38.8 C
Phnom Penh

ក្នុង​​​ទិវា​សន្តិភាព​អន្តរជាតិ លោកនាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​ សន្យា​បង្ក្រាប​អ្នក​ប្រើ​ឧបាយ​កល​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បញ្ចេញ​លិខិត​បើក​ចំហ​​​ដែលមាន​​បី​ទំព័រ​​ក្នុង​ឱកាស​​ទិវាសន្តិភាព​អន្តរ​ជាត​ិ​របស់​អង្គការ​សហ​ប្រជាជាតិ​ ដោយ​លើក​សរសើរ​ពី​សមិទ្ធផល​​របស់​លោក​ផ្ទាល់​ក្នុងការ​បញ្ចប់​​សង្គ្រាម​ស៊ីវិល​ ហើយ​ទន្ទឹមនឹង​នោះដែរ​លោកបាន​​​ប្តេជ្ញា​ “​បង្ក្រាប” អ្នក​ដែលប្រើ​​ “ឧបាយ​កល” ក្នុ​ងនាម​សិទ្ធិមនុស្ស។

ប​ន្ថែម​ពីលើ​ការ​បញ្ចប់​​សង្គ្រាម​ស៊ីវិល ដែលលោក​លើក​ឡើង​ថា ដោយសារ​​នយោ​បាយ​ “ឈ្នះ-ឈ្នះ” ក្នុង​ការ​ជំរុញ​ឲ្យ​​អតីត​ទាហាន​ខ្មែរក្រហម​​ដាក់​អាវុធ​ចុះ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញនោះ លោក ហ៊ុន សែន បាន​លើក​ឡើង​ពី​សមិទ្ធ​​​ផល​ផ្សេង​ៗ​ទៀត​របស់​រដ្ឋាភិបាល​ក្នុង​​​រយៈ​​​ពេល​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ។

លោក​បាន​លើក​ឡើង​ពី​​​វឌ្ឍនភាព​សេដ្ឋ​​​កិច្ច​ ​​​និង​ការ​ងារ​របស់​រដ្ឋាភិបាល​ក្នុងការដឹកនាំ​​​​សេចក្តី​ប្រកាសអំពី​​សិទ្ធិមនុស្ស​​អាស៊ាន​ក្នុង​​​នាម​ជា​ប្រធាន​ស្ថាប័ន​ប្រចាំតំបន់​​ក្នុង​ឆ្នាំ​២០១២។ លោក​បាន​សរសេរ​ថា “​ប្រជាជន​កម្ពុជា​ទាំង​មូល​រីករាយ​ក្នុង​ការ​ទទួល​បានសុខ​​សន្តិ​​​ភាព និង​ការ​លើក​កម្ពស់​ជីវភាព​រស់​​​នៅរបស់​គាត់​​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ”។

លោក​បាន​បន្ថែម​ថា “​ទន្ទឹម​នឹង​នោះដែរ រាជ​រដ្ឋាភិបាល​​ក៏មាន​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ក្លា​ក្នុងការ​បង្ក្រាប​ និង​ទប់​ស្កាត់​រាល់​សកម្មភាព ​និង​ឧបាយ​កល​ទាំង​អស់ក្រោម​រូបភាពគាំទ្រ​​​​​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​សិទ្ធិមនុស្ស​ក្នុងការ​​បម្រើ​ផល​ប្រយោជន៍​នយោបាយ​បុគ្គល​ ឬ​មនុស្ស​មួយ​ក្តាប់​តូច”៕សារុន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស