42.2 C
Phnom Penh

អ្នក​ធ្វើ​របាយការណ៍​ពិសេស​ជួប​ជាមួយ​លោក កឹម សុខា និង​រដ្ឋមន្ត្រី​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ពុធ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ជាមួយ​លោក​ស្រី រ៉ូណា ស្មីត អ្នក​ធ្វើ​របាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយ​បាន​ប្រាប់​ប្រេសិត​រូប​នេះ​ថា តុលាការ​ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​កែ​ទម្រង់​ជាមុន ទើប​សិទ្ធិ​មនុស្ស​អាច​ទទួល​បាន​ការ​ការពារ​ត្រឹម​ត្រូវ។

cam-photo-rhona-channa1-800x533លោក​ស្រី ស្មីត កំពុង​បំពេញ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ស្រី​នៅ​ប្រទេស​កម្ពុជា ចាប់តាំង​ពី​លោក​ស្រី​ទទួល​បាន​ការ​តែងតាំង​ជា​ប្រេសិត​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ថ្មី​ប្រចាំ​ប្រទេស​នេះ​កាលពី​ខែ​មីនា។លោក​ស្រី​នឹង​រាយការណ៍​ទៅ​សម័យ​ប្រជុំ​លើក​ទី​៣០​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅ​ចុង​ខែ​នេះ​អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស។

លោក សុខា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​កិច្ច​ប្រជុំ​ថា “ខ្ញុំ​មិន​បាន​លើក​បញ្ហា​ជាក់លាក់​ណា​មួយ​ទេ ពីព្រោះ​ពិភពលោក​ដឹង​រួច​ទៅ​ហើយ​អំពី​បញ្ហា​ទាំង​នេះ។ ប្រសិនបើ​គ្មាន​បញ្ហា​នៅ​ទី​នេះ​ទេ គេ​មិន​បញ្ជូន​លោក​ស្រី​មក​ទេ”។

លោក សុខា បាន​និយាយ​ថា លោក​បាន​ប្រាប់​លោក​ស្រី ស្មីត ថា បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នឹង​ពិបាក​ដោះស្រាយ ប្រសិនបើ​មិន​មាន​កំណែ​ទម្រង់​ក្នុង​ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​នេះ​ដែល​តែងតែ​រង​ការ​រិះគន់​ជា​មុន​នោះ។

លោក​បាន​និយាយ​ថា “ត្រូវ​តែ​មាន​កំណែ​ទម្រង់​តុលាការ​ជាមុន ហើយ​ប្រសិនបើ​យើង​មិន​មាន​កំណែ​ទម្រង់​ពិត​ប្រាកដ ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ទេ បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​មិន​អាច​ដោះស្រាយ​បាន​ឡើយ”។

លោក​ស្រី អូលហ្គា ណាកាចូ ជំនួយការ​របស់​អ្នក​ធ្វើ​របាយការណ៍​ពិសេស​រូប​នេះ បាន​និយាយ​តាម​រយៈ​អីុម៉េល​ថា លោក​ស្រី ស្មីត បាន​យល់​ព្រម​ជាមួយ​អនុ​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​ថា ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវតែ​ពង្រឹង។

លោក​ស្រី ណាកាចូ បាន​និយាយ​ថា “អ្នក​ធ្វើ​របាយការណ៍​ពិសេស​បាន​យល់​ស្រប​លើ​តម្រូវការ​ចាំបាច់​ឲ្យ​មាន​កំណែ​ទម្រង់​តុលាការ​ថែម​ទៀត ក្នុង​បំណង​ពង្រឹង​ឯករាជ្យ​ភាព​របស់​តុលាការ”។

បន្ថែម​ទៅ​នឹង​ការ​ជួប​ពិភាក្សា​កាលពី​ថ្ងៃ​ពុធ​ជាមួយ​លោក សុខា លោក ស្រី ស្មីត ដែល​ការ​បំពេញ​ទស្សនកិច្ច​របស់​លោក​ស្រី​បញ្ចប់​នៅ​ថ្ងៃ​នេះ ក៏​បាន​ជួប​ប្រជុំ​ជាមួយ​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ផង​ដែរ។

លោក​ ផាត សុផានិត មន្ត្រី​ខុទ្ទកាល័យ​ក្រសួង​មហាផ្ទៃ បាន​និយាយ​ថា ក្នុង​កិច្ច​ប្រជុំ​រវាង​លោក ខេង និង​លោក​ស្រី ស្មីត នៅ​ក្រសួង អ្នក​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​សេចក្តី​ព្រាង​ច្បាប់​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​អុីនធើណិត ដែល​ត្រូវ​បាន​ពណ៌នា​ដោយ​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​កាលពី​ឆ្នាំ​មុន​ថា “មិន​មែន​ជា​អាទិភាព”។

ទោះជា​យ៉ាង​នេះ​ក្តី លោក សុផានិត បាន​និយាយ​ថា លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​ចាត់​ទុក​ថា ច្បាប់​នេះ “សំខាន់​ណាស់”។

លោកស្រី ស្មីត បាន​និយាយ​តាម​រយៈ​សារ​អេឡិចត្រូនិក​ថា ទន្ទឹម​នឹង​ “ការ​ធានា​ឲ្យ​មាន​និយតកម្ម​ត្រឹមត្រូវ” ​នៃ​អីុធើណិត​ជា​ការ​ប្រឈម​មួយ​នោះ សិទ្ធិ​មូលដ្ឋាន​ចាំបាច់​ត្រូវ​លើក​យក​មក​ពិចារណា។

លោកស្រី​បាន​បន្ថែម​ទៀត​ថា “ជា​ការ​សំខាន់​ដែល​ច្បាប់​បែប​នេះ​ធានា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដូច​មាន​ចែង​ក្នុង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ”៕ និត (រាយការណ៍​បន្ថែម​ដោយ Anthony Jensen)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស