32 C
Phnom Penh

នគរបាល​ឆ្មក់​ចូល​កន្លែង​ជីករ៉ែមាស​ខុស​ច្បាប់នៅ​​​​ក្នុង​ខេត្ត​រតនគិរី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ នគរ​​​បាល​​​បាន​​​ឆ្មក់​​​ចូល​​​កន្លែង​​​ជីក​​​រ៉ែមាស​​​បី​​​កន្លែង​​​ក្នុងស្រុក​​​លំផាត់ ​​​ខេត្ត​​​រតនគិរី​​​ ដែល​​​គេជឿ​​​ថា ត្រូវ​​​បាន​​​ជី​​​ក​​​ដោយ​​​ជន​​​ចំណាក​​​ស្រុក​​​វៀតណាម​​​ដែល​​​គ្មាន​​​ឯកសារ​​​ត្រឹមត្រូវ​​​ ប៉ុន្តែ មិនបាន​​​ចាប់ខ្លួន​​​នរណា​​​ម្នាក់​​​ឡើយ​​​ ពីព្រោះ​​​ជម្រក​ស្នាក់នៅ​​ទាំង​​​អស់​​​នេះ​​​ត្រូ​​​វបាន​​​បោះ​​​បង់​​​ចោល​​​ ទំនង​​​ជាតែ​​​ប៉ុន្មាន​​​ម៉ោង​​​មុន​ប៉ុណ្ណោះ។

លោក​​​ នូ ថេ អភិបាលស្រុក​​​ដែល​​​បាន​​​ចូល​​​រួម​​​ការ​​​ឆ្មក់​​​ចូល​​​នោះ​​​បាន​​​មា​​​ន​​​ប្រសាសន៍​​​ថា “គ្មាន​​​នរណា​​​ម្នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ទេ​​​ ពី​​​ព្រោះ​​​ពួកគេ​​​បាន​​​គេច​​​ខ្លួន​​​អស់​​​ទៅ​​​ហើយ ​​​ហើយ​​​​​​យើង​​​ឃើញ​​តែ​​​ជម្រក​​​ស្នាក់​​​នៅ​​​ តង់​​​កៅ​​​ស៊ូ ខ្សែ​​​ភ្លើង​​​ និង​​​រណ្តៅប៉ុណ្ណោះ ​​​ហើយ ​​​យើង​​​បាន​​​ដុត​​​បំផ្លាញ​​​ចោល​​​។

អាជ្ញាធរ​​​ត្រូវ​​​បាន​​​ជូន​​​ដំណឹង​​​អំពី​​​ប្រតិ​​​បត្តិកា​រ​​​ជីក​រ៉ែ​​​ខុសច​​​្បាប់​​​នេះដោយ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ ដែល​​​ក៏​​​​ទទួល​​​បាន​ដំណឹង ​​​ពី​​​អ្នក​​​ភូមិ​​​ដែរ​   ហើយ​​​យើង​​​បាន​​​ទៅ​​​កាន់​​​កន្លែង​​ ជីក​​​​​រ៉ែ​​​នោះ​​​កាល​​​ពីរសៀល​​​ម្សិល​មិញ ។

លោក ឆាយ​​​ ធី អ្នក​​​សម្រប​​​សម្រួល​​​អង្គកា​​​រ​​​ សិទ្ធិ​​​មនុស្ស​​​អាដហុក​​​ប្រចាំខេត្ត​​​នេះ​​​ដែល​​​បាន​​​ទៅ​ជាមួយ​នគរ​​​បាល​​​នៅ​ពេល​ការ​ឆ្មក់​​​ចូល​កាល​​​ពីម្សិលមិញ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​អ្នក​​​ភូមិ​​​ដែល​​​បាន​​​ជូន​​​ដំណឹង​​​លោក​​​ បាន​​​ប្រាប់​​​លោក​​​ថា អ្នក​​​ជីក​​​​រ៉ែទាំង​​​នេះ​​​បាន​​​លួច​​​ចូល​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ពីប្រទេស​​​វៀតណាម​​​ដែល​​​មាន​​​ព្រំដែនជាប់​​​​ខេត្ត​​​នេះ។ លោកបាន​​​ថែង​​​ថា អ្នក​​​ភូមិ​​​នៅ​​​ក្បែរ​​​កន្លែង​ជីក​រ៉ែ​​​មួយ​ដែល​​​ត្រូវ​​​​​​បាន​​​បោះ​​​បង់​​​ចោល​​​នេះ ​​​បាននិយាយ​​​ថា ពួកគេ​​​បាន​​​ចាក​​​ចេញ​​​នៅ​​ព្រឹក​​​នោះ​​។

លោក ឆាយ ធី មាន​ប្រសាសន៍​​​ថា ហេតុ​​​ការណ៍​កើត​ឡើង​គាប​់ជួន​គ្នា​​​នេះ​​​ធ្វើ​​​ឲ្យ​​​លោក​​​ មាន​​​ការ​​​សង្ស័យ​​​ថា អាជ្ញាធរ​​​បាន​​​ឃុប​​​ឃិត​​​ក្នុង​​​ការ​​ជីក​​​​រ៉ែ​​​ខុស​​​ច្បាប់​​​នេះ​​​ដែល​​​បាន​​​រាល​​​ដាល​​​តាម​​​ព្រំដែន​​​កម្ពុជា​​ជាប់​ជាមួយ​វៀតណាម​​​។

កាល​​​ពី​​​ខែ​​​មិថុនា បុរស​​ប្រាំមួយ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​បន្ទាប់ពី​​​ការ​​​ឆ្មក់​​​ចូល​​​កន្លែង​​​ជីក​​​​រ៉ែ​​​ខុស​​​ច្បាប់​​​មួយ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី ជា​​​ទាហាន​​ខ្មែរ​​​ ហើយ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​បន្ទាប់​​​ពី​​​អាជ្ញាធរ​​​បាន​​​ចាត់​​​ទុក​​​បទ​​​ល្មើស​​​របស់​​​ពួកគេ​ថា ជា​បទល្មើស​​​តូច​​​តាច​​ប៉ុណ្ណោះ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “នៅ​​​ពេល​​​យើង​​​​​​ជូន​​​ដំណឹ​​​ងដល់​​​នគរ​​​បាល ​​​ពួក​​​គេ​​​មាន​ការ​ស្ទាក់​​​ស្ទើរ​​​ ហើយ​​​ធ្វើ​​​អន្តរាគមន៍​​​យឺត​​​យ៉ាវ​​​ ដោយ​​​ទុកពេល​​​​ឲ្យ​​​អ្នក​​​ជីក​​​​រ៉ែ​​​ទាំង​​​នេះ​​​រត់​​​បាត់​អស់​​​​​​​”។ លោក​​​ ឆាយ​​​ ធី​​​ បាន​​​ថ្លែង​​​ថា លោក​​​បាន​​​ប្រាប់​​​អាជ្ញាធរ​​​អំពី​​​កន្លែង​ជីក​​​​រ៉ែ​​​ទាំង​​​បី​​​​​​នេះ​​​កាលពី​​សប្តាហ៍មុន​។

លោក នូ ថេ បាន​​​បដិសេធ​​​ការ​អះ​អាង​ដែលថា លោក​មានការ​​​​ឃុប​​​ឃិត។ លោក​​​បាន​​​ថ្លែង​​​ថា “សង្គម​​​ស៊ីវិល​​​ចេ​​​ះ​​​តែ​​​ចោទ​​​អាជ្ញាធរ​​​​​​ តែ​​​ប៉ុណ្ណោះ។​​​ តើ​​​អ្នក​​​ដឹង​​​ថា​​​ថ្ងៃ​​​េនះ​​​ជា​​​ថ្ងៃ​​​អី​​​ទេ​​​?​​​គឺ​​​ថ្ងៃ​​​ឈប់​​​សម្រាក​​​ ប៉ុន្តែ ខ្ញុំ​​​នៅ​​​តែ​​​ដឹក​​​នាំ​​​អាជ្ញាធរ​​​របស់​​​ខ្ញុំ​​​​​​ទៅ​​​បង្ក្រាប​​​បទ​​​ល្មើស​​នេះ​​​​”។

ម្សិលមិញ ជា​​​ថ្ងៃ​​​ប្រកាស​​​រដ្ឋ​​​ធម្មនុញ្ញ គឺជា​​​ថ្ងៃ​​​បុណ្យ​​​​​​ជាតិ​​​៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស