​ ក្រុម​ហ៊ុន HAGL បាន​​យល់​ព្រម​​មិន​ប្រើ​ប្រាស់​ថ្នាំ​គីមី​គ្មាន​ការ​អនុញ្ញាត​លើ​ចម្ការ​របស់​ខ្លួន​​ឡើយ ហើយ​នឹង​​ជួស​ជុល​ផ្លូវ​ និង​ស្ពាន​ដែល​ខ្លួន​ធ្វើ​ឲ្យ​ខូច​ខាត ជួយ​កំណត់​ព្រំប្រទល់​ភូមិ​ទាំង​នោះ ​​​និង​ផ្ដល់​សំណងដល់គ្រួសារ​ទាំង​នេះ​សម្រាប់​ដីដែល​ខ្លួន​បាន​ឈូស​ឆាយ​រួច ឬ​ប្រគល់​​វា​​ឲ្យទៅ​ពួកគាត់​វិញ​ ប្រសិន​បើ​ពួក​គាត់​យល់​ថា ការ​ផ្ដល់​ឲ្យ​​នេះ​មិន​​​គ្រប់គ្រាន់​។

ក្រុម​ហ៊ុន HAGL ក៏​បាន​សូម​ទោសគ្រួសារ​ទាំង​នេះ​​​ជា​​​ផ្លូវ​​​ការ​​​​ដែរ​ចំពោះ​ការ​ខូច​ខាត​ដែល​បាន​បង្ក​ឡើង ហើយ​នឹង​ផ្ដល់​​​គោ​មួយ​ក្បាល​​ទម្ងន់​យ៉ាង​ហោច​ណាស់​៤០០​គីឡូ​​​ក្រាម រួម​ជាមួយ​​ប្រាក់​​​​ ចំនួន​៥០០​ដុល្លារ​​​ដល់​​​ភូមិ​​​នីមួយ​​​ៗ​​​​។

គ្រួសារ​ទាំងនេះ​ចោទ​ប្រកាន់​ចម្ការ​​កៅ​​​ស៊ូ​ ចំនួន​បី​របស់​ក្រុម​ហ៊ុន HAGL ថា​បាន​​​លួច​ប្លន់​ដី​ចម្ការ​​ និង​ព្រៃ​​របស់​ពួក​គាត់ ធ្វើ​ឲ្យ​ខូច​គុណ​ភាព​ទឹកស្ទឹង​ដែល​ពួក​គាត់​នេសាទ​ ធ្វើ​ឲ្យ​ប៉ះ​​​ពាល់​ដល់​​កន្លែង​បញ្ចុះ​សព​ដូន​តា​។​ភាគ​ច្រើន​នៃ​គ្រួសារ​ទាំង​នេះ មក​ពី​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ចម្រុះគ្នា​ក្នុង​តំបន់នោះដែល​ពឹង​​ផ្អែក​លើ​ព្រៃ​ឈើ​​សម្រាប់​​ការ​រស់​រាន​ ដោយ​ជឿ​ថាវា​ជា​​កន្លែង​​​​ស្នាក់​​​អាស្រ័យ​​​របស់​​​អារក្ខ​អ្នក​តា​ចាស់ៗ​។ ដោយ​មាន​ជំនួយ​ពី​លោក ដេវីដ ប្រេដ និង​អ្នក​ផ្សេង​ទៀត​ ពួកគាត់​បាន​​ដាក់​ពាក្យ​បណ្ដឹង​​កាលពី​ឆ្នាំ​មុន​ទៅ​ IFC ដែល​បាន​បោះ​​ទុន​​រាប់​លាន​ដុល្លារ​លើ​ការ​វិនិយោគ​​​​មួយ​របស់​វៀតណាម ដោយ​មាន​ភាគ​ហ៊ុន​ភាគ​តិច​​​ក្នុង​​ក្រុម​ហ៊ុន​ HAGL។

លោក សល់ នឿយ តំណាង​គ្រួសារ​ទាំង​នេះ​​និយាយ​ថា ពួកគាត់​​បន្ទោស​ក្រុម​ហ៊ុន​ HAGL ចំពោះ​ការ​ស្លាប់​មនុស្ស​១១នាក់​​ដោយ​​​​សារតែ​ក្រុម​ហ៊ុន​​​នេះ​កាប់​ដើម​ឈើធ្វើ​ឲ្យ​អារក្ខអ្នក​តា​​រក្សា​ព្រៃ​ក្ដៅ​ក្រហាយ។ ប៉ុន្តែ​គាត់​និយាយ​ថា គោ​ដែល​ក្រុម​ហ៊ុន​សន្យា​​ផ្តល់​ ឲ្យ នឹង​ជួយ​ស្រាយ​​កំហឹង​របស់​​អារក្ខ​អ្នកតា។

គាត់​និយាយ​ទៀត​ថា “​ខ្ញុំ​គិត​ថា ការ​ព្រម​​​ព្រៀង​នេះ​នឹង​ជួយ​​ប្រជា​ពល​រដ្ឋ ពីព្រោះ​ក្រុម​ហ៊ុន​​​​​បាន​សូម​ទោស​យើង​រួច​ហើយ​។ ក្រុម​ហ៊ុន​បាន​សន្យា​​ផ្តល់​គោ​មួយ​ក្បាល និង​ប្រាក់៥០០​ដុល្លារ​​ដល់​ភូមិ​នីមួយ​ៗ​សម្រាប់​​​​ធ្វើ​ពិធី​​​សែន​​​ព្រេន​​ដល់​​ព្រលឹង​ដូនតា​”។

ទោះ​ជាយ៉ាង​ណា គាត់​បាន​​​លើក​​​ឡើង​​​​ថា ​​​គាត់​នឹង​មិន​អបអរឡើយ លុះ​​ត្រា​តែ​ភូមិ​របស់​ពួកគាត់​ត្រូវ​បាន​​​កំណត់​វាស់​វែង​ពេញ​លេញ​ និង​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​។​​​   “​យើង​នឹង​រង់ចាំ​មើល​​ការ​អនុវត្ត​កិច្ច​​​ព្រម​​​ព្រៀង​នេះ​”។

គាត់​និយាយ​ទៀត​ថា ក្រុម​ហ៊ុន​បាន​យល់​ព្រម​កំណត់​វាស់​វែង​​​ភូមិ​ទាំង​នេះ​នៅ​ខែ​ក្រោយ ​​​ដែល​នឹង​ជួយ​ពួកគាត់​ឲ្យ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​​​ដីរួម​ដែល​ពួកគាត់​​ស្វះ​ស្វែង​ចង់​បាន​​រាប់​ឆ្នាំ​មក​ហើយ។

លោក ដេវីដ ប្រេដ បាន​លើក​ឡើង​​​នៅ​ក្នុង​អុីម៉េល​មួយ​ថា “​យើង​មិន​រំពឹង​​ថា នេះ​ជា​រឿង​​​​ងាយ​ស្រួល​ទេ ប៉ុន្តែ​យើង​សង្ឃឹម​ថា ដោយ​មាន​ជំនួយ​ពី​រូប​ភាព​​ផ្កាយ​រណប​ច្បាស់​ល្អ​ដែល​បាន​ពី​មុន​ពេល​ចេញ​សម្បទាន​ទាំង​នេះ យើង​នឹង​អាច​​មើល​ឃើញ​គម្រប​ដី​ និង​ការ​ប្រើ​ប្រាស់​ដី​ដែល​មាន​ក្នុង​តំបន់​​អះអាង​សិទ្ធិ​កាន់​កាប់​ដោយ​​​សហគមន៍​ទាំង​នេះ ដែល​ត្រួត​ស៊ីគ្នា​ជាមួយ​​ចម្ការ​​របស់​ក្រុម​ហ៊ុន HAGL។ ខ្ញុំ​សុំ​​​​និយាយ​ថា នេះ​​ជាចុង​បញ្ចប់​នៃ​ការ​ចាប់​ផ្តើម​​​ដោះ​ស្រាយ​។ នៅ​មាន​​​​រឿង​ជាច្រើន​ទៀត​ដែល​ចាំបាច់​​ត្រូវ​ចរចា​គ្នា​​ និង​ដោះ​ស្រាយ ប៉ុន្តែ​នៅ​សប្តាហ៍​នេះ ​ក្រុមហ៊ុន​ HAGL បាន​បោះ​មួយ​ជំហាន​ធំ​ឆ្ពោះ​ទៅ​មុខ​ហើយ​​​នៅ​ក្នុង​ការ​បង្ហាញ​សុឆន្ទៈ​របស់​ខ្លួន​​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​នេះ”​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​ហ៊ុន​ HAGL បាន​ប្រកាស​ថា ​ប្រជាពល​រដ្ឋ​ប្រមាណ​៤០០​គ្រួសារ​​ក្នុង​​ភូមិ​ចំនួនបី​ទៀត​ដែល​ត្រូវ​បាន​​រាប់​បញ្ចូល​ក្នុង​ពាក្យ​បណ្ដឹង​​នេះ ដែល​មិន​ទាន់​រងប៉ះ​ពាល់​ដោយ​សារ​ចម្ការ​របស់​ខ្លួន​នៅ​ឡើយ​នោះ នឹង​មិន​រង​​ប៉ះពាល់​​ឡើយ​។ ភូមិចំនួន​បី​ទៀត​​ត្រូវ​បាន​ដក​ចេញពី​ពាក្យ​បណ្ដឹង​​នេះ​​កាលពី​ខែ​កក្កដា បន្ទាប់ពី​ពួកគេ​បាន​សន្និដ្ឋាន​ថា ចម្ការ​​ដែល​ប៉ះពាល់ភូមិ​ទាំង​នោះ​​មិន​ពាក់​ព័ន្ធ​​​ក្រុម​ហ៊ុន HAGL៕ សុខុម​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស