28.4 C
Phnom Penh

រដ្ឋាភិបាល​ប្រាប់​សហជីព​ឲ្យ​ជ្រើសរើស​យក​ប្រាក់​ខែ​អប្បបរមា ឬ បាត់​សិទ្ធិ​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​អង្គារ ក្រសួង​ការងារ​បាន​ព្រមាន​សហជីព​ថា ប្រសិនបើ​ពួកគេ​មិន​បាន​ឈាន​ដល់​មតិរួម​អំពី​ប្រាក់​ខែ​អប្បបរមា​ថ្មី​សម្រាប់​វិស័យ​កាត់ដេរ មុន​កិច្ច​ប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​នៅ​ថ្ងៃ​សុក្រ​ស្តីពី​បញ្ហា​នេះ​ទេ គណៈកម្មាធិការ​នេះ​នឹង​មិន​ពិចារណា​សំណើ​ណាមួយ​ពី​សហជីព​ទេ។

គណៈកម្មាធិការ ដែល​មាន​តំណាង​មកពី​ក្រសួង​ការងារ រោងចក្រ​កាត់ដេរ និង សហជីព មាន​ភារៈ​លើក​សំណើ​ប្រាក់​ខែ​អប្បបរមា​ថ្មី​ទៅ​ក្រសួង ដែល​នឹង​ធ្វើ​ការ​សម្រេច​ចុង​ក្រោយ។ ប៉ុន្តែ​ សហជីពដែល​មិន​ចុះ​សម្រុង​គ្នា​រវាងក្រុម​ដែល​ធ្វើ​តាម​គោលការណ៍​រដ្ឋាភិបាល និង​ក្រុម​ដែល​មិន​ធ្វើ​តាម បាន​និង​កំពុង​ប្រឹង​ប្រែង​ឲ្យ​មាន​ការ​ព្រមព្រៀង​គ្នា​លើ​តួលេខ​មួយ។

នៅ​កិច្ច​ប្រជុំ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ការងារ​កាលពី​ថ្ងៃ​អង្គារ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​និយាយ​ថា សហជីព​នឹង​បាត់បង់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ស្នើ​សុំ​ដំឡើង​ប្រាក់​ខែ ប្រសិនបើ​មេដឹកនាំ​សហជីព​ទាំង​ប្រាំពីរ​ក្នុង​គណៈកម្មាធិការ​ដែល​មាន​សមាជិក​២៨​រូប​នេះ មិន​អាច​ព្រមព្រៀង​គ្នា​លើ​តួលេខ​ណា​មួយ​នោះ។

លោក ហេង សួរ បាន​និយាយ​ថា “ប្រសិនបើ​ពួកគេ​មិន​មាន​តួលេខ​មួយ​សម្រាប់​ការ​ចរចា​ទេ យើង​នឹង​ប្រើ​តែ​តួលេខ​ពី​និយោជក​ប៉ុណ្ណោះ​ក្នុង​ការ​ចរចា​នោះ។ នេះ​ជា​ចំណុច​សំខាន់​ណាស់។ ក្រុម​និយោជក​បាន​ធ្វើ​ហើយ។ ឥឡូវ​ដល់​ពេល​សហជីព​ត្រូវ​ចុះ​សម្រុង​គ្នា​និង​សម្រប​សម្រួល​គ្នា​រក​តួលេខ​រួម​មួយ”។

ក្នុង​ការ​ខិត​ខំ​ថ្មី​បំផុត​របស់​សហជីព​ដើម្បី​ទទួល​បាន​មតិរួម គឺ​ការ​ស្ទង់​មតិ​ថ្មី​មួយ​ដែល​ស្នើ​ដោយ​ក្រុម​សិទ្ធិ​ការងារ អំពី​ចំនួន​ប្រាក់​ដែល​កម្មករ​កាត់ដេរ​រក​បាន​និង​ចំណាយ​រាល់​ខែ។ ក្រុម​អ្នក​សិក្សា​បាន​និយាយ​ថា ចំនួន​ប្រាក់​រក​បាន​មធ្យម ក្នុង​នោះ​មាន​ប្រាក់​លើស​ម៉ោង ប្រាក់​រង្វាន់ និង​ប្រាក់​ឧបត្ថម្ភ គឺ​១៩១​ដុល្លារ ហើយ​ថា ការ​ចំណាយ​មធ្យម គិត​ទាំង​ប្រាក់​ដែល​កម្មករ​ផ្ញើ​ទៅ​ផ្ទះ​ឲ្យ​គ្រួសារ​របស់​ខ្លួន​ផង គឺ​២០៧​ដុល្លារ។

សហជីព​មួយ​ចំនួន​ចង់​ស្នើ​ប្រាក់​ខែ​អប្បបរមា​២០៧​ដុល្លារ​នៅ​ក្នុង​ការ​ចរចា​គណៈកម្មាធិការ។ សហជីព​ផ្សេងទៀត​ចង់​ធ្វើការ​ចរចា​ជាមួយ​ការ​ដំឡើង​ដែល​ស្នើ​ឡើង​តែ​១០ ឬ ១៥​ភាគរយ​ប៉ុណ្ណោះ។ ពួកគេ​មិន​បាន​ឈាន​ដល់​មតិ​រួម​ជា​លើក​ទី​២​កាលពី​ថ្ងៃ​ច័ន្ទ ហើយ​មាន​ផែនការ​ព្យាយាម​ម្តង​ទៀត​នៅ​រសៀល​ថ្ងៃ​នេះ។

លោក អាត់ ធន់ សមាជិក​គណៈកម្មាធិការ​ម្នាក់ ដែល​ជា​ប្រធាន​សហជីព​ឯករាជ្យ​ដ៏​ធំ​មួយ បាន​និយាយ​ថា លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា សហជីព​នឹង​ឈាន​ដល់​ការ​សម្រប​សម្រួល​មួយ​នៅ​ត្រឹម​ថ្ងៃ​សុក្រ ប៉ុន្តែ​បាន​បដិសេធ​ការ​អះអាង​របស់​លោក ហេង សួរ ដែល​ថា មាន​វិធាន​ដែល​តម្រូវ​ឲ្យ​ពួកគេ​ត្រូវ​សម្រេច​មតិរួម​មួយ​នោះ។

លោក​បាន​និយាយ​ថា “មិន​ត្រឹមត្រូវ​ទេ ហើយ​អ្នក​ដែល​លើក​ឡើង​នេះ គាត់​មិន​មែន​ជា​មនុស្ស​មាន​ការ​ទទួល​ខុស​ត្រូវ​ទេ។ យើង​កំពុង​ព្យាយាម​ស្វែង​រក​តួលេខ​រួម​មួយ ប៉ុន្តែ​បើ​ទោះជា​យើង​មិន​បាន​ក៏​ដោយ យើង​នៅ​តែ​មាន​សិទ្ធិ​ចរចា”។

នៅ​ឯ​សន្និសីទ​កាសែត​របស់​ខ្លួន​ផ្ទាល់​ទាក់ទិន​នឹង​ការ​ចរចា​ប្រាក់​ខែ​កាលពី​ថ្ងៃ​អង្គារ និយោជក​បាន​និយាយ​ថា ពួកគេ​នឹង​ស្នើ​ការ​ដំឡើង​ប្រាក់​ខែ​បន្ថែម​លើ​ប្រាក់​ខែ​អប្បបរមា ដោយ​ប្រែក្រឡាស់​ជំហរ​ពី​មុន ប៉ុន្តែ​មិន​បញ្ជាក់​ចំនួន​ជាក់​លាក់​ទេ។

លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បាន​និយាយ​ថា “កម្រិត​ដំឡើង​នឹង​ដាក់​ស្នើ​នៅ​ថ្ងៃ​ទី​២៥”។

កាលពី​ខែ​មុន​ លោក កាំង ម៉ូនីកា អគ្គ​លេខាធិការ​រង GMAC បាន​និយាយ​ថា ក្នុង​ការ​ចរចា​នៅ​ពេល​ខាង​មុខ​ជាមួយ​សហជីព សមាគម​នឹង​ឈរ​ពីក្រោយ​សមាជិក​ភាគ​ច្រើន​របស់​ខ្លួន ដែល​នៅ​ក្នុង​ការ​ស្ទង់​មតិ​នា​ពេល​ថ្មីៗ​នេះ​បាន​និយាយ​ថា ពួកគេ​មិន​អាច​ធ្វើ​ការ​ដំឡើង​ណាមួយ​បាន​ទេ ដោយសារ​តែ​ការ​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ខ្លាំង​ឡើង​ពី​ប្រទេស​នាំ​ចេញ​សម្លៀក​បំពាក់​ធំៗ​ផ្សេង​ទៀត។

លោក មូ៉នីកា បាន​និយាយ​នៅ​ពេល​នោះ​ថា “យើង​មិន​អាច​ទៅ​ប្រឆាំង​សំឡេង​ភាគ​ច្រើន​បាន​ទេ”។

ទោះជា​មាន​ភាព​ស្ទាក់ស្ទើរ​របស់​លោក ស៊ូអៀង ក្នុង​ការ​បញ្ចេញ​ឲ្យ​ដឹង​ថា និយោជក​នឹង​ស្នើ​ដំឡើង​ប៉ុន្មាន​នៅ​ថ្ងៃ​សុក្រ​នោះ​ក៏ដោយ ក៏​សហព័ន្ធ​និយោជក​និង​សមាគម​ជំនួញ​កម្ពុជា ដែល​លោក​ជា​ប្រធាន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ ដោយ​ឲ្យ​យោបល់​ថា ការ​ដំឡើង​ប្រាក់ខែ​អប្បបរមា​មិន​ឲ្យ​លើស​ពី​អត្រា​អតិផរណា ឬ​តិច​ជាង​៣ភាគរយទេ​។ ពួកគេ​បាន​ព្រមាន​ថា លើស​ពី​នេះ វិស័យ​កាត់ដេរ​កម្ពុជា ដែល​មាន​ចំនួន​ប្រហែល​១ភាគ៣​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​នេះ​ អាច​ដួល​រលំ។

លោក ស៊ូអៀង បាន​អះអាង​ថា កម្មករ​កាត់ដេរ​ធម្មតា​ម្នាក់​ឥឡូវ​នេះ​អាច​រក​ប្រាក់​បាន​ចំនួន​២៥០​ដុល្លារ​ក្នុង​មួយ​ខែ ច្រើន​ជាង​ចំនួន​មធ្យម​១៩១​ដុល្លារ​ដែល​បាន​លើក​ឡើង​ដោយ​ការ​ស្ទង់​មតិ​ថ្មី​បំផុត​នេះ។ លោក​បាន​រិះគន់​ថា ការ​ស្ទង់​មតិ​ជា​កិច្ចការ​របស់​ជន​បរទេស​ដែល​មាន​បំណង​អាក្រក់ ហើយ​វា​បង្ហាញ​នូវ​ការ “បន្ទុច​បង្អាក់”។

ក្រុម​សិទ្ធិ​ការងារ​អន្តរជាតិ ក្នុង​នោះ​មាន​មជ្ឈមណ្ឌល​សាមគ្គីភាព​មាន​មូលដ្ឋាន​នៅ​អាមេរិក​ផង បាន​ស្នើ​ធ្វើការ​ស្ទង់មតិ​នេះ។ ការ​ស្ទង់​មតិ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ស្រាវជ្រាវ ឌីស៊ី ជា​ក្រុមហ៊ុន​កម្ពុជា​មួយ​ដែល​បាន​ជ្រើសរើស​សមាជិក​សហជីព​កម្ពុជា​ឲ្យ​ធ្វើ​ការងារ​ដល់​ទីកន្លែង៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស